ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

តុលាការ ឃុំខ្លួន​បុរស​ម្នាក់​ពីបទ ចេញ​ហ្សែ​ក​ស្អុយ ៥ ម៉ឺន​ដុល្លារ​អាម​រិ​ក និង​ឆបោក​ប្រាក់​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 09:33:AM) | ដោយ: ឆាយា

ក- ក+ | Print

ភ្នំពេញ: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១២ បានសម្រេចឃុំខ្លួន​បុរស​ម្នាក់ ដែល​ជាប់ចោទ​ពីបទចេញ​មូលប្បទានបត្រ​គ្មាន​សាច់ប្រាក់ និងឆបោក​ប្រាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការបើក​សវនាការ​នាពេល​ខាងមុខនេះ​។​

​បុរស​រូបនោះ ឈ្មោះ ហេង រិទ្ធី អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តាខ្មៅ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្តាល បាន​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១២ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពាក្យបណ្តឹង​របស់​មេធាវី​តំណាងឱ្យ​ដើមបណ្តឹង​ឈ្មោះ គិត ធាង បាន​បញ្ជាក់ថា កាលពី​អំឡុង​ឆ្នាំ​២០១១ ឈ្មោះ ហេង រិទ្ធី បាន​ខ្ចីប្រាក់​ពី​កូនក្តី​របស់ខ្លួន​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក រួច​ក្រោយមក​ឈ្មោះ​នេះ បាន​សង​ប្រាក់​មកឱ្យ​កូនក្តី​វិញ តាមរយៈ​មូលប្បទានបត្រ​ចំនួន ២ សន្លឹក គឺ​លេខ ១៩៨០៧ ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១១ ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក និង​មូលប្បទានបត្រ​លេខ ១៩៨០៤ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១១ ចំនួន ៣ ម៉ឺន​ដុល្លារ​អាមេរិក របស់​ធនាគារ​កម្ពុជា​អាស៊ី​។
​ប៉ុន្តែ​នៅពេលដែល​កូនក្តី បាន​យក​មូលប្បទានបត្រ​ទាំងពីរ​សន្លឹក​នេះទៅ​បើកប្រាក់​នៅ​ធនាគារ តែ​ខាង​ធនាគារ​បាន​បញ្ជាក់ថា មូលប្បទានបត្រ​ទាំងពីរ​សន្លឹក​នេះ គ្មាន​សាច់ប្រាក់​បើក​ឡើយ​។​

​ក្នុង​ពាក្យបណ្តឹង បានបញ្ជាក់​ទៀ​ថា ដូច្នេះ​ទើប​កូនក្តី​បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ ហេង រិទ្ធី ឱ្យ​យកប្រាក់​មក​សង​វិញ តែ​ឈ្មោះ​នេះចេះតែ​សន្យាថា ថ្ងៃនេះ​ថ្ងៃនោះ រហូតមកដល់​ពេលនេះ​។​

​ដោយ​ការ​អត់ទ្រាំ​នឹង​ល្បិចកល​របស់​ឈ្មោះ ហេង រិទ្ធី ពុំបាន ទើប​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១១ ដើមបណ្តឹង​បានដាក់​ពាក្យបណ្តឹង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។

​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​រួចហើយ តុលាការ​បាន​ចាត់ការ​ជា​បន្តបន្ទាប់ តាម​នីតិវិធី ដោយ​បានចេញ​ដីកាកោះ​អញ្ជើញ​ឈ្មោះ ហេង រិទ្ធី ឱ្យ​ចូលមក​ដើម្បី​សាកសួរ​ជុំវិញការ​ប្តឹងផ្តល់​នេះ​។ ប៉ុន្តែ​ឈ្មោះ ហេង រិទ្ធី បានគេច​វេះ​ពុំ​ព្រម​ចូល​តាម​កាលកំណត់ ទើប​តុលាការ​សម្រេច​ចោទប្រកាន់​ពីបទចេញ​មូលប្បទានបត្រ​គ្មាន​សាច់ប្រាក់ និង ឆបោក​ប្រាក់ រួច​បញ្ជូន​សំណុំរឿង​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​ជាច្រើនលើក​អញ្ជើញឈ្មោះ ហេង រិទ្ធី មក​តុលាការ ដើម្បី​សាកសួរ​ករណី​ខាងលើនេះ តែ​ឈ្មោះ​នេះ​នៅតែ​គេចវេះ​ពុំ​ព្រម​ចូល ទើប​តុលា​ការចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ហេង រិទ្ធី តែម្តង​។​

​រហូតមកដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១២ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​រូបនេះ រួច​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១២ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​រូបនេះមក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners