នួន ឃឿន : ដំណើរឆ្ពោះទៅទិសខាងលិច.. | ដំណឹងក្នុងប្រទេស:អ្នកប្រាជ្ញ ជនល្បី តារា

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

នួន ឃឿន : ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​..

(ថ្ងៃទី 22 ឧសភា 2012, ម៉ោង 11:05:AM) | ដោយ: ខឿន សាឃៀន

ក- ក+ | Print

ភ្នំពេញ:   ​នួន ឃឿន ជា​អ្នកនិពន្ធ សាស្ត្រាចារ្យ និង ជា​ប្រវត្តិវិទូ​ជាតិ ជឿនលឿន​និយម ហើយ​តាមរយៈ​ការងារ និងស្នាដៃ​ទាំងឡាយ​របស់លោក បាន​ដាស់តឿន ក្រើនរំលឹក​ខេ​មរ​ជាតិ​គ្រប់​សម័យកាល កុំឱ្យ​ធ្វេសប្រហែស​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​គ្រប់ពេលវេលា​ដោយសារ​ម​ហិ​ច្ឆ​តា​នៃ​ប្រទេសជិតខាង​មកលើ​កម្ពុជា​។​

​    ​“ នៅ​ពី​ទិស​ខាងជើង និងខាងលិច​ប្រទេស​កម្ពុជា​យើង បណ្តាជន​ប្រទេស​មួយទៀត​នឹង​អាច​ក្លាយទៅជា​ទម្ងន់​មួយ​ថ្មី​ទៀត​សង្កត់​មកលើ​ដែនដី​យើង​...​។​

​កាលបើ​យើង​បាន​លើកយក​បញ្ហា​យួន​មក​ពិចារណា​ពន្យល់​ បំភ្លឺ​ដល់​សម្បជញ្ញជាតិ​យើង​រួចហើយ យើង​ពុំ​អាច​បំភ្លេចបាន​សោះឡើយ​ថា គ្រោះថ្នាក់​ដែល​នឹង​អាច​យាយី​មាតុប្រទេស​ខ្មែ​យើង​មិនមែន​ធ្លាប់​មានមក​តែ​អំពី​ទិសខាងកើត និងខាងត្បូង​ប៉ុណ្ណោះ​ឡើយ , នេះ​គឺសត្រូវ ចុងក្រោយ​របស់​យើង ដែលមាន​ផ្ទៃក្រឡា​ជាង​៦០.០០០ ម៉ែត្រ​ការ៉េ ស្មើនឹង​ក្រឡា​ផ្ទៃ​ប្រទេស​អ៊ីស្រាអែល​៣​ដង ។ យើង​នៅមាន​អ្នកជិតខាង​របស់​យើង​មួយទៀត​ដែលជា “ សត្រូវ​” ចាស់ ពី​បរម​បុរាណ ហើយ​ដែល​បាន​ត្របាក់​លេប​អស់​រយៈ​ច្រើន​សតវត្សរ៍​មកហើយ​នូវ​អាណាខេត្ត​របស់​យើង​ច្រើន​អនេក​៖ “ សត្រូវ​” នេះ , ដែល​យើង​មិនទាន់​អាច​បំភ្លេចបាន​ថា​មុន​ឆ្នាំ​១៩០៧ បានមក​វាតទី​តាំងនៅ​១/៣ នៃ​ដែនដី​យើង​សព្វថ្ងៃនេះ ហើយ​ដែល​កាលពី​ឆ្នាំ​១៩៤១  ដល់​ឆ្នាំ​១៩៤៥ បានមក​ច្បាំង​ដណ្តើម​តាម​វិធី​កម្លាំងបាយ​នូវ​ខេត្តសៀមរាប , កំពង់ធំ​, បាត់ដំបង​សាជាថ្មី​ទៀត​គឺ​ប្រទេស​សៀម ឬ ថៃ​ឡ​ងដ៍នេះឯង ។​

​បើ​នៅក្នុង​ ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ជនជាតិ​យួន ជា​ជនជាតិ​ប្រកបដោយ​គ្រោះថ្នាក់​យ៉ាង​ជាក់ស្តែង​ចំពោះ​យើង​យ៉ាងណា ជនជាតិ​សៀមក៏​ជា​អ្នកជិតខាង​ប្រកបដោយ​គ្រោះថ្នាក់​ដែលមាន​សភាព​សាហាវ​មិន​ចាញ់​គ្នា​យ៉ាង​នោះដែរ ។​
​ដូច្នេះហើយ​ការដែល​យើង​ចាប់អារម្មណ៍​ទៅលើ​គ្រោះថ្នាក់​ទាំងពីរ​នេះ​ព្រមៗ​គ្នា ជា​មធ្យោបាយ​តែមួយ​អាចឱ្យ​យើង​ប្រុងប្រៀប​ជើងការ​ណ៍​ទុក​មុន​ឱ្យ​ស្រេច​នេះ ប្រាកដជា​ឧ​ត្ត​ម​គតិដ៏​ប្រសើរ វិសេសវិសាល​ក្រៃលែង​ណាស់​ទៅហើយ ។ ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ថ្មីៗ​នេះ​ជា​មេរៀន​ស្រាប់ , ការដែល​” ចាំ​ឱ្យ​ទឹក​ឡើងដល់​ច្រមុះ “ សឹម​ប្រវេប្រវា​រក​ទីជម្រកនឹង​ក្លាយទៅជា​សេចក្តី​ផ្តើម​នៃ​ការលិចលង់ ឬ ទីបំផុត​នៃ​ភាព​អស់សង្ឃឹម​មិនខានឡើយ “។​

​ខាងលើ នេះ​គឺជា​អត្ថបទ​មួយ​ក្នុងចំណោម​អត្ថ​ប​ទាំងឡាយមាន​ចំណងជើង​ថា​“​ប្រទេស​សៀម​នឹងមាន​បណ្តាជន​៧០​លាន​នាក់ ” ដកស្រង់​ចេញពី​សៀវភៅ “ ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច និងឥណ្ឌូចិន​ឆ្នាំ​២០០០ ” របស់លោកសាស្ត្រាចារ្យ នួន ឃឿន ។​
​សៀវភៅ​នេះ បើ​គ្រាន់តែ​ក្រឡេកមើល​ផ្នែក​ណាមួយ​នោះ ប្រហែលជា​អាចធ្វើ​ឱ្យគេ​គិតថា លោក នួន ឃឿន ជា​មនុស្ស​ជាតិនិយម​ជ្រុល ហើយ​ជា​អ្នកប្រវត្តិសាស្ត្រ រើសអើង​ប្រកាន់ពូជសាសន៍ និងបញ្ឆេះ​ឱ្យមាន​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍​ជិតខាង ប៉ុន្តែ​តាមពិត​មិន​បែប​នោះទេ គឺ​វា​ជា​ស្នូរ​រគាំង​ដាស់​ស្មារតី​ខេមរជន​គ្រប់រូប​កុំឱ្យ​ភ្លេចខ្លួន ដើរ​ជាន់​ដាន​ចាស់​ដែលនាំឱ្យ​បាត់បង់​ទឹកដី និងមិនមាន​ឯករាជ្យជាតិ​ពេញលេញ​ពិតប្រាកដ ។​

“ ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច និងឥណ្ឌូចិន​ឆ្នាំ​២០០០“ របស់​សាស្ត្រាចារ្យ នួន ឃឿន គឺជា​សិក្សា​កថា​បែប​ប្រវត្តិសាស្ត្រ ទាក់ទង​ទៅនឹង​ប្រជាសាស្ត្រ និង ភូមិសាស្ត្រ​នយោបាយ ដោយ​សិក្សា​ប្រយោល រហូតដល់​ឆ្នាំ​២០០០ ក្នុង​គោលបំណង​ព្រមាន​អ្នកនយោបាយ​និង​អ្នកកាន់អំណាច​ខ្មែរ​ពី​គ្រោះថ្នាក់​ដ៏​ធំ​នាពេល​អនាគត ដែល​កើតចេញពី​ប្រទេស​វៀតណាម និងប្រទេស​ថៃ ។​

​ នៅក្នុង​សេចក្តី​ប្រារព្ធ​គឺជា​លិខិត​ចំហចំពោះ​ខ្មែរ​ទាំងអស់​នៅក្នុង​ប្រទេស , នៅ​ប្រទេស​វៀតណាម​ខាងត្បូង និងនៅ​ប្រទេស​សៀម ​ឱ្យ​រួបរួមសាមគ្គី​គ្នា​ទប់​ទល់នឹង​ខ្មាំងសត្រូវ​សួរ​ពូជ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​ដែល​សល់​ដ៏​តូច​នេះ​កុំឱ្យ​បាត់បង់តទៅទៀត។ លិខិត​នេះជា​សំឡេង​អង្វរ​នៃ​ប្រវត្តិវិទូ​ជាតិ​ ដែល​មើលឃើញ​ពី​គ្រោះថ្នាក់​ដែល​នឹង​ កើតឡើង​ដល់​ប្រទេសជាតិ​របស់គាត់។

​    ​សៀវភៅ​នេះ ចែកចេញ​២​ផ្នែក​សំខាន់ៗ​គឺ​៖

១. វិភាគ​បែប​ប្រ​វិ​ត្តិ​សាស្ត្រ និង នយោបាយ រហូតដល់​រវាង​ឆ្នាំ​១៩៧១ គឺ​នៅ​ក្នុងសម័យ​ដែល​សៀវភៅ​នេះ​ត្រូវបាន​ចេញផ្សាយ

២. សិក្សា​ប្រយោល រហូតដល់​ឆ្នាំ​២០០០ គឺជា​ទស្សន​វិ​ស័យតាមបែប​ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ ដោយ​បង្ហាញ​ពី​គ្រោះថ្នាក់​លេចចេញ​ពី​ប្រទេស​ថៃ និងប្រទេស​វៀតណាម ។​

​ តាមរយៈ​សៀវភៅ ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច និង ឥណ្ឌូចិន​ឆ្នាំ​២០០០ នេះដែរ ប្រវត្តិវិទូ នួន ឃឿន ក៏បានផ្តល់​ទស្សនទាន​ថា “ សេដ្ឋកិច្ច ជា​អ្នកដឹកនាំ​នយោបាយ ហេតុនេះដើម្បីឱ្យ​ប្រទេសជាតិ​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​សម្រាប់​ទប់ទល់​នឹងឥទ្ធិពល​នៃ​ប្រទេសជិតខាង​ដែលមាន​បំណង​លេប​ត្របាក់​ទឹកដី​ខ្មែរ​តាម​គ្រប់​រូបភាព​នោះ ខ្មែរ​ត្រូវតែមាន​ឯករាជភាព​ផ្នែក​នយោបាយ ហើយ​ដើម្បីឱ្យ​នយោបាយ​មាន​ឯករាជភាព​នោះ សេដ្ឋកិច្ចជាតិ​ត្រូវតែ​ខ្លាំងក្លា​គ្រប់គ្រាន់​”។
​ទោះយ៉ាងណា លោក​បាន​បើកឱកាស​ក្នុងការ​ពង្រឹង និងអភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះ ឱ្យ​ពួក​ជំនាញ​ជា​អ្នកសម្រេច។​

​     ​មុនពេល​ចូល​ព្រៃ ពោលគឺ​អំឡុពេល​លោក​បំពេញការងារ​ក្នុងប្រទេស លោក នួន ឃឿន បាន​បន្សល់ទុក​នូវ​ស្នាដៃ​សិក្សា​កថា​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ចំនួន​៣​គឺ​៖

​    ​១. ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច និងឥណ្ឌូចិន ឆ្នាំ​២០០០ , ភ្នំពេញ , ១៩៧១

​    ​២. រដ្ឋប្រហារ​ឆ្នាំ​១៩៣២ ពី​សៀម​ទៅ​ថៃ​ឡ​ងដ៍ , ភ្នំពេញ​, ១៩៧១

​    ​៣. បដិវត្តន៍​មិនទាន់​ចប់ , ភ្នំពេញ​, ១៩៧២

​     ​លោក នួន ឃឿន កើត​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​១៩៤៤ នៅ​ខេត្តសៀមរាប ។ កាល​នៅ​យុវវ័យ បាន​សិក្សា​នៅក្នុង​ខេត្ត​កំណើត​របស់លោក។ នៅ​ឆ្នាំ​១៩៦៤ បាន​ប្រឡង​ជាប់​ចូល​សាលា​គរុវិជ្ជា​ជាន់ខ្ពស់​ក្រុងភ្នំពេញ ហើយនៅ​ឆ្នាំ​១៩៦៨ លោក​បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ប្រវត្តិសាស្ត្រ។ លោក​មាន​តួនាទី​ជា​សាស្ត្រាចារ្យ​មធ្យមសិក្សា មធ្យម​ភូមិ នៅ​ខេត្តកំពង់ចាម មុនពេល​ផ្លាស់​មក​ក្រុងភ្នំពេញ ហើយ​បន្ទាប់មកទៀត​បានធ្វើ​ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និងមនុស្សសាស្ត្រ ក្រុងភ្នំពេញ។

​    ​លោក​ជា​ប្រវត្តិវិទូដ៏​វាងវៃ​ម្នាក់​ក្នុង​ជំនាន់​លោក ហើយលោក​ជា​អ្នកសរសេរ​ក្នុង​ព្រឹត្តិបត្រ​ប្រចាំខែ​ជា​ភាសា​បារាំង​ឈ្មោះ កម្ពុ​ជាថ្មី ( Cambodge nouveau) ។
​    ​
​    ​លោក នួន ឃឿន គឺជា​បញ្ញ​វន្ត​វឌ្ឍនភាព​និយម ហើយ​ទោះជា​លោក​មិនមែនជា​ជន​កុ​ម្មុយ​និ​ស្ត​ក្តី ប៉ុន្តែ​ទំនងជា​ដោយសារ​អស់សង្ឃឹម​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ របស់​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ទើប​លោក​បាន​ចូល​ព្រៃម៉ាគី​ស៍ នៅ​ឆ្នាំ​១៩៧២។​
​គេ​ពុំ​សូវ​បានដឹង​ពី​សកម្មភាព​របស់លោក​ក្នុងពេល​ចូល​ព្រៃ​ឡើយ ប៉ុន្តែ​គេ​បាន​សន្និដ្ឋានថា លោក​ត្រូវបាន​បក្ខពួក​ឆ្វេងនិយម​ជ្រុល​សម្លាប់​នៅ​អំឡុង​ឆ្នាំ​១៩៧៥៕ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners