បីខែដើមឆ្នាំ២០១២ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា ... | ដំណឹងក្នុងប្រទេស:សេដ្ឋកិច្ច

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

បី​ខែ​ដើមឆ្នាំ​២០១២ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា កើនឡើង​២៧,៨%

(ថ្ងៃទី 13 មិថុនា 2012, ម៉ោង 10:31:AM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: ចំនួន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ក្នុង​រយៈពេល​បី​ខែ ដើមឆ្នាំ​២០១២​នេះ មាន ៩៩៥.២១០ នាក់ កើនឡើង ២៧,៨% ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១១​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ដែល​បាន​អញ្ជើញ​សមាជិក​គណៈអចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស និង​ជា​លេខា​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​ចិន ដឹកនាំ​ដោយ​លោក ហឺ គួ​ឈាំ​ង (He Guoqiang) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១២​។​

​ក្រសួងទេសចរណ៍ បាននិងកំពុង​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ ២០១១-២០២០ ឲ្យ​ស្របទៅនឹង​ស្មារតី​នៃ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១១-២០១៥ (ATSP ២០១១-២០១៥) និង​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​អាស៊ាន ២០១២-២០១៥ (ATMS ២០១២-២០១៥) សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ទេសចរ​។ ផែនការ​យុទ្ធសាស្ត្រ​ទាំងនេះ ផ្តោតជាសំខាន់​លើ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ការបង្កើន​ការឃោសនា និង​ផ្សព្វផ្សាយ​ការអភិវឌ្ឍ​ធនធានមនុស្ស ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរ​។ ទាំងនេះ​បាននិងកំពុង​ពង្រឹង​យុទ្ធនា​ការឃោសនា​ផ្សព្វផ្សាយ “​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​” និង​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាន សេវា​ល្អ​” សំដៅ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទាក់ទាញ់​មួយ​ដ៏​សំខាន់ ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​

​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង​ដប់​មក​កម្ពុជា រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១២ ធៀប​នឹង​បី​ខែ​ដើមឆ្នាំ​២០១១ រួមមាន ៖

១-​ប្រទេស​វៀតណាម មាន​ចំនួន ១៧៨.៩៦៧ នាក់ ស្មើនឹង ១៨% នៃ​ចំនួន​សរុប កើនឡើង ៣៦,៨%​។
២-​កូរ៉េ មាន​ចំនួន ១៥១.២៣៣ នាក់ ស្មើនឹង ១៥,២% កើនឡើង ៤០,៧%​។
៣-​ចិន មាន​ចំនួន ៨៨.៨៥២​នាក់ ស្មើនឹង​៨,៩% កើនឡើង​៣២,៩%​។
៤-​ជប៉ុន មាន​ចំនួន ៥៤.៤៥១ នាក់ ស្មើនឹង ៥,៥% កើនឡើង ១០,៦%​។
៥-​អាមេរិក មាន​ចំនួន ៥៣.៦៦៧ នាក់ ស្មើនឹង ៥,៤% កើនឡើង ១៩,៥%​។
៦-​ឡាវ មាន​ចំនួន ៤៩.៣៤៨ នាក់ ស្មើនឹង ៥% កើនឡើង ៨៨%​។​
៧-​ថៃ មាន​ចំនួន ៤៤.០០៤ នាក់ ស្មើនឹង ៤,៤% កើនឡើង ៦៤%​។
៨-​បារាំង មាន​ចំនួន ៣៨.៨៦០ នាក់ ស្មើនឹង ៣,៩% កើនឡើង ៧,៨%​។​
៩-​រុស្ស៊ី មាន​ចំនួន ៣៧.១២៣ នាក់ ស្មើនឹង ៣,៧% កើនឡើង ៤៩,៦%​។​
១០-​ប្រទេស​អង់គ្លេស មាន​ចំនួន ៣៧.០០៦ នាក់ ស្មើនឹង ៣,៧% កើនឡើង ១៥,៧%​។​

​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​មក​កម្ពុជា រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១២ រួមមាន មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំនួន ៧០៤.១៩៥ នាក់ ស្មើនឹង ៧០,៨% កើនឡើង ៣៣,៦% ក្នុងនោះ​មកពី​តំបន់​អាស៊ាន ៣៣៧.២៤៩ នាក់ ស្មើនឹង ៣៣,៩% កើនឡើង ៤៣,៣%​។ មកពី​តំបន់​អឺរ៉ុប ចំនួន ២០៧.៤៦០ នាក់ ស្មើនឹង ២០,៨% កើនឡើង ១៤,៨%​។ មកពី​តំបន់​អាមេរិក ចំនួន ៧៨.៤០២ នាក់ ស្មើនឹង ៧,៩% កើនឡើង ១៨,៦%​។

​ចំនួន​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង ទៅ​ទស្សនា​តំបន់​អាទិភាព​ទាំង​បួន នៅ​បី​ខែ​ដើមឆ្នាំ​២០១២ រួមមាន តំបន់​សៀមរាប​អង្គរ ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ ៦៣៤.៤៧៤ នាក់ ស្មើនឹង ៦៤,៣% នៃ​ចំនួន​សរុប កើនឡើង ៤៦,៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១១​។ តំបន់​ភ្នំពេញ ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ចំនួន ៣៥៥.៣៣៦ នាក់ កើនឡើង ៣,៧%​។ តំបន់ឆ្នេរ​សមុទ្រ ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ចំនួន ៨៥.៣១៧ នាក់ កើនឡើង ៤៩,៥% និង​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ចំនួន ១៨.២១៤ នាក់ កើនឡើង ១៧,២%​។​

​យ៉ាងណាក៏ដោយ ចំនួន​ទេសចរ​កម្ពុជា​ដែល​បាន​ចេញទៅ​ក្រៅប្រទេស ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១២ មាន​ចំនួន ១៨៨.២៦៧ នាក់ កើនឡើង ៣៧,១% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១១​។

​តាម​ការព្យាករណ៍​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១២​នេះ កម្ពុជា​នឹង​អាច​ទទួលបាន​ទេសចរ​អន្តរជាតិ​បាន​ប្រមាណ ៣,២ លាន​នាក់ នៅ​ឆ្នាំ​២០១៥ ប្រមាណ ៣,៥ លាន​នាក់ និង​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​អាច​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៧ លាន​នាក់​។​

​ជាមួយគ្នា​នោះ ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា កាលពី​ឆ្នាំ​២០១១ មាន​ចំនួន ២៤៧.១៨៧ នាក់ កើនឡើង ៣៩,២% ស្ថិតនៅក្នុង​លំដាប់​លេខ​៣ ក្នុងនោះ​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១២​នេះ ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា មាន​ចំនួន ៨៨.៨៥២ នាក់ កើនឡើង ៣២,៩% ស្ថិតក្នុង​លំដាប់​លេខ​ទី​៣៕ KK​
ដំណឹងថ្មីៗចុងក្រោយ

Our Partners