បែកពីឧកញ៉ា, អ៊ិន លក្ខិណា មិនយករឿងស្នេហា ដាក់ខ្ល... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

បែក​ពី​ឧកញ៉ា​, អ៊ិន លក្ខិណា មិន​យក​រឿង​ស្នេហា ដាក់ខ្លួន​ទៀត​ទេ​!

(ថ្ងៃទី 24 មេសា 2012, ម៉ោង 09:00:AM) | ដោយ: រស្មី​តារា

ក- ក+ | Print

ភ្នំពេញ: ​កញ្ញា អ៊ិន លក្ខិណា បានប្រកាសថា នាង​មិន​យក​រឿង​ស្នេហាដាក់ខ្លួន​ទៀត​នោះទេ ក្រោយ​បែក​ពី​គូស្នេហ៍ជា​ឧកញ៉ា​។ ដូច្នេះហើយ ក្ដី​ប្រាថ្នា​របស់​នាង​ពេលនេះ គឺ​គិតតែ​រឿង​ការងារ​សិល្បៈ​សម្ដែង ជា​ពិធី​ការិនី និង​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​ប៉ុណ្ណោះ​។​

​ក្នុង​ទឹកមុខ​ញញឹម​យ៉ាង​ស្រស់បំព្រង រំលេច​ដោយ​ស្នាម​ថ្ពាល់ខួច​ទាំងសងខាង​ពី​ធម្មជាតិ បញ្ចេញ​សម្រស់សាច់​សខ្ចី សម្ដី​ផ្អែម​បែប​នារី​ទាន់សម័យ អ៊ិន លក្ខិណា​ បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​របស់​នាង​ថា នៅ​ឆ្នាំ​ថ្មី​នេះ នាង​មាន​អាយុ ២៤ ឆ្នាំ មាន​ស្រុកកំណើត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ឪពុក​ឈ្មោះ អ៊ិន ណា​រ៉េត ជា​គ្រូពេទ្យ ម្ដាយ​ឈ្មោះ ឡុង ស៊ី​ណាត ជា​មេផ្ទះ​។ លក្ខិណា មាន​បងប្អូន ៤ នាក់  ស្រី ២ ប្រុស ២ នាក់ នាង​ជា​កូន​ទី​២ ក្នុង​គ្រួសារ​។ កញ្ញា អ៊ិន លក្ខិណា មាន​កម្ពស់ ១,៦៧ ម៉ែត្រ ទម្ងន់ ៤៧ គីឡូក្រាម ទ្រូង ៣៦ ចង្កេះ ២៦ ត្រគាក ៣៥​។

​លក្ខិណា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការប្រឡង​កញ្ញាឯក​អាស៊ាន នា​ឆ្នាំ​២០០០ តែ​មិនបាន​ជាប់​ចំណាត់ថ្នាក់​នោះទេ​។ ក្រោយមក កញ្ញា អ៊ិន លក្ខិណា តារា​សម្ដែង​ថ្ពាល់ខួច បាន​ក្លាយជា​តារា​សម្ដែង​ថត​កាយវិការ​ខារ៉ាអូខេ ជា​តារា​បង្ហាញ​ម៉ូដ តារាភាពយន្ដ និង​ជា​ពិធី​ការិនី​ផងដែរ​។​

​កញ្ញា លក្ខិណា បាន​ឲ្យ​ដឹងថា កន្លងមក​នាង​ធ្វើជា​ពិធីការនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ ៣ ក្នុង​កម្មវិធី​ព័ត៌មាន​ប្រចាំថ្ងៃពេលព្រឹក​។

​អតីត​កញ្ញាឯក​លេខ​១ ក្នុង​កម្មវិធី​មេក​អូ​វើ​រ ឆ្នាំ​២០០៧ រូបនេះ បាន​បន្ដថា កន្លងមក ក្រៅពី​សម្ដែង​ថត​កាយវិការ​ខារ៉ាអូខេឱ្យ​ផលិតកម្ម​ក្រៅប្រទេស នាង​ក៏បាន​ចូលរួម​សម្ដែង​ថត​ភាពយន្ត និង​ភាពយន្ដ​ភាគ​ជាច្រើន​រឿង​ទៀត ដូចជា រឿង "​ទឹកចិត្ត​បងស្រី​" រឿង "​គូព្រេង​ចម្លែក​" រឿង "​បិសាច​អន្ទង​" រឿង "​តន្ត្រី​រំដួល​" ( ផលិតកម្ម​មកពី​បារាំង ) និង​រឿង "​លី​សៀវ​ឡុង ស្នេហា​ឆ្លងដែន​" ( របស់​ក្រុមហ៊ុន ហូលីវូដ ) ដែល​រឿង​ទាំងពីរ​ចុងក្រោយ​នេះនាង​បាន​សម្ដែង​ជា​តួឯក​ទៀតផង​។​

​ឈានចូល​ឆ្នាំ​២០១២ កញ្ញា អ៊ិន លក្ខិណា ក៏បាន​ចូល​ច្រៀង​ថត​សំឡេង​ឱ្យ​ផលិតកម្ម គឹម ហេង បាន​ពីរ​បទ គឺ​បទ "​ស្រណោះ​បង តែ​មិនអាច​ចោល​គេ​" និង​បទ "​បេះដូង​អើយ​"​។
​ជាការ​ពិតណាស់ថា កន្លងមក ទោះបីជា លក្ខិណា មិនសូវមាន​កេរ្ដិ៍ឈ្មោះ​ល្បី​ក៏ដោយ ក៏​ប្រិយមិត្ត​ទស្សនិកជន​ធ្លាប់បាន​ស្គាល់ និង​បានឃើញ​នាង តាម​កញ្ចក់​ទូរទស្សន៍​រឿងភាពយន្ត​ភាគ CTN  និង​ការឡើង​ច្រៀង​ជា​កិត្តិយសនៅលើ​ឆាក​ប្រគំ​តន្ត្រី នា​ចុង​សប្ដាហ៍​តាម​ស្ថានីយទូរទស្សន៍​នានា​ផងដែរ​។

​តារា​សម្ដែង និង​ជា​ពិធី​ការិនី​ថ្ពាល់ខួច​រូបនេះ ក្រៅពី​លេចធ្លោ​នៅក្នុង​ពិភព​សិល្បៈ​សម្ដែងក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នាង​ក៏​ធ្លាប់បាន​ចេញទៅ​សម្ដែងនិង​ច្រៀង​នៅក្រៅ​ប្រទេស​មួយចំនួន ដូចជា ប្រទេស​ឡាវ អេ​ស្ប៉ា​ញ សិង្ហបុរី ជាដើម​។

​ទាក់ទិន​នឹង​សម្លៀកបំពាក់​វិញ កញ្ញា អ៊ិន លក្ខិណា បានឱ្យដឹងថា នាង​ចូលចិត្ត​ស្លៀកពាក់​បែប​អឺ​រ៉ុ​ប រាង​សិច​ស៊ី បង្ហាញ​ដើមទ្រូង​ខ្លះៗ​ដែរ ប៉ុន្ដែ​ពេល​សម្ដែង​ច្រៀង​នៅក្នុង​កម្មវិធី​ផ្សេងៗ នាង​ស្លៀកពាក់ទៅតាម​កាលៈទេសៈ ហើយ​ចូលចិត្ត​ស្លៀកពាក់​លក្ខណៈ​ពណ៌​ស្រស់ៗ ក្រហម លឿង ស្លា​ទុំ ម្ដងម្កាល ក៏​ខ្មៅ​ខ្លះ​ដែរ​។ ចំពោះ​ស្បែកជើង ចូលចិត្ត​កែង​ខ្ពស់ៗ ព្រោះ​ត្រូវការ​ខ្ពស់​។
​ចំពោះ​រឿង​ស្នេហា​វិញ លក្ខិណា​បានលើកឡើង​ថា នាង​ធ្លាប់មាន​ស្នេហា​ជាមួយ​ឧក​ញ៉ាកំលោះ​ម្នាក់ តែ​ក៏បាន​បែក​គ្នា​ទៅវិញ​ហើយ​ដែរ ដោយសារ​ការ​ប្រច័ណ្ឌ​។

​កញ្ញា អ៊ិន លក្ខិណា បាន​បន្ដថា ក្រោយពី​បែកបាក់​ស្នេហា​ជាមួយ​ឧកញ៉ា​ក្មេង​នោះមក បេះដូង​របស់​នាងនៅ​ទំនេរ​ស្អាត មិនទាន់មាន​ជាប់ជំពាក់​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះឡើយ​។ តែ​ក៏មាន​កំលោះៗ​ជាច្រើន ទាំង​ក្នុង និង​ក្រៅប្រទេសបាន​ទូរស័ព្ទ​មក​ចែចូវ ហើយ​មាន​អ្នក​អាមេរិក និង​អូស្ត្រាលី​ខ្លះ បាន​សុំ​នាង​រៀបការ​ជាមួយ​ទៀតផង​។
​ប៉ុន្ដែ​នាង​បាន​ប្រាប់​ទៅវិញ​ថា នាង​រាងចាល​ហើយ ស្នេហា​បែប​ឆក់កណ្ដៀត ការជួប ការស្រលាញ់​មិន​ពិតប្រាកដ ព្រោះ​នាង​ធ្លាប់​ស្គាល់​រសជាតិ​ស្នេហា​ម្ដង​រួចមកហើយ​។ ពោលគឺធ្លាប់​ជួប​វិបត្តិ​ស្នេហា នាង​សុំ​សម្រាក​រឿង​ស្នេហា​មួយរយៈ​សិន (​សុំ​បិទ​បេះដូង​)។

​ក្រៅពី​រឿងរ៉ាវ​ស្នេហា​បែកបាក់ កញ្ញា អ៊ិន លក្ខិណា បាន​រំលឹក​ពី​ដំណើរ​នៃ​ការចូល​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថា ដំបូង​ឡើយ នាង​ធ្វើការ​ក្នុង​ក្រុមហ៊ុន​មួយ ជា​អ្នក​ទីផ្សារ ក្រោយពី​នាង​ប្រឡង​ធ្លាក់​ពី​កញ្ញាឯក​អាស៊ាន​។ តែ​នៅ​ឆ្នាំ​២០០៧ នាង​បាន​បោះជំហាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដោយ​ដំបូង​ធ្វើជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី Today និង​កម្មវិធី ភី អាយ ធី ដោយមាន​វោហា​រក្បោះក្បាយ មាន​ទេពកោសល្យ​បទពិសោធន៍ និង​ការសម្ដែង​ដើរ​ម៉ូដ​បានល្អ គួបផ្សំ​ជាមួយ​រូប​សម្ផស្ស​ស្រស់ស្អាត ទឹកមុខ​ញញឹម​ជានិច្ច រំលេច​ថ្ពាល់ខួច​បញ្ចេញ​មន្ដ​សេ្ន​ហ៍តាម​ធ្មេញ​ច្រពើស នាង​បាន​ក្លាយជា​អ្នកដើរ​ម៉ូដ និង​សម្ដែង​ថត​កាយវិការ​ខារ៉ាអូខេ ឱ្យ​គ្រប់​ផលិតកម្ម​ទាំង​ក្នុងនិង​ក្រៅប្រទេស​បន្ដ​រហូតមក​ដល់​បច្ចុប្បន្ននេះ​។

​ចំពោះ​ការបែកបាក់​សេ្ន​ហារ​បស់​អ្នកនាង ជាមួយ​ឧកញ៉ា​ក្មេង ត្រូវបាន​គេ​លើកឡើងថា​គឺ​ដោយសារតែ​នាងស្មា​មួយ​ចង់​រែក​អ​ម្រែ​ក​ពីរ គឺ​ស្រលាញ់​អ្នកស្រុក​ខ្មែរ​ផង ស្រលាញ់​អ្នកមាន​ទ្រព្យធននៅ​អូ​ស្រ្ដា​លី​ផង​។

​ប៉ុន្តែ​កញ្ញា អ៊ិន លក្ខិណា បាន​សើច​បញ្ចេញ​ថ្ពាល់ខួច និង​ធ្មេញ​ច្រពើសដ៏​ស្រស់ស្អាត រួច​ឆ្លើយ​បដិសេធថា "​ការពិតទៅ ពីមុន​នាង​ខ្ញុំមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កំលោះស្រុក​ខ្មែរ ហើយ​បាន​ស្រលាញ់គ្នាបាន​រយៈពេល​ជិត ១ ឆ្នាំ តែ​ក៏បាន​បែក​គ្នា​វិញ ដោយ​គេ​ប្រច័ណ្ឌ គេ​ត្រចៀកស ជឿ​តាម​មិត្ត​ភ​កិ្ដ​។ ចំពោះ​ថាមាន​អ្នក​អូស្ត្រាលី​ស្រលាញ់​នាង​នោះ គឺមាន​មែន​។ តែមាន​ក្រោយពី​នាង​បែកបាក់​ពី​បុរសដែល​នាង​គិត និង​ស្រលាញ់​បំផុត​នោះ​ហើយ​"​។

​កញ្ញា អ៊ិន លក្ខិណា បាន​បន្ថែមថា រឿង​មុន​ចប់​ហើយ មិនអាច​ត្រឡប់​ក្រោយ​វិញ​បានទេ​។ ស៊ូ​ទុក​បេះដូង​ឱ្យនៅ​ទំនេរ ព្រោះ​កន្លងមក​ខំ​ស្មោះ​នឹង​គេ តែ​គេ​មិន​ជឿ បែរជា​ជឿ​មិត្តភក្ដិ ហើយ​ចោទ​នាង​ថា ក្បត់ ទើប​នាង​មិនមាន​ការសោកស្ដាយ​នោះទេ​។ គ្រាន់តែ​ស្ដាយ​ចិត្ត​ខំ​ស្រលាញ់​ស្មោះ​នឹង​គេ​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners