ប៊ីអាយជី គ្រោងចេញច្រៀងតាមរោងការ ថែមលើជំនាញឌីជេ ... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប៊ី​អាយ​ជី គ្រោង​ចេញ​ច្រៀង​តាម​រោងការ ថែម​លើ​ជំនាញ​ឌី​ជេ និង​ពិធីករ​

(ថ្ងៃទី 20 មេសា 2012, ម៉ោង 08:58:AM) | ដោយ: រស្មីតារា

ក- ក+ | Print

ភ្នំពេញ: ឌី​ជេ ប៊ី​អាយ​ជី BIG ( ធំ ) ជា​រហស្សនាម របស់លោក ហៃ សីហា ដែល​ពេល​នេះ កំពុងតែ​មាន​កេរ្ដិ៍ឈ្មោះ​ល្បីក្នុង​អាជីព​ជា​អ្នកចម្រៀង​រ៉េ​ប ឬ DJ និង​ជា​ពិធីករ​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN​។ ក៏​ប៉ុន្តែ​នៅពេល​នេះ BIG មាន​គម្រោងចេញ​ច្រៀង​តាម​រោងការ​បន្ថែមទៀត​។​

​មកដល់​ឆ្នាំ​២០១២​នេះ BIG មាន​អាយុ ៣៤ ឆ្នាំ​ហើយ និង​កំពុងតែ​ហត់នឿយ​បន្ដិច ព្រោះ​ការងារ​ចុះ​ទៅ​តាម​ភូមិ​ឃុំ​ខេត្ត តាម​កម្មវិធី​របស់​ទូ​រ​ទស្សន៍ CTN​។​

​ចូលប្រឡូក​អាជីព​សិល្បៈ​ជា DJ ក្នុង​ឆ្នាំ​២០០២ BIG មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។ BIG មាន​ឪពុក​ឈ្មោះ ហៃ សុវណ្ណ ជា​អតីត​កងទ័ព និង​មា្ដយ​ឈ្មោះ ចាប សា​រុំ មាន​បងប្អូន ៣ នាក់​ ក្នុងនោះ​ស្រី ១​។ លោក​ជា​កូន​ទី​២​។ BIG មាន​កម្ពស់ ១,៦៧ ម៉ែត្រ ទម្ងន់ ១២០ គីឡូក្រាម តែ​លោក​អាច​រត់លេង​បាល់ទះ​បាន​។

BIG  បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់បាក់ឌុប  ហើយក៏​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រុះ នា​ឆ្នាំ​២០០២​។ ដំបូង​ឡើយ BIG មិន​មាន​បំណង​ចូល​សិល្បៈ​នោះទេ​។ ប៉ុន្តែ​ដោយសារ​មាន​បងប្អូន​របស់​លោកនៅ​ក្រៅប្រទេសគេ​ជំរុញ​ លោក​ក៏​ទទួលយក​ទៅ​។
BIG បុរស​សង្ហាដោយសារ​រាង​ម៉ាប់ និង​មាន​សំឡេង​ល្អ បាន​បន្ត​ឱ្យដឹងថា ដំបូង​ឡើយ​លោក និង​មិត្តភក្ដិ បាន​សហការ​គ្នា​ធ្វើ​ចម្រៀង​រ៉េ​ប វ៉ុល​ដំបូង ជាមួយ NCKBO និង​រូបលោក BIG ដោយ​ចេញ​វ៉ុល ភ្នំពេញ Playaz ហើយ​ត្រូវបាន​ប្រិយមិត្ត​អ្នក​ស្ដាប់ ទទួលស្គាល់​តាមរយៈ​បទ "​ទឹកត្នោតជូរ ២០០២"​។

​ចាប់ពីពេលនោះ លោក BIG ក៏​ត្រូវបាន​ចូល​បម្រើ​ការងារប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN ដោយ​ធ្វើ​ជា​ពិធីករ ក្នុង​កម្មវិធី​តន្ត្រី​ទំនើប A1 និង​សព្វថ្ងៃធ្វើការ​នៅ​កម្មវិធី សុខ​គា លក្ខិណា ប៊ី​អាយ​ជី ព្រម​ទាំង​កម្មវិធី​សំណើច​តាម​ភូមិ ជាដើម​។

​លោក BIG បាន​បន្ដ​ឱ្យដឹងទៀតថា ក្រៅពី​ធ្វើ​ជា​ពិធីករ​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN លោក​ក៏​បាន​ចេញ​ច្រៀងនៅ​តាម​ក្រុមហ៊ុន ដែល​គេ​ប្រគំ​តន្ត្រី​បែប​ទេសចរណ៍ តាម​បណ្ដា​ខេត្ត​ក្រុង​ទាំង ២៤​។

​លោក BIG និយាយថា ថ្វីបើ​លោក​មាន​ការងារ​មិនសូវ​ទំនេរ​ក៏ពិតមែន
​តែ​ថវិកា​ចំណូល​បាន​តិចតួច​ប៉ុណ្ណោះ តែ​ដោយសារ​លោក​ចង់​សប្បាយ​ដែរ ក៏​ចេះ​តែ​ធ្វើ​ទៅ ឱ្យតែបាន​សប្បាយចិត្ត​។

​លោក BIG បាន​បន្តទៀតថា នៅ​ឆ្នាំ​២០១៣ ខាងមុខលោក​នឹង​ពង្រីក​អាជីព​សិល្បៈ​បន្ថែមទៀត ដោយ​លោក​មាន​គម្រោង​ចេញ​ច្រៀងកាត់សក់ក្នុង​មង្គលការ​។​

​ចេះ​ច្រៀង ចេះ​ធ្វើ​ជា​ពិធីករ ធ្វើជា DJ គឺ BIG ធ្លាប់​បាន​ហ្វឹកហាត់​រៀនតាម​ម៉ាញ៉េ ទូរទស្សន៍ ឌី​ស ស៊ី​ឌី ធ្វើជា​គ្រូ​។ តែ​ក៏​មាន​រៀមច្បង ពិធី​ករចាស់ៗជំនាន់​មុន​មួយចំនួន ជួយ​ណែនាំ​ផងដែរ​។ ក្នុង​រយៈពេល ១០ ឆ្នាំ មកនេះ លោក BIG បាន​ទទួល​ការគាំទ្រ​ច្រើន ហើយ​មានកេរ្ដិ៍ឈ្មោះ​ល្បី​ផង​នោះ កាលពី​ពាក់កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លងទៅ លោក​ក៏​បាន​មាន​កិត្តិយស​ទទួលពាន​រង្វាន់ពី​កម្មវិធី​អាណាចក្រ​តារា​ប្រចាំឆ្នាំ​២០១១ ជា​ពិធីករ ជា DJ ឆ្នើម​ប្រចាំ​ឆ្នាំ​២០១១​។

​លោក BIG និយាយថា "​ខ្ញុំ​មាន​ការ​សប្បាយចិត្ត​រីករាយ​ជា​ខ្លាំង​ណាស់ ដោយ​បាន​បងប្អូន​មហាជន​ទូទៅគាំទ្រ​ខ្ញុំបាទ​"​។

​នៅពេល​យើង​សួរ​ពី​ជីវិត​ផ្ទាល់ខ្លួន ក្រៅ​ពី​រង្វង់​សិល្បៈ លោក BIG បាន​សំណូមពរ​អ្នកយកព័ត៌មាន​យើង​ថា "​ខ្ញុំ​សូម​អភ័យទោស ចំពោះ​បងប្អូន​ប្រិយមិត្ត​ទស្សនិកជន​ផង​ចុះ ដោយ​ខ្ញុំបាទសុំ​មិន​និយាយ​រឿង​ជីវិត​ស្នេហា​នោះទេ គ្រាន់តែ​ចង់ឱ្យ​បងប្អូន​ដឹង​ថា ខ្ញុំ​មាន​ប្រពន្ធ​ហើយ​"៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners