ប្រគល់ដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំអំពិល ស្រុកបន... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប្រគល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ចំនួន ៦២២ ហិកតា

(ថ្ងៃទី 31 ឧសភា 2012, ម៉ោង 07:28:PM) | ដោយ: បាយ័ន

ក- ក+ | Print

​ឧត្ដរ​មាន​ជ័​យ: ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អំពិល ចំនួន ៣៥១ គ្រួសារ ស្មើនឹង ៦២២,៧៧ ហិកតា នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១២ ត្រូវបាន​លោក គីម ប៊ុន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក គន់ គីម ប្រធាន​ក្រុមទី​ប្រឹក្សា​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួម​នឹង​សហការី និង​អាជ្ញាធរខេត្ត បាន​ចុះ​ដោះស្រាយ និង​ប្រគល់​ដីធ្លី​ជូន​ពួកគាត់​ទាំងនោះ ដែល​ស្ថិតក្នុង​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​។​

​យោងតាម​របាយការណ៍​របស់លោក​មេឃុំ​អំពិល បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់​ដី​កសិកម្ម ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា មាន​ទាំងអស់​ចំនួន ៣៥១​គ្រួសារ ក្នុង​ទំ​ហ៊ុម​ដី​សរុប ៦២២,៧៧ ហិកតា  ក្នុងនោះ​ភូមិ​រំដួល​សែន​ជ័យ ចំនួន ៣៥ គ្រួសារ ភូមិ​ហោ​លៀម​សែន​ជ័យ ចំនួន ៩៨ គ្រួសារ ភូមិ​តេ​ជោ​អូរ​ដារ ចំនួន ១១៦ គ្រួសារ ភូមិ​តេ​ជោ​ជប់​គគីរ ចំនួន ៥១ គ្រួសារ ភូមិ​ចាន់​ក្រហម​សែន​ជ័យ ចំនួន ៥១​គ្រួសារ​។

​សូមបញ្ជាក់ថា ផ្ទៃដី​ដែល​ប៉ះពាល់ គឺ​ភាគច្រើន​ប៉ះពាល់​ចំ​លើដី​គ្រួសារ​កងទ័ព ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​រួចហើយ​ថែម​ទៀតផង ដែល​ស្ថិតក្នុង​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​។​

​លោក គីម ប៊ុន​ថា​ន ក្នុងនាម​លោក គន់ គីម បាន​ជំរាបជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជ្រាបថា បច្ចុប្បន្ននេះ មាន​បណ្តា​ក្រុមហ៊ុន​ជាច្រើន​បានមក​បណ្តាក់​ទុនវិនិយោគ ហើយ​ភាគច្រើន​នោះ គឺ​វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ខ្លះៗ ដល់​ប្រជាពលរដ្ឋ ដែលមាន​ដី​ច្រើន​ហិកតា ហើយ​ពុំទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​នៅឡើយ​។

​បញ្ហា​នេះ បានធ្វើ​ឲ្យ​កើតមានឡើង​នូវ​ទំនាស់​ជា​ញឹកញាប់ រវាង​ដី​ក្រុមហ៊ុន ដែលមាន​ទីតាំង​នៅជាប់​ដី​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ ដើម្បី​ទទួលបាន​ការឯកភាព និង​ភាព​ស្រុះស្រួល​គ្នា រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​នោះ លោក គីម ប៊ុន​ថា​ន បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ទាំង​អ្នកមាន​ដី​ច្រើន និង​អ្នកមាន​តិច ព្រមទាំង​អ្នក​ពុំមាន​ដី​សោះ ឲ្យ​ទទួលយក​ចំណែក​ដី​ស្មើៗ​គ្នា ពោលគឺ​ក្នុង​១ គ្រួសារ​ទទួលបាន ១​ហិកតា ជាមួយនឹង​ការ​ផ្តល់នូវ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​ទៀតផង​។

​ជាមួយនឹង​ការស្នើសុំ​ខាងលើ ប្រជាពលរដ្ឋ​បាន​អបអរសាទរ និង​សំដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ទទួលយក ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ នឹងមាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ស្របច្បាប់ ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។​
 
​លោក គីម ប៊ុន​ថា​ន បាន​ផ្តាំផ្ញើ និង​ណែនាំ​ឲ្យ​បងប្អូន​បន្ត​ខិតខំ​បង្កបង្កើនផល ដាំ​ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ឲ្យ​បាន​ធូរធារ ហាម​ដាច់ខាត​មិន​ឲ្យ​លក់ដូរ និង​កាប់​រាន​ដីព្រៃ​ថ្មី​បន្ថែមទៀត ដើម្បី​ពង្រីក​ការកាន់កាប់ លើស​ទំហំ​ដី ដែល​បាន​កាន់កាប់ និង​បង្កបង្កើនផល​កន្លងមក​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង ៣៥១ គ្រួសារ មាន​សេចក្តីត្រេកអរ​ជា​អនេក ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ និង​នៅ​ខាង​ប្រជាពលរដ្ឋ​ជានិច្ច ក្នុងការ​ដោះស្រាយ​បញ្ហា ដែលមាន​ផលប៉ះពាល់​ដីធ្លី​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​គោរពរ​ជូនពរ​សូម​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅ សូម​ឲ្យ​ប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​គាំទ្រ​សម្តេច​តេ​ជោ ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​ជា​រៀងរហូត​៕

ដំណឹងថ្មីៗចុងក្រោយ

Our Partners