ប្រទះឃើញគ្រាប់បែក ៩៥គ្រាប់ និងគ្រាប់M៦០មីលីម៉ែត... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប្រទះឃើញ​គ្រាប់បែក ៩៥​គ្រាប់ និង​គ្រាប់​M៦០​មី​លី​ម៉ែត្រ មួយ​គ្រាប់​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 02:51:PM) | ដោយ: កូឡាប

ក- ក+ | Print

បន្ទាយមានជ័យ: មន្ត្រី​ស៊ីម៉ាក់​បាន​ចុះ​រាវរក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដី ប្រទះឃើញ​គ្រាប់បែកដៃ​ចំនួន ៩៥​គ្រាប់ និង​គ្រាប់​M៦០​មី​លី​ម៉ែត្រ មួយ​គ្រាប់ ខណៈពេល​មាន​កសិករ​ម្នាក់​កំពុង​ភ្ជួរ​ដី ប្រទះឃើញ​គ្រាប់បែកដៃ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ ហើយក៏​មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុ​ស្ថិ៍​ឲ្យ​ចុះទៅ​ត្រួតពិនិត្យ​។​

​គេហទំព័រ​ប៉ូលិស​ជាតិ ចេញផ្សាយ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១២​នេះ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១២ ក្នុង​ដីចម្ការ​ដំឡូង នៅ​ចំណុច​គោក​ត្រពាំង​ត្រស់ មាន​ចម្ងាយ ១៥០​ម៉ែត្រ ពី​ភូមិ​ខ្លែង​ពណ៌​ត្បូង ស្ថិតនៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោកនាយ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្លក្រាម បាន​ឲ្យ​ដឹងថា បើតាម​សម្តី​ពលរដ្ឋ​ឈ្មោះ ឡុង  ចំណាន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដែលជា​អ្នកបើក​គោយន្ត​កន្ត្រៃ​ភ្ជួរដីចម្ការ​នោះ បាន​ឲ្យ​ដឹងថា ខណៈដែល​គាត់​បើក​គោយន្ត​ភ្ជួរដីចម្ការ​ដំឡូង បាន​មួយចំនួនធំ​ហើយ លុះ​បន្ទាប់​គាត់​បន្ត​ភ្ជួរ​ទៀត នៅពេលនោះ ដំបូង​ផាល​ភ្ជួរ​ប៉ះ​នឹង​គ្រាប់បែកដៃ​តែ​ចំនួន ៥​គ្រាប់ ប៉ុណ្ណោះ​។

​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ឃើញ​ដូច្នេះ ពលរដ្ឋ​រូបនោះ​ក៏​មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍ ហើយ​លោក​បាន​នាំ​កម្លាំង​ប៉ុស្តិ៍​ចុះទៅ​ត្រួតពិនិត្យ​គ្រាប់បែកដៃ​ទាំងនោះ នៅ​ចំណុច​ខាងលើ​។ បន្ទាប់ពី​ពិនិត្យ​រួចហើយ លោក​បាន​ទំនាក់ទំនង​រាយការណ៍​ទៅខាង​ស៊ីម៉ាក់ ដើម្បី​ឲ្យ​មក​យក​គ្រាប់បែក​ទាំងនោះ​ទៅ​កម្ទេចចោល​។ លុះដល់​មន្ត្រី​ស៊ីម៉ាក​ចុះមក​ដល់​ហើយ ក៏​សង្ស័យថា នៅមាន​សេសសល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដី​នោះ​ទៀត ក៏​ធ្វើការ​ស្រាវជ្រាវ​ជីក​រុករក​បន្ត ស្រាប់តែ​ប្រទះឃើញ​គ្រាប់បែកដៃ​ចំនួន ៩០​គ្រាប់ និង​គ្រាប់​M៦០​មី​លី​ម៉ែត្រ មួយ​គ្រាប់​ទៀត​។

​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​គ្រាប់បែកដៃ​ទាំងនោះ ឃើញថា​ជា​ប្រភេទ​គ្រាប់បែក​ផ្លែទាប នៅមាន​គុណភាព​ប្រើប្រាស់​បាន ផលិត​នៅ​អតីត​សហភាពសូវៀត ដែល​បន្សល់​កប់​ទុក​តាំងពី​សម័យ​សង្គ្រាម​មកម្ល៉េះ បន្ទាប់មក​ក្រុមមន្ត្រី​ជំនាញ​បាន​ដឹក​យកមក​អង្គភាព ដើម្បី​ធ្វើការ​កម្ទេចចោល​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners