ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ផឹកស្រា​អស់​២​ដប​បបួលគ្នា​ទៅ​ក្លឹប​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 12:10:PM) | ដោយ: វិសាល

ក- ក+ | Print

ភ្នំពេញ: ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​បន្ទា​ប់​ពី​ផឹកស្រា​អស់​ចំនួន​២​ដប​រួច​បបួលគ្នា​ទៅ​ដើរលេង​និង​ចូល​រាំ​ក្នុង​ក្លឹប ក៏ត្រូវ​រថយន្ត​ចំណុះ​២,៥​តោន​បុក​កាលពី​យប់​ថ្ងៃទី​១៦​ខែមិថុនា ឆ្នាំ​២០១២ នៅ​ចំណុច​ភ្លើង​ស្តុក​ទួលគោក មុខ​ហាង​រតនា​ស្រី​ម៉ៅ ខណ្ឌ​ទួល​គោ​។​
​បុរស​ដែល​ស្លាប់​ឈ្មោះ​ខុម វិ​ន អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​ម៉េង​អៀង ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​អ្នករងរបួស​ធ្ងន់​ឈ្មោះ​យុម វណ្ណៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ ស្នាក់នៅ​ជាមួយគ្នា​។ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ស្លាក​លេខ​កណ្តាល 1J 4313 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​ម៉ៅ​សេទុង ក៏ត្រូវ​បុក​ដោយ​រថយន្ត Hyundai ពណ៌​ខៀវ ស្លាក​លេខ​ភ្នំពេញ 3B 1679 បើកបរ​ដោយ​ឈ្មោះ​ព្រុំ សុភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​បើក​យ៉ាង​លឿន​ហើយ​ស្រប​ពេលដែល​បុរស​២​នាក់​ជិះ​ម៉ូតូ​ដល់​ចំណុច​ភ្លើងស្តុប​ទួលគោក​ត្រង់ចំណុច​មុខ​រតនា​ស្រី​ម៉ៅ ក៏ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់​របួស​ម្នាក់​ដឹកយក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។​
​តាម​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ​គេ​បាន​ឃាត់ខ្លួន​អ្នកបើក​បរបាន​ទាន់ពេលវេលា​ផងដែរ ចំណែក​អ្នករួមដំណើរ​ម្នាក់ទៀត​ធ្វើការ​គេចខ្លួនបាត់​។ បច្ចុប្បន្ន​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners