ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ព្រះអង្គ​ដង​កើ នៅតែ​ទាក់ទាញ​អ្នក​ក្នុងស្រុក និង​ក្រៅ​ស្រុក​

(ថ្ងៃទី 27 កុម្ភៈ 2012, ម៉ោង 09:46:AM) | ដោយ: ខឿន សាឃាង

ក- ក+ | Print

ភ្នំពេញ: ព្រះអង្គ​ដង​កើ ឬ​ព្រះអង្គ​ដងទង់ នៅតែ​ទាក់ទាញ​បាន​ជំនឿ​ពី​មនុ​ស្សទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដែល​ក្នុង​មួយថ្ងៃមាន​មនុស្ស​ចូល​បន់ស្រន់ ១០០ ទៅ ៥០០ នាក់​។ ដងទង់ ឬ​ព្រះអង្គ​ដង​កើ កសាង​ក្រោយ​ព្រះបរមរាជវាំង​បន្តិច ឬ​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ ស៊ីសុវត្ថិ​។​
​    ​
“​បើ​អ្នក​មិនបាន​ធ្វើ​ខុស​មែន តើ​ហ៊ាន​ស្បថ​ឱ្យ​ខ្ញុំ នៅមុខ​ព្រះអង្គ​ដង​កើ​ទេ​?”​។ ប្រយោគ​នេះ នរណានៅទីណា​ក៏​ឮ​ដែរ ហើយ​វា​បញ្ជាក់​អំពី​ព្រះអង្គ​ដង​កើ មាន​ទម្ងន់​ប៉ុនណា នៅក្នុង​ផ្នត់គំនិត​ប្រជាជន​ខ្មែរ​។ ពិតមែន ទោះជា​សម័យ​ជឿនលឿន ហើយ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ជាទូទៅ​ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា ហើយ​ព្រះពុទ្ធ​បង្រៀន​សាសនិក​របស់​ព្រះអង្គ “​កុំឱ្យ​បន់ស្រន់​”​ក្តី ក៏​ព្រះ​ពិស្ណុ ឬ​លោ​កេ​ស្វ​រៈ ហៅ ព្រះអង្គ​ដង​កើ ឬ​ព្រះអង្គ​ដងទង់ ដែល​អ្នកខ្លះ​ហៅថា ព្រះអង្គ​កងចក្រ នា​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង នៅតែមាន​មនុស្ស​ចូលទៅ​បួងសួង​បន់ស្រន់​យ៉ាងច្រើន​ឥត​ដាច់​ដែរ​។

​អ្នក​មក​បែបន់​នៅ​ព្រះអង្គ​ដង​កើ មាន​ទាំង​ខ្មែរ ចិន វៀតណាម ទាំង​យុវជន ទាំង​មនុស្ស​វ័យ​កណ្តាល វ័យ​ចំណាស់ ទាំង​អ្នក​នៅ​ភ្នំពេញ ទាំង​អ្នក​មកពី​បណ្តា​ខេត្ត​នានា និង​ទាំង​អ្នក​នៅក្រៅ​ប្រទេស​។​

​ទី​សក្ការ​បូ​ជាមួយនេះ ទ្វារ​ចាប់ផ្តើម​ទទួល​អ្នក​មក​បួងសួង​នៅ​ម៉ោង ៦ ព្រឹក​។ លោកតា សុន អាចារ្យ​ប្រចាំ​នៅ​ព្រះអង្គ​ដង​កើ ជាង ២០ ឆ្នាំ​មកហើយ បានឱ្យដឹងថា “​នៅ​ថ្ងៃ​ធម្មតា ព្រះអង្គ​ដង​កើ បើកទ្វារ​ចប់​ពី​ម៉ោង ៦ ព្រឹក ហើយ​បិទទ្វារ នៅ​ម៉ោង ៨ យប់ ដោយមាន​មនុស្ស​មក​បន់ស្រន់​ប្រមាណ​ជា ១០០ នាក់​។ រីឯ​ថ្ងៃសីល ទ្វារ​ត្រូវ​ពន្យារពេល រហូតដល់​ម៉ោង ៩ ឬ ១០ យប់ ហើយ​មាន​មនុស្ស​មក​បន់ស្រន់ ប្រមាណ​ជា ៥០០ នាក់​”​។

​លោក​អាចារ្យ​វ័យ ៤៨ ឆ្នាំ​រូបនេះ បាន​បន្ថែមទៀតថា “​ការ​បន់ស្រន់​នៅទីនេះ ពុំមាន​កំណត់​តម្លៃ ឬ​គ្រឿង​បូជា​អ្វី​ឡើយ​។ ហេតុនេះ​ទើប​អ្នក​ខ្លះមក​បន់ស្រន់ ដោយមាន​ផ្កា ធូប ។ ល ។ និង​ថវិកា​តិច​ច្រើន​។ ឯ​អ្នកខ្លះដែល​ទ័លក្រ​មែនទែន ក៏​មក​បួងសួងដោយ​ដៃទទេ​ក៏មាន​”​។​

​យើង​ពុំ​បានដឹង​ពី​សាវតារដើម​ដាន​ឡើយ ប៉ុន្តែ​មើលទៅ​យើង​អាច​ដឹងថា កំលោះ​ក្រមុំ​ពីររូប​នោះ ជា​គូស្នេហ៍​នឹង​គ្នា​។ ដោយ​ទឹកមុខ​ក្រៀមក្រំ បន្ទាប់ពី​អង្គុយបត់ជើងកាន់​ធូប លើកដៃ​ប្រណម្យ​បួងសួងប្រមាណ​ជា​ប្រាំ​នាទី នៅមុខ​រូបសំណាកនៃ​ព្រះ​លោ​កេ​ស្វរៈ ឬ​ព្រះអង្គ​កងចក្រ ឬ​ព្រះអង្គ​ដង​កើ ដែល​គេ​ដាក់តាំង​នៅក្នុង​វិហារ​ដ៏​តូច​ច្រឡឹង​មួយនា​មុខ​ព្រះបរមរាជវាំង មាណវី វ័យ​ប្រមាណ ២៥ ឆ្នាំ កែវភ្នែក​រលីងរលោង វាចា​ដោយ​សំឡេងស្អកៗ​ថា "​សូមឱ្យ​ព្រះអង្គ​ដង​កើ ជួយ​បន្ទន់ចិត្ត​ប៉ា​ម៉ាក់ ព្រមឱ្យ​ពួក​ខ្ញុំបាន​រៀបការ​នឹង​គ្នា និង​រស់នៅ​ជាមួយគ្នា ដោយ​សុខសាន្ត​អស់​មួយជីវិត​!"​ ។​

​នៅ​អែប​ផើង​ជើងធូប នា​បរិវេណ​ខាងមុខ​បូជនីយដ្ឋាន​នេះដែរ កញ្ញា គីម ឡាយ វ័យ ២៥ ឆ្នាំ កំពុង​ដោត​ធូប បន្ទាប់ពី​បាន​ចូលទៅ​បន់ស្រន់​ព្រះអង្គ​ដង​កើ បានឱ្យដឹងថា នាង​បន់ស្រន់ សូមឱ្យ​ព្រះអង្គ ជួយ​ប្អូនប្រុស​របស់​នាង​អាយុ ២១ ឆ្នាំ ដែល​កំពុង​សន្លប់​បាត់ស្មារតី​មួយ​សប្តាហ៍​មកហើយដោយ​គ្រោះថ្នាក់​ចរាចរណ៍ ឆ្លង​រួច​មរណ​គ្រោះ ឆាប់​បានដឹងខ្លួន​ឡើងវិញ និង​បានជា​សះស្បើយ​។​

​នារី​ខ្មែរ​កាត់​ចិន​រូបនេះ បាន​និយាយ​ពី​ប្រសិទ្ធភាពនៃ​ការ​បន់ស្រន់​កន្លងមក​ថា "​ពេល​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង គ្រួសារ​ខ្ញុំ​តែងតែ​មក​បន់ស្រន់​នៅទីនេះ ហើយក៏​បានឃើញ​ផល​សមបំណង​ជាច្រើន​។ បី​ឆ្នាំមុន ជីដូន​របស់ខ្ញុំ​ឈឺ ដាក់​ថ្នាំ​មិនត្រូវ​សោះ លុះ​ពេល​បន់ស្រន់​ព្រះអង្គ​ដង​កើ​នេះ​រួច គាត់​ក៏បាន​ធូរស្រាល​ជា​បន្តបន្ទាប់ រហូត​ជាសះស្បើយ​មកដល់​សព្វ​ថ្ងៃ" ​។​

​កាន់​នឹង​ដៃ​នូវ​បាច់​ផ្កាឈូក និង​គ្រឿង​ពលិការ​មួយចំនួន អ្នកស្រី ភិន សុ​ម៉ី អាយុ ៤៣ ឆ្នាំ ស្កាត់​មកពី​ខេត្តសៀមរាប បាន​និយាយ​ដោយ​សោមនស្ស​ថា "​ខ្ញុំ​មក​បន់លាបំណន់​"​ ។​

​ស្ត្រី​ជា​ភរិយា​របស់​មន្ត្រីនគរបាល​ស័ក្តិ​ថ្នាក់កណ្តាល​ម្នាក់នេះ បាន​បន្ថែមថា "​ខ្ញុំ​បាន​បន់ស្រន់ ឱ្យ​ស្វា​មី​ខ្ញុំ បានគេច​ផុតពី​គ្រោះកាច ​។ ឥឡូវនេះ គាត់​បាន​ត្រឡប់មកផ្ទះ​ដោយ​សុវត្ថិភាព ទោះជា​ត្រូវគេ​តាម​យាយី​យ៉ាងណាក៏ដោយ​"​ ។​

​ខ្មែរ​នៅ​បរទេស ក៏​នៅតែមាន​ជំនឿ​លើ​ព្រះអង្គ​ដង​កើ​នេះដែរ​ ។ លោក ឡុង សុ​ខេង អាណិកជន​ខ្មែរនៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ភរិយា​ទើប​រៀបការ​រួច​ថ្មោងថ្មី អមដំណើរ​ដោយ​សាច់ញាតិ​បួន​-​ប្រាំ​នាក់​ទៀតនៅ​ស្រុក​ខ្មែរ បានមក​បន់ស្រន់​ព្រះអង្គ​ដង​កើ សូមឱ្យ​ភរិយា​របស់គាត់ ឆាប់​បាន​ចេញទៅ​រស់​បរទេស​ជាមួយ​គាត់​ ។

​បុរស​វ័យ ៤៨ ឆ្នាំ រូបនេះ បាន​បន្ថែមថា "​កាល​ប្រមាណ​ជាជាង​១០​ឆ្នាំមុន ខ្ញុំ​ធ្លាប់​មក​បន់ស្រន់​នៅទីនេះ ដើម្បី​បាន​ចេញទៅ​រស់នៅ​អូស្ត្រាលី​។ ខ្ញុំ​មានជំនឿថា ព្រះអង្គ​ពិតជា​អាចជួយ​ភរិយា​របស់ខ្ញុំ​បាន​"​ ។​

​ទីទៃ​ពី​ការ​បួងសួង​ទៅ អ្នក​មក​បន់ស្រន់​ទីនេះ​ក៏​នៅ​មានជំនឿថា ការលែង​សត្វ​បក្សី ក៏​ជា​វិធី​រំដោះគ្រោះ និង​បញ្ចៀ​ស​គ្រោះកាច​នានា និង​នាំមក​នូវ​សិរី​សួស្តី​ផងដែរ ​។​

​លោក​អាចារ្យប្រចាំការ​នៅ​ព្រះអង្គ​ដង​កើ បាន​ឱ្យដឹងពី​ប្រាក់ចំណូល ដែល​គេ​បូជា​ព្រះអង្គ​ដង​កើ​នេះ​ថា "​គណៈកម្មការ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ជា​អ្នកកាន់កាប់​។ ឯខ្ញុំ​ជា​អាចារ្យ មាន​សិទ្ធិ​ទទួល​បានតែ​ប្រាក់ដែល​អ្នក​មក​បន់ស្រន់ ជូន​ដោយផ្ទាល់​ប៉ុណ្ណោះ​"​ ។​

​ចំណែក​បញ្ហា​សន្តិសុខ លោក ជី​ម សុខ​ហាក់ ជា​ប៉ូលិស​ប្រចាំការ​នៅ​ព្រះអង្គ​ដង​កើ បានឱ្យដឹងថា "​ជាទូទៅ យើង​ខំ​ការពារ​បានល្អ ប៉ុន្តែ​មាន​ម្តងម្កាល​ដែរ ជាពិសេស​ថ្ងៃសីល ដែលមាន​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា ក៏មាន​ជនខិលខូចដែល​យើង​មិន​ស្គាល់​មុខសញ្ញា បន្លំ​ខ្លួន ជាមួយ​អ្នក​មក​បន់ស្រន់​ ធ្វើឱ្យ​យើង​ស្មានថាជា​អ្នក​មក​បន់ស្រន់​ដែរ ទើប​ពួកគេ​មានឱកាស​លួច​លូក​ហោប៉ៅយក​ទូរស័ព្ទ ឬ​កាបូប​ភ្ញៀវ​" ​។​

​ឯកសារ​ដែល​ចេញផ្សាយ​ដោយ​គណៈកម្មការ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដែល​ចងក្រង​តាម​ការនិទាន បង្ហាញថា ព្រះអង្គ​ដង​កើ ឬ​ដងទង់  ត្រូវបាន​កសាងឡើង​ក្រោយ​ព្រះបរមរាជវាំង​ចតុមុខសព្វថ្ងៃនេះ​បន្តិច ប៉ុន្តែ​ប្រហាក់ប្រហែលគ្នា​នឹង​អាយុកាលនៃ​ប្រាសាទ​ទេវា​ភោជនីយ ,​ប្រា​សាទច​ន្ទ​ច្ឆាយា​, និង​ប្រាសាទ​សំរឹទ្ធិ វិមាន​សម្រាន្ត​ភិរម្យ នា​ឆ្នាំ​១៩១៣ នៅក្នុង​រជ្ជកាល​ព្រះបាទ ស៊ីសុវត្ថិ​ ។

​ឯកសារ​ដដែល​នេះ បាន​បន្ថែមថា ប្រជាជន​ចិននៅ​ប្រទេស​កម្ពុជា ដែលមាន​ជំនឿ​លើ​អ្នកតា ចាត់ទុក​ព្រះអង្គ​ដង​កើ ឬ​ព្រះអង្គ​កងចក្រ ថា​ជា​មេ ឬ​ជា​អ្នកគ្រប់គ្រង​លើ​អ្នកតា​ទូទាំងប្រទេស​ខ្មែរ មាន​តួនាទីដូចជា​កងទ័ព​ថែរក្សា​ប្រទេស ហើយ​ថា ព្រះអង្គ​កងចក្រ ជា​មេទ័ព​ធំ ឯ​អ្នកតា​ផ្សេងៗ ជា​មេទ័ព និង​ជា​កងទ័ព​ប្រចាំ​តំបន់​។ ហេតុនេះ ទើប​នៅក្នុង​ពិធីបុណ្យ​ហែអ្នកតាចិន គេ​ឃើញ​ក្បួន​ដង្ហែ​តែង​ចូល​គោរព​ព្រះអង្គ​ដង​កើ​នេះ​ជាមុន ទើប​ហែ​ទៅ​ទីណា​ផ្សេង​។

​ស្ទើរ​រាល់ថ្ងៃ ក្រៅពី​ពលរដ្ឋ​ខ្មែរ គេ​ក៏​បានឃើញ​ប្រជាជន​ចិន និង​វៀតណាម មក​បន់ស្រន់​នៅទីនេះ​ទាំង​ក្រុមៗ​ផងដែរ​។ ក៏ប៉ុន្តែ​ការ​បួងសួង បន់ស្រន់​គ្រប់​រូបភាព មិនមែនជា​ទង្វើ ក្នុង​ព្រះពុទ្ធសាសនា​ទេ ​៕S
ដំណឹងថ្មីៗចុងក្រោយ

Our Partners