មន្ត្រីយោធាចាប់រថយន្ត ២ គ្រឿង ដែលនគរបាលលួចរត់ពន... | ដំណឹងក្នុងប្រទេស:ព្រំដែន

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

មន្ត្រី​យោធា​ចាប់​រថយន្ត ២ គ្រឿង ​ដែល​នគរបាល​លួចរត់ពន្ធ​នាំចូលខុសច្បាប់​ពី​ថៃ ​

(ថ្ងៃទី 23 មីនា 2012, ម៉ោង 10:43:PM) | ដោយ: សុផុន

ក- ក+ | Print

ព្រំដែនបឹងត្រួន-បន្ទាយមានជ័យ: ​នៅវេលា​ម៉ោង ៨ និង ២៧ នាទី​យប់ ថ្ងៃទី​២៣ មីនា ឆ្នាំ​២០១២ មន្ត្រី​យោធា​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រកទ្វារ​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ យឿ​ម ម៉ោះ បាន​ឃាត់​ចាប់​រថយន្ត​ចង្កូត​ស្តាំ​ចំនួន ២ គ្រឿង ដែល​មន្ត្រីនគរបាល​នាំចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ នៅ​ចំណុច​ផ្លូវ​ក្នុង​ខេត្ត ថ្មពួក​-​បឹង​ត្រកួន នៅ​ភូមិ​៥​មីនា ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​រថយន្ត​ចង្កូត​ស្តាំ ១ បាំង​កន្លះ ចំនួន ២ គ្រឿង​ពាក់​ស្លាក​លេខ​ប្រទេស​ថៃ មាន​ម៉ាក ISUZU លេខ​៥៧០៧ និង​ម៉ាក NISSAN លេខ​៩៣៩០​។
​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រក​ទា្វរ​ព្រំដែន​បឹង​ត្រកួន ៣ នាក់ ជា​អ្នក​នាំ​រថយន្ត​នោះ ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ មានឈ្មោះ​ញ៉ឹង សុភា​, ឈ្មោះ​ហុង ចាន់ និង​ម្នាក់ទៀត​ពុំទាន់​ស្គាល់ឈ្មោះ​។ មន្ត្រីនគរបាល​ទាំង ៣ នាក់​នោះ​ធ្វើតាម​បញ្ជា​របស់លោក​វរសេនីយ៍ ប្រាក់ សាំ នាយរង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨០៧ ទទួល​ទិស​ច្រកទ្វារព្រំដែន​បឹង​ត្រកួន​។

​លោក​អនុ​សេនីយ៍ ម៉​ង់ ស៊ី ដែលជា​នាយប៉ុស្តិ៍​ច្រកទ្វារ​បឹង​ត្រកួន ជា​ប្អូនប្រុស​របស់លោក​វរសេនីយ៍ ប្រាក់ សាំ ត្រូវបាន​គេ​ស្រង់​សំដី​និយាយថា រឿង​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ខុសច្បាប់​នេះ ជា​រឿង​របស់​រង​វរ​នគរបាល​ព្រំដែន​បឹង​ត្រកួន​។​

​មកទល់ពេលនេះ សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ នៃ​ការឃាត់​ចាប់​រថយន្ត​ទាំង ២ គ្រឿង​នេះ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បញ្ជា​ហាមនាំ​​ចូល​រថយន្ត​ចង្កូត​ស្តាំ​ពី​បរទេស ចូល​ប្រទេស​ដោយ​ខុសច្បាប់ ហើយ​មិន​អនុញ្ញាត​ឲ្យ​បង់ពន្ធ​គយ​ទេ ចាប់តាំងពី​ឆ្នាំ​២០០៦​មក ហើយ​ចាត់ទុក​ការនាំ​ចូល​ជា​បទឧក្រិដ្ឋ​មួយ​។

​ក្នុងពេល​ឃាត់​រថយន្ត ១ បាំង​កន្លះ ចង្កូត​ស្តាំ​ទាំង ២ គ្រឿង​នោះ គេ​បានឃើញ​លោក​វរសេនីយ៍​ប្រាក់ សាំ ក៏មាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ផងដែរ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners