ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

មាន​អ្នក​បំផុស​រឿង​អាក្រក់ ជុំវិញ​ការចុះវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​

(ថ្ងៃទី 3 សីហា 2012, ម៉ោង 04:00:PM) | ដោយ: ឌីណា

ក- ក+ | Print

កំពត: ទោះបី​ការសម្រេច​ចុងក្រោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បានទទួល​នូវ​ការពេញចិត្ដ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ក៏ដោយ តែ​ជុំវិញ​ការចុះវាស់វែង​ដីធ្លី ដើម្បី​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ពេញលេញ​នេះ ត្រូវ​ជន​ឆ្លៀតឱកាស​បំផុស​ពី​បញ្ហា​អាក្រក់ ដែល​អាជ្ញាធរ​សង្ស័យ​លើ​ការ​កេង​យកចំណេញ​ផ្នែក​នយោបាយ​។
​    ​
​ក្នុង​ដំណើរ​ចុះសាកសួរ​សុខទុក្ខ ក្រុមការងារ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ អភិបាលខេត្ដ​កំពត លោក ខូ​យ ឃុន​ហ៊ួ​រ បាន​ជម្រះ​នូវ​មន្ទិលសង្ស័យ​ក្នុង​ស្រទាប់​ក្រុមការងារ ដែល​មិន​ហ៊ាន​អារកាត់​ចំពោះ​ដី​គម្រប​ព្រៃឈើ ជូន​ប្រជាជន​នៅ​ភូមិ​ត្រពាំង​គុយ​ចំនួន ២៨ គ្រួសារ ព្រោះ​កន្លងមក​ដី​ចំណុច​នោះ​ត្រូវបាន​ហាមឃាត់ ដោយ​រដ្ឋបាល​ព្រៃឈើ រហូត​បោះបង្គោល​កំណត់​ព្រំ​ទៀតផង​។

​ករណីនេះ​លោក​អភិបាលខេត្ដ​បានសម្រេច និង​ជំរុញ​ដល់​ក្រុមការងារ​វាស់វែង ឱ្យ​ផ្ដល់​សិទ្ធិ​ជូន​ពួកគាត់​ជា​ចាំបាច់ ដោយ​សម្អាងថា ប្រជាជន​ពិតជា​បាន​កាន់កាប់​ប្រាកដ​មែន​។ ម្យ៉ាងទៀត ដី​ទាំងនោះ​មិន​ពាក់ព័ន្ធ​អ្វី​នឹង​ភ្នំ បឹងបួរ ឬ​ដែន​ព្រៃ​គ្រប់គ្រង​ដោយ​សហគមន៍​ឡើយ​។ ជាមួយគ្នានេះដែរ លោក​ក៏​ណែនាំ​ដល់​ក្រុមការងារ​រក្សា​ឱ្យបាន នូវ​ចំណែក​ដី​យ៉ាងហោច ១០ ភាគរយ នៃ​ដី​ដែល​ចែកជូន​ប្រជាពលរដ្ឋ ដើម្បី​ទុកជា​ដី​បម្រុង​សម្រាប់​ប្រើប្រាស់​រួម​ទៅ​ថ្ងៃក្រោយ​។​
​    ​
​ផ្គួប​ជាមួយនឹង​សេចក្ដីត្រេកអរ ជំនួស​ប្រជាជន​របស់ខ្លួន ចំពោះ​ការសម្រេច​នោះ លោក ផាំង បឿន មេភូមិ​ត្រញំង​គុយ បាន​រាយការណ៍​ជូន​លោក​អភិបាលខេត្ដ​ថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​មាន​អ្នកដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ​ថា នេះ​ជាការ​ធ្វើ​ប័ណ្ណ​ក្លែងក្លាយ​តែប៉ុណ្ណោះ ក្រោយពី​បោះឆ្នោត​ឆ្នាំ​២០១៣ រួចហើយ រដ្ឋ​នឹង​ដកហូត​ដី​យក​វិញ​ទាំងអស់​។

​ឆ្លើយតប​នឹង​បាតុភាព​នេះ លោក ខូ​យ ឃុន​ហ៊ួ​រ ហាក់​មិនបាន​ប្រតិកម្ម​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយ​គ្រាន់តែ​សន្យា​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ និង​ក្រុមការងារ​ថា បើសិន​ជាមាន​ករណី​បែប​នោះ​កើតឡើង​មែន ទាំង​រូបលោក​ផ្ទាល់ ទាំង​អភិបាលស្រុក រហូតដល់​មេភូមិ នឹង​លាលែង​ពី​ការងារ​ទាំងអស់គ្នា ព្រោះ​ប្រជាពលរដ្ឋ​មិន​ត្រូវការ​ថ្នាក់ដឹកនាំ ដែល​ភូតភរ​បោកប្រាស់​ទេ​៕ K

ដំណឹងថ្មីៗចុងក្រោយ

Our Partners