មូលនិធិ ស្តូនហ្វេមលី និង អង្គការ វ័តធើសិដ សហការ... | ដំណឹងក្នុងប្រទេស:អភិវឌ្ឍន៍សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

មូលនិធិ ស្តូន​ហ្វេ​មលី និង អង្គការ វ័ត​ធើ​សិដ សហការ​ពង្រីក​សេវា​អនាម័យ​នៅ​កម្ពុជា

(ថ្ងៃទី 2 សីហា 2012, ម៉ោង 07:47:PM) | ដោយ: CEN

ក- ក+ | Print

ភ្នំពេញ: មូលនិធិ​ស្តូន​ហ្វេ​មលី និង​អង្គកា​រវ័ត​ធើ​សិដ បានចាប់ផ្តើម​ការសហកា​រ​គ្នា​រយៈពេល​បី​ឆ្នាំ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​កង្វះខាត​អនាម័យ​នៅ​កម្ពុជា​។​

​បើទោះជា​មាន​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍ ដើម្បី​ដោះស្រាយ​កង្វះខាត​អនាម័យ​ក្នុង​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​នៅតាម​ជនបទ​ច្រើនជាង ៧០% នៅតែ​មិន​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​នៅឡើយ​។

​សេចក្តីប្រកាស លើកឡើងថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សុខភាព​សាធារណៈ​នេះ ការគាំទ្រ​ពី​មូលនិធិ​ស្តូន​ហ្វេ​មលី ជួយ​ឲ្យ​អង្គកា​រវ័ត​ធើ​សិដ​ពង្រីក​សកម្មភាព​កម្មវិធី ទីផ្សារ​ហេន​អូ​ហ្វ (Hands-off) ដែល​ជា​ការបង្កើតឡើង​ថ្មី​របស់​ខ្លួន​នៅ​កម្ពុជា​។​

​ដោយ​ផ្តោត​ទៅលើ​ខេត្ត​ចំនួន​៤ ការសហការ​នេះ និង​គាំទ្រ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​អង្គការ វ័ត​ធើ សិដ ដើម្បី​បង្កើន​ការលក់​បង្គន់​អនាម័យ​ជាង ១ សែន​បង្គន់ ឲ្យ​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​ប្រជាជន លើសពី ៥​សែន រស់នៅ​ដោយ​អនាម័យ​ល្អ​ជាង​មុន​នៅ​ឆ្នាំ​២០១៤ ដែល​លើស​ពី​តំបន់​គោលដៅ​របស់​គោលដៅ​អភិវឌ្ឍ​សហស្សវត្សរ៍​ឆ្នាំ​២០១៥​។
​ដោយ​ប្រើប្រាស់​គំរូ​ដ៏​ជោគជ័យ​ដែល​ដាក់បញ្ចូល​បណ្តាញ​លក់​បង្គន់ ការអប់រំ​តាម​សហគមន៍ ជំរើស​ហ​រិញ្ញ​ប្បទាន និង​កិច្ចសហការ​ជាមួយ​វិស័យ​ទឹកស្អាត អនាម័យ កម្មវិធី​នេះ​កំពុង​កែប្រែ​ស្ថានភាព​អនាម័យ​នៅ​កម្ពុជា ក្នុង​គោលបំណង​បង្កើត​យុទ្ធសាស្ត្រ​និរន្ត​មួយ​ដែល​អាច​យកទៅ​អនុវត្ត​បាន​ក្នុង​បរិបទ​នៅ​ប្រទេស​ថ្មី​មួយទៀត និង​អាច​ចំលង​គំរូ​ថ្មី​នៃ​ផលិតផល​និង​សេវាកម្ម​ទឹកស្អាត និង​អនាម័យ ។​

​មូលនិធិ​ស្តូន​ហ្វេម​លី​ដែល​មាន​មូលដ្ឋា​ន​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស ប្តេជ្ញា​គាំទ្រ​យុទ្ធសាស្ត្រ​ដែល​មាន ភាព​គង់វង្ស និង​មាន​លក្ខណៈ​សហគ្រិន ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​និង​អនាម័យ នៅ​ជុំវិញ​ពិភពលោក​។ ការចូលរួម របស់​មូលនិធិ​ដើម្បី​លើក​កំពស់​សហគ្រាស​សង្គម​គឺ​ត្រូវ​និង​យុទ្ធសាស្ត្រ​របស់​វ័ត​ធើ​សិដ​។

​លោក ច​ន ស្តូន អ្នក​បង្កើត​មូលនិធិ​ស្តូន​ហ្វេ​មលី បានឲ្យដឹងថា "​យើង​មាន​ការរីករាយ​ណាស់ ដែល​មានឱកាស​ផ្តល់​ការគាំទ្រ​ដល់​ការពង្រីក​កម្មវិធី សហគ្រាស​របស់​ពួកគេ​។ យុទ្ធសាស្ត្រ​ទីផ្សារ របស់​ពួកគេ​ធានាឲ្យមាន​នូវ​គំរូ​មួយ ដែល​មាន​លក្ខណៈ​ស្ថិតស្ថេរ​និង​មាន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​លទ្ធភាព​ដល់​ការទទួល​បាន​អនាម័យ​"​។​

​ផ្ទុយ​ពី​កម្មវិធី​ផ្សេងៗ​ទៀត ដែល​ផ្តល់​ជំនួយឩ​ប​ត្ថ​ម ដើម្បី​កាត់បន្ថយ​តំលៃ​ពិត​របស់​បង្គន់ គំរូ​យុទ្ធសាស្ត្រ​ទីផ្សារ​ហេន​អូ​ហ្វ (Hands-off)  ដំបូង​គេ​របស់ វ័ត​ធើ​សិដ បាន​បង្កើន​ចំនួន​គ្រួសារ​ដែល​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ដោយ​មាន​ការសម្របសម្រួល​បណ្តាញ​លក់​ផលិតផល​អនាម័យ ដែល​ផ្សារភ្ជាប់​ពាណិជ​កម្ម​នៅក្នុង​តំបន់ ជាមួយ​និង​សហគមន៍ និង​រដ្ឋាភិបាល​ផង​ដែរ​។

​តាមរយៈ​យុទ្ធសាស្ត្រ​ទីផ្សារ ហេន​អូ​ហ្វ (Hands-off) នេះ អតិថិជន អាច​រក​ទិញ​ផលិតផល​អនាម័យ ដែល​មាន​តំលៃ​សមរម្យ និង​មាន​លក្ខណៈ​លើកទឹកចិត្ត ដែល​ផ្គត់ផ្គង់​ដោយ​ខ្សែសង្វាក់​ផលិតកម្ម​របស់​សហគ្រិន​ក្នុងស្រុក​។​

​លោក អូន ហេង​លី នាយក​ប្រតិបត្តិ​របស់​អង្គការ​វ័ត​ធើ​សិដ មានប្រសាសន៍ថា "​ឥឡូវនេះ តំរូវការ​នៃ​ផលិតផល​អនាម័យ​របស់​អតិថិជន ត្រូវបាន​បំពេញ​រួច​ហើយ​ដោយ​ការពង្រីក​ទីផ្សារ​សង្គម និង​ការអប់រំ​។ ប្រជាពលរដ្ឋ​ដឹងថា អ្វី​ដែល​គេ​ចង់បាន ហើយ​ឥឡូវ​ពួកគេ​ទទួលបាន​វា​ហើយ​។ ពាណិជ​កម្ម ការអភិវឌ្ឍន៍ និង​ភាពថ្លៃថ្នូរ ដែល​មាន​និរន្តរភាព​គឺ​មាន​នៅ​មួយកញ្ចប់​តែម្តង​"​។​
 
​ដោយ​សហការ​ពង្រីក​ទីផ្សារ​ផលិតផល​ជា​ដំណោះស្រាយ សម្រាប់​បញ្ហា​អនាម័យ នៅ​កម្ពុជា មូលនិធិ​ស្តូន​ហ្វេ​មលី និង វ៉​ត​ធើ​សិដ កំពុង​ដឹកនាំ​ដំណើរ​ឆ្ពោះ​ទៅ​កាន់ការ​គ្រប់​ដណ្តប់ លើ​បញ្ហា​អនាម័យ​នៅ​កម្ពុជា ដើរតួ​ជា​គំរូ​លើកទឹកចិត្ត​ឲ្យមាន​ការបង្កើត​ដំណោះស្រាយ​ថ្មីៗ ទៅលើ​បញ្ហា​ទឹកស្អាត និង​អនាម័យ​នៅ​ទូទាំង​ពិភពលោក​។​

​លោក អូន ហេង​លី មានប្រសាសន៍ថា "​ភាពជោគជ័យ រហូតមកដល់​ពេលនេះ របស់​យុទ្ធសាស្ត្រ​ទីផ្សារ ហេន​អូ​ហ្វ (Hands-off) បង្ហាញ​ឲ្យឃើញ​ថា​ទីផ្សារ​ក្នុងស្រុក បាន​ឆ្លើយតប​ទៅនឹង​ការបង្កើត​ពាណិជ​កម្ម​ដ៏​រឹងមាំ​មួយ​។ ពួក​យើង​បាន​ពង្រីក​កម្មវិធី​នេះ ទៅ​ក្រៅប្រទេស ហើយ​ក៏​កំពុង​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​នេះ សំរាប់​ផលិតផល​និង​សេវាកម្ម​ផ្សេងទៀត ដែល​មាន​សារសំខាន់​ដល់​ការអភិវឌ្ឍ​ជនបទ​នៅ​ប្រទេស​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​នេះ នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ​២០១៤"៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners