របាយការណ៍រំលោភសិទ្ធិមនុស្ស របស់អង្គការសង្គមស៊ីវ... | ដំណឹងក្នុងប្រទេស:នយោបាយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

របាយការណ៍​រំលោភ​សិទ្ធិមនុស្ស របស់​អង្គការ​សង្គម​ស៊ីវិល ត្រូវបាន​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលច្រានចោល​

(ថ្ងៃទី 1 វិច្ឆិកា 2012, ម៉ោង 07:37:AM) | ដោយ: លី សិលា

ក- ក+ | Print

ភ្នំពេញ: របាយការណ៍ និង​ការលើកឡើង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ភាព​លម្អៀង និង​មាន​ចរិតនយោបាយ ដោយ​មិន​បាន​ពិនិត្យ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​នៃ​អង្គហេតុ និង​អង្គច្បាប់ លើ​ករណី​នីមួយៗ​ឡើយ​។ នេះ​ជា​ការលើកឡើង​របស់​លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក ទិត សុធា បាន​មានប្រសាសន៍ថា “​របាយការណ៍​នោះ ហាក់ដូចជា ខ្វាក់ភ្នែក ជុំវិញ​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច ជា​ពិសេស​ប្រព័ន្ធ​តុលាការ ទៅលើ​មន្ត្រី​ដែល​មាន​អំណាច​ជាច្រើននៅក្នុង​ជួ​រដ្ឋាភិបាល ដូចជា ចៅក្រម ព្រះរាជអាជ្ញា ឬ​មួយ​ក៏​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​ផ្សេងៗ និង​គ្រឿងញៀន ជាដើម​។ គឺ​របាយការណ៍​នោះ អត់​បាន​យក​មក​បង្ហាញ​ទេ​។ អ៊ីចឹង របាយការណ៍​នេះ យើង​ចាត់ទុក​ថា មាន​ភាពលម្អៀង ហើយ​ហាក់ដូចជា​បង្កប់​ទៅ​ដោយ​ចរិតនយោបាយ​ច្រើន​ជាង​ជម្រៅ​ឫ​សគល់នៃ​បញ្ហា ហើយ​ជា​ទូទៅ​ការធ្វើ​របាយការណ៍​នោះដោយ​មិន​បាន​ពិនិត្យ​មើល​អង្គហេតុ អង្គច្បាប់​នៃ​ករណី​នីមួយៗ​ឡើយ​”​។
​    ​
​លោក ទិត សុធា បាន​បន្តថា “​របាយការណ៍​នោះ ពុំ​បាន​បម្រើ​អំពី​តម្រូវការ​របស់​ពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា ​ដែល​រាជរដ្ឋាភិបាល​កម្ពុជាបាននិង​កំពុង​ពង្រឹង​នូវ​ការគោរព​ ការអនុវត្ត​ច្បាប់ ហើយ​យើង​មិនមាន​ទេ​វប្បធម៌​និទណ្ឌភាព ដូច​ការលើកឡើង គឺ​វា​សុទ្ធតែ​មាន​ហេតុផល​ច្បាស់លាស់​នៅ​ពីក្រោយ​ចំណាត់ការ​របស់​អាជ្ញាធ​រ​សមត្ថកិច្ច ដែល​បាន​អនុវត្ត​ន៍ទៅ​តាម​ការស្នើ​របស់​តុលាការ​។ បានន័យថា យើង​ធ្វើ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​”​។​
​    ​
​លោក ទិត សុធា ក៏​បាន​បន្តថា “​របាយការណ៍​ខ្វាក់ភ្នែក ដែល​មិន​ទទួល​ការ​ពិត​នោះ និយាយ​តែ​ពី​ចំណុច​អវិជ្ជមាន​ដ៏​តិចតួច ហើយ​មិន​ដឹង​ឮ​ពី​ឫសគល់​នៃ​បញ្ហា​ទៅទៀត​។ ខ្ញុំ​យល់​ថា របាយការណ៍​នេះបំពុល​សាធារណមតិ ហើយ​អាច​ថា ជាការ​ផ្គាប់ផ្គុនម្ចាស់ជំនួយ​។ នេះ​ក៏​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អង្គការ​សង្គម​ស៊ីវិល បាន​ចេញ​របាយការណ៍មិន​ទទួលស្គាល់​ការពិត ជាពិសេស​មិន​និយាយ​ពី​ករណី​ជា​ច្រើន ដែល​រដ្ឋាភិបាល​ធ្វើ​ត្រឹមត្រូវ​តាមច្បាប់ ដែល​មាន​ហេតុផល​ភស្តុតាង​គ្រប់គ្រាន់​នោះ​”​។​

​ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលខាងលើនេះ បាន​ធ្វើឡើងតប​ទៅ​នឹង​ដៃគូ​អន្តរជាតិ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ធ្វើការ​ផ្តោតលើ​បញ្ហា​សេរីភាព​បញ្ចេញមតិ មានឈ្មោះ​ថា ដៃគូ​សន្ទនា​អន្តរជាតិ ស្តីពីសេរីភាព​បញ្ចេញមតិ ហៅ​កាត់​ថា IFEX ដែល​នឹង​រួមគ្នាចាប់ផ្តើម​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ប្រចាំឆ្នាំ​២០១២ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា  ឆ្នាំ​២០១២​។

​សេចក្តីថ្លែងការណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញថា ក្នុង​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព រយៈពេល ២៣ ថ្ងៃនេះ នឹង​មាន​ការលើកឡើង​នូវ​ករណី​ចំនួន ២៣ របស់​អ្នកកាសែត សិល្បករ អ្នកនិពន្ធ មេធាវី និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ត្រូវបាន​គេ​បាញ់សម្លាប់ និង​គំរាមកំហែង ដូចជា ករណី​របស់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី និង​ករណី​របស់​លោក ម៉ម សូណង់ដូ ជាដើម​។​
     ​
​សេចក្តីថ្លែងការណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា ដើម្បី​ចូលរួម​ក្នុង​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព​ឆ្នាំនេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​លើកយក​ករណី​ចំនួន ២៣ របស់​អ្នកសារព័ត៌មាន សិល្បករ អ្នកនិពន្ធ មេធាវី និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ត្រូវបាន​គេ​សម្លាប់ គំរាមកំហែង និង​សម្លុត​បំភ័យ ដោយសារ​តែ​បាន​អនុវត្ត​ន៍នូវ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ពួកគេ​។

​ករណី​ឃាតកម្ម និង​ការរំលោភបំពាន​ទាំង ២៣ ករណី​នោះ នឹងត្រូវ​លើក​មក​ដាក់​បង្ហាញ​ជា​ករណី​សិក្សា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​អំពាវនាវ​ឲ្យមាន​ការចាត់វិធានកា​រដោះ​ស្រាយ​។​

​សេចក្តីថ្លែងការណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញថា វប្បធម៌​និទណ្ឌភាព រាប់បញ្ចូល​ទាំង​អំពើពុករលួយ ការគំរាមកំហែង និង​សូម្បីតែ​អំពើ​ឃាតកម្ម ដែល​មិន​ត្រូវបាន​យក​មក​ផ្តន្ទាទោស គឺ​កើនឡើង​ជា​លំដាប់​នៅ​កម្ពុជា​។ អ្វី​ដែល​ជំរុញ​ឲ្យមាន​វប្បធម៌​នេះកើនឡើង គឺ​ការគាបសង្កត់ និង​ការបង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការបញ្ចេញមតិ​ដោយ​សេរីពី​សំណាក់​បុគ្គល​ទាំងឡាយ ដែល​មិន​ចង់​ទទួលខុសត្រូវ ចំពោះ​សកម្មភាព​របស់​ខ្លួន​។​
​    ​
​សេចក្តីថ្លែងការណ៍ បាន​គូសបញ្ជាក់ថា ក្នុងអំឡុងត្រឹមតែ​ឆ្នាំ​២០១២ និទណ្ឌភាព​នៅ​កម្ពុជាបាន​កើនឡើង​ជុំវិញ​ករណី​អំពើ​ឃាតកម្មមក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បីឈ្មោះ លោក ឈុត វុទ្ធី ករណី​ក្មេងស្រី​អាយុ ១៤ ឆ្នាំ ឈ្មោះ ហេង ចន្ថា ដែល​ត្រូវបាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​រដ្ឋាភិបាល ក្នុងពេល​ការបណ្តេញចេញ​ដោយ​បង្ខំនៅ​ខេត្ត​ក្រចេះ និង​អ្នកកាសែត លោក ហង្ស សេរី​ឧត្តម ដែល​បាន​សរសេរ​អត្ថបទ ស្តីពីការកាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី ដោយ​គ្មាន​ភាពភ័យខ្លាច ដើម្បី​បើក​កកាយ​ពី​បុគ្គលដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជនល្មើស​។

​ជុំវិញ​យុទ្ធនាការ​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា បាន​លើកឡើង​ថា "​យុទ្ធនាការ​អន្តរជាតិ បញ្ចប់​និទណ្ឌភាព​នេះ គឺ​ត្រូវ​ពេល​ខ្លាំងណាស់ សម្រាប់​ប្រទេស​កម្ពុជា ដែល​យើង​បាន​ឃើញ​នូវ​ការបង្ក្រាប​ជា​បន្តបន្ទាប់ មកលើ​សេរីភាព​បញ្ចេញមតិ និង​ការជួបប្រជុំ ក្នុង​ឆ្នាំ​២០១២​។ ចាប់តាំងពី​ដើម​ឆ្នាំ​មក ករណី​ជា​ច្រើន យើង​ឃើញថា កងកម្លាំង​យោធាដែល​បាន​បាញ់ប្រហារ​មកលើ​អ្នក​តវ៉ា​ប្រឆាំង ដែល​គ្មាន​អាវុធ​ក្នុង​ដៃ មិន​ត្រូវ​បាន​ប្រឈមមុខ​នឹង​វិធានការ​ផ្នែក​ច្បាប់​នោះឡើយ ខណៈ​ដែល​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​មួយរូប គឺ​លោក ម៉ម សូណង់ដូ ដែល​ទើប​នឹង​ត្រូវបាន​កាត់ទោស និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ បើទោះបីជា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក៏ដោយ ហើយ​មាន​បុគ្គល​បី​រូប ត្រូវបាន​សម្លាប់​ជា​លទ្ធផល​នៃ​ការបញ្ចេញមតិ​ដោយ​សេរី​”​។

​យុទ្ធនាការ​នេះ នឹង​សង្កត់ធ្ងន់​ពី​ស្ថានភាព​នៅ​កម្ពុជា ដែល​អ្នក​រំលោភ​សិទ្ធិមនុស្ស មិន​ត្រូវបាន​យកមក​ផ្តន្ទាទោស ចំណែកឯ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ ត្រូវ​គំរាម​សម្លុត ដាក់ពន្ធនាគារ ឬ​សូម្បីតែ​ត្រូវបាន​សម្លាប់​ទៀត​ផង​។​

​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១២ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ចេញ​ផ្សាយ​នូវ​កំណត់ត្រា​សង្ខេប ស្តីពីទិដ្ឋភាព​រួមនៃ​ច្បាប់​កម្ពុជា ពាក់ព័ន្ធ​នឹង​សេរីភាព និង​ការ​សង្ខេប​ករណី​សិក្សា​ថ្មីៗ ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ន៍ច្បាប់ និង​ការអនុវត្តច្បាប់ទាំង​បំពាន​ក្នុង​ការបង្ក្រាប​សំឡេង​ជំទាស់​។

​សេចក្តីប្រកាស បាន​លើកឡើង​ថា កំណត់ត្រា​សង្ខេប​នោះ វិភាគ​អំពី​ភាពស៊ីចង្វាក់​គ្នា រវាង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៩ ក្រមព្រហ្មទណ្ឌ​អ៊ុនតាក់ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ឆ្នាំ​១៩៩៥ ដែល​អាច​ប្រើប្រាស់​ជំនួស​គ្នា​បាន និង​ពិនិត្យ​មើល​បញ្ញត្តិ​សិទ្ធិ​មនុស្ស​ទាំងអស់ រួមមាន​ទាំង​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស បុគ្គលិក​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល មេធាវី និង​អ្នកនយោបាយ ក៏​ដូចជា​ត្រូវ​បាន​ប្រើប្រាស់សម្រាប់​លើកកម្ពស់​ការយល់ដឹង អំពី​របៀប​ដែល​សេរីភាព​បញ្ចេញមតិ ត្រូវបាន​ការពារ​តាម​ទ្រឹស្តី ប៉ុន្តែ​ត្រូវបាន​រំលោភបំពានក្នុង​ការអនុវត្តជាក់ស្តែងនៅ​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន​។​

​កញ្ញា សន រ៉ា​មណា ជា​មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សេរីភាពនៃ​ការបញ្ចេញមតិ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា ការវិភាគ​ក្នុង​កំណត់ត្រា​នោះ បាន​បញ្ជាក់ឲ្យ​ឃើញច្បាស់​ថា កម្ពុជា​កំពុង​ក្លាយទៅជា​ប្រទេសដែល​អនុវត្ត​ន៍ការគាបសង្កត់​ដោយ​ប្រើ​ច្បាប់ ជា​ជាង​ប្រទេស​គោរព​នីតិរដ្ឋ ដែល​កម្ពុជាពិត​ជា​ចាំបាច់ត្រូវ​ដោះស្រាយ​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners