រួមគ្នាផ្ដល់គំនិតបន្ថយការបាត់បង់ ក្រោយប្រមូលផល ... | ដំណឹងក្នុងប្រទេស:សេដ្ឋកិច្ច

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

រួមគ្នា​ផ្ដល់​គំនិត​បន្ថយ​ការបាត់បង់ ក្រោយ​ប្រមូល​ផល និង​បង្កើន​ចំណូល​ដោយ​ផលិត​ស្រូវ​មានគុណ​ភាពល្អ​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 06:22:PM) | ដោយ: ឌីណា

ក- ក+ | Print

កំពត: ក្នុង​បំណង​បង្កើន​ចំណាប់អារម្មណ៍​អំពី​វិធី​ខ្ចីប្រាក់ និង​សេវាកម្ម​ពាក់ព័ន្ធ​ដើម្បី​ងាយស្រួល​ប​ញ្ជូ​ល​បច្ចេកវិទ្យា​ក្រោយ ប្រមូល​ផល​ព្រមទាំង​ផ្លាស់ប្ដូរ​ព័ត៌មាន​ពី​ឱកាស និង​តម្រូវការ​រវាង​អ្នកធ្វើ​សេវាកម្ម​ជា​កសិករ​ឯកជន ម្ចាស់​ម៉ាស៊ីនកិនស្រូវ អ្នកធ្វើ គោលនយោបាយ ស្ថាប័ន​រាជរដ្ឋាភិបាល ពិសេស​ផ្នែក​ធនាគារ ក្រោម​ការឧបត្ថម្ភ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) និង​វិទ្យា ស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្ដរជាតិ វេទិកា​អាជីវកម្ម​ស្ដីពី​ការខ្ចីប្រាក់ និង​សេវាកម្ម​ធនាគារ​សម្រាប់​វិស័យ​ក្រោយ​ប្រមូល​ផល​ស្រូវ មួយ​បាន​រៀបចំឡើង​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ ក្រោម​ប្រធានបទ “​បន្ថយ​ការបាត់បង់​ក្រោយ​ប្រមូល​ផល និង​បង្កើន​ចំណូល​ដោយ​ផលិត​ស្រូវ​មានគុណ​ភាពល្អ​”​។ សិក្ខាសាលា​នេះ​ប្រ​ព្រឹ​ត្ដ​ឡើង​នៅ​សាលប្រជុំ​របស់ អង្គការ​អា​សាក់​ប្រចាំ​ខេត្ដ​កំពត​ដែលមាន​ការចូលរួម​ជា​សិក្ខាកាម​ពី​ផ្នែក​ពាក់ព័ន្ធ​នានា និង​តំណាង​កសិករ​ព្រមទាំង​មន្ដ្រី​កសិកម្ម ខេត្ដ​កំពត ពោធិសាត់ បាត់ដំបង និង​ខេត្ដ​តាកែវ​។​
 
​បើក​អង្គ​វេទិកា​ក្នុងឱកាស​នេះ លោក​ចាន់ ចេស្ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​កំពត​មានប្រសាសន៍ថា ជាធម្មតា​ក្រោយ​រដូវ ច្រូតកាត់​តម្លៃ​ស្រូវ​តែងមាន​ការធ្លាក់ចុះ ប៉ុន្ដែ​ឆ្នាំ​២០១១ កន្ល​មកនេះ​បែរជា​ស្រូវ​ឡើងថ្លៃ​ជាង​ក្រោយ​រដូវ​ស្ទូង​ដក​ទៅវិញ​។ ព្រោះតែ​តម្លៃ​ផលិតផល​របស់​កសិក​រ​មិន​ស្ថិតស្ថេរ​បែប​នោះ​ហើយ​ទើប​តម្រូវឱ្យមាន​ការចូល​រួម​ពី​ផ្នែក​ពាក់ព័ន្ធ​ក្នុង​ការជួយ​ដល់​កសិករ​កុំឱ្យ​បាត់បង់​ប្រយោជន៍ ឬ​ជួយ​ប​ង្កី​ន​ចំណូល​សម្រាប់​ពួកគាត់​ដោយ​ក្នុងនោះ​តួអង្គ​សំខាន់​លើ​ផ្នែក​វិស័យ​ឯកជន​មានដូចជា​ធនាគារ​អេ ស៊ី​លីដា និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដទៃទៀត ដែលមាន​វត្ដ​មាន​ក្នុង​វេទិកា​នាពេលនេះ​។ ជា​សំណូមពរ​ស្នើ​ដល់​ផ្នែក​ឯកជន​បើក​បម្រើ សេវាកម្ម​ខ្ចីប្រាក់​មេ​ត្ដា​ជួយ​សម្រួល​ទោះបី​កសិករ​មិនទាន់មាន​ប័ណ្ណ​កាន់កាប់​អចលនវត្ថុ ដោយ​ជំនួស​មកវិញ​នូវ​ឯកសារ​នានា​ដើម្បី​តម្កល់ ឬ​បញ្ចាំ​សម្រាប់​យកប្រាក់​ទៅប្រើ​ប្រាស់​លើ​វិស័យ​កសិកម្ម ហើយ​អ្វី​រឹតតែ​ពិសេស​នោះ គឺ​ការបន្ធូរបន្ថយ​ការប្រាក់​តាម​ដែល​អាចធ្វើ​ទៅបាន​បំណង​ឱ្យ​ពួកគាត់​យកប្រាក់​ទាំងនោះ​ទៅ​អភិវឌ្ឍន៍​ការងារ​កសិកម្ម​ដោយ​ផលិត​ស្រូវ​ឱ្យមាន​គុណភាព​កាន់តែ​ល្អ​។

​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​បង្កើន​ចំណូល​សម្រាប់​កសិករ​ក៏ដូចជា កាត់បន្ថយ​បាន​ពី​ការធ្លាក់ចុះ​តម្លៃ​កសិផល​ឆ្លើយតប​ចំពោះ​ការ ប្រឹងប្រែង​របស់​ពួកគាត់​។
​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​កំពត​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​លើ​សិក្ខាសាលា​នេះ​ថា តាមរយៈ​អង្គ​វេទិកា​រយៈពេល​ពីរ​ថ្ងៃ​តទៅ​នេះ សង្ឃឹមថា​សិក្ខាកាម​ទាំងអស់​នឹង​យល់ដឹង​ក្នុងការ​បង្កើន​ចំណាប់អារម្មណ៍​អំពី​នីតិវិធី​ខ្ចីប្រាក់ និង​សេវាកម្ម​ពាក់ព័ន្ធ​ដើម្បី​ងាយស្រួល​បញ្ចូល​បច្ចេកវិទ្យា​ក្រោយ​ប្រមូល​ផល​ព្រមទាំង​ម៉ូ​ដែល​អាជីវកម្ម​។ មិនតែប៉ុណ្ណោះ​នឹង​អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដីពី​ឱកាស និង​តម្រូវការ​រវាង​អ្នកធ្វើ​សេវាកម្ម​ជា​កសិករ​ឯកជន ម្ចាស់​ម៉ាស៊ីនកិនស្រូវ អ្នកធ្វើ​គោលនយោបាយ ស្ថាប័ន រាជរដ្ឋាភិបាល និង​ផ្នែក​ធនាគារ​។ ពិសេស​ទៀត​នោះ អង្គ​វេទិកា​នេះ​នឹង​រួមគ្នា​ផ្ដល់​គំនិត​បង្កើត​ផែនការ អាជីវកម្ម​ស្របតាម​លក្ខខណ្ឌ​ផ្សេងៗ និង​អំពី​ជំហាន​បន្ទាប់​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners