លោក ទិត សុធា៖ រដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប... | ដំណឹងក្នុងប្រទេស:នយោបាយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

លោក ទិ​ត សុធា​៖ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​តាមច្បាប់ បើ​មាន​ការបង្ក​ភាពចលាចល​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 04:41:PM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​រិះគន់​អំពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ នៅក្នុង​សិក្ខាសាលា​ស្តីពី​ការ​ចងក្រង និង​គ្រប់គ្រង​សមាគម​គ្រប់​ខេត្ត​ក្រុង ក្រោម​ការឧបត្ថម្ភ​ពី​សំណាក់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១២ នៅ​ភោជនីយដ្ឋាន​ទា​អាំង ហង្ស​ទេព ស្ថិតនៅ​ផ្តះ​លេខ​២C ផ្លូវ​៣៥២ សង្កាត់​បឹង​កេង​កក​១ ខណ្ឌចំការមន ក្រុងភ្នំពេញ​។​

​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​មាន​និយាយថា “​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ ហើយ​មន្ត្រី​មាន​សមត្ថកិច្ច​ធ្លាក់ចុះ​មិនបាន​គោរព​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស​ទេ​”​។

​លោក​បាន​បញ្ជាក់ថា “​បើ​ខ្ញុំ​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ដែរ ទាំង​ផ្នែក​កម្មករ និង​ប្រជាពលរដ្ឋ និយាយ​សរុបទៅ​ការគោរព​សិទ្ធិមនុស្ស​មានការ​ធ្លាក់​ចុះ យើង​មើលឃើញ​នៃ​ការធ្លាក់ចុះ នៃ​ការគោរព​សិទ្ធិមនុស្ស ហើយ​យើង​មានការ​ព្រួយបារម្ភ ហើយ​ការធ្លាក់ចុះ នៃ​សីលធម៌​សម្រាប់​ថ្នាក់ដឹកនាំ អាជ្ញាធរ សីលធម៌​បាត់បង់ បើ​បញ្ហា​ហ្នឹង​មិនត្រូវ​បានធ្វើ​ការកែលំអ​បណ្តា​ឲ្យ​ប្រទេស ហើយ​ជួប​បញ្ហា​កើតឡើង  ដែល​នឹងមាន​ចលនា​បដិវត្តន៍​កសិករ​កើតឡើង​ក្នុងសង្គម​ដែលមាន​សីលធម៌​ធ្លាក់ចុះ ពុំមាន​ការគោរព​សិទ្ធិមនុស្ស និង​គ្មាន​ការគោរព​ច្បាប់​មានការ​គាបសង្កត់​ជិះជាន់​ទៅ អាហ្នឹង​ហើយ​ដែលមាន​ការរើបំរះ​”​។​

​ការលើកឡើង​ខាងលើ ត្រូវបាន​លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែប​ប្រតិកម្ម​យ៉ាងនេះ​ថា អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន គិតតែ​ពី​ការចង់​ផ្ញើ​សារ​គំរាម​រដ្ឋាភិបាល​ជុំវិញ​ការប៉ុនប៉ង “​ធ្វើ​បដិវត្ត​ប្រជាជន​” ក៏​ប៉ុ​ន្តែ​រាជរដ្ឋាភិបាល​មានកា​តព្វ​កិច្ច នៅក្នុង​ការការពារ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ និង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណាមួយ​បង្ក​ភាពចលាចល​វឹកវរ​នៅក្នុង​សង្គម ដោយ​យក​ឈើ​មួយ​ដើម​ថា ជា​ព្រៃ​នោះទេ​។ ដូច្នេះ អ្វី​ដែលជា​សមិទ្ធផល​ដ៏​ច្រើន​របស់​រាជរដ្ឋាភិបាល នៅក្នុង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ  ក៏ដូចជា​កំពុង​លើកស្ទួយ​សិទ្ធិមនុស្ស​សព្វថ្ងៃនេះ គឺ​បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​ប៉ុលពត​ខុសគ្នា​ច្រើនណាស់ ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងនាម​ជា​ពលរដ្ឋ​មួយ​ដែរនោះ គួរតែ​ចូលរួម​សហការ ក្នុងការ​លើកស្ទួយ​តម្លៃ​សិទ្ធិមនុស្ស មិនមែន​ផ្ញើ​សារ​គំរាម​មកលើ​រដ្ឋាភិបាល ដោយ​បញ្ហា​តូចតាច​តិចតួច​ដែល​កើតមាន ទៅ​ពង្រីក​ទៅជា​ធំ ហើយ​បង្ក​ភាពចលាចល​នេះ​។​

​លោក ទិ​ត សុធា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​បើ​បង្ក​ភាពចលាចល​អ៊ីចឹង​មែន រដ្ឋាភិបាលមាន​កាតព្វកិច្ច​អនុវត្ត និង​ការការពារ​រដ្ឋធម្មនុញ្ញ នឹង​ចាត់វិធានការ​តាមច្បាប់​”​។​

​លោក ទិ​ត សុធា បន្ថែមថា អ្វីដែល​ជាការ​លើកឡើង​របស់លោក រ៉ុង ឈុន គឺជា​ការ​បន្ទរ​សំឡេង ទាក់ទាញ​ប្រជាប្រិយភាព ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជុំវិញ ការប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល​។

​លោក​បន្តថា មានច្បាប់​ជាច្រើន ត្រូវបាន​រដ្ឋសភា​ត់​តែង ហើយ​យកមកអនុវត្ត ទៅលើ​ជន​ទាំងឡាយណា​ដែល​បំពាន​ច្បាប់ រំលោភ​ទៅលើ​សិទ្ធិបុគ្គល​។ កម្ពុជា បាននិងកំពុង​ធ្វើកំណែទម្រង់​ទៅលើ​ប្រព័ន្ធយុត្តិធម៌ ដើម្បី​លើក​តម្លៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​ការលើកឡើង​ដដែលៗ​របស់លោក រ៉ុង ឈុន គឺជា​សារ​មួយ គាំទ្រ​បក្សប្រឆាំង​”៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners