ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

លោក រ៉ុង ឈុន សុំព្រះរាជអាជ្ញាខេត្តកណ្តាល ពន្យារពេលចូលបំភ្លឺ

(ថ្ងៃទី 5 កញ្ញា 2012, ម៉ោង 01:59:PM) | ដោយ: កូឡាប

ក- ក+ | Print

ភ្នំពេញ​: ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​សុំ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ពន្យារពេល​ចូល​បំភ្លឺ លើ​បណ្តឹង​របស់លោក​អគ្គនាយក​សហគ្រាស តៃ យ៉ាង ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៩៤ អក ចុះ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ យោងតាម​ដីកា​កោះហៅ ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២​។​

​សេចក្តីប្រកាស​ព័ត៌មាន ធ្វើ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ ដែលមាន​ស្នាម​មេដៃ​ស្តាំ​របស់លោក រ៉ុង ឈុន បានសរសេរថា "​សូម​អនុញ្ញាត​ជូន​លោក​ព្រះរាជអាជ្ញា​មេត្តា​ជ្រាបថា ខ្ញុំបាទ (​រ៉ុង ឈុន​) មិនទាន់​រកបាន​មេធាវី​ការពារ​សិទ្ធិ និង​មិនទាន់មាន​ការត្រៀមខ្លួន ក្នុងការ​ការពារ​សិទ្ធិ​របស់ខ្លួន​នៅឡើយ​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ខ្ញុំបាទ​សូម​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា មេត្តា​ពន្យារពេល​ក្នុង​ការចូល​បំភ្លឺ តាម​ការស្នើសុំ និង​ធ្វើ​ការកំណត់​កាលបរិច្ឆេទ ក្នុង​ការចូល​បំភ្លឺ​នៅ​ថ្ងៃក្រោយ ដោយ​ក្តី​អនុគ្រោះ​"​។​

​សូមបញ្ជាក់ថា ដីកាកោះ ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ បង្ហាញថា លោក ទេព មុនិន្ទ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល អញ្ជើញលោក រ៉ុង ឈុន ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង ដែល​ឈ្មោះ JACK LIU អគ្គនាយក​នៃ​សហគ្រាស តៃ យ៉ាង ប្ដឹង​លោក ពីបទ​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។​

​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​កាត់ដេរ តៃ យ៉ាង ដែល​បាន​ប្តូរ​ឈ្មោះ​មកពី​រោងចក្រ​កាត់ដេរ តៃ​យៀន​ទី​១ តៃ​យៀន​ទី​២ និង​រោងចក្រ ខាំ​វែ​ល រាប់រយ​នាក់ បាន​ផ្ទុះ​កូដកម្ម​តវ៉ា ទាមទារ​នូវ​ប្រាក់​អត្ថប្រយោជន៍​ការងារ​ចំនួន ៥ ចំណុច ដែល​រួមមាន ប្រាក់​អត្ថប្រយោជន៍​ការងារ ជាដើម​។ កូដកម្ម​របស់​កម្មក​រ​រោងចក្រ​កាត់ដេរ ជិត​ផ្សារ​បែក​ចាន ក្នុង​ខេត្តកណ្តាល​នោះ ក៏មាន​លោក រ៉ុង ឈុន និង​មេដឹកនាំ​សហជីព​កម្មករ​ជាច្រើន​ទៀត បាន​ចូលរួម​តវ៉ា រួមទាំង​ដឹកនាំ​ការដើរ​ហែ​ក្បួន​តាមផ្លូវ​ផងដែរ​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners