ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

លោក សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលគ្រោង​បង្កើត ប្រឈម​ឧបសគ្គតាម​ផ្លូវច្បាប់​

(ថ្ងៃទី 19 សីហា 2012, ម៉ោង 09:50:AM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: មេ​គណបក្សប្រឆាំង​ លោក សម រង្ស៊ី ប្រឈម​នឹង​ឧបសគ្គ​ផ្លូវច្បាប់ ក្នុង​ការវិល​មកក្នុង​ជីវិតនយោបាយ សម្រាប់​ការប្រកួតប្រជែង ក្នុង​ការបោះឆ្នោតជ្រើសតាំងអ្នកតំណាង
រាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​ការដឹកនាំ​គណបក្ស​ថ្មី “​គណបក្ស​សង្គ្រោះ​ជាតិ​” ដែល​ជា​​គណបក្សគ្រោងបង្កើតថ្មី របស់គណបក្ស​សម​រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស ពីព្រោះ​លោក​ សម ​រង្ស៊ី ជាប់​ឈ្មោះ​ជា​ទណ្ឌិត ក្រោមអំណាចសាលដីកា​តុលាការ
កម្ពុជា​។​

​លោក ទេព នីថា អគ្គលេខាធិការ​ គណៈកម្មាធិកា​រ​ជាតិរៀបចំ​ការបោះឆ្នោត (គ​.​ជ​.​ប​.​) បាន​មានប្រសាសន៍ពន្យល់​​ថា ចំពោះ​ការចុះបញ្ជីគណបក្ស គឺ​ទាក់ទង​ទៅនឹង​ច្បាប់​ ស្តីពី​ គណបក្សនយោបាយ ​ដែល​ត្រូវ​ចុះបញ្ជី នៅ​ក្រសួង​មហាផ្ទៃ ពីព្រោះ​នៅ​ពេល​នេះ មិន​ទាក់ទង​នឹង​ គ​.​ជ​.​ប​​.​ ទេ​។​

​លោក ទេព នីថា បាន​មានប្រសាសន៍​បញ្ជាក់​​ថា “​ប៉ុន្តែ​អ្វី​ទាក់ទង​ គ​.​ជ​.​ប​​.​ នៅពេលដែល​គណបក្សត្រូវបាន​ទទួលស្គាល់ជា​ផ្លូវការរួចហើយ នៅ​ពេលបញ្ជូន​បេក្ខជន​មក​ចុះឈ្មោះ​បោះឆ្នោត​នៅ ​គ​.​ជ​.​ប​.​ គឺ​គ្រប់​បេក្ខជន​ត្រូវមាន​គ្រប់​លក្ខខណ្ឌ​ច្បាប់កំណត់​ ទើបយើងអនុញ្ញាតឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​យោង​ទៅ​តាប​ច្បាប់ ស្តីពី គណបក្សនយោបាយ និងស្តីពី​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​”​។​​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ ថា “​ក្នុង​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ បានកំណត់​ច្បាស់​ថា ទណ្ឌិតមិន​អាច​បោះឆ្នោត និង​មិន​អាច​ឈរឈ្មោះឲ្យគេ​បោះឆ្នោត​បាន​ទេ​។ អ៊‌ីចឹង​ករណីនេះ ច្បាស់​ហើយ​ថា លោក​ សម ​រង្ស៊ី មិន​អាច​ឈរឈ្មោះជា​តំណាងរាស្ត្រ​បានទេ​។ ប៉ុន្តែ​ក្នុង​ច្បាប់ ស្តីពី គណបក្សនយោបាយ មិនទាន់​បាន​ចែង ថា​តើ​ទណ្ឌិតមិន​អាច​ធ្វើជា​ប្រធាន​បក្ស​បាន​នោះ​ទេ​។ វា​មិន​ទាន់​មាន​កន្លែង​ណាកំណត់ ចែង​ដូច្នេះ​ទេ​”​។​

​ប៉ុន្តែ យ៉ាងណាក៏ដោយ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​បន្ថែមថា ក្រសួងមហាផ្ទៃ មាន​សិទ្ធិ ១៥ ថ្ងៃ ក្រោយពី​ទទួល​សំណុំបែបបទ សុំ​ចុះ​ឈ្មោះ​គណបក្ស​ថ្មី ដើម្បី​ឆ្លើយតប​ថា ទទួល​ចុះ ឬ​ក៏​មិន​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ សម្រាប់​គណបក្ស​ថ្មី​នោះ​។​

​លោក ប៉ុល ហំ អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ត្រូវ​បំពេញ​បែបបទ យក​ទៅ​ចុះ​ឈ្មោះជា​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២​។​ ជាមួយគ្នា​នោះ​ដែរ ​លេខាធិការដ្ឋាន​នៃចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មាន​គម្រោងធ្វើ​សន្និសីទកាសែត នៅ​រសៀលថ្ងៃទី​២០ ខែ​សីហា ខាងមុខ​នេះ​ ស្តីពី​ ការបង្កើត “​គណបក្ស​សង្គ្រោះ​ជាតិ​”៕​ K
ដំណឹងថ្មីៗចុងក្រោយ

Our Partners