លោក ស ខេង៖ ក្រសួងមហាផ្ទៃ បានបកស្រាយរួចហើយ លើករណ... | ដំណឹងក្នុងប្រទេស:នយោបាយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

លោក ស ខេង​៖ ក្រសួងមហាផ្ទៃ បាន​បកស្រាយ​រួចហើយ លើ​ករណី​កាសែត​អូស្ត្រាលី ចោទប្រកាន់​ឧកញ៉ា ពាក់ព័ន្ធ​គ្រឿងញៀន

(ថ្ងៃទី 9 មេសា 2012, ម៉ោង 03:47:PM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: ពាក់ព័ន្ធ​នឹង​កាសែត​ប្រទេស​អូស្ត្រាលី នាពេល​ថ្មី​នេះ ផ្សព្វផ្សាយ​ការចោទប្រកាន់ថា លោក​ឧកញ៉ា ហ៊ុន តូ ក្មូ​យ​ប្រុស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧកញ៉ា​មួយចំនួន ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​គ្រឿង​ញឿ​ន​នោះ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១២ បាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា  អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​សំណាក់​កាសែត​អូស្ត្រាលី ដែល​បាន​ចុះផ្សាយ​នោះ គេ​បាន​បកស្រាយ​បំភ្លឺ​រួចហើយ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា “​ខ្ញុំ​បានដឹងថា អ្នក​ទាំងពីរ​នាក់​ហ្នឹង បកស្រាយ និង​បញ្ជាក់​រួចហើយ រហូតដល់​ព្រមាន ប្តឹងផ្តល់​ទៅ​កាសែត​ទៀត​។ បុគ្គល​របស់គាត់ បាន​បដិសេធ​រួចហើយ​”​។​

​លោក​ឧ​បយក​រដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺ​លោក ខៀវ សុភ័គ ( អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ) បាន​ឆ្លើយ​បដិសេធ​នូវ​ព័ត៌មាន ទាំងអស់នោះ​រួចហើយ​ដែរ​។

​លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា ពុំទាន់​មាន​ខ្លឹមសារ​អី ជា​មូលដ្ឋាន ដើម្បី​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ​នោះទេ​។ នោះ​គ្រាន់តែ​ជា​ព័ត៌មាន​មួយ​តែប៉ុណ្ណោះ​។​

​ការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ខាងលើនេះ បានធ្វើ​ឡើង ចំពោះ​ដំណឹង​ក្នុង​កាសែត​ប្រទេស​អូស្ត្រាលី​មួយ ដែល​បាន​ចុះផ្សាយ​ពី​ថា លោក​ឧកញ៉ា ហ៊ុន តូ ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​អូស្ត្រាលី​។ ក្នុង​កាសែត​នោះ ដែល​បាន​ផ្សាយ​កាលពី​ចុងខែ​មីនា ក៏បាន​លើកឡើង​ពី​ការពាក់ព័ន្ធ​របស់លោក​ឧកញ៉ា គិត ម៉េង ទៅនឹង​ការជួញដូរ​គ្រឿងញៀន​នោះ​ផងដែរ​។

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ លោក​ឧកញ៉ា ហ៊ុន​តូ បាន​បដិសេធ និង​ដាក់​ពាក្យបណ្តឹង ប្រឆាំង​កាសែត​អូស្ត្រាលី តាមរយៈ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា​។​

​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្សប្រឆាំង​សមរង្ស៊ី បាន​មានប្រសាសន៍ថា បន្ទាប់ពី​មាន​សារព័ត៌​បាន​ចុះផ្សាយ​បែបនេះ រួចហើយ​គឺ​ក្រសួងមហាផ្ទៃ ត្រូវតែមាន​កាតព្វកិច្ច បើក​ការស្រាវជ្រាវ​ទាក់ទង និង​បញ្ហា​ទាំងនោះ​ឲ្យ​ច្បាស់លាស់ ពី​ព្រោះនេះ​មិនមែនជា​រឿង តូចតាច​ទេ​។​

​លោក យឹម សុវណ្ណ បាន​បន្តថា “​ហើយ​ការ​ដែលមាន​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា ដែល​រកស៊ី​ដោយ​ខុសច្បាប់​នោះ កើតមាន​នៅក្នុង​ស្ថានភាព ជាក់ស្តែង ក៏ប៉ុន្តែ​ឧកញ៉ា​ទាំងនោះ ត្រូវបាន​ការពារ​ដោយ​មន្ត្រី​មានអំណាច​ធំៗ​។ ដូច្នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋា​ភិ​បាល ដែល​ត្រូវតែ​ស៊ើបអង្កេត​ព័ត៌មាន​នេះ​។ បើ​រកឃើញ​កំហុសឆ្គង ត្រូវតែ​យក​ច្បាប់​មក​អនុវត្ត​"​។​

​រីឯ​លោក អ៊ូ វីរៈ នាយក​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​មានប្រសាសន៍​ផងដែរ​ថា នៅ​ប្រទេស​កម្ពុជា អត់​មានអី​ប្លែក​ទេ ពីព្រោះ​មាន​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​ម្នាក់ កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ គឺ​លោក ម៉ឹក ដា​រ៉ា​។​

​លោក​វីរៈ​បាន​បន្តថា "​អត់​មានអី​ប្លែក​ទេ តាមពិត មាន​មេ​គ្រឿងញៀន​មួយ លោក ម៉ឹក ដា​រ៉ា ជាប់គុក​រួចហើយ​។ ដូច្នេះ​អត់​មានអី​ប្លែក​ទេ​។ ចំពោះ​ខ្ញុំ​អត់​មានអី​ប្លែក​ទេ​”​។​

​    ​លោក អ៊ូ វីរៈ មានប្រសាសន៍​បន្តទៀត​ថា នៅ​ប្រទេស​កម្ពុជា​រាល់ថ្ងៃនេះ ការគ្រប់គ្រង​រដ្ឋ​អត់ មាន​ជា​ប្រព័ន្ធ​ត្រឹមត្រូវ​ទេ​។ ដូច្នេះ​គឺ​គ្រប់គ្រង​តាម​ខ្សែស្រឡាយ​។ ពេលខ្លះ​អ្នកអនុវត្ត​ច្បាប់ ក្លាយជា​អ្នករងគ្រោះ​វិញ ដោយ​គាត់​ចាប់​ប៉ះចំ​អ្នកមាន​ខ្សែ ដែល​នេះ​រឿង​មួយ មាននៅ​ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ កាសែត​អូស្ត្រាលី បាន​ចុះផ្សាយ​ថា​លោក​ឧកញ៉ា​ហ៊ុន​តូ ឧកញ៉ា​គិត​ម៉េង មាន​ជាប់​ពាក់ព័ន្ធ​ការ​ចរាចរណ៍​គ្រឿងញៀន ប៉ុន្តែ​លោក​ឧកញ៉ា ទាំងពីរ​នាក់​នោះ បាន​ចេញមុខ​បដិសេធ​រួចហើយ​ថា ពួកគាត់​អត់​មាន​ជាប់​ពាក់​ព​ន្ធ័​ដូច​ការចោទប្រកាន់ ពី​សំណាក់​កាសែត​អូស្ត្រាលី ចុះផ្សាយ​នោះទេ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners