សម្តេចតេជោ ហ៊ុន សែន ដោះស្រាយបញ្ចប់ទំនាស់ដីដ៏រ៉ា... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សម្តេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ​បញ្ចប់ទំនាស់​ដី​ដ៏​រ៉ាំរ៉ៃ រវាង​ប្រជាជន និង​ក្រុមហ៊ុន​ព្រៃ​សម្បទាន ខេន

(ថ្ងៃទី 31 ឧសភា 2012, ម៉ោង 07:20:PM) | ដោយ: បាយ័ន

ក- ក+ | Print

សៀមរាប:  យ៉ាងហោចណាស់​ក៏មាន​ផ្ទៃដី​ព្រៃ​ចំនួន ១.០៦៧ ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់​ចេញពី​ក្រុមហ៊ុន ព្រៃ​សម្បទាន ខេន លី​មី​ធី​ត ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ៦ ឃុំ ស្ថិតក្នុង ៣ ស្រុក របស់​ខេត្ដ​សៀមរាប ដែលមាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៥៩ គ្រួសារ​។

​ការ​កាត់​ផ្ទៃដី​ជាង ១.០០០ ហិកតា ខាងលើ បន្ទាប់ពី​មានការ​ទំនាស់​ដ៏​រ៉ាំរ៉ៃ រវាង​ប្រជាជន និង​ក្រុមហ៊ុន ខេន ជាច្រើន​ខែ​ឆ្នាំ​មកហើយ​។

​ការប្រកាស​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ បាន​ធ្វើឡើង​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​៣០-៣១ ខែឧសភា ឆ្នាំ​២០១២ ដោយ​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រ​ប្រចាំ​មណ្ឌល​សៀមរាប និង​មានការ​ចូលរួម​ពី​ក្រុមការងារ​របស់លោក​ជាច្រើនរូប​ទៀតផង​ដែរ​។

​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រ​មណ្ឌល​សៀមរាប បានបញ្ជាក់​ជូន​ប្រជាពលរដ្ឋ​រយៈពេល​២​ថ្ងៃនោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញ​សេចក្ដីជូនដំណឹង​លេខ​៥៥៤.​សជណ ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា​ដោយ​លោក សេង លឹមនៅ រដ្ឋលេខាធិការ​ក្រសួង​ទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បី​សម្រេច​ផ្តល់​ដីជូ​ន​ប្រជាពលរដ្ឋ​នាពេលនេះ​។

​ក្នុង​ខ្លឹមសារ ស​.​ជ​.​ណ នោះ ក៏បាន​ជំរាបជូន​លោក​ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជូន​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ និង​ជូន​លោក​អភិបាលខេត្ដ​សៀមរាប ដែល​ខ្លឹមសារ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖
​ទី​១-​រក្សាទុក​ដី ដែល​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រង និង​កាន់កាប់​បង្កបង្កើនផល​ជាក់ស្ដែង និង​មានការ​បញ្ជាក់ ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ជូន​ប្រជាពលរដ្ឋ​កាន់កាប់ និង​បង្កបង្កើនផល​វិញ ទាំង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ប្ដឹង​ទាមទារ​ដី ទាំង​មិនបាន​ចូលរួម​ប្ដឹង​ទាមទារ​ដី ឱ្យតែ​ដី​នោះ ស្ថិតនៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាល​ផ្ដល់ជូន​ក្រុមហ៊ុន ខេន លី​មី​ធី​ត ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​ជីក្រែង​។

​ទី​២-​ត្រូវ​ចុះ​វាស់វែង និង​ផ្ដល់​កម្មសិទ្ធិ​ជូន​គ្រួសារ​និ​មួយៗ តាម​ចំនួន​កាន់កាប់​ជាក់ស្ដែង​។

​ទី​៣-​ហាម​ប្រជាពលរដ្ឋ​កាប់​រាន​ដីព្រៃ​ថ្មី​បន្ថែមទៀត ដើម្បី​ពង្រីក​ការកាន់កាប់​លើសពី​ទំហំ​ដី ដែល​បាន​កាន់កាប់ និង​បង្កបង្កើនផល​កន្លងមក

​ទី​៤-​ក្រុមហ៊ុន​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ប្រជាពលរដ្ឋ ដែល​ចេញចូល​ទៅកាន់​ដីស្រែ​-​ចំការ ដើម្បី​បង្កបង្កើនផល​។​

​កាល​កន្លងមក​ថ្មីៗ​នេះ លោក​ឧកញ៉ា សៀង ណាំ បានទទួល​ពាក្យបណ្ដឹង​ជា​បន្ដ​បន្ទាប់ពី​ប្រជាជន​នៅក្នុង​ឃុំ​ពង្រ​លើ ឃុំ​គោកធ្លក​លើ និង​ឃុំ​ខ្វាវ របស់​ស្រុក​ជីក្រែង ឃុំ​បឹងមាលា ក្នុងស្រុក​ស្វាយ​លើ និង​ឃុំ​ពពេល ឃុំ​តា​យែក ស្រុក​សូទ្រនិគម ជុំវិញ​ជម្លោះ​ដី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​។​
 ពាក្យបណ្តឹង​ទាំងនោះ បាន​ប្ដឹង​ក្រុមហ៊ុន​ខេន​លី​មី​ធី​ត ថា​បាន​គំរាម​គំហែង និង​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ខាងលើ​។ គោលបំណង ដែល​ប្រជាពលរដ្ឋ​ប្ដឹង​មកនេះ គឺ​សុំ ឱ្យ​លោក សៀង ណាំ ជួយ​សម្រួល និង​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ឱ្យជួយ​ទាមទារ​ដី​នោះ ឱ្យមក​ប្រជាជន​គ្រប់គ្រង​ធ្វើ ស្រែចំការ​ស្របច្បាប់​វិញ​។

​ជាមួយនឹង​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ គឺ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១២​កន្លងទៅ លោក​ឧកញ៉ា សៀង ណាំ ក៏បាន​ធ្វើ​របាយការណ៍​មួយ ទៅកាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជម្រាបជូន​សម្ដេច បាន​ជ្រាប​ពី​ការ​ធ្វើទុក្ខបុកម្នេញ ពី​ក្រុមហ៊ុន​ខេន មកលើ​ប្រជាពលរដ្ឋ​។
​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១២ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញ ស​.​ជ​.​ណ សម្រេច​បញ្ចប់​នូវ​វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ខេន​។

​លោក សៀង ណាំ បានលើកឡើង នៅក្នុងពេល​ចុះ​ប្រគល់​ដីព្រៃ​ជូន​ប្រជាពលរដ្ឋ​ខាងលើ​ថា ឃុំ​ពង្រ​លើ ឃុំ​គោកធ្លក​លើ និង​ឃុំ​ខ្វាវ គឺ​ប្រជាពលរដ្ឋ មាន​ចំនួន ៣១៤​គ្រួសារ ស្មើនឹង ៩៣៤ ហិកតា​។ ចំណែក​ឃុំ​បឹងមាលា របស់​ស្រុក​ស្វាយ​លើ និង​ឃុំ​ពពេល ឃុំ​តា​យែក របស់​ស្រុក​សូទ្រនិគម គឺមាន​ប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្មើនឹង​ផ្ទៃដី ១៣៣ ហិកតា​។​
 
​ចំនួន​សរុប​ប្រជាជន ដែល​ក្រុមហ៊ុន​ខេន រំលោភ​ដី មាន​ចំនួន ៣៥៩ គ្រួសារ និង​ផ្ទៃដី​សរុប ១.០៦៧ ហិកតា​។ ចំនួន​ដី​ទាំងអស់ ត្រូវ​បានប្រកាស​ប្រគល់ជូន​ប្រជាពលរដ្ឋ ធ្វើការ​គ្រប់គ្រង​ដោយ​ឥត​ល​ក្ខ័​ណ្ឌ តាមរយៈ​សេចក្ដីជូនដំណឹង ស​.​ជ​.​ណ​. របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​អ្វីដែល​កត់សំគាល់ ក្នុង​រយៈពេល ២ ថ្ងៃ នៃ​ការប្រគល់​ដី​ជាង ១.០០០ ហិកតា ជូន​ប្រជាពលរដ្ឋ​៦​ឃុំ​ខាងលើ គឺ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ទូរស័ព្ទ​មក​លោក​ឧកញ៉ា  សៀង ណាំ អ្នកតំណាងរាស្ដ្រ​មណ្ឌល​សៀមរាប ជា​បន្ដបន្ទាប់ ហើយ​សម្ដេច​សុំ​ជួប​ប្រាស្រ័យ ដោយផ្ទាល់​ជាមួយ​ប្រជាជន​របស់​សម្ដេច ជាច្រើន​នាក់ ដែល​ពួកគាត់ បាន​រាយការណ៍​ដ៏​រំជួល​ចិ​ត្ដ​ជូន​ដល់​សម្ដេច​វិញ អំពី​អ្វីដែល​ក្រុមហ៊ុន​ខេន បានធ្វើ​មកលើ​ប្រជាជន​ជាច្រើន​ខែ​ឆ្នាំ​មកហើយ​។

​តាមរយៈ​នៃ​ការប្រាស្រ័យ​តាម​ទូរស័ព្ទ គឺ​សម្ដេច ក៏បាន​សង្កត់ធ្ងន់​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទាំងអស់ ត្រូវតែ​អនុវត្ដ​ឱ្យបាន​នូវ​អ្វី ដែល​ក្នុង​លិខិត បានកំណត់ ជាពិសេស សម្ដេច​សូម​ផ្ដាំ ឱ្យ​ប្រជាពលរដ្ឋ កុំ​ធ្វើការ​កាប់​រាន​ដីព្រៃ​ថ្មី​បន្ដ លើសពី​ដី ដែល​ប្រជាពលរដ្ឋ កំពុង​កាន់កាប់​រាល់ថ្ងៃ​។

​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ឆ្លងកាត់​ពី​លំនៅដ្ឋាន ទៅកាន់​ស្រែ​-​ចំការ របស់ខ្លួន ហើយ​ត្រូវ​ឆ្លងកាត់​ដីព្រៃ​សម្បទាន ក្រុមហ៊ុន​ខេន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ថា គឺ​ពួកគាត់​មាន​សិទ្ធិ​គ្រប់យ៉ាង​ធ្វើដំណើរ ឆ្លងកាត់​តាមផ្លូវ ក្នុង​ក្រុមហ៊ុន ដោយ​មិន​តម្រូវ ឱ្យ​ក្រុមហ៊ុន ហាមឃាត់ ប្រជាពលរដ្ឋ​ឡើយ​។​
 ជាមួយគ្នា​នោះ តាមរយៈ​ការឆ្លើយ​ឆ្លង តាម​ទូរស័ព្ទ សម្ដេច​ក៏បាន​មានប្រសាសន៍ ប្រាប់​ប្រជាពលរដ្ឋ​ទៀតថា រាជរដ្ឋាភិបាល បានធ្វើ​អ្វីៗ តាម​សំណើរ​របស់​បងប្អូន រួចរាល់​អស់ហើយ តែ​សម្ដេច​សុំ ឱ្យ​បងប្អូន ត្រូវតែ​បង្កបង្កើនផល ធ្វើស្រែ​ចំការ ដើម្បី​ចិញ្ចឹមជីវិត ដោយ​មិនមាន​ការភ័យខ្លាច ចាប់ពីពេលនេះ​តទៅ​។

​ជាមួយនឹង​ការឆ្លង​ឆ្លើយ​គ្នា​តាម​ទូរស័ព្ទ ហើយ​ក៏បាន​ស្ដាប់​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បើក​សំលេង​ឮៗ តាមរយៈ​មេក្រូ ប្រជាពលរដ្ឋ​ទាំងអស់​ក៏បាន​ស្រែក​អបអរសាទរ​យ៉ាង​ត្រេកអរ បែប​រំជួល​ចិ​ត្ដ​ផង​នោះ ជូនពរ​សម្ដេច​តេ​ជោ និង​លោកជំទាវ​គិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឱ្យ​បន្ដ​ដឹកនាំ​ប្រទេសជាតិ​គ្រប់​អណត្ដិ​ដោយ​មិនអាច​អត់​សម្ដេច​តេ​ជោ​បានឡើយ​។

​ពួកគាត់​បាន​ស្រែក​កងរំពង​ថា សម្ដេច​តេ​ជោ គឺជា​ឪពុក​-​ម្ដាយ​របស់គាត់ បើ​មិនមាន សម្ដេច​ទេ ក៏​មិនអាច​ធ្វើការ​វះកាត់ ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​ដីព្រៃ​សម្បទាន​ខេន​នោះឡើយ​។

​ក្នុងឱកាស ដែល​លោក​ឧកញ៉ា សៀង ណាំ ចុះទៅ​ប្រកាស​ប្រគល់​ដី​ឱ្យ​ប្រជាពលរដ្ឋ​កាន់កាប់​ស្របច្បាប់​ខាងលើ​នោះដែរ លោក​ក៏បាន​ទទួល​ពាក្យបណ្ដឹង ថ្មីៗ បន្ថែមទៀត ពី​ប្រជាពលរដ្ឋ ដែល​ចោទប្រកាន់​ក្រុមហ៊ុន ព្រៃ​សម្បទាន​មួយចំនួន នៅ​ស្រុក​ស្វាយ​លើ បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផងដែរ ហើយ​លោក​នឹងធ្វើ​សំណើរ​ជាថ្មី​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​ដី​ពី​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត កាន់កាប់​នៅពេល​ក្រោយ​។

​លោក ចៅ សែន អភិបាលស្រុក​ស្វាយ​លើ បានបញ្ជាក់​ជូន​លោក សៀង ណាំ ថា ប្រជាពលរដ្ឋ​មកពី​ឃុំ​តា​សៀម មាន​ចំនួន ៣១៦ គ្រួសារ ស្មើនឹង​ផ្ទៃដី​សរុប ១.៩៣៥ ហិកតា និង​ឃុំ​ស្វាយ​លើ​មាន​ប្រជាពលរដ្ឋ ១២០ គ្រួសារ ស្មើនឹង​ផ្ទៃដី សរុប ៤៥៨ ហិកតា ក៏​ត្រូវបាន​ក្រុមហ៊ុន​ព្រៃ​សម្បទាន លី​យេ រ៉ាប់​ប័​រ គ្រុប រំលោភ​យក​ដី​របស់​ពួកគាត់​ផងដែរ​។

​លោក ចៅ សែន បានបញ្ជាក់​ទៀតថា ដោយឡែក​ក្រុមហ៊ុន CMIC ក៏បាន​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​កន្ទួត​ផងដែរ​។
​ករណីនេះ​លោក​អភិបាលស្រុក មិនទាន់បាន​បញ្ជាក់ថា មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​ឡើយ លោក​នឹង​ដឹកនាំ​កំលាំង​ស្រុក ចុះទៅ​វាស់វែង ដើម្បី​ធ្វើ​របាយការណ៍​ជូន​លោក​តំណាងរាស្ដ្រ​។

​ជាមួយនឹង​ការ​កាត់​ដីព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​ខេន ខាងលើ​នោះដែរ ប្រជាពលរដ្ឋ​ចំនួន ៣២ គ្រួសារ​ផ្សេងទៀត ស្ថិតនៅក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​សំណូមពរ​ឱ្យមាន​ការ​កាត់​ដី​ចំនួន ២២ ហិកតា ចេញពី​ក្រុមហ៊ុន សោភ័ណ ធា​រី ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ជាប់​នឹង​ក្រុមហ៊ុន ជំរៅ ១៥០ ម៉ែត្រ​។​

​លោក​ឧកញ៉ា សៀង ណាំ ក៏បាន​អញ្ជើញលោក សៀក សោភ័ណ អគ្គនាយក​ក្រុមហ៊ុន​សោភ័ណ​ធា​រី មកជួប​ជាមួយ​ប្រជាពលរដ្ឋ ដោយផ្ទាល់ ហើយ​លោក​អគ្គនាយក​ក្រុមហ៊ុន ក៏បាន​សំរេច​កាត់​ដី​ពី​ក្រុមហ៊ុន​ចំនួន ២២ ហិកតា ប្រគល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​បង្កបង្កើនផល និង​ធ្វើ​ចំការ​ផងដែរ​។

​លោក សៀក សោភ័ណ អគ្គនាយក​ក្រុមហ៊ុន​សោភ័ណ​ធា​រី បាន​ថ្លែងថា លោក​រីករាយ​តាម​អ្វី ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​។ នេះ​គឺជា​រឿង​តូច​មួយ ដែល​លោក​បានបញ្ចប់​ជាមួយ​ប្រជាជន​ដោយ​មិន​ចង់ឱ្យ​មានការ​ទំនាស់​អូសបន្លាយ​ទៅ​ថ្ងៃមុខ​ឡើយ​។ ការធ្វើ​បែបនេះ គឺ​ដើម្បីឱ្យ​ក្រុមហ៊ុន​មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់ តាម​ល​ក្ខ័​ណ្ឌ​ច្បាប់ និង​មានឱកាស​ធ្វើការ​វិនិយោគ ដោយ​មិនមាន​ទំនាស់​ចាប់ពីពេលនេះ​តទៅ​៕

ដំណឹងថ្មីៗចុងក្រោយ

Our Partners