សាកសពជនបរទេសដែលលង់ទឹក ហើយបញ្ចុះនៅវត្ដដំណាក់ ខេត... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សាកសព​ជនបរទេសដែល​លង់ទឹក ហើយ​បញ្ចុះ​នៅ​វត្ដ​ដំណាក់ ខេត្ដ​សៀមរាប ត្រូវ​គាស់​យកទៅ​កាន់​ស្រុកកំណើត​

(ថ្ងៃទី 3 សីហា 2012, ម៉ោង 10:51:AM) | ដោយ: បាយ័ន

ក- ក+ | Print

សៀមរាប:  សាកសព​ជនបរទេស​ម្នាក់ ដែល​ប្រទះឃើញ​អណ្ដែត​ទឹកស្ទឹង​សៀមរាប និង​គ្មាន​ក្រុមគ្រួសារ ​ហើយ​ក្រោយមក​ត្រូវបាន​បញ្ចុះសព​នៅ​វត្ដ​ដំណាក់ ស្ថិតនៅ​ក្នុងភូមិ​វត្ដ​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្ដ​សៀមរាប ឥឡូវ​សាកសព​នេះ ត្រូវបាន​ក្រុមគ្រួសារ​គាស់​យកទៅ​កាន់​ប្រទេស​ដើម​គេ​វិញ​ហើយ​។
​    ​
​សាកសព​ជនបរទេស​ខាងលើ ត្រូវ​បានគាស់​យកចេញ​ពី​កន្លែង​បញ្ចុះសព នៅ​វត្ដ​ដំណាក់ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ ដែល​ធ្វើឡើងតាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​មកពី​បរទេសមួយ ជា​អ្នកទទួល​ដឹកជញ្ជូន​សាកសព នេះ​គឺជា​ការបញ្ជា​ក់ដោយ​លោក​វរសេនីយ៍ត្រី ចៅ ម៉ៅ​វីរៈ ប្រធានការិយាល័យ​អន្ដោប្រវេសន៍​ខេត្ដ​សៀមរាប​។
​    ​
​សូមបញ្ជាក់ថា សពជនបរទេស ដែល​ត្រូវគេ​គាស់​ចេញពី​ផ្នូរ​យកទៅ​ស្រុកកំណើត​វិញ​នោះ មានឈ្មោះ TOBYCLAKES កើត​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​១៩៩១ និង​កាន់​លិខិតឆ្លងដែន LA701267​។ សាកសព​ខាងលើគេ​រកឃើញថា​ជា​ជនជាតិ​ញូ​ហ្សេ​លែ​ន​។
​    ​
​ជនរងគ្រោះ​ត្រូវបាន​គេ​សង្ស័យថា បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​ស្ទឹង​សៀមរាប នៅត្រង់ចំណុច​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្ដ​សៀមរាប កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២​។ លុះ​ព្រឹក​ឡើង​ម៉ោង ៦ និង ៣០ នាទី ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១២ សាកសព​ត្រូវបាន​ផុស​ឡើង​ពី​ទឹក ហើយក៏​មានការ​ភ្ញាក់ផ្អើល​ពី​ស្រទាប់​ប្រជាជន​ដែល​បានឃើញ​ហេតុការណ៍​។
​    ​
​ក្រោយពី​ឃើញ​សាកសព​ភ្លាមៗ សមត្ថកិច្ច​មិនបាន​ស្គាល់​អត្ដ​សញ្ញាណ នៃ​ជនរងគ្រោះ​នោះឡើយ​។ ប៉ុន្ដែ​ក្រោយមក គេ​ដឹងថា​ជនបរទេស​រូបនេះ បាន​ចូលមក​ខេត្ដ​សៀមរាប នៅ​ថ្ងៃទី​១៩ ខែកក្កដា ហើយ​ស្នាក់នៅ​បន្ទប់​លេខ​១០៣ ក្នុងផ្ទះ​សំណាក់​យីហោ ដឺ​ព្រហ្ម​រ័ត្ន​អ៊ី​ន ដែលមាន​ទីតាំងនៅ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

​តំណាង​ម្ចាស់​ផ្ទះសំណាក់ បានបញ្ជាក់​ឱ្យ​សមត្ថកិច្ច​ដឹង​នាពេលនោះ​ថា ជនបរទេស​នោះមក​ស្នាក់នៅ​គេ​បាន​កត់​ឈ្មោះថា TOBY​។ ប៉ុន្ដែ​ដោយ​ឈ្មោះ មិន​ច្បាស់លាស់​សមត្ថកិច្ច​បាន​ទាក់ទង​ទៅគ្រប់​ស្ថានទូត ដើម្បី​ឱ្យជួយ​ឆែក​មើល​ឈ្មោះ TOBY នោះ​ជា​ជនជាតិ​អ្វី​។ នៅ​ថ្ងៃ​បន្ទាប់​ស្ថានទូត​អង់គ្លេស ក៏បាន​ស្រាវជ្រាវ​រកឃើញថា សាកសព​ខាងលើ​ជា​ជនជាតិ​ញូ​ហ្សេ​លែ​ន និង​មានឈ្មោះ TOBYCLAKES កើត​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​១៩៩១ និង​កាន់​លិខិតឆ្លងដែន LA701267​។
​    ​
​នៅពេល​ទទួល​បានអត្ដ​សញ្ញាណ​ពិតប្រាកដ​ហើយ សាកសព​ក៏​សម្រេច​បញ្ចុះ​បណ្ដោះអាសន្ន នៅ​វត្ដ​ដំណាក់​ខេត្ដសៀមរាប ដើម្បី​ទុក​ខ្លាចក្រែង​មាន​បងប្អូន​នៅឯ​បរទេស​មក​ទទួល​យកទៅ​កាន់​ប្រទេស​ដើម​គេ​វិញ​។ លុះ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ កន្លងទៅនេះ ស្ថានទូត​អង់គ្លេស​ក៏បាន​សម្រេចជួល​ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន​មក​គាស់​សពដឹកយក​ទៅកាន់​ប្រទេស​ដើម​វិញ​៕ S
​    ​
ដំណឹងថ្មីៗចុងក្រោយ

Our Partners