ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សូ ដា​នី​តា បង្កើត​មូលនិធិ​មួយ​ដើម្បី​ជួយ​អ្នកក្រខ្សត់​

(ថ្ងៃទី 10 កក្កដា 2012, ម៉ោង 07:22:AM) | ដោយ: ចៅចិត្រ

ក- ក+ | Print

ភ្នំពេញ: កញ្ញា សូ ដា​នី​តា ទើបតែ​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុងនាម​ជា​ពិធី​ការិនី នៅ​ស្ថានីយទូរទស្សន៍ CTN នៅក្នុង​កម្មវិធី “​សំណើច​តាម​ភូមិ​” បន្ទាប់​ពីបាត់​មួយរយៈ​។​តែ​ជាមួយ​ការបង្ហាញ​ខ្លួន​ជាថ្មី​មួយរយៈ​ពេល​ខ្លី​នេះ កញ្ញា​ហាក់​ទទួលបាន​ការគាំទ្រ​ពី​សំណាក់ទស្សនិកជន​ច្រើន​។​

​សូ ដា​នី​តា ជា​តារា​ដែលមាន​រូប​សម្ផស្ស​ស្រស់ស្អាត​។​ជាមួយនឹង​កម្ពស់​១,៦៧​ម៉ែត្រ​និង​មាន​សាច់ឈាម​ជា​អ្នកទីក្រុង​ភ្នំពេញ កញ្ញា​ប្រៀបបាន​នឹង​ផ្កាយ​មួយ​ដួង​ដែល​កំពុង​បញ្ចេញ​ពន្លឺ​ដូច្នោះ​ដែរ​។​ក្រោយពី​លេចមុខ​ជាថ្មី កញ្ញា សូ ដា​នី​តា បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការងារ​សិល្បៈ​របស់​នាង​ ទន្ទឹម​នោះនាង​ក៏បាន​ខិតខំ​ប​ង្កើ​តជា​មូលនិធិដើម្បី​ប្រមូល​ថវិកាជួយ​ដល់កុមារកំព្រា ចាស់ជរា ជាពិសេសដល់​សិល្បករចាស់ៗ ដែល​ជួប​ផល​លំបាក​។​

​កញ្ញា​បាន​និយាយ​អំពី​មូលហេតុ​ដែល​នាង​បង្កើតជា​មូលនិធិ​នោះ​ថា “​នាង​ខ្ញុំ​ចង់​ចូលរួម​ជួយ​សង្គម​ខ្លះ​ ទាន់​យើង​នៅមាន​កម្លាំងអាចធ្វើ​បាន ។​កញ្ញា​បន្តថា ពីមុន​កញ្ញា​បាន​យក​ថវិកា​ផ្ទាល់ខ្លួនទៅ​ជួយ​ពួកគាត់ តែ​កញ្ញា​អាចជួយ​ពួកគាត់​បានតែ​ម្តងៗ​ទេ​។

​ដោយសារតែ​កញ្ញា​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ ដូចនេះ​កញ្ញា​ក៏​សម្រេចចិត្ត​បង្កើត​មូលនិធិ​នេះ ​ឡើង​ដោយ​នាង​យល់ថា​ ធ្វើបែបនេះ​វា​មាន​លក្ខណៈទូលាយ​ជាង​និង​អាច​ទទួល​នូវ​ប្រភពធនធាន​ពី​ខាងក្រៅ​។​ ធ្វើបែបនេះ​នាង​អាចមាន​លទ្ធភាព​ជួយ​ដល់​អ្នកក្រខ្សត់​ទាំងនោះ​កាន់តែ​ច្រើនជាង​មុន​ដែរ​។

​    ​កញ្ញា​បានបញ្ជាក់​ទៀតថា មូលនិធិ​នេះ​មិនមែន​សម្រាប់​ជួយ​តែកុមារកំព្រា ចាស់ជរា និង​ជួយ​សិល្បករចាស់ៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍ ដែល​ក្រុមគ្រួសារមាន​ជីវភាព​ក្រខ្សត់​ផងដែរ​។ មូលនិធិ​នេះ​មានការ​ចូលរួម​ពី​លោក ប្រហុក និង​មាន​អ្នកស្ម័គ្រចិត្ត​៦-៧​នាក់ ដើម្បី​បង្កើតជា​ក្រុម ហៅថា មូ​និ​ធិ សូ ដា​នី​តា ហើយ​ក្រុម​របស់​កញ្ញា​នេះ​ក៏មាន​បំណង​ចង់​ចូលរួម​ជួយ​ដល់មន្ទីរពេទ្យ គន្ធបុប្ផា ផងដែរ​។​

​កញ្ញា​បាន​និយាយថា “​មន្ទីរពេទ្យ គន្ធបុប្ផា​ពេលនេះ​មានការ​ខ្វះខាត ទោះបីជា​យើង​មិនបាន​ជួយ​អ្វី​ច្រើន ក៏​យើង​មាន​ទឹកចិត្តប​ន្តិ​បន្តួច​ដើម្បី​ចូលរួម​ដែរ​។ កញ្ញា​ក៏​សូម​ថ្លែងអំណរគុណចំពោះ​ប្រិយមិត្ត​ទស្សនិកជន​ទាំងអស់ ដែល​បាន​គាំទ្រ ដែល​ស្រឡាញ់​ចូលចិត្តរាប់អាន​រូបនាង​។​នាង​បញ្ជាក់ថា បើ​គ្មានបងប្អូនគាំទ្រ នាង​ខ្ញុំ​ក៏​មិនមាន​ថ្ងៃ​នេះដែរ​”​។​

​សូ ដា​នី​តា បាន​ឲ្យ​ដឹងថា កញ្ញា​ធ្លាប់បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​បាន​ជាង​១០​រឿង ។​រឿង​ដំបូង​ដែល​កញ្ញា​សម្តែង​នោះ គឺ​រឿង “​សាយ័ណ្ហ​ស្នេហ៍​” ដែល​រឿង​ភាគ​ចាក់ផ្សាយ​នៅ​ទូរទស្សន៍ CTN​។ រឿង “​ទូរស័ព្ទ​ផ្តាច់​ព្រលឹង​០០៩” និង​ចុងក្រោយ​រឿង “​ព្យុះ​ជីវិត​យុវវ័យ​” ដែលជា​រឿង​ភាគ​ដែរ បាន​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​។ កញ្ញា​ក៏ធ្លាប់បាន​ចូលរួម​សម្ដែង​ថត​កាយវិការ​ខារ៉ាអូខេ ឲ្យ​ផលិតកម្មក្រៅប្រទេស​ជាច្រើន និង​ច្រៀង​ថត​សំឡេង​ឲ្យ​ផលិតកម្ម​គឹម​ហេង​។​

​កញ្ញា បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងអំឡុងពេល​កញ្ញា​ធ្វើជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន នាង​ធ្លាប់​ចេញទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស ក្នុង​តំបន់​អាស៊ី​ជាច្រើន ដូចជា ប្រទេស​ចិន ហុងកុង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ជាដើម​។​

​ក្រោយពី​បាត់​មុខ​រយៈពេល ២​ឆ្នាំ​មកនេះ នៅក្នុង​ដើមឆ្នាំ​២០១២​នេះ សូ ដា​នី​តា បានបង្ហាញ​មុខ​នៅលើ​កញ្ចក់​ទូរទស្សន៍​សាជាថ្មី ក្នុង​ស្ថានីយទូរទស្សន៍ CTN, ទូរទស្សន៍​អ​ប្ស​រា​ប៉ុស្ដិ៍​លេខ​១១  និង​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥  ជាពិសេសកញ្ញា​ក៏បាន​ក្លាយជាពិធី​ការិនី នៅក្នុង​ស្ថានីយទូរទស្សន៍ CTN ទៀតផង គឺ​ក្នុង​កម្មវិធី សំណើច​តាម​ភូមិ ដែល​តម្រូវ​ឲ្យ នី​តា ចុះទៅ​តាម​ភូមិ​ស្រុក និង​ខេត្ត​ឆ្ងាយៗ​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners