ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឡាន​ថៃ​ស្ទះ​ជិត​១០០​គ្រឿង នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពេល​មិនបាន​ចូលមក​ទិញ​ដំឡូង​មី​ស្ងួត​នៅ​កម្ពុជា​

(ថ្ងៃទី 3 មេសា 2012, ម៉ោង 04:15:PM) | ដោយ: សូផុន

ក- ក+ | Print

បន្ទាយមានជ័យ: រថយន្ត​ធុន​ផ្ទុកទំនិញ​កង់​៦ និង​ត្រាក់ទ័រ​របស់​ថៃ ជិត ១០០​គ្រឿង បាន​បន្ត​កកស្ទះ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​តំបន់​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ និង​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចូលដល់​ថ្ងៃទី​៦ ហើយ គិត​ចាប់ពី​ថ្ងៃទី​២៩ មីនា រហូតដល់​ថ្ងៃទី​៣ មេសា ឆ្នាំ​២០១២​។

​លោក អ៊ិន ផាត មន្ត្រី​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​បឹង​ត្រកួន បាន​ប្រាប់​គេហទំព័រ CEN ថា មើមដំឡូង​មី​ស្ងួត​ដែល​កសិករ​លក់​ឲ្យ​ម្ចាស់​លាន​ដំឡូង​មី ម្ចាស់​លាន​នឹង​ប្រមូល​ទិញ​ក្នុងស្រុក​ថ្មពួក​នេះ បាន​លក់​ឲ្យ​ឈ្មួយ និង​ពលរដ្ឋ​ថៃ ក្នុងនោះ​ក៏បាន​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម ខាង​ត្រួតពិនិត្យ​គុណភាព និង​អនាម័យ​ផលិតកម្ម និង​ទំនិញ​កសិផល​របស់​ប្រទេស​កម្ពុជា​។

​លោក អ៊ិន ផាត បន្តថា មន្ត្រីនគរបាល​កម្ពុជា ច្រកទ្វារ​បឹង​ត្រកួន នៃ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨០៧ ដែលមាន​លោក​អនុសេនីយ៍ឯក ប្រាក់ សាំ ជា​មេបញ្ជាការរង​ថ្មី បាន​ដឹកនាំ​ការពារ​នូវ​រថយន្ត​ថៃ​ពីរ​គ្រឿង និង​ទំនិញ​ជា​សម្ភារៈ​អណ្តូងរ៉ែ​មាស ព្រមទាំង​ជនជាតិ​ថៃ​ចំនួន​បួន​នាក់ ដែល​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ និង​រត់ពន្ធ​កាលពី​យប់​ថ្ងៃទី​២៣ មីនា​កន្លងមក ហើយ​មន្ត្រី​យោធា​បាន​ចាប់ រួច​បញ្ជូន​ឲ្យ​តុលាការ​កាត់សេចក្តី​។ ចាប់ពីពេលនោះ​មក រឿងរ៉ាវ​នៅ​តំបន់​ច្រកទ្វារ​បឹង​ត្រកួន​បានកើត​ឡើងជា​បន្តបន្ទាប់ ដែល​រាប់បញ្ចូល​ទាំង​ការដែល​ថៃ​ធ្វើ​ឲ្យ​កកស្ទះ នូវ​មធ្យោបាយ​ដឹកជញ្ជូន​កសិផល​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។​

​សំណូមពរ​របស់​ពល​រដ្ឋ និង​ឈ្មួញ​នៃ​ជាតិ​សាសន៍​ទាំងពីរ គឺ​សូម​ឲ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា អន្តរាគមន៍​ទៅ​ភាគី​ថៃ ដើម្បី​ឲ្យ​ការនាំចេញ​មើមដំឡូង​មី​ស្ងូ​ត​ពី​កម្ពុជា​ទៅ​ថៃ បានល្អ​ដូចដើម​។ ការធ្វើ​ដូច្នេះ នឹងធ្វើ​ឲ្យ​មើមដំឡូង​មី​បាន​ថ្លៃ​ដូចដើម​ឡើងវិញ ពោលគឺ​ហាងឆេង​ដំឡូង​មី​មុន​មានរឿង​អាស្រូវ​ខាងលើ មានតម្លៃ​ខ្ពស់ជាង​បច្ចុប្បន្ន ដែល​បច្ចុប្បន្ន​ដំឡូង​មី​ស្ងួត​ថ្លៃ ៤,២៥ បាត ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ការដឹកជញ្ជូន​ដំឡូង​មី​ស្ងួត ក្នុង​មួយ​តោន តម្លៃ ១២០ បាត​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners