ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អាជ្ញាធរ​ក្រុង និង​ខេត្តសៀមរាប គ្រោង​ឲ្យ​ពលរដ្ឋ ៨ គ្រួសារ រុះរើ​លំនៅស្ថាន ដោយ​យក​ទីតាំង​ធ្វើ​អាង​ចម្រោះ​ទឹក​

(ថ្ងៃទី 1 សីហា 2012, ម៉ោង 04:11:PM) | ដោយ: បាយ័ន

ក- ក+ | Print

សៀមរាប: ប្រជាពលរដ្ឋ​ចំនួន ៨ គ្រួសារ ក្នុងចំណោម ៣៣ គ្រួសារ ដែលមាន​លំនៅស្ថាន​ស្របច្បាប់ បាន​សម្តែង​ការព្រួយបារម្ភ បន្ទាប់ពី​អាជ្ញាធរ​ក្រុង និង​ខេត្តសៀមរាប គ្រោង​នឹង​បណ្តេញ​ពួកគាត់ ឲ្យ​ចេញពី​លំនៅស្ថាន ដើម្បី​យក​ទីតាំង​នោះ ធ្វើជា​អាង​ចម្រោះ​ទឹក​កខ្វក់​។​

​លំនៅស្ថាន​ពលរដ្ឋ ៨​គ្រួសារ ក្នុងចំណោម ៣៣​គ្រួសារ ដែល​អាជ្ញាធរ គ្រោង​បណ្តេញចេញ​នោះ ស្ថិតនៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ខាងត្បូង​អតីត (​បា​ម៉ា​ទី​នី​) ក្បែរ​ផ្សារ​រាត្រី​មាត់​ស្ទឹង ដែល​ទើប​បង្កើត​ថ្មី​។​

​ក្រុម​ប្រជាពលរដ្ឋ​ខាងលើ និយាយថា លំនៅស្ថាន​ពលរដ្ឋ​នៅ​ម្តុំ​នោះ កាលពី​ដើមឡើយ មាន​រហូតដល់​ទៅ ៦៥​គ្រួសារ តែ​ដោយ​អាជ្ញាធរ រៀបចំ​ធ្វើ​ផ្លូវ និង​រៀបចំ​ស្តារ​ស្ទឹង ប្រជាពលរដ្ឋ​មួយចំនួន ដែលមាន​លំនៅស្ថាន មិន​ស្របច្បាប់ (​នៅ​លើដី​ចំណី​ស្ទឹង​) បាន​ចាកចេញ តាម​តម្រូវការ​របស់​អាជ្ញាធ​រ​រួចហើយ​។

​ពួកគាត់​ទាំងនោះ ទទួលបាន​ដំណោះស្រាយ​ជា​គោលនយោបាយ និង​បាន​ទីតាំង សម្រាប់​សាងសង់​លំនៅស្ថាន​ថ្មី​មួយ នៅក្នុង​សង្កាត់​សំបួរ មាន​ចម្ងាយ​ប្រមាណ ៥ ទៅ ៦ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​។​

​ស្ត្រី​ឈ្មោះ យិន សៀកឡេង អាយុ ៤៣​ឆ្នាំ ដែល​មានផ្ទះ​ក្នុងចំណោម ៨​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥​ខែកក្កដា​កន្លងទៅ អាជ្ញាធរ​ក្រុង រួមទាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះទៅ​វាស់វែង​ដី​ផ្ទះ​របស់​ពួកគាត់ តែ​ពួកគាត់​មិន​អនុញ្ញាត​ទេ ដោយ​អះអាងថា ប្រសិនបើ​វាស់ ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ទើប​យល់ព្រម តែបើ​វាស់​ដើម្បី​ដឹង​ទំហំ​ដី​ហើយ ឲ្យ​រុះរើ គឺ​មិន​ព្រម​ដាច់ខាត​។

​ស្ត្រី​នោះ​ឲ្យ​ដឹង​ទៀតថា លំនៅស្ថាន​ពួកគាត់​សុទ្ធតែ​មានប​ណ្ណ័​ចេញពី​ភូមិបាល​ស្រុក តាំងពី​ឆ្នាំ​១៩៩០ មក​ម្លេះ ដែល​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​លោក ហ៊ូ ស៊ា​ប ភូមិបាល ស្រុក​សៀមរាប​។ ចុះ​ពេលនេះ ហេតុអ្វី​ក៏​អាជ្ញាធរ បែរជា​មក​ដេញ​ពួកគាត់ ឲ្យ​រើ​ផ្ទះ​ចាកចេញ​យ៉ាងនេះ​?​។​

​ស្ត្រី​ដដែល​និយាយថា ប្រសិនបើ​អាជ្ញាធរ​ចង់បាន​ទីតាំង​នេះ ធ្វើជា​អាង​ចម្រោះ​ទឹក​ចុះ ហេតុអ្វី​មិន​យក​ដី​កោះ ដែលជា​ដី​របស់​រដ្ឋ ដែល​បច្ចុប្បន្ន​ជា​ផ្សារ​រាត្រី​មាត់​ស្ទឹង ទៅធ្វើ  ចាំបាច់​មក​ដេញ​លំនៅស្ថាន ស្របច្បាប់​ពួកគាត់​ទៅវិញ​?​។​

​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើនេះ លោក អឿន ពៅ អភិបាលរងក្រុង​សៀមរាប ទទួលបន្ទុក សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ខាង​លោក​បាន​ចុះទៅ​វាស់វែង​ដី និង​ផ្ទះ​ពួកគាត់​មែន​។ ការធ្វើ​នេះ គឺ​ដើម្បី​ស្រង់​ទិន្នន័យ​ជាក់លាក់ ដាក់ជូនទៅ​អន្តរក្រសួង ដើម្បី​ដោះស្រាយ​គោលនយោបាយ​ដល់​ពួកគាត់ តែ​មិនបាន​ជោគជ័យ​ទេ ដោយសា​ពួកគាត់​មិន​សហការ​។

​លោក​បន្តថា ក្នុងពេល​ចុះទៅ​អ្នកភូមិ​បានទាមទារ​ឲ្យ​បង្ហាញ​ឯកសារ ដែល​ទាក់ទង​និង​អាង​ចម្រោះ​ទឹក តែ​ខាង​លោក​មិនទាន់​អាច​បង្ហាញ​ឯកសារ​ទាំង​នោះបាន ពីព្រោះ​អាង​នោះ​ជា​គម្រោង​របស់​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក អឿន ពៅ បន្ថែមថា ចំពោះ​ផ្សារ​រាត្រី​មាត់​ស្ទឹង ដែល​សាងសង់​នៅលើ​ដី​កោះ​នោះ លោក​មិនបាន​ដឹងថា ជា​របស់​ក្រុមហ៊ុន​ណា​នោះទេ ហើយ​ការសាងសង់​ក៏​លោក​មិនដឹងថា​មានច្បាប់ ពី​ត្រឹមណា​ដែរ​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners