សំណល់ជីវិត | ដំណឹងក្នុងប្រទេស:បទពណ៌នា

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​សំណល់​ជីវិត​

(ថ្ងៃទី 22 កក្កដា 2012, ម៉ោង 11:19:AM) | ដោយ: មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ក- ក+ | Print

ភ្នំពេញ: ​ខ្ញុំ​ឈ្មោះ ម៉ី មុនី​រ័ត្ន ជា​កូនច្បង​ក្នុងចំណោម​កូន​ប្រាំមួយ នាក់​នៃ​គ្រួសារ​មួយ​ដែល មាន​ឪពុក​ជា​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។ ឪពុក​ខ្ញុំ​ឈ្មោះ ម៉ី សំអុល ហើយ​ម្ដាយ​ខ្ញុំ​ឈ្មោះ ម៉ែន ម៉ា​លីន ធ្វើជា​គ្រូ បង្រៀន​នៅ​សាលាបឋមសិក្សា​ពៅ​អ៊ុំ​រាជធានី​ភ្នំពេញ​។​

ទីក្រុង​ភ្នំពេញ​

​    ​នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ ទំនើប​ជាតិ​នៃ​វិទ្យាល័យ​បឹងកក់ ដែល មាន​នាយក​ឈ្មោះ ឱម បូរី​។

នៅពេលនោះ ខ្ញុំ​បានឃើញ​គ្រាប់ផ្លោង​ធ្លាក់​ស្ទើរ​រៀងរាល់ថ្ងៃ​ក្នុង រាជធានី ភ្នំពេញ​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួសរ​ណូ​ក រណែលលើ​ដង​វិថី​។ ចំណែក តាម​វត្ដ​អារាម និង​ទីធ្លា​សាធារណៈ ពោរពេញ​ទៅដោយ​ជនភៀសខ្លួន​។ ក្រោយមក ដោយសារ​គ្រាប់ ផ្លោង​ធ្លា​ក់ឥត ឈប់ឈរ ឪពុក​ខ្ញុំ​បាន​បង្ខំ​ចិ​ត្ដ​នាំ​ក្រុមគ្រួសារ​ចាក ចេញពីផ្ទះ​នៅ​ភូមិ​ផ្សារ​ដើម​គ ទៅ​ស្នាក់នៅ បណ្ដោះអាសន្ន​ក្នុង មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​។​

​មន្ទីរពេទ្យ​ពុក​ខ្ញុំ​


​    ​នៅ​គ្រប់​អគារ​ក្នុង​មន្ទីរពេទ្យ​ពោរពេញ​ទៅដោយ​អ្នក​រង របួស លាយឡំ​ជាមួយនឹង​សម្រែក​ថ្ងូរ ទួញ​យំ​ព្រោះ​សោកស្ដាយ ជីវិត​អ្នក​ដែល​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។ អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ដក់​ជាប់ មកទល់នឹង សព្វថ្ងៃនេះ គឺ​កូនង៉ែត​ដែល​ដេក​យំ​ក្បែរ​សព​ម្ដាយ​ទើប នឹង​ស្លាប់​ថ្មីៗ និងកុមារ​តូចៗ​ដែល​ឪពុកម្ដាយ ស្លាប់ចោល​អស់​។ ពេលនោះ ខ្ញុំ​កើត​ជំងឺ​ស្វិតដៃជើង បាន​ដើរ​កាន់​ឈើច្រត់​ទៅ​មើល ទិដ្ឋភាព​រន្ធត់ ទាំងនោះ​លាយឡំ​ជាមួយ​អារម្មណ៍​ខ្លោចផ្សា​។​
​    ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ មនុស្ស​កាន់តែ កើនឡើង​ក្នុង​មន្ទីរពេទ្យ ហើយ​ស្នូរ​កាំភ្លើង​ដែល​លាន់​ឥត​ដាច់​សូរ​តាំងពី​ប្រាំ​ថ្ងៃមុន​នៅតែ​បន្ដ​គំរាមកំហែង​អ្នកទីក្រុង​ឱ្យ​ភ័យ​តក់ស្លុត​។ ចំណែក​តាម​ដង​វិថី ទាហាន លន់ នល់ រត់​ប្រសេចប្រសាច​ដោយ ខ្លះ​ដោះអាវ ហើយ​ខ្លះទៀត បាន​ប្ដូរ​សម្លៀកបំពាក់​មកជា​ស៊ីវិល វិញ​។ តែមួយ​ប៉ព្រិចភ្នែក ឯកសណ្ឋាន​ទាហាន​បាន​រាយប៉ាយ​គ្រប់ ទីកន្លែង​ក្នុង​បរិវេណ​មន្ទីរពេទ្យ​។​ខ្ញុំ​បានឃើញ​ឪពុក​ខ្ញុំ​និង​មិ​ត្ដ​ភក្ដិ​គាត់​ពីរ​នាក់​នាំគ្នា​ហែក​អាវ​ពេទ្យ​ធ្វើជា​ទង់​ចង​នឹង​ខ្សែ​បង្គោល​ដងទង់​ជាតិ​ហើយ​បង្ហូត​ឡើង​ទៅលើ​បញ្ជាក់ថា​ជា​សញ្ញា​សុំ​ចុះចាញ់​ឬ​សង្គ្រាម​ចប់​ហើយ​។

​ចប់​សង្គ្រាម​


​    ​ម៉ោង​ប្រមាណ​ជា​ដប់​ព្រឹក សន្ធឹក​រថយន្ដ និង​រថក្រោះ សម្រុកចូល​គ្រប់​វិថី​ធំៗ​ពាសពេញ ទីក្រុង​ជាមួយ​សម្រែក​ជ័យ ឃោស​និង​អបអរសាទរ​ចំពោះ​ការមកដល់​នៃ​យោធា​ខ្មែរក្រហម​។ ខ្ញុំ​បាន ទៅ​ឈរ​នៅមុខ​មន្ទីរពេទ្យ​ជាមួយ​ប្រជាជន​ផ្សេងទៀត និង បានឮ​សម្រែកស្រែកថា “​ជយោ សន្ដិភាព​! សង្គ្រាម​ចប់​ហើយ​!” និង​ពាក្យ​ជាច្រើន​ទៀត​ដែល​ខ្ញុំ​ចាំ​មិន​អស់ ព្រោះ​រវល់​ចាប់អារម្មណ៍ មើល​កងទ័ព​ជិះ​លើ​រថយន្ដ​។ កំពុងតែ​ភ្លឹកអារម្មណ៍ ម្ដាយ​ខ្ញុំ​បានមក អូស​ដៃ​ឱ្យចូល​ទៅក្នុង​ប្រាប់ថា “​ញ៉ាំបាយ​ឱ្យ​លឿន បន្ដិចទៀត​វីវរ ហើយ​”​។

ពិតប្រាកដ​មែន មិនទាន់​ទាំង​បាន​ហូបបាយ​ផង ស្នូរ ប្រាវៗ​និង​គ្រាំងៗ​លាន់​នៅឯ​ជាន់​ខាងក្រោម​នៃ​អគារ​មន្ទីរពេទ្យ​។
​    ​អ៊ំ​ចំណាស់​ម្នាក់​រត់ឡើង​មក​ប្រាប់​ឪពុក​ខ្ញុំ​ថា យោធា​ខ្មែរ ក្រហម​កំពុង​វាយ​បំបែក​បង្អួច​តាម បន្ទប់​ដែល​ចាក់សោ​ដើម្បី​រក ទាហាន លន់ នល់ ថែមទាំង​សួររក​អ្នក ទទួលខុសត្រូវ​តាម​អគារ​។ ឪពុក ខ្ញុំ​ស្ថិតក្នុង​សម្លៀកបំពាក់​ពេទ្យ​នៅឡើយ​ក៏​ចុះទៅ​ក្រោម​ភ្លាម ទោះបី ជា​ម្ដាយ​ខ្ញុំឃាត់​ក៏​គាត់​មិន​ស្ដាប់​ដែរ ដោយ​គាត់​បាន​ប្រាប់​មក​ម្ដាយ ខ្ញុំ​វិញ​ថា បើ​គាត់​មិន​ចុះទៅ​ជួប​ទេ យោធា​ទាំងនោះ​នឹង​វាយបំផ្លាញ ខ្ទេចខ្ទី​អស់ហើយ​។​

បញ្ជា​ដាច់ខាត

​    ​គ្រាន់តែ​ឃើញ​ឪពុក​ខ្ញុំ​ភ្លាម យោធា​ខ្មែរក្រហម​ម្នា​ក់បាន លើក​កាំភ្លើង​ភ្ជង់​គាត់ រួចហើយ​សួររក​ទាហាន លន់ នល់ ដែល​លាក់ ខ្លួន​នៅក្នុង​បន្ទប់​។ ប៉ុន្ដែ​ឪពុក​ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​វិញ​ថា មិនមាន ទាហាន លន់ នល់ លាក់ខ្លួន​តាម​បន្ទប់​ទាំងនេះ​ទេ ដោយ​គាត់​យក ជីវិត​មក​ធានា ប្រសិនបើ​រកឃើញ​។ បន្ទាប់មក ឪពុក​ខ្ញុំ​បាន​បើក​សោ បន្ទប់​ទាំងអស់​ដើម្បីឱ្យ​យោធា ទាំងនោះ​ពិនិត្យមើល​។ ខ្ញុំ​ចាំ​ច្បាស់ ណាស់​ថា ពេលនោះ
ទាហាន​អាវខ្មៅ​ម្នាក់​អាយុ​ប្រហែល​ឪពុក​ខ្ញុំ បាន​ប្រាប់​គាត់​ថា “​មិ​ត្ដ​ត្រូវ​ឆាប់​នាំ​កូន ប្រពន្ធ​ចេញពី​ភ្នំពេញ បី​បួន​ថ្ងៃ​សិន ព្រោះ​អាមេរិក​នឹង​មក​ទម្លាក់​គ្រាប់បែក ហើយ​នេះ ជា​បទបញ្ជា​”​។ ពេលនោះ ឪពុក​ខ្ញុំ​បាន​ឆ្លើយតប​ថា “​បើ​លោក​ឱ្យ ខ្ញុំ​ចាក​ចេញទៅ ចុះ​អ្នកជំងឺ​តើ​លោក​គិតយ៉ាងម៉េច​?” យោធា នោះ​មើលមុខ​ឪពុក​ខ្ញុំ​ទំនងជា​ខឹង ហើយ​និយាយ​គំហក​ដាក់​គាត់​ថា ៖ “​ឈប់​ប្រើពាក្យ​លោក​ទៀត​ទៅ មិ​ត្ដ​ឯង​ត្រូវប្រើពាក្យ “​មិ​ត្ដ​” វិញ ម៉េច​ស្ដាប់​បានទេ ចំពោះ​មិ​ត្ដ​ណា​ដែល​ដើរ​រួច ត្រូវតែ​ចេញ​ឥឡូវ ចំណែក​មិ​ត្ដ​ណា​ដែល​ដើរ​មិន​រួច ចាំ​អង្គការ​បញ្ជូន​ទៅតាម​ក្រោយ តែ​កុំ​ភ្លេច​យក​អង្ករ និង​ថ្នាំពេទ្យ​ទៅជា​មួយ​ឱ្យបាន​ច្រើន​ផង​”​។ និយាយ​ចប់ យោធា​រូប​នោះបាន​ដើរចេញ​ទៅកាន់​កន្លែង​អ្នក​រង របួស​ទៀត​។
​    ​មិនមាន​នរណាម្នាក់​ហ៊ាន​ដើរ​តាមមើល​សកម្មភាព​រប​ស់ យោធា​ទាំង​នោះទេ ហើយ​ក្រោយមក​ទើប​យើង​ដឹងថា យោធា ទាំង​នោះបាន​ដើរទៅ​ផ្ដាច់​សេរ៉ូម​ពី​អ្នករបួស និង​សម្លាប់​អ្នកជំងឺ​នៅ លើ​គ្រែ​យ៉ាង​ព្រៃផ្សៃ​។​

ថ្ងៃ​ដំបូង​


​    ​យើង​ធ្វើដំណើរ​ចេញពី​មន្ទីរពេទ្យ​ដោយ​ភិតភ័យ​តាម រថយន្ដ​សង្គ្រោះបន្ទាន់​មួយ ដែល​បើកបរ​ដោយ​ឪពុក​ខ្ញុំ​ផ្ទាល់​ចេញ ទៅតាម​ច្រក​ពោធិចិនតុង​។ ខ្ញុំ​ឃើញ​មនុស្ស​ណែនណាន់តាន់តាប់ ទូល រែក លី និង សែង​ទ្រព្យសម្បត្ដិ​បន្ដិចបន្ដួច​តាម​លទ្ធភាព​ដែល អាចធ្វើ​បាន​។ ចំណែក​កុមារ ដែល​ដើរ​តាម​ក្រោយ​ឪពុកម្ដាយ សើច​លេង​សប្បាយ​តាម​ចរិត​ក្មេង ដោយ​មិនដឹងថា​មនុស្ស​ចាស់ៗ កំពុងមាន​អារម្មណ៍​យ៉ាងណា​នោះទេ​។​
​    ​ចាប់ពី​ផ្លូវបំបែក​នៃ​មន្ទីរពេទ្យ​លោកសង្ឃ រហូតមកដល់ ពោធិចិនតុង មាន​សាកសព​ទាហាន​ប៉ា​រ៉ា​គួរឱ្យ​អាណោចអាធ័ម​។ រថយន្ដ​បើក​ហួស​ចោមចៅ​បន្ដិច យោធា​ខ្មែរក្រហម​ឈរ​បាំង ផ្លូវជាតិ​លេខ​៤ រួច​បង្ខំ​ឱ្យ​ប្រជាជន​ចុះ​ពី​រថយន្ដ រួចហើយ​បញ្ជា ឱ្យ​ដើរ​តាមផ្លូវ​លំ​ទៅ​ទិស​ខាងជើង​។ រថយន្ដ​ទាំងអស់​មិនត្រូវ​បាន អនុញ្ញាតឱ្យ​បើកបរ​កាត់​តាមផ្លូវ​នោះទេ ដូច្នេះ​អ្នកជិះ​ត្រូវ​ចុះ​ដើរ ទាំងអស់គ្នា​។
​    ​ពេលនោះ ក្រុមគ្រួសារ​ខ្ញុំ​មិនមាន​ដងរែក​ឬ​ស្នែង​សម្រាប់ សែង​អីវ៉ាន់​ទេ គឺមាន​តែ​ទូល​អីវ៉ាន់​ដែល​អាច​យកទៅ​ជាមួយ​បាន មាន​អង្ករ និង​របស់​ដែល​ចាំបាច់​ផ្សេងទៀត​។ ខ្ញុំ​មិនអាច​ជួយ កាន់​អ្វី​បានឡើយ គឺ​កាន់តែ​ឈើច្រត់​ដើរ​ពីក្រោយ​ជីដូន​ជរា​ម្នាក់​។ ដើរ​បានតែ​បន្ដិច យប់​ក៏បាន​មកដល់ យើង​ក៏​នាំគ្នា​ឈប់សម្រាក​ដាំ បាយ​ហូប​។ យប់នោះ ខ្ញុំ​អស់កម្លាំង​យ៉ាងខ្លាំង ហើយ​ខ្ញុំ​ក៏​ដេក​លង់ លក់​បន្ទាប់ពី​ឃើញ​ផ្កាយ និង​គ្រាប់កាំភ្លើង​បញ្ចេញ​ពន្លឺ​ប្រជែង​គ្នា​។​

​ភូមិ​ស្ដុក
 

​    ​រយៈពេល​ប្រាំ​មួយថ្ងៃ​ក្រោយពី​ធ្វើដំណើរ​ដ៏​លំបាក និង គ្មាន​ទិសដៅ​ច្បាស់លាស់ គ្រួសារ​ខ្ញុំ​បានមក​ដល់​ភូមិ​ស្ដុក ឃុំ​ញំ​ង​ស្លា ស្រុក​អម​លាំង ខេត្ដ​កំពង់ស្ពឺ ដែល​ទីស្នាក់អាស្រ័យ​រយៈពេល​យូរ របស់​យើង​។ ប្រជាជន​មូលដ្ឋាន​នៅ​ទីនោះ​រួសរាយ និង​មាន សណ្ដាន​ចិ​ត្ដ​ល្អ​ណាស់ ព្រោះ​គាត់​តែងតែ​ចែករំលែក​ទឹកត្នោត ឬ ស្ករត្នោត ឱ្យ​យើង​ហូប​គ្រប់ៗ​គ្នា​។​
​    ​នៅ​ទីនោះ ឪពុក​ខ្ញុំ​បាន​ប្រើ​ខ្ញុំ​ឱ្យ​ដើររក​ជន្លេន​យកមក​ធ្វើ នុយ​ស​ន្ទួ​ច ព្រោះ​ភូមិ​នោះ​មាន​បឹង​ធំ​មួយ ហើយ​សម្បូរ​ត្រី​ណាស់​។ សន្ទូច​តែមួយ​សាង មាន​ចំនួន​ប្រហែល​៥០​ផ្លែ ជាប់​ត្រី​យ៉ាងហោច ណាស់ ពី​ដប់​ទៅ​ដប់​ប្រាំ​ក្បាល​ក្នុង​មួយ​យប់ ដែល​សុទ្ធតែ​ត្រី​ផ្ទក់ និង ត្រី​អណ្ដែង​។

ខ្ញុំ​នៅ​ភូមិ​ស្ដុក​បានតែ​បី​ខែ អង្គការ​ក៏​ជម្លៀស​គ្រួសារ ខ្ញុំ​ឱ្យទៅ​រស់នៅ​ខេត្ដ​ពោធិ៍សាត់​វិញ​។​
​ព្រះ​ម្លូ​ភូមិ​ថ្មី​

​    ​ម៉ោង​ប្រាំ​ភ្លឺ រទេះគោ​រាប់សិប​គ្រឿង​បាន​ដឹក​យើង​ចេញ ពី​ភូមិ​មកជួបជុំ​គ្នា​នៅ​ចំណត​។ បន្ទាប់មក អង្គ​ការបើក​អង្ករ​ដប់ កំប៉ុង និង​ស្ករត្នោត​បី​វែក​ក្នុង​មួយ​គ្រួសារ ហើយ​ម៉ោង​ប្រហែល ប្រាំមួយ​ល្ងាច​ទើប​រថយន្ដ​មក​ដឹក​បន្ដទៅ​ខេត្ដ​ពោធិ៍សាត់​។​
​    ​ភ្លឺ​ស្រាងៗ យើង​បាន​មកដល់​ស្ថានីយ៍​រថភ្លើង​បឹង​ខ្នារ ក្នុង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់​។ អង្គការ​បាន​ដឹក​ក្រុមគ្រួសារ​ខ្ញុំ​យក ទៅ​ដាក់​ក្នុងភូមិ​ព្រះ​ម្លូ​បាន​មួយខែ ទើប​បញ្ជូនបន្ដ​ឱ្យមក​នៅ​ភូមិ មួយទៀត ស្ថិត​ទល់មុខ​ភូមិ​ព្រះ​ម្លូ​ដោយមាន​ស្ទឹង​មួយ​ខណ្ឌ​ចែក​។​
​    ​នៅទីនេះ មិនមាន​នរណាម្នាក់​ទំនេរ​ទេ គឺ​អង្គការ​បែងចែក ការងារ​ឱ្យ​យើង​ធ្វើ​គ្រប់ៗ​គ្នា​។ ឪពុកម្ដាយ​ខ្ញុំ​ត្រូវ​ចុះទៅ​ធ្វើស្រែ​ជា មួយចាស់ៗ យុវជន​និង​យុវនារី​ត្រូវ​ទៅ​លើក​ទំនប់ យាយ​ចាស់ៗ នៅ​មើល​ក្មេង​តូចៗ​ក្នុងភូមិ ចំណែកឯ​កុមារ​ត្រូវ​ដើរ​រើស​អាចម៍ គោ​នៅពេល​ព្រឹក ហើយ​ត្រូវ​ចេញទៅ​ឃ្វាលគោ​វិញ​នៅពេល រសៀល​។​
​អង្គការ​វ័យក្មេង​

​    ​ពេលនោះ ខ្ញុំ​ក៏ត្រូវ​ទៅ​ឃ្វាលគោ និង​ចូលរួម​ប្រជុំ​ជីវភាព រៀងរាល់ថ្ងៃ​ដែរ ហើយ​ពេលខ្លះ​ប្រជុំ​រហូតដល់​យប់​ជ្រៅ​ទៀត ផង​។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ ពាក្យស្លោក​មួយ​ឃ្លា​របស់​អង្គការ គឺ “​កសាង ដូចជា​ក​សេះ ក អត់ តម្រិះ ក ដប​”​។ នៅ​ទីនោះ អង្គការ​ដែលមាន វ័យក្មេងៗ ហើយ​ខ្លះ​មាន​អាយុ​លើស​ខ្ញុំ​តែ​បន្ដិចបន្ដួច បានមក​អប់រំ ខ្ញុំ​ឱ្យ​ហៅ​មិ​ត្ដ​ភក្ដិ​ថា “​មិ​ត្ដ​” ហៅ​ឪពុកម្ដាយ តា​យាយ​ថា មិ​ត្ដ​ម៉ែ មិ​ត្ដ ពុក និង​មិ​ត្ដ​តា មិ​ត្ត​យាយ​។ ចំណែក​ពាក្យ​ល្អៗ​ផ្សេងទៀត​ដែល​យើង ធ្លាប់ប្រើ​ត្រូវបាន​ចាត់ទុកថា ជា​ពាក្យ​មូលធន ពាក្យ​នាយទុន ពាក្យ ប្រតិកិរិយា ដែល​ត្រូវតែ​ជម្រុះ​ចោល​។​
​    ​យើង​ទាំងចាស់ទាំងក្មេង​មិនមាន​សិទ្ធិ​មើលសៀវភៅ​ទេ ប៉ុន្ដែ​កាលនោះ ខ្ញុំ​បាន​លួច​យក​សៀវភៅ​រៀន​ភាសា​អង់គ្លេស និង​បារាំង​មួយក្បាល​ដាក់​ទៅជា​មួយ​។ យូរៗ​ខ្ញុំ​បាន​លួច​បើក​មើល សៀវភៅ​នេះ ព្រោះ​ខ្ញុំ​តែងតែ​គិតថា ប្រសិនបើ​បាន​ចូលរៀន​វិញ ខ្ញុំ​ខ្លាច​ភ្លេច ហើយ​រៀន​មិនទាន់​គេ​។​

បងជីដូនមួយ​អភ័ព្វ​

​    ​ដើមឆ្នាំ​១៩៧៦ បងស្រី​ជីដូនមួយ​ខ្ញុំ​បីនាក់​ដែល​បែក​ពី ឪពុកម្ដាយ បានមក​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ​។ ថ្ងៃមួយ អង្គ​ការស្នើ​សុំឱ្យ​បងស្រី​ជីដូនមួយ​ខ្ញុំ​ទាំងអស់​រៀបការ​ជាមួយ យោធា​ពិការ ប៉ុន្ដែ​គាត់​បានប្រកែក​។ រំលង​បានតែ​ប៉ុន្មាន​យប់ ប៉ុណ្ណោះ អង្គការ​បាន​ហៅ​បងស្រីទាំងអស់​ទៅ​រៀនសូត្រ​។​
​    ​បន្ទាប់ពី​បងស្រី​ខ្ញុំ​ទាំងបី​នាក់​ចេញទៅ​រៀនសូត្រ​បាន មួយថ្ងៃ ខ្ញុំ​ឮ​យោធា​ភូមិ​ប្រាំបួន​នាក់​ជជែក​គ្នា​ថា កាលពី​យប់មិញ សប្បាយ​ណាស់ ព្រោះ​បាន​ដេក​ជាមួយ​ស្រី​ក្រមុំ​ភ្នំពេញ​បីនាក់​។ បន្ទាប់មក​យោធា​ទាំង​នោះបាន​និយាយ​ពី​ការធ្វើ​ទារុណកម្ម ដោយ យក​ដងចប​ស៊កចូលទៅក្នុង​រន្ធ​ភេទ​បងស្រី​រហូត​ស្លាប់​។ យោធា ទាំងនោះ​និយាយ​ដោយ​សើច​ក្អាកក្អាយ និង​សប្បាយរីករាយ ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​ដែល​បាន​ប្រ​ព្រឹ​ត្ដ​កាលពី​យប់មិញ​។ ខ្ញុំ​ស្លុត ចិ​ត្ដ និង​ស្ទើរ​គាំងបេះដូង​ពេល​បានឮ​ពាក្យ​នេះ ប៉ុន្ដែ​ខ្ញុំ​បាន​ត្រឹម លាក់ទុក​ក្នុង​ចិ​ត្ដ​ប៉ុណ្ណោះ​។ ក្រោយពី​ខ្ញុំ​យក​រឿងនេះ​ប្រាប់​ក្រុម គ្រួសារ​យាយ​ខ្ញុំ​យំ​ខ្លាំង​គេ បន្ទាប់មក​ម្ដាយធំ និង​យាយ​ខាង​ឪពុក​ខ្ញុំ​។

​មន្ទីរ​ថ្គោល​

​    ​មួយ​សប្ដាហ៍​ក្រោយមក អង្គការ​បាន​ផ្លាស់​ក្រុមគ្រួសារ​ខ្ញុំ ឱ្យទៅ​រស់នៅ​ថ្គោល​។ ថ្គោល ជា​មន្ទីរឃុំឃាំង ដែល​បែក​ចែកជា ពីរ​ផ្នែក គឺ​ថ្គោល​ខាងជើង​សម្រាប់​ដាក់​អ្នកទោស​កម្រិត​ស្រាល ចំណែក​ថ្គោល​ខាងត្បូង​សម្រាប់​ដាក់​អ្នកទោស​កម្រិតធ្ងន់​។ មន្ទីរ ទាំងពីរ ខណ្ឌ​ចែក​ដោយ​អូរ​មួយ​ដែលមាន​យោធា​យាម​ការពារ យ៉ាង​តឹងរ៉ឹង ដោយ​មិន​អនុញ្ញាតឱ្យ​អ្នកទោស​ដើរ​ឆ្លងកាត់​ទេ​។ ប្រសិនបើ​នរណា​ហ៊ាន​លួច​ឆ្លងកាត់
នឹងត្រូវ​ចាប់ខ្លួន រួចហើយ សម្លាប់ចោល​ភ្លាម​។​

​អ្នកទោស​គ្មាន​កំហុស​

​    ​អង្គការ​បាន​បញ្ជូន​ឪពុក​ខ្ញុំ​ទៅ​ដា​ក់នៅ​ថ្គោល​ខាងត្បូង ចំណែក​ខ្ញុំ ម្ដាយ ម្ដាយធំ និង យាយ​ទៅ​ថ្គោល​ខាងជើង ហើយ ក្មេងៗ​អង្គការ​ប្រមូល​យកទៅ​ដាក់​ក្នុង​រោង​វែង ដែលមាន​ចម្ងាយ ពី​ក្រុមមនុស្ស​ចាស់​ប្រហែល​មួយ​គីឡូម៉ែត្រ​។​
​    ​អ្នកទោស​ទាំងអស់​ត្រូវ​ក្រោក​ពី​ព្រលឹម ហើយ​អង្គុយ​ជា ជួរៗ​រង់ចាំ​ចេញដំណើរ​ទៅធ្វើ​ការ​តាម​ការដ្ឋាន​រៀងៗ​ខ្លួន​។ ចំណែក ការហូបចុក​ត្រូវ​ហូប​ជា​លក្ខណៈ​សមូហភាព ហើយ​ត្រី ក្ដាម ខ្យង បន្លែ​ព្រៃ និង​សូម្បីតែ​កណ្ដុរ​ដែល​យើង​ដាក់​អង្គប់​បាន ឬ​ជីក​បាន តាម​រន្ធ​នៅ​វាលស្រែ ក៏ត្រូវ​យកមក​ដាក់​ជា​របស់​សមូហភាព​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អង្គការ​បានស្នើ​យក​របស់របរ​ប្រើប្រាស់​មាន តម្លៃ​ដូចជា ខោអាវ ខ្សែក ខ្សែដៃ ជាពិសេស​នាឡិកា ហើយ ប្រសិនបើ​នរណា​ជំទាស់​អង្គការ​នឹង​ចោទប្រកាន់ថា​ជា​ភ្នាក់ងារ សេ​.​អ៊ី អា កា​.​ហ្សេ​.​បេ ឬខ្មាំង​ប្រឆាំង​ប​ដិ​វត្ដ​ន៍ ហើយ​អ្នកនោះ​នឹង បាត់​ខ្លួន​ភ្លាម​។

ស្លាប់​ទាំង​អត់ឃ្លាន​

​    ​ប្អូនស្រី​របស់ខ្ញុំ​ម្នាក់​ត្រូវ​អង្គការ​ចាប់​យកទៅ​សម្លាប់ គ្រាន់តែ​គាត់​លួច​ពោត​ខ្ចី​មួយ​ផ្លែ​ហូប​ប៉ុណ្ណោះ​។ ប្អូនស្រី​ខ្ញុំ​ត្រូវ អង្គការ​វាយ​នឹង​ត្បូងចប ហើយ​កប់​ក្បែរ​ចម្ការពោត​តែម្ដង​ដើម្បី ព្រមាន​ដល់​កុមារ​ដទៃទៀត​។ ខណៈនោះ ដោយសារតែ​ម្ដាយ​ខ្ញុំ ពិបាក​ចិ​ត្ដ​ខ្លាំងពេក ហើយ​អង្គ​ការបង្ខំ​ឱ្យ​គាត់​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ថែម ទៀត ទើប​ធ្វើឱ្យ​គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ ចំណែក​ខ្ញុំ ក្រោយមកទៀត អង្គការ​បាន​បញ្ឈប់​ខ្ញុំ​លែងឱ្យ​ធ្វើការ​នៅ​រោង​បាយ ដោយ​ចោទ​ខ្ញុំ ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ខ្មាំង​ដែល​អង្គការ​ទើប​សម្លាប់​។

​សាកសព​ពុក​ខ្ញុំ​

​    ​រសៀល​ថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​ដេញគោ ស្រាប់តែ​ធុំក្លិន​ស្អុយ ចេញពី​ព្រៃ​ដើម​ត្រាច​ដែលមាន​ចម្ងាយ​ប្រហែល​ប្រាំ​រយ​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​ប្រាំ​។ ខ្ញុំ​ខំ​ដើរ​រកមើល​ស្រាប់តែ​ប្រទះឃើញ​សាក សព​ឪពុក​ខ្ញុំ​ក្រោម​ដើមឈើ​មួយ​ដើម​។ គាត់​ត្រូវគេ​កាប់​នឹង​កាំបិត ជិត​ដា​ច់ក​ចេញពី​ស្មា​។ ខ្ញុំ​ស្ទុះ​ទៅ​ឱប​សព​ឪពុក​ខ្ញុំ ហើយ​យំ​ខ្សិ​បៗ ព្រោះ​ខ្លាច​អង្គ​ការដឹង​។ នៅក្បែរ​សាកសព​ឪពុក​ខ្ញុំ ខ្ញុំ​ឃើញ​មាន​សព មនុស្ស​ប្រុស​ពីរ​នាក់​ទៀត
ដែល​ត្រូវបាន​សម្លាប់​ដោយ​កាត់​ក​ដែរ​។​
​    ​យប់នោះ ខ្ញុំ​បាន​សុំ​មេកង​មកជួប​ម្ដាយ​នៅក្នុង​ភូមិ​។ ខ្ញុំ​បាន​យក​បាយក្ដាំង​មួយ​បន្ទះ និង​ដំឡូងជ្វា​មួយ​ដុំ (​ដែល​ខ្ញុំ​យក ខ្យង​ដែល​រាវបាន​កាលពី​ថ្ងៃ​ដូរ​ជាមួយ​ចុងភៅ​) ទៅឱ្យ​ម្ដាយ​។ ខ្ញុំ បាន​យក​ដំណឹង​ឪពុក​ទៅប្រាប់​ម្ដាយ ពេលនោះ​គាត់​យំ​ស្ទើរតែ បាត់ស្មារតី​។ ខ្ញុំ​ស្រវាឱប​ម្ដាយ​ខ្ញុំ​ដែល​មានតែ​ស្បែក​ដណ្ដប់​ឆ្អឹង ប៉ុណ្ណោះ​។ ម្ដាយ​ខ្ញុំ​បាន​ផ្ដាំ​ខ្ញុំ​ឱ្យ​ចេះ​ស្រឡាញ់​ប្អូន និង​ថែទាំ​ប្អូន​ព្រោះ ខ្ញុំ​ជា​បង​។ ចំណែក​ជីដូន​ខ្ញុំ​ដែល​អង្គុយ​នៅក្បែរ​ម្ដាយ​ខ្ញុំ​ដែរ បាន យំ​ខ្សឹកខ្សួល​អាណិត​ឪពុក​ខ្ញុំ និង​លើកដៃ​បួងសួង​សូមឱ្យ​វិញ្ញាណក្ខន្ធ កូន​ទៅកាន់​សុគតិភព​។
​    ​ម៉ែ​បាន​ជូន​ដំឡូង​ទៅ​យាយ​ខ្ញុំ ចំណែក​គាត់​ពិសា​បាយក្ដាំង ដែល​ខ្ញុំ​យកមក​ផ្ញើ​។ ម្ដាយ​ខ្ញុំ និង យាយ​មិនមាន​ពាក្យ​អ្វី​ស្រដី​រក គ្នា​ទេ គឺ​មានតែ​ការឈឺចាប់​ព្រាត់ប្រាស់​កប់​ក្នុង​ចិ​ត្ដ​ប៉ុណ្ណោះ​។ យប់ ជ្រៅ​បន្ដិច ខ្ញុំ​បាន​លា​ម្ដាយ​ត្រឡប់​ទៅ​កងកុមារ​វិញ​។ រាល់ថ្ងៃ នៅ កង​ខ្ញុំ​រស់នៅ​មាន​កុមារ​ស្លាប់​ជា​បន្ដបន្ទាប់​ដោយសារ​ជំងឺ​ហើម​។ ចំណែក​កុមា​រណា​ដែល​គេចវេះ​ពី​ការងារ​អង្គការ​បានធ្វើ​ទារុណ កម្ម​យ៉ាង​ធ្ងន់​។

​ជន​ក្បត់​វ័យក្មេង​

​    ​ថ្ងៃមួយ កុមារី​ឈ្មោះ ប៉ា​គីស ជា​អតីត​កូន​មន្ដ្រី​ទូត បរទេស ដែល​អង្គ​ការយកទៅ​សម្លាប់​កាលពី​ឆ្នាំមុន បាន​ឈឺ​គ្រុនញាក់ និង ដេក​ដណ្ដប់​បាវ​ក្រចៅ​ដោយ​មិនបាន​ចេញទៅ​ធ្វើការ​ទេ​។ រហូតដល់ ពេល​ហូប​បបរ​ថ្ងៃត្រង់ ខ្ញុំ​ឃើញ​យោធា​ខ្មែរក្រហម​មក​ចាប់ ប៉ា​គីស ដែល​ដើរទាំង​រញីរញ័រ​យក​ទៅ​វាយ​សម្លាប់ចោល ដោយ​ចោទថា ជា ភ្នាក់ងារ​សេ​.​អ៊ី​.​អា​។ យោធា​ខ្មែរក្រហម​នោះ បាន​យក​ស្វ័យ កាំភ្លើង​អាកា​វាយ​ចំ
កញ្ចឹងក​ខាងក្រោយ​ពីរដង​ទើប ប៉ា​គីស ប្រកាច់ ដោយ​ធ្វើឱ្យ​កុមារ​ផ្សេងទៀត​ភ័យរន្ធត់​គ្រប់គ្នា​។ ពេលនោះ​ក្មេងប្រុស ឈ្មោះ សុង ភិតភ័យ​រហូតដល់​យំ​។ ឃើញ​ដូច្នេះ​យោធា​នោះបាន វាយ សុង ប្រាំ​ខ្សែតី ដោយ​ចោទប្រកាន់ថា សុង យំ​អាណិត​ខ្មាំង​។
​    ​នៅ​ទីនោះ ទាំង​កុមារ និង​មនុស្ស​ចាស់​បាន​បាត់​ខ្លួន​ជា បន្ដបន្ទាប់ ព្រោះ​ពេលដែល​ខ្ញុំ​មកដល់​ដំបូង​មាន​មនុស្ស​ប្រហែល​ជាង ២.០០០​នាក់ ប៉ុន្ដែ​ក្រោយៗ​មក ចំនួន​នេះ​បាន​ថយចុះ ដោយនៅ មិន ដល់​១.០០០​នាក់​ផង​។

​ដំណឹង​អាក្រក់​

​    ​រយៈពេល​ប្រហែលជា​ពីរ​ខែ​ក្រោយមក នៅពេល​ដើរទៅ បើក​របប​ថ្ងៃត្រង់ មិ​ត្ដ​ភក្ដិ​ខ្ញុំ​ម្នាក់​បានមក​ប្រាប់​ខ្ញុំ​ថា ជីដូន​ខ្ញុំ​បាន ស្លាប់​ហើយ​។ ខ្ញុំ​បាន​រត់​មកសុំ​ច្បាប់​មេកង ប៉ុន្ដែ​គាត់​មិន​អនុញ្ញាត ឱ្យ​ខ្ញុំ​ទៅ​ទេ​ព្រោះ​ខ្ញុំ​ជិត​ដល់​ម៉ោង​ចេញទៅ​ដើររក​ជី​ហើយ​។ ដោយ ការ​នឹក​អាល័យជីដូន​ខ្លាំងពេក ខ្ញុំ​បាន​លួច​ដើរ​ទៅកាន់​កន្លែង​ដាក់ សព​យាយ​ខ្ញុំ​។ ពេលទៅដល់​អ៊ំ​ចាស់ៗ​ដែលជា​ប្រជាជន​ថ្មី​ដូច ខ្ញុំ ដែរនោះ ក៏បាន​អនុញ្ញាតឱ្យ​ខ្ញុំ
​មើល​សព​យាយ​។ ខ្ញុំ​លុតជង្គង់​គោរព សព​គាត់ និង​ឧទ្ទិស​ដ្ឋា​ន​បួងសួង​សូមឱ្យ​ព្រលឹង​គាត់​ទៅកាន់​សុគតិភព និង​ជួយ​ថែរក្សា​កូនចៅ​ដែល​នៅរស់​។

ម្ដាយ​ខ្ញុំ​ចាកចោល​

​    ​ចាប់តាំងពី​យាយ​ស្លាប់ ខ្ញុំ​បារម្ភ​យ៉ាងខ្លាំង ព្រោះ​ខ្លាច បាត់បង់​ម្ដាយ​ខ្ញុំ​ទៀត​។ ក្រោយមក ខ្ញុំ​ក៏​ទទួលដំណឹង​ថា ម្ដាយ​ខ្ញុំ កំពុង​ឈឺ​ធ្ងន់​។ ខ្ញុំ​ស្រែក​ទ្រហោយំ​ដោយ​មិន​ខ្លាចក្រែង​នរណា​ទាំង អស់ ហើយ​កាន់​ឈើច្រត់​ដើរទៅ​សុំ​អនុញ្ញាត​ពី​មេកង​។ មេកង​បាន ឆ្លើយតប​មក​ខ្ញុំ​វិញ​ថា ខ្ញុំ​មិនមែន​ជាតា​ឥសី​ទៅ​ជួយ​ម្ដាយ​បាន ទេ​។ ប៉ុន្ដែ​ដោយសារ​ខ្ញុំ​អង្វរ​គាត់ ទើប​គាត់​យល់​ព្រមឱ្យ​ខ្ញុំ​ទៅ​។
​    ​ខ្ញុំ​ដើរ​យ៉ាង​លឿន​ជាមួយ​ឈើច្រត់​សំដៅ​កូនខ្ទម​មួយ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជំរំ​កុមារ​។ ប៉ុន្ដែ ពេលទៅដល់​ខ្ទម ម្ដាយ​ខ្ញុំ​ចាប់ ផ្ដើម​ដង្ហក់​ខ្លាំង និង​លែង​ដឹងខ្លួន​ទៅហើយ​។ ខ្ញុំ​ឱប​គាត់​ជាមួយ​សម្លេង យំ​ខ្សឹកខ្សួល​។ មួយរយៈ​ខ្លី​ក្រោយមក គាត់​នៅ​ស្ងៀម​លែង​ធ្វើ ចលនា​អ្វីទាំងអស់​។ ម្ដាយ​ខ្ញុំ​ស្លាប់​ដោយ​មិនបាន​និយាយ​អ្វី​ជាមួយ ខ្ញុំ​មួយ​ម៉ាត់​ទេ​។ អ្នកជិតខាង​បាន​លើក​សាកសព​ម្ដាយ​ខ្ញុំ​ដាក់​ក្នុង អង្រឹង​ធ្វើ​ពី​បាវ​ក្រចៅ និង​យក​ភួយ​ដែល​គាត់​ធ្លាប់​ដណ្ដប់​មក​គ្រប ពីលើ រួចហើយ​សែង​ចេញពី​ខ្ទម​ដោយ​មានតែ​សំឡេង​យំ​ស្រែក របស់ខ្ញុំ​ប៉ុណ្ណោះ​។​

​ជីវិតចុងក្រោយ​

​    ​ខ្ញុំ​ប្រមែប្រមូល​របស់របរ​ដែ​ល​សល់​ក្នុង​ខ្ទម​យកមក​ជំរំ កុមារ​។ ពេលមកដល់ ប្អូន​ខ្ញុំ​ទាំង​បួន​នាក់​ក៏​ស្លាប់​ទៀត ព្រោះ​ប៉ុន្មាន ថ្ងៃមុននេះ​វា​ឈឺ​ហើម​។ ខ្ញុំ​បាន​ត្រឹម​ស្ទាប អង្អែល និង​យំ​អា​លោះ អាល័យ​ប្អូន​តូចៗ​ដូចជា​មនុស្ស​ឆ្កួត​ទៅហើយ​។ នៅថ្ងៃនោះ មិនមែន តែ​ក្រុមគ្រួសាររបស់ខ្ញុំ​ទេ គឺមាន​ឪពុកម្ដាយ និង​កុមារ​ចំនួន​ប្រាំ​នាក់ ទៀត​បាន​ស្លាប់​ដែរ​។
​    ​មានគ្រួសារ​មួយ​បាន​លាក់ទុក​កូន​ដែល​ស្លាប់​នៅក្នុង​មុង ដោយ​មិនបាន​រាយការណ៍​ជូន​មេកង​ដើម្បី​ទុក​បើក​របប​បបរ​កូន យកមក​ហូប​។ ប៉ុន្ដែ​ក្រោយមក រឿងនេះ​ក៏​បែកការណ៍ អង្គការ​ក៏ យកប្ដី​ប្រពន្ធ​នោះ​ទៅ​សម្លាប់ចោល​។ តម​ក មានគ្រួសារ​ដែល​អត់ ឃ្លាន​ខ្លាំងពេក​ក៏​ដាច់​ចិ​ត្ដ​វះ​ខ្មោច​កូន​យក​ថ្លើម​ស្ងោរ​ហូប ក៏​អង្គការ យកទៅ​សម្លាប់ចោល​ដោយ​អារ​-​ក​នឹង​កាំបិត​ចិ​ត្ដ​ត្នោត​ដែរ​។​
​    ​ថ្ងៃមួយ អង្គការ​បាន​យក​ប្រុស​ស្រី​មួយគូ ដែល​ធ្វើ​ខុស សីលធម៌​មក​កាត់ទោស​នៅ​កណ្ដាល​អង្គប្រជុំ​តែម្ដង ដោយ​ឈ្លប យក​ដង្កៀប​កៀប​ផ្កាត្នោត មក​កៀប​ពង​បុរស​នោះ​រហូតដល់​ស្លាប់​។ ចំណែកឯ​ស្ដ្រី​នោះ កងឈ្លប​យក​ដំបង​រុកចូល​ប្រដាប់ភេទ​រហូតដល់ ស្លាប់​ដែរ ដើម្បី​ព្រមាន ដល់​អ្នក​ផ្សេងទៀត​។

​សំណល់​ជីវិត

​    ​នៅក្នុង​ជំរំ​ថ្គោល​នោះ ខ្ញុំ​ឆ្លងកាត់ និង​ជួបប្រទះ​អំពើ​ឃោរ ឃៅ​ជាច្រើន ហើយ​មួយរយៈ​ខ្លី​ប៉ុណ្ណោះ ខ្ញុំ​បាន​បាត់បង់​គ្រួសារ​ទាំង អស់​។ របប​នេះ​បាន​បន្សល់ទុក​សម្រាប់​ខ្ញុំ​នូវ​អនុ​ស្សារី​យ៍​ឈឺចាប់ ខ្លោចផ្សា ព្រាត់ប្រាស់​ដែល​ខ្ញុំ​មិនអាច​ទទួលយកបាន និង​មិនអាច បំភ្លេចបាន​ក្នុង​មួយជីវិត​របស់ខ្ញុំ​។​-
 ម៉ី មុនី​រ័ត្ន​
ដំណឹងថ្មីៗចុងក្រោយ

Our Partners