ចាប់ផ្តើមពិភាក្សា ដំឡើងប្រាក់ឈ្នួល ដល់កម្មករ ក្... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ចាប់ផ្តើម​ពិភាក្សា ដំឡើង​ប្រាក់​ឈ្នួល ដល់ក​ម្មករ ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨ ខណៈ​ឆ្នាំ​២០១៧ កម្មករ បាន ១៨១ ដុល្លារ ក្នុង​មួយខែ​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 12:43:PM) | ដោយ: ​កូ​ឡាប

ក- ក+ | Print

ភ្នំពេញ​: ជាថ្មី​ម្តងទៀត ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​វីវៈ កម្មករ និយោជិត និយោជក អង្គការ​វិជ្ជាជីវៈ អង្គការ​ជាតិ និង​អន្តរជាតិ បានចាប់ផ្តើម​ពិភាក្សា អំពី​នីតិវិធី និង​កាលបរិច្ឆេទ ក្នុងការ​កំណត់​ប្រាក់​ឈ្នួល អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី​។​

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​គោលនយោបាយ ប្រាក់​ឈ្នួល ដែលមាន​រយៈពេល ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១៩-២០​មិថុនា​។​

​លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រែង របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​អន្តរជាតិ ខាង​ការងារ (ILO) ក្នុងការ​រៀបចំ ឱ្យមាន​វគ្គប​ណ្តុះ​បណ្តុះ នេះ​ទ្បើង ក្នុង​គោលបំណង ដើម្បី​ពង្រឹងសមត្ថភាព និង​បង្កើន​ការយល់ដឹង របស់​ភាគី​ពាក់ព័ន្ធ អំពី​ខ្លឹមសារ នៃ​សៀវភៅ មគ្គុទ្ទេសក៍ ស្តីពី គោលនយោបាយ ប្រាក់​ឈ្នួល អប្បបរមា របស់​អង្គការ ILO ដែល​នឹង​ផ្តល់​ចំណេះដឹង​ថ្មីៗ អំពី​គោលការណ៍ នៃ​ការកំណត់​ប្រាក់​ឈ្នួល អប្បបរមា ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្តល់​ជា​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ នៃ​ការកំណត់​ប្រាក់​ឈ្នួល អប្បបរមា របស់​ប្រទេស​នានា ជុំវិញ​ពិភពលោក​។​

​លោក​បណ្ឌិត បាន​បន្ថែមថា ស្របតាម​យុទ្ធសាស្ត្រ​ច តុ​កោណ ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព នៅ​កម្ពុជា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ បានដាក់​ចេញ នូវ​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ (២០១៤-២០១៨) ដែល​ក្នុងនោះ លោក​បាន​លើក​យកតែ អាទិភាព​ទី​១ គឺ​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។ លក្ខខណ្ឌ​ការងារ ត្រូវបាន​កែលម្អ ជា​បន្តបន្ទាប់ ដូចជា​៖ បាន​ដំ​ទ្បើង​កម្រិត អប្បបរមា នៃ​ប្រាក់បៀវត្សរ៍ ជាប់ពន្ធ​ឱ្យ​ទ្បើង​ដល់ ១​លាន​រៀល និង​លើកលែង​ពន្ធ លើ​អត្ថប្រយោជន៍​បន្ថែម ដូចជា សោហ៊ុយ​ធ្វើដំណើរ កន្លែង​ស្នាក់នៅ ប្រាក់​ថ្លៃ​បាយ របប​បេ​ទ្បា​ជាតិ សន្តិសុខ​សង្គម ប្រាក់ឧបត្ថម្ភ​ទារក ឬ​ចំណាយ​ទារកដ្ឋាន និង​ប្រាក់​បំណាច់ បញ្ចប់​កិច្ចសន្យា បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ដែលមាន​តម្លៃ​ទាប ជូន​កម្មករ និយោជិត សិស្ស និស្សិត នៅតាម​ផ្ទះជួល ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ហើយ​បាន​ភ្ជាប់​បណ្តាញ ទឹកស្អាត ព្រមទាំង​បានផ្តល់​សិទ្ធិ ទទួលបាន​ប្រាក់​សម្រាក​មាតុភាព ចំពោះ​សមាជិក ប​.​ស​.​ស ដែល​បាន​សម្រាលកូន នៅ​មូលដ្ឋាន សុខាភិបាល ដែល​មិនបាន​ចុះ កិច្ចព្រមព្រៀង ជាមួយ ប​.​ស​.​ស ទៀតផង​។

​ជាងនេះទៅទៀត រាជរដ្ឋាភិបាល បាន​បន្ត​ដំ​ទ្បើង​ប្រាក់​ឈ្នួល អប្បបរមា ដល់ក​ម្មករ និយោជិត ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង បាន​កើន​ទ្បើង ដល់ ១៥៣ ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ ២០១៧​នេះ ដោយ​បូក​រួមទាំង​ប្រាក់រង្វាន់ ប្រាក់​អត្ថប្រយោជន៍ ផ្សេងៗ និង​ប្រាក់​អតីតភាព​ទៀត​នោះ កម្មករ និយោជិត​ម្នាក់ៗ ទទួលបាន​ប្រាក់​ឈ្នួល ចាប់ពី ១៧០ ដុល្លារ​អាមេរិក ទៅ ១៨១ ដុល្លារ​អាមេរិក ក្នុង​មួយខែ​។

​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ននេះ ខ្ពស់ជាង​បណ្តា​ប្រទេស ប្រកួតប្រជែង មួយចំនួន ដូចជា ប្រទេស​បង់​ក្លា​ដែ​ស ស្រីលង្ការ មី​យ៉ាន់​ម៉ា ឥណ្ឌា ឡាវ និង​តំបន់​មួយចំនួន នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម​។​

​ចាប់តាំងពី​ឆ្នាំ​២០១៤ មក អង្គការ ILO បានផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ពង្រឹង​ដំណើរការ ក្នុងការ​កំណត់ ប្រាក់​ឈ្នួល​អប្បបរមា នៅ​កម្ពុជា តាមរយៈ​ការសហការ​ជាមួយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងការ​រៀបចំ​សិក្ខាសាលា ត្រីភាគី​ថ្នាក់ជាតិ​មួយ កាលពី​ថ្ងៃទី​២៤-២៥ ខែមេសា ឆ្នាំ​២០១៤ ដែលជា​លទ្ធផល ភាគី​ពាក់ព័ន្ធ ក៏ដូចជា គណៈកម្មការ​ប្រឹក្សា​ការងារ បានទទួល​យក​នូវ គោលការណ៍ ចំនួន​៥ និង​លក្ខណៈវិនិច្ឆ័យ ចំនួន​៧ សម្រាប់​ការកំណត់​ប្រាក់​ឈ្នួល អប្បបរមា​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​បាន​ជម្រាប ភាគី​ចរចា​ទាំងអស់ ឱ្យបាន​ជ្រាប​ផងដែរ​ថា ការចរចា​កំណត់​ប្រាក់​ឈ្នួល អប្បបរមា សម្រាប់​ឆ្នាំ​២០១៨ នឹងត្រូវ​ធ្វើឡើង តាម​កាលវិភាគ ដែល​បាន​ឯកភាពគ្នា ជា​ឯកច្ឆ័ន្ទ កាលពី​ឆ្នាំ​២០១៤ គឺ​នៅ​ខែកក្កដា ខាងមុខនេះ ភាគី​នីមួយៗ នឹង​ចាប់ផ្តើម​ពិភាក្សា​ផ្ទៃក្នុង​, ខែសីហា នឹង​ប្រជុំពិភាក្សា​ទ្វេភាគី​, ខែកញ្ញា នឹង​ប្រជុំពិភាក្សា ត្រីភាគី និង​ដើមខែ​តុលា នឹង​សម្រេច​ប្រាក់​ឈ្នួល អប្បបរមា ឆ្នាំ​២០១៨ សម្រាប់​កម្មករ និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។

​លោក​បណ្ឌិត ជឿជាក់ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់ នឹង​យក​ចំណេះដឹង ដែល​ទទួលបាន​ពី វគ្គ​បណ្តុះបណ្តាល​នេះ ទៅ​ថ្លឹងថ្លែង ដើម្បី​អនុវត្ត​ឱ្យស្រប​តាម បរិបទ​សេដ្ឋកិច្ច និង​សង្គម​របស់ ប្រទេស​កម្ពុជា ហើយ​លោក​ក៏​សង្ឃឹម​ផងដែរ​ថា ភាគី​ពាក់ព័ន្ធ នឹង​នៅតែ​បន្ត​ចូលរួម សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយគ្នា សំដៅ​ពង្រឹង​នូវ យន្តការ​កំណត់ ប្រាក់​ឈ្នួល នៅ​កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព និង​កាន់តែ​ល្អប្រសើរបន្តទៀត​។​

​សូមបញ្ជាក់ថា បើតាម​សេចក្តី ប្រកាស​ព័ត៌មាន របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការពិភាក្សា ប្រាក់​ឈ្នួល​អប្បបរ មា​សម្រាប់​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១៩ ខែមិថុនា​នេះ ត្រូវ​អនុវត្តតាម​ប្រតិទិន ដូចជា កំណត់​យក ខែកក្កដា ឆ្នាំ​២០១៧ ជាការ​ចាប់ផ្តើម​ពិភាក្សា ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃក្នុង របស់​ភាគី​នីមួយៗ កំណត់​យក​ខែសីហា ឆ្នាំ​២០១៧ ជាការ​ចាប់ផ្តើម ពិភាក្សា​ប្រាក់​ឈ្នួល អប្បបរមា ជា​លក្ខណៈ​ទ្វេភាគី កំណត់​យក​ខែកញ្ញា ឆ្នាំ​២០១៧ ជាការ​ចាប់ផ្តើម​ពិភាក្សា ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ត្រីភាគី កំណត់​យក​ដើមខែ​តុលា ឆ្នាំ​២០១៧ ជា​ការបើក​កិច្ចប្រជុំ គណៈកម្មការ ប្រឹក្សា​ការងារ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨ កំណត់​យក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទចូល​ជា​ធរមានប្រាក់​ឈ្នួល​អប្បបរមា​។​

​គ្រប់ភាគី​ទាំងអស់ ត្រូវ​ប្រើ​លក្ខណៈវិនិច្ឆ័យ បែប​សង្គម (​ស្ថានភាព​គ្រួសារ និង​អត្រា​អតិផរណា និង​ការចំណាយ ក្នុងការ​រស់នៅ​) និង​លក្ខណៈវិនិច្ឆ័យ បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង របស់​ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ របស់​វិស័យ​) ក៏ដូចជា បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន ក្នុងការ​ពិភាក្សា​ប្រាក់​ឈ្នួល អប្បបរមា​នៅ​កម្ពុជា​។

​ក្រសួង​សូម​រំលឹក​ដល់​ភាគី​ពាក់ព័ន្ធ សូម​ផ្តោតលើ​ទិន្នន័យ និង​ការស្រាវជ្រាវ បែប​វិទ្យាសាស្ត្រ ដោយយោង​លើ​បម្រែបម្រួល នៃ​លក្ខណៈវិនិច្ឆ័យ ទាំង​៧ ដែល​បាន​ព្រមព្រៀងគ្នា កាលពី​ឆ្នាំ​២០១៤ ដើម្បី​ធ្វើជា​មូលដ្ឋាន ក្នុងការ​សម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោលជំហរ រួមមួយ​។ គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​បង្កើត​ឲ្យ​បាន ក្រុមការងារ​បច្ចេកទេស ត្រីភាគី ដែលមាន​សមាជិក​ស្មើៗ​គ្នា មកពី​ភាគី​កម្មករ និយោជិត ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល ដោយ​ភាគី​នីមួយៗ ត្រូវ​ពិភាក្សា​ឲ្យ​មាន ការឯកភាព​ផ្ទៃក្នុង ជាមុន និង​ត្រូវ​ផ្តល់​សិទ្ធិ ពេល​លេញ ដល់​តំណាង​របស់ខ្លួន ដែល​មក​ចូលរួម​ប្រជុំ ពិភាក្សា​ប្រាក់​ឈ្នួល អប្បបរមា ក្នុងការ​លើកសំណើ ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ ពិភាក្សា​បន្ត​។ ​គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​ពិនិត្យ សម្រេច​លើ​សំណើ ដែល​បានលើកឡើង ដោយ​ក្រុមការងារ​បច្ចេកទេស ត្រីភាគី​នេះ ដើម្បី​ស្នើសុំ​គោលការណ៍ ពី​រាជរដ្ឋាភិបាល​៕N​/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners