អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នឹងមកទស្សនក... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម នឹង​មកទស្សនកិច្ច​កម្ពុជា ក្នុង​ខួប​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​វៀតណាម​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 10:52:AM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: ​លោក ង្វៀន ហ្វ៊ូ​ជុង (NGUYEN PHU TRONG) អគ្គលេខាធិការ​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​វៀតណាម នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ​នៅ​សប្តាហ៍​ក្រោយនេះ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។​

​ក្រសួងការបរទេស​ នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២០ ដល់ ២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក ង្វៀន ហ្វ៊ូ​ជុង នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ នៅ​ប្រាសាទ​ទេវាវិនិច្ឆ័យ និង​ចូល​ក្រាបបង្គំ​គាល់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅ​ព្រះរាជដំណាក់​គន្ធបុប្ផា នៃ​ព្រះបរមរាជវាំង​។​

​តាម​គ្រោង​ ក្នុងឱកាស​ស្នាក់នៅ​កម្ពុជា​លោក​អគ្គលេខាធិការ​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម ក៏​នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​។​

​លោក ង្វៀន ហ្វ៊ូ​ជុង ក៏​នឹង​ជួប​ដាច់ដោយឡែក​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផងដែរ​។ នៅក្រោយ​ជំនួប​ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា លើ​សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​វៀតណាម និង​ឯកសារ​មួយចំនួនទៀត​។​

​លោក ង្វៀន ហ្វ៊ូ​ជុង និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏​នឹង​អញ្ជើញ​ធ្វើជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ក្នុងពេលដែលឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​អគ្គលេខា​ធិ​ការ នឹង​បញ្ជាក់​ពី​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ក៏​រឹងមាំ និង​យូរលង់​រវាង​ប្រទេស​ទាំងពីរ ដែល​នឹងមាន​តួនាទី​ដ៏​សំខាន់​ក្នុង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ​។ នាយករដ្ឋមន្ត្រី ង្វៀន ស៊ុន​ហ្វុ​ក កាលពី​ខែមេសា ឆ្នាំ​២០១៧​កន្លងទៅនេះ ក៏បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ផងដែរ​។ ដំណើរ​ទស្សនកិច្ច​នោះ ក្រៅពី​ពិភាក្សា​លើ​ការ​រឹតចំណង​មិត្តភាព​ហើយ​នោះ ក៏មាន​កិច្ចព្រមព្រៀង និង​ពិធីសារ​មួយចំនួន​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ​៕​






ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners