ស្នើសុំចាត់វិធានការ ចំពោះវិទ្យុអាស៊ីសេរី និងវិទ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ស្នើសុំ​ចាត់វិធានការ ចំពោះ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA ដែល​ធ្វើ​សកម្មភាព ដោយ​គ្មាន​អាជ្ញាប័ណ្ណ ពី​ក្រសួង​ព័ត៌មាន​

(ថ្ងៃទី 12 សីហា 2017, ម៉ោង 11:14:AM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ:  រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានស្នើ​សុំឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចាត់វិធានការ​ចំពោះ ការិយាល័យ វិទ្យុ​អាស៊ីសេរី (FRA) និង​ការិយាល័យ វិទ្យុ​សំឡេង សហរដ្ឋអាមេរិក (VOA) ប្រចាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានធ្វើ​សកម្មភាព យក​ព័ត៌មាន ដោយ​គ្មាន​អាជ្ញាប័ណ្ណ ពី​ក្រសួង​ព័ត៌មាន និង​មិន​បានមក​ចុះបញ្ជី​ពន្ធដារ តាមច្បាប់ ស្តីពី សារពើពន្ធ ដែល​បានកំណត់​។​

​យោងតាម​លិខិត​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ស្របតាម​យុទ្ធសាស្ត្រ កៀរគរ​ចំណូល រយៈពេល​មធ្យម ២០១៤-២០១៨ អគ្គនាយក​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើការ​ផ្សព្វផ្សាយ ជូនដំណឹង​ជា​សាធារណៈ ស្តីពី​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ និង​កាតព្វកិច្ច​សារពើពន្ធ​នានា ជារឿយៗ ដូចជា​តាមរយៈ​សេចក្តីជូនដំណឹង លេខ ៧៤៨៧ អ​ពដ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ការផ្សព្វផ្សាយ តាម​បណ្តាញ​ព័ត៌មាន​នានា ក្នុង​គោលបំណង​ពង្រឹង ការគ្រប់គ្រង ការចុះបញ្ជី​ពន្ធដារ ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​មាន​ទិន្នន័យ ឱ្យបាន​ច្បាស់លាស់ នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​ពន្ធដារ​ថ្មី​។​

​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ ដែល​បានទទួល​ពី ក្រសួង​ព័ត៌មាន ជាមួយ​ទិន្នន័យ ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​របស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ ឃើញថា ស្ថានីយ៍​វិទ្យុ និង​ស្ថាន​ទូរទស្សន៍ មួយចំនួន បាន​បំពេញ​កាតព្វកិច្ច ចុះបញ្ជី​ពន្ធដារ ឬ​ធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន​បាន​រួចរាល់​។ ប៉ុន្តែ​ការិយាល័យ​របស់ វិទ្យុ​អាស៊ីសេរី (RFA) មាន​អាសយដ្ឋាន នៅ​អគារ Premier Office Center លេខ​១៨៤ ជាន់​ទី​៤A ផ្លូវ​មុនី​រ៉េត (២១៧) សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ការិយាល័យ​របស់ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) មាន​អាសយដ្ឋាន នៅ​អគារ​លេខ​៣២០ ជាន់​ទី​៤ ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២៥២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាននិងកំពុង​ធ្វើ សកម្មភាព​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ តាមរយៈ​ការជួល​ម៉ោង នៅ​ស្ថានីយ៍​វិទ្យុ​ឯកជន ក្នុងស្រុក​មួយចំនួន ក្នុងការ​ចាក់ផ្សាយ​បន្ត ដោយ​មិនបាន បំពេញ​កា​ត្វ​កិច្ច ចុះបញ្ជី​ពន្ធដារ​ឡើយ បើទោះបីជា​មានការ​អញ្ជើញ និង​ជូនដំណឹង​ពី អគ្គនាយកដ្ឋាន​ពន្ធដា​រ រួចរាល់​ហើយ​ក្តី​។​

​ទន្ទឹមនឹងនេះ ដោយ​អនុលោម តាម​មាត្រា​១០១ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ និង​ប្រកា​សលេខ ៤៩៦ ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ស្តីពី​ការចុះបញ្ជី​ពន្ធដារ អ្នក​ជាប់ពន្ធ​ទាំងអស់ រួមទាំង​នីតិបុគ្គល និង​រូបវ័ន្ត​បុគ្គល ត្រូវ​ទៅ​ចុះបញ្ជី នៅ​រដ្ឋបាល​សារពើពន្ធ ក្នុង​កំឡុង ១៥​ថ្ងៃ ក្រោយពី​អ្នក​ជាប់ពន្ធ​នោះ ចាប់ធ្វើ​សកម្មភាព សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​ត្រូវ​ផ្តល់ព័ត៌មាន ភ្ជាប់​ជាមួយ​អំពី ការអនុញ្ញាត​របស់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​នៅក្នុង​ករណីនេះ មាន​ជាអាទិ៍ អាជ្ញាប័ណ្ណ​របស់ ក្រសួង​ព័ត៌មាន ។​

​ក្រសួង​សេដ្ឋកិច្ច បាន​បន្តទៀតថា ដោយសារ​កិច្ចប្រតិបត្តិការ របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA នេះ ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច នៃ​ការចុះបញ្ជី ឬ​ផ្តល់​អាជ្ញាប័ណ្ណ និង​ការគ្រប់គ្រង ត្រួតពិនិត្យ​របស់ ក្រសួង​ព័ត៌មាន ដូច្នេះ​សូម​លោក​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ជំរុញ​វិទ្យុ​ទាំងពីរ​នេះ ផ្តល់​កិច្ចសហការ ឬ​បើ​ពុំនោះសោត សូម​ក្រសួង​ព័ត៌មាន ចាត់វិធានការ​តឹងរឹង​ចាំបាច់ ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់ ជា​ធរមាន​ចំពោះ វិទ្យុ​ទាំងពីរ​នេះ​៕N​/S
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners