ចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្ម... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ វ៉ៃខ្នោះភ្លាមៗ ដោយសារជេរប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់កូនខ្មែរ និងកងទ័ពរបស់ជាតិ

(ថ្ងៃទី 13 សីហា 2017, ម៉ោង 05:41:PM) | ដោយ: កូឡាប

ក- ក+ | Print

ភ្នំពេញ: លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារនៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ ។យោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ ឲ្យដឹងនៅនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។


មន្ត្រីប៉ូលិសថា៖ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ប្រមាថដល់កងទ័ពរបស់ខ្មែរដោយ ខ្លឹមសារយ៉ាងដូច្នេះថា៖ ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ។គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង ។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ។ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានឲ្យដឹងថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា បានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានន​គរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង។ ចំណែកមន្រ្តីយោធាកំពូលៗរបស់កម្ពុជា ក៏បានបញ្ជាក់ថា បងប្អូនកងទ័ពកំពុងមានកំហឹងយ៉ាងខ្លាំងជាមួយលោក សួន សេរីរដ្ឋា, ហើយនៅពេលនេះជាការល្អទៅវិញទេ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាន់ពេល បើមិនដូច្នេះបងប្អូនកងទ័ពនឹងមិនអត់អោនឲ្យ ជនប្រមាថជាតិខ្មែរ សួន សេរីរដ្ឋា នោះទេ ប្រាកដជាទៅរករឿងមិនខាន។ គេថា៖ លោក សួន សេរីរដ្ឋា ទៅដេកនៅក្នុងគុកប្រសើរជាងនៅខាងក្រៅ ព្រោះបើនៅខាងក្រៅអាច នឹងមានបញ្ហាដល់អាយុជីវិត ដោយសារកំហឹងរបស់បងប្អូនកងទ័ព។

សូមបញ្ជាក់ថាក្នុងគេហទំព័រដែលមានឈ្មោះថា Sereyratha.info  បានសរសេរអត្ថបទមួយមានចំណងជើងថា សួន សេរីរដ្ឋា ៖ បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេលាវមែន កូនខ្មែរកងទ័ពជាតិនឹងស្លាប់យ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹកគគ្រេង

ជាមួយនឹងការចេញសារនយោបាយជំរុញឲ្យពលរដ្ឋខ្មែរ និងយុវជនខ្មែរ ជួយគាំទ្រស្មារតីប្រយុទ្ធរបស់កងទ័ពជាតិខ្មែរ ប្រសិនបើមានសង្គ្រាមផ្ទុះឡើងជាមួយនឹងប្រទេសលាវ ដូចដែលកន្លងមកមានសង្គ្រាមផ្ទុះឡើងជាមួយនឹងប្រទេសសៀមនោះ លោក សួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ ក៏មិនភ្លេចនឹងធ្វើការបកស្រាយបំភ្លឺករណីរំសើបមួយចំនួន នៃផលដែលកើតចេញពីសង្គ្រាមនេះផងដែរ ។ នៅក្នុងសារនយោបាយដែលបានសរសេរបង្ហោះលើទំព័រហ្វេសបុករបស់ខ្លួន លោក សួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ បានសរសេរចំអកឲ្យលោក ហ៊ុន សែន ថាល្បិច «សាមកុក»របស់លោក ហ៊ុន សែន គឺកំពុង «បែកកុក» ។ ព្រោះទើបញ្ជារទ័ពឲ្យត្រៀមប្រយុទ្ធ និងដាក់ឱសានវាទឲ្យសត្រូវ តែឱនក្បាលចូលបន្ទាយសត្រូវសុំចរចា ។

លោក សួន សេរីរដ្ឋា បានសរសេរថា ៖ សាមកុក របស់លោក ហ៊ុន សែន កំពុង បែកកុក ! សេនាប្រមុខ ដាក់បញ្ជារឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា ! ។ នេះគឺចង់បញ្ជាក់ថាលោក ហ៊ុន សែន គឺបានធ្វើឲ្យចាញ់នយោបាយការទូត និងបំបាក់ទឹកចិត្តស្មារតីកងទ័ប្រយុទ្ធ ។ ព្រោះលាវជាអ្នកបញ្ជូនកងទ័ពមកឈរជើងឈ្លានពានដីខ្មែរ រឿងអីដែលខ្មែរ ត្រូវសុំលាវចរចាទៅវិញ ? ហើយបើសុំលាវចរចាដដែលៗ ហេតុអ្វីចាំបាច់បញ្ជារកងទ័ពឲ្យចល័តចូលសមរភូមិប្រយុទ្ធ ?

លោក សួន សេរីរដ្ឋា សរសេរវិភាគតាមហេតុផលមួយចំនួនដោយបញ្ជាក់ពីលទ្ធផល ដែលវាអាចកើតឡើងស្រដៀងគ្នាជាមួយនឹងសង្គ្រាមដែលធ្លាប់កើតឡើងជាមួយប្រទេសសៀមថា ៖ ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង ! ។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ ។

ទោះជាលោក សួន សេរីរដ្ឋា បានបង្ហាញពីផលវិបាកនៃសង្គ្រាម និងលទ្ធនេះទុកជាមុនក៏ដោយ ក៏គាត់ (សួន សេរីរដ្ឋា) នៅតែបន្តលើកទឹកចិត្តដល់ពលរដ្ឋ និងយុវជនខ្មែរ ថាត្រូវតែជួយកងទ័ពខ្មែរអ្នកស្នេហាជាតិ អ្នកការពារទឹកដី ។ ដោយលោកសរសេរថា ៖ តែទោះបីយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាមដើម្បីដំឡើងមុខ ដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរៈជនបំភាន់យើងក៏ដោយ ក៏សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកទឹកចិត្ត និងជួយគ្រប់យ៉ាងដែលអាចជួយបានដល់កងទ័ពជាតិរបស់យើងដែលតែងយកទ្រូងទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ ។
សូមបញ្ជាក់ថា នៅក្នុងពេលដែលលោក ហ៊ុន សែន ធ្វើជាខ្លាំងដាក់ឱសានវាតចំនួន ៦ ថ្ងៃឲ្យប្រទេសលាវនោះ នៅថ្ងៃនេះ លោក ហ៊ុន សែន បានចេញដំណើរទៅប្រទេសលាវ សុំជួបចរចាជាមួយនឹងប្រទេសលាវហើយ ៕





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners