មន្ត្រីបក្សប្រឆាំងសុំអន្តរាគមន៍ពីអាមេរិកជួយឲ្យ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

មន្ត្រី​បក្សប្រឆាំង​សុំ​អន្តរាគមន៍​ពី​អាមេរិក​ជួយ​ឲ្យ​សមរង្ស៊ី​វិល​មក​កម្ពុជា មិន​ប្រឈម​ការចាប់ខ្លួន​ដាក់ពន្ធនាគារ

(ថ្ងៃទី 19 កក្កដា 2010, ម៉ោង 04:22:PM) | ដោយ: សុភ័ក្ត្រ

ក- ក+ | Print

ភ្នំពេញ: ​នៅក្នុង​ជំនួប​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១០ រវាង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ជាមួយ​លោក វី​លលៀម ប៊េ​នឺ អនុ​រដ្ឋលេខា​ក្រសួង​ការបរទេស​អាមេរិក នៅឯ​ស្ថានទូត​អាមេរិក​នៃ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​នោះ មន្ត្រី​គណបក្សប្រឆាំង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ជួយ​អន្តរាគមន៍​នាំ​លោក សម រង្ស៊ី ដែល​កំពុង​ភៀសខ្លួន មានឱកាស​វិល​មក​កម្ពុជា​វិញ ដោយ​មិន​ប្រឈម​នឹង​ការចាប់ខ្លួន​ដាក់ពន្ធនាគារ និង​សុំ​ជួយ​ធានា​កុំឲ្យ​មាន​ការរំលោភ​សិទ្ធិ​អ្នកតំ​ណាង​រាស្ត្រ ។​

​    ​ក្រោយពី​ជំនួប​នោះ​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី​បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្រៅរបង​ស្ថានទូត​អាមេរិក​ថា លោក​បាន​ជំរាប​លោក វី​លលៀម ប៊េ​នឺ អំពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ការធ្លាក់ចុះ​នៃ​ការគោរព​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​រំលោភសិទ្ធិ​នយោបាយ រួម​ទាំង​ការរំលោភ​សិទ្ធិ​អ្នកតំណាងរាស្ត្រ ជាពិសេស​ករណី​លោក​ស្រី​មូរ សុខ​ហួរ និង​លោក​សម រង្ស៊ី ។​

​    ​លោក យឹម សុវណ្ណ បញ្ជាក់ទៀតថា គណបក្ស សមរង្ស៊ី បាន​ស្នើសុំ​ទៅ​រដ្ឋាភិបាល​អាមេរិក ជួយ​ធ្វើ​យ៉ាងម៉េច ដើម្បី​ការពារ​កុំឲ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស និង​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​ឲ្យស្រប តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ។​

​    ​លោក វី​លលៀម ប៊េ​នឺ បាន​មានប្រសាសន៍​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​១៨ កក្កដា ២០១០ នៅឯ​សារមន្ទីរ​ជាតិ​ថា ទាក់ទង​នឹង​ជំនួប​ជាមួយ​លោកស្រី មូរ សុខ​ហួរ និង​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី នា​ថ្ងៃ​១៧ កក្កដា ២០១០ លោក​បាន​ស្តាប់​លោក ស្រី​មូរ សុខ​ហួរ រៀបរាប់​ពី​ការ​រឹតត្បិត សេរីភាព​បញ្ចេញមតិ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ លោក​បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា សហរដ្ឋអាមេរិក​ជា​ទូទៅ​បាន​គាំទ្រ ឲ្យមាន​ការគោរព​នូវ​សេរីភាព​បញ្ចេញមតិ ឲ្យ​បតាមរ​ដ្ឋ​ធម្មនុញ្ញនៃប្រ​ទេស​កម្ពុជា ។

​    ​ដោយឡែក​លោក ទិត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​យ៉ាង​នេះ​ថា រាល់​ការវិនិច្ឆ័យ​សម្រេចសេចក្តី​ណាមួយ​ពី​សំណាក់ តុលាការ​កម្ពុជា គឺ​ធ្វើ​ដោយ​ឯករាជ្យ យោង​តាម​ភស្តុតាង និង​ស្ថិត​នៅក្រោម​អធិបតេយ្យភាព នៃ​ប្រទេស​កម្ពុជា និង​អនុវត្ត​តាម​ច្បាប់​កម្ពុជា ។​

​    ​លោក ទិត សុធា បាន​មានប្រសាសន៍​ទៀតថា រាល់​ការព្យាយាម លើកឡើង​របស់​ក្រុមមន្ត្រី​គណបក្សប្រឆាំង​ជម្រាប​លោក​វិល​លៀម​ប៊េ​នឺ គឺ​គ្រាន់តែ​ជា​ការប៉ុនប៉ង​បិទបាំង​កំហុស​លោក​សម រង្ស៊ី និង​លោកស្រី មូរ សុខ​ហួរ ក្នុង​ការទាក់ទាញ​ចំណាប់ អារម្មណ៍​រដ្ឋាភិបាល​អាមេរិក ជួយ​អន្តរាគមន៍​ផ្នែក​ការទូត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​លោក​សម រង្ស៊ី វិល​មក​វិញ​នោះ គឺជា​ការ​អត់​ប្រយោជន៍​ទេ ពីព្រោះ​ជា​ការអនុវត្តន៍​ច្បាប់ តាមរយៈ​ស្ថាប័ន​តុលាការ ស្ថិតនៅ​ក្នុង​អធិបតេយ្យ​កម្ពុជា ។ កម្ពុជា​ពុំ​មាន​ការព្រួយបារម្ភ​ណាមួយ ចំពោះ​ការស្នើសុំ​របស់​មន្ត្រី​គណបក្សប្រឆាំង សុំ​ឲ្យ​អាមេរិកដា​ក់​គំនាប​ការទូត​ណាមួយ មកលើ​ប្រទេស​កម្ពុជា​ឡើយ ។

​    ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១០ កន្លងមកនេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចុះហត្ថលេខា​លើ​លិខិត រួមគ្នា​ដោយ​ទូល​សុំ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ព្រះ​មេត្តា​ចាត់​វិធានការ​ចំពោះ​ចៅក្រម​ទាំងឡាយណា ដែល​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ត្រឹមត្រូវ តាម​ច្បាប់​ជា​ពិសេស​ចៅក្រម ដែល​បាន​ចូលរួម​សម្រេចសេចក្តី​លើ​ករណី​លោក​ស្រី​មូរ សុខ​ហួរ​, សម រង្ស៊ី ដើម្បី​ធានា​ឯករាជ្យភាព​អព្យាក្រឹត្យភាព និង​ភាពយុត្តិធម៌​នៅក្នុង​ប្រព័ន្ធ​តុលាការ ដូច​មានចែង​ក្នុង​មាត្រា ១៣២ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ៕
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners