ចំនួននិស្សិតរៀន ទីផ្សារមូលបត្រ កើនឡើងទ្វេដង | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ចំនួន​និស្សិត​រៀន ទីផ្សារ​មូល​ប​ត្រ កើនឡើង​ទ្វេដង

(ថ្ងៃទី 2 កក្កដា 2012, ម៉ោង 10:49:AM) | ដោយ: ពិទូរ្យ​

ក- ក+ | Print

ភ្នំពេញ: វិទ្យាស្ថាន​ហិរញ្ញវត្ថុ ដែល​ទើបតែ​បើក បាន​រយៈពេល ២​ឆ្នាំ កំពុងតែ​ដំណើរការ​យ៉ាង​រលូន ទោះបីជា​ផ្សារ​ហ៊ុន ឬ​ផ្សារ​មូលប័ត្រ កំពុងតែ​ធ្លាក់ចុះ​ក៏ដោយ​។ ចំនួន​និស្សិត បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ពោលគឺ​បួន​រយ​នាក់​នៅ​ឆ្នាំ​ដំបូង បើ​គិត​មកដល់ពេលនេះ មាន​ចំនួន​សិស្ស​សរុប​ជិត ១.០០០ នាក់​។​

​ប្រហែលជា​ម៉ោង ៥ និង ៣០ នាទី ល្ងាច នៅលើ​ដងផ្លូវ​ព្រះមុនីវង្ស មានការ​កកស្ទះ ចរាចរណ៍ នៅ​ទល់មុខ​វិទ្យាល័យ​បឹងត្របែក ក្នុង​រាជធានី​ភ្នំពេញ​។ គេ​ឃើញ​មាន​ឡាន ឡង់​គ្រឹ​ស័​រ លុច​ស៊ី​ស កាមរី​បា​ឡែ​ន និង​ឡាន​ម៉ាក​ផ្សេងៗ​ទៀត ដែលមាន​តំលៃ​ខ្ពង់​ម៉ឺន​ដុល្លារ ចត​នៅមុខ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​។
​បុរស​ម្នាក់​ដែលជា​សន្តិសុខ​នៅ​សាលា​នោះ បាន​ឈរ​បញ្ជា ម្តង​លើកដៃ ឆ្វេង ម្តង​ស្តាំ ជាមួយនឹង​សំឡេង​កញ្ចែ ដើម្បី​ស្វះស្វែង រក​កន្លែង​ឲ្យ​ម្ចាស់​រថយន្ត​ចត​។
​អ្នក​ដែល​ចេញពី​ក្នុង​ឡាន​ទាំងនោះ ដើរ​សំដៅ​យ៉ាង​លឿន ចូលក្នុង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ ក៏​ព្រោះតែ​ពួកគេ​មក​យឺត​ពេល​ប្រហែលជា ១៥ នាទី​ទៅហើយ ដៃ​ខាងស្តាំ កាន់ការ​បូ​ប​រាង​បួន​ជ្រុង ស្តើង តូច​ល្មម ដៃ​ឆ្វេង​កាន់​ទូរស័ព្ទ I phone ពណ៌​ស និង​មាន​ត្បួ​ង​ដាំ​ព័ទ្ធជុំវិញ ហើយ​មិនតិចជាង​ពីរ បានធ្វើ​ដំនើរ​ចូលទៅ​កាន់​អគារ​មួយ ដែលមាន​ឈ្មោះថា វិទ្យាស្ថាន ហិរញ្ញវត្ថុ​កម្ពុជា​។ គាត់​គឺជា​និស្សិត​ម្នាក់ ក្នុងចំណោម​និស្សិត រាប់រយ​នាក់​ផ្សេងទៀត ដែល​កំពុង​បន្ត​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ នៅក្នុង​វិទ្យាស្ថាន​នេះ​។​

​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា មាន​ទីតាំង​ទល់មុខ​វិទ្យាល័យ​បឹងត្របែក ស្ថិតនៅលើ​ដង​វិថី​ព្រះមុនីវង្ស​។ បើ​គេ​ក្រឡេកមើល គេ​ច្បាស់​ជា​ឃើញ​អគារ​មាន​កំពស់ ៣ ជាន់ ដែល​បំពាក់​ដោយ​កញ្ចក់​ពី​ខាងក្រៅ ដែលមាន​ពណ៌​ផ្ទៃមេឃ ហើយ​មាន​អក្សរ​ដែល​គេ​សរសេរថា "​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​" Financial Institute Of Cambodia ដែល​ហៅ​កាត់​ថា FIC​។​
 អគារ​នេះ មិនមែន​សម្រាប់តែ​សិស្សសាលា ដែលមាន​បំណង​ចង់​បន្ត​យក​បរិញ្ញាប័ត្រ​រង បរិញ្ញាប័ត្រ ឬ​អនុបណ្ឌិត​នោះឡើយ គឺ​វិទ្យាស្ថាន​មួយ​នេះ បាន​ដើ​តួរ​នាទី​យ៉ាងសំខាន់ ចំពោះ​ប្រជាជន​ទូទៅ ដែលមាន​បំណង​ចង់ដឹង ចង់​ចេះ និង​ចង់​យល់​ពីអ្វី ដែល​ហៅថា ផ្សា​មូលប័ត្រ (​ផ្សារ​ហ៊ុន​) ដែល​កំពុងតែ​ដំណើរ​ការលក់ នៅ​ប្រទេស​កម្ពុជា​។​

​វិទ្យាស្ថាន FIC ចាប់ផ្តើម​ដំណើរការ កាលពី​ខែមិថុនា ឆ្នាំ​២០១០ ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​វិទ្យាស្ថាន​មូល​ប​ត្រ​ហុងកុង​។
​ចាប់ពី​ពេល​ដំណើរការ​រហូតដល់​ពេល​នេះ ចំនួន​សិស្ស​មាន​សរុប​ប្រហែលជា ១.០០០ នាក់​។ ក្នុងនោះ ៧០ភាគរយ ជា​មេធាវី និងបុគ្គលិកផ្សារមូលប័ត្រ ២០ ភាគរយ​ជា អាជីវករ និង ១០ ភាគរយ មកពី NGO​។ ចំណែក​គ្រូ​បណ្តុះបណ្តាល សុទ្ធសឹង​ជា​សាស្ត្រាចារ្យ សរុប ៣១​នាក់ ដែល​ធ្លាប់​ទទួល​ការសិក្សា នៅ​បរទេស ដូចជា អាមេរិក និង​ប្រទេស​បារាំង ជាដើម​។
​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដែល​វិទ្យាស្ថាន​នេះ ដំណើរការ​នៅ​ឆ្នាំ​ដំបូង គឺមាន​ចំនួន​សិស្ស​ត្រឹមតែ​ជាង ៤០០ នាក់ ស្រប​ពេលដែល​ទីផ្សារ​ហ៊ុន​កម្ពុជា កំពុង​ចាប់ផ្តើម​ដំណើរការ​។ វត្តមាន​នៃ​អ្នក​ចុះឈ្មោះ​ចូល​សិក្សា​មានការ​កើនឡើង​ទ្វេដង ក្នុង​ឆ្នាំ​២០១២​។​

​សប្បុរស និង​មានមុខមាត់​ជា​កូនកាត់​ចិន អាយុ ប្រហែល ៥០ ឆ្នាំ ហើយ​មាន​ភាព​រួសរាយ លោក ស៊ន សុខណា នាយក​នៃ​វិទ្យាស្ថាន FIC បាន​ឲ្យ​ដឹងថា “​មូលហេតុ​ដែល​ខ្ញុំ​បង្កើត​សាលា​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​ឲ្យ​សិស្ស និស្សិត យល់ដឹង​អំពី​ផ្សារ​ហ៊ុន​នេះ កាន់តែច្រើន ឲ្យ​ពួកគាត់​មានការ​ចេះដឹង សំខាន់​ការចេះដឹង​នេះ​មិនមែន សម្រាប់​ឲ្យ​ពួកគាត់​មក​ទិញ​ហ៊ុន​នោះទេ ឲ្យ​គាត់​ចេះដឹង​គឺ​ដើម្បី​ពិចារណា ថា​តើ​អាច​ទិញ ឬ​មិន​ទិញ ឬ​ដើម្បី​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​ហ្នឹង​”​។​

​ទោះបីជា​តំលៃ​ហ៊ុន ដែល​កំពុងតែ​ដំណើរការ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា មាន​ភាព​ធ្លាក់ចុះ​ក៏ដោយ តែ​វា​មិនមាន​សញ្ញា​អវិជ្ជមាន​ណាមួយ សម្រាប់​វិទ្យាស្ថាន​របស់លោក​ទេ​។
​លោកនាយក​វិទ្យាស្ថាន ស៊ន សុខណា បាន​បន្តថា “​និស្សិត​ភាគច្រើន ដែល​មក​សិក្សា​នៅទីនេះ គឺ​ពួកគាត់​មាន​គោលបំណង​ខុសៗ​គ្នា អ្នកខ្លះ សិក្សា​ដើម្បី ការយល់ដឹង និង​អ្នក​ខ្លះទៀត ដើម្បី​ទិញ ឬ​លក់​ហ៊ុន​ផ្ទាល់​ក៏មាន​។ ខ្លះទៀត ក៏បាន​ចូល​បំរើ​ការងារ​ក្នុង​វិស័យ​ផ្សារ​ហ៊ុន​នេះ ហើយ​ជាក់ស្តែង ពួកគាត់​មាន​សមត្ថភាព ក្រោយពី​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ពី​វិទ្យាស្ថាន​។​ដូចនេះ​វា​មិនមាន​ផលប៉ះពាល់​ទេ​”​។​

​នៅក្នុង​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា មាន​វគ្គ​សិក្សា ដែល​ចែកចេញជា​បួន​វគ្គ​ធំៗ ហើយ​តំលៃ​អាចមាន​ចន្លោះ​ពី ១៨០ រហូតដល់ ៥០០ ដុល្លារ​។ ១-​សញ្ញាបត្រ​ឯកទេស​ជាន់ខ្ពស់​ផ្នែក​ទីផ្សា​មូល​ប​ត្រ​។ ២-​បណ្តុះបណ្តាល ជំនាញ​ឯកទេស​គណនេយ្យ និងហិរញ្ញវត្ថុ​។ ៣-​ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​-ពន្ធដារ។ ៤-​បណ្តុះបណ្តាល​ផ្នែក​ភាសា អង់គ្លេស និង​កំ​ព្យូ​ទ័​រ​។​
​    ​
​យុវជន វ៉ា សាម​ឌី អាយុ ១៩​ឆ្នាំ ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច សព្វថ្ងៃ​យុវជន​រូបនេះ បាន​បន្ថែម​ការសិក្សា​យ​ក​ជំនាញ​មួយទៀត នៅ​វិទ្យាស្ថាន FIC ផ្នែក​ទីផ្សា​មូល​ប​ត្រ​។​
 សាម​ឌី និយាយថា “​ខ្ញុំ​ជ្រើសរើស​វគ្គ​នេះ ព្រោះ​ខ្ញុំ​គិតថា វា​ជាវ​គ្គ​សិក្សា​ថ្មី ហើយ​អ្នក ដែល​ចេះ​នូវ​មុខវិជ្ជា​នេះ​តិចតួច​។ ដូចនេះ​វា ធ្វើ​ឲ្យ​ខ្ញុំ​មានឱកាស​ការងារ​ខ្ពស់​”​។

​បើទោះជា​ទីផ្សារ​ហ៊ុន ក្នុងប្រទេស​កម្ពុជា កំពុងតែបន្ត​ធ្លាក់ចុះ ឬ​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ​ក៏ដោយ តែ​សាម​ឌី មិន​ធ្លាប់​គិតថា គេ​ចំណាយពេល​អត់​ប្រយោជន៍ សម្រាប់​ការសិក្សា​ទីផ្សារ​មូល​ប​ត្រ​នេះឡើយ​។​
 និស្សិត​រូបនេះ អះអាងថា ដោយសារតែ​គេ​រៀន​ផ្នែក​សេដ្ឋកិច្ច ទើប​ធ្វើ​ឲ្យ​គេ​មិនមាន​ការបារម្ភ​ពី​ដំណើរការ​នៃ​ផ្សារ​ហ៊ុន ដែល​កំពុងតែបន្ត​ធ្លាក់ចុះ ព្រោះ​ទោះជា​យ៉ាងណា ក៏​មុខវិជ្ជា​នេះ វា​ជា​ជំនួយ​មួយផ្នែក​ទៀត ជួយ​ក្នុង​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច ដែល​សាម​ឌី កំពុងតែ​រៀន​រាល់ថ្ងៃ​។

​សាម​ឌី សំរេចចិត្ត​រៀន​ផ្សា​រមូល​ប​ត្រ​នេះ ព្រោះ​យុវជន​រូបនេះ សង្ឃឹមថា នឹង​ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​។​

​ចំណែក​កញ្ញា ស្រេង វួ​ច​ម៉េង អាយុ ២៤​ឆ្នាំ ជា​សិស្ស​ផ្នែក​ធនាគា និង​ហិរញ្ញវត្ថុ បាន​និយាយថា ដោយសារតែ​ឃើញថា បណ្តា​វិស័យ​ធនាគារ​នៅ​ស្រុក​ខ្មែរ​យើង​ឥឡូវ មានការ​រីកចំរើន​ច្រើន ទន្ទឹមនឹង​ការរីកចំរើន​នៅក្នុង​វិស័យ​ធនាគារ​នោះ វា​មានការ​រីកចំរើន​មួយទៀត ទាក់ទង​ទៅនឹង​វិស័យ​ហិរញ្ញវត្ថុ ដូចនេះហើយ​បានជា​កញ្ញា ជ្រើសរើស​មុខវិជ្ជា ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​។ ក្នុងនោះដែរ វិទ្យាស្ថាន បាន​បង្រៀន​នូវ​ជំនាញ​ឯកទេស​អំពី​ទីផ្សា​មូល​ប​ត្រ ដោយសារតែ​វិស័យ​ទាំងពីរ វា​ទាក់ទង​គ្នា ទើប​កញ្ញា សម្រេចយក​ជំនាញ​នេះ​។ ក្រោយពេល​បញ្ចប់​ការសិក្សា កញ្ញា​បានទទួល​ទាំង​សញ្ញាបត្រ និង​ជំនាញ ច្បាស់លាស់​ពី​ផ្សា​រមូល​ប​ត្រ​។

​ជាក់ស្តែង បុគ្គលិក ដែលមាន​ចំណេះដឹង​ស្ទាត់ជំនាញ​នៃ​ទីផ្សារ​មូល​ប​ត្រ កម្ពុជា គឺជា​សិស្ស​ដែល​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផ្សា​រមូល​ប​ត្រ នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​ពួកគាត់​មុននឹង​បាន​តំណែង ជា​បុគ្គលិក​ជំនាញ​នៅ​ទីផ្សា​នោះ គឺ​សុទ្ធតែ​ធ្វើការ​ប្រលង​ជាមុន​។ ដូចនេះ បើ​គ្មាន​ជំនាញ​ច្បាស់លាស់​ទេ ពួកគេ​ក៏​មិន​មានឱកាស​ធ្វើការ​នៅ​ផ្សា​រមូល​ប​ត្រ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ន សុខណា នាយក​នៃ​វិទ្យាស្ថាន ហិរញ្ញវត្ថុ​កម្ពុជា​។​

​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា (Financial Institute Of Cambodia) កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បណ្តុះបណ្តាល​ដ​ល់​សិស្ស និស្សិត នូវ​ជំនាញ​ឯកទេស ផ្នែក​ផ្សារ​មូល​ប​ត្រ ជាពិសេស​បុគ្គលិក ដែល​កំពុង​បំរើការ​ងារ​នៅ​ទីផ្សារ​ហ៊ុន​សព្វថ្ងៃ គឺ​សុទ្ធសឹងតែ​ជា​និស្សិត ដែល​បាន​ឆ្លងកាត់​ការសិក្សា​ពី​ជំនាញ​ផ្សារ​ហ៊ុន​នៅ​វិទ្យាស្ថាន ហិរញ្ញវត្ថុ​កម្ពុជា (FIC)៕​
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners