ភ្នាក់ងារលក់វត្ថុបុរាណ នៅអង់គ្លេស ស្ម័គ្រចិត្តប... | ដំណឹងក្នុងប្រទេស:គួរចាប់អារម្មណ៌ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ភ្នាក់ងារ​លក់​វត្ថុ​បុរាណ នៅ​អង់គ្លេស ស្ម័គ្រចិត្ត​ប្រគល់​ឈុត​គ្រឿង អលង្ការ​មាស សម្រាប់​លម្អរូប​ចម្លាក់​ថ្ម ដែលមាន​អាយុកាល ក្នុងសម័យ​អង្គរ ជូន​កម្ពុជា​វិញ​

(ថ្ងៃទី 22 មេសា 2017, ម៉ោង 10:00:AM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ង​ទី​២១ មេសា​នេះ បាន​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការទទួល​មកវិញ នូវ​ឈុត​គ្រឿងអលង្ការ​មាស របស់​ខ្មែរ នា​សម័យអង្គរ​។​


​បើតាម​ក្រសួង​វប្បធម៌ បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Jonhnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់ ឈុត​គ្រឿងអលង្ការ​មាស សម្រាប់​លម្អរូប​ចម្លាក់​ថ្ម ដែលមាន​អាយុកាល ក្នុងសម័យ​អង្គរ ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ចក្រភព​អង់គ្លេស នាទី​ក្រុង​ឡុង​ដ៍ ដោយមាន​ការចូលរួម ពី​សំណាក់​លោកស្រី ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ចក្រភព​អង់គ្លេស និង​មន្ត្រី​ជំនាញ​នៃ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី Katherine McGinn មន្ត្រី​ការិយាល័យ ទទួលបន្ទុក​កិច្ចការ ប្រចាំ​ប្រទេស​កម្ពុជា ឡាវ សឹង្ហ​បុរី អាស៊ាន និង ASEM នៃ​ក្រសួងការបរទេស និង The Commonwealth នៃ​ចក្រភព​អង់គ្លេស លោកស្រី DC Sophie V.Hayes ទទួលបន្ទុក​កិច្ចការ​សិល្បៈ និង​បុរាណ​នៃ​ស្នងការដ្ឋាន នគរបាល​ក្រុង​ឡុង​ដ៍ នាយកដ្ឋាន​វប្បធម៌ ផ្សព្វផ្សាយ និង​កីឡា និង​លោក Nell F. Perry អ្នកជំនាញ​អភិរក្ស តំណាង​ភ្នាក់ងារ លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ។​

​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួល​ព័ត៌មាន​ថា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art បានប្រកាស​ដាក់តាំង លក់​វត្ថុ​បុរាណ ឥណ្ឌា និង​អាស៊ីអាគ្នេយ៍ នៅ​ស្នាក់ការ​របស់ខ្លួន នាទី​ក្រុង​ឡុង​ដ៍ អាសយដ្ឋាន 37 Bury Street, st. James's, London, SW1Y 6AU ចាប់ពី​ថ្ងៃទី​៣ ដល់ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ក្នុងនេះ មាន​ឈុត​គ្រឿងអលង្ការ​មាស សម្រាប់​លម្អរូប​ចម្លាក់​ថ្ម ដែល​វត្ថុ​បុរាណ​នេះ ធ្លាប់បាន​ផ្សព្វផ្សាយ ក្នុង​សៀវភៅ Khmer Gold: Gifts for the Gods និពន្ធ​រួម​ដោយ​លោកស្រី Emma C.Bunker និង​លោក Douglas A.J. Latchford នា​ឆ្នាំ ២០០៨ ។​

​ទទួលបាន​ដំណឹង​នេះ​ភ្លាម ក្រសួង​វប្បធម៌ និ វិចិត្រសិល្បៈ បាន​ជូនដំណឹង ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​ទទួលបាន​សេចក្តីណែនាំ ជាបន្ទាន់​មួយ ដើម្បី​ធ្វើការ​ទាមទារ សុំ​ឲ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ដក​ចេញពី​បញ្ជី​លក់ និង​សម្របសម្រួល បញ្ជូនមក​កម្ពុជា​វិញ ដោយ​ភាគី​កម្ពុជា បានផ្តល់​សក្ខីកម្ម យ៉ាងច្បាស់​ថា វត្ថុ​បុរាណ​នេះ ជា​កម្មសិទ្ធិ​តែមួយគត់ របស់​កម្ពុជា តាមរយៈ​ក្បូរ​ក្បាច់រចនា ដែល​មានតែ​ក្នុង​រចនាបថ​សិល្បៈ​ខ្មែរ មួយគត់ ហើយ​ដែល​ត្រូវបាន​យកចេញ ដោយ​ខុសច្បាប់​ពី​កម្ពុជា ។​

​រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្តែង​ការកោតសរសើរ ដល់​រាជរដ្ឋាភិបាល នៃ​ចក្រភព​អង់គ្លេស ដែល​បាន​ខ្នះខ្នែង​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាមទារ វត្ថុ​បុរាណ​នេះ មក​ឲ្យ​កម្ពុជា​វិញ និង​សូម​ថ្លែងអំណរគុណ​ផងដែរ ដល់​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asia Art ដែលមាន​សុ​ឆន្ទៈ និង​សហការ​បានល្អ​ប្រសើរ ជាមួយ​អាជ្ញាធរ ក្នុងការ​សម្របសម្រួល ប្រគល់​វត្ថុ​បុរាណ​នេះ ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ។

​ក្នុងឱកាស​នេះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំណាប់អារម្មណ៍​ថា ៖ ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការនាំ​ត្រឡប់មកវិញ នូវ​រតនវត្ថុ របស់​ជាតិ នាពេលនេះ គឺជា​មង្គល​ដ៏​ឧ​ត្ត​ម​មួយ របស់​ប្រទេស ក៏ដូចជា ចំណងដៃ​មួយ​ដ៏​ថ្លៃថ្លា ជូន​ប្រជាជន​កម្ពុជា ទាំងមូល នាឱកាស​ឆ្នាំ​ថ្មី​នេះដែរ ។​

​ការប្រគល់​ត្រឡប់មកវិញ ដោយ​ការស្ម័គ្រចិត្ត​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី ការលើកតម្លៃ សម្បត្តិ​វប្បធម៌​កម្ពុជា និង​ក្រមសីលធម៌ នៃ​អ្នកធ្វើ​សមុច្ច័យ វត្ថុ​បុរាណ មានការ​ប្រសើរឡើង និង​សូម​លើកទឹកចិត្ត ដល់​បុគ្គល​ដល់​សារមន្ទីរ ក្រុមហ៊ុន ក៏ដូចជា ស្ថាប័ន​នានា លើ​សកលលោក ដែល​កំពុង​តាំង​បង្ហាញ និង​រក្សាទុក​វត្ថុ​បុរាណ របស់​កម្ពុជា សូម​សហការ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា តាមរយៈ​ស្ថានទូត​កម្ពុជា នៅតាម​ប្រទេស​នីមួយៗ ក្នុងការ​ស្ម័គ្រចិត្ត ប្រគល់​វត្ថុ​បុរាណ ទាំងនោះ មក​កម្ពុជា​វិញ ។ កម្ពុជា​ចាត់ទុកថា ទង្វើ​ដ៏​ថ្លៃថ្លា​នេះ មិន​ត្រឹមតែ​បង្ហាញ ពី​ការចូលរួម​លើក​តម្លៃ ដល់​វប្បធម៌ នៃ​ជាតិ​សាសន៍​មួយ ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចូលរួមចំណែក ដ៏​ឧត្តុង្គឧត្តម ក្នុងការ​ផ្សះផ្សារ និង​ព្យាបាល​របួស​ផ្លូវចិត្ត របស់​ប្រជាជន​កម្ពុជា ដែល​ឆ្លងកាត់​សង្គ្រាម ស៊ីវិល​រ៉ាំរ៉ៃ និង​រងគ្រោះ​ពី​សោកនាដកម្ម និង​ទារុណកម្ម នៃ​អំពើ​ប្រល័យពូជសាសន៍ ខ្មែរក្រហម ៕N​/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners