កម្ពុជា ជាប្រទេសគំរូមួយ ដែលស្ថាប័នទេសចរណ៍ និងវប... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្ពុជា ជា​ប្រទេស​គំរូ​មួយ ដែល​ស្ថាប័ន​ទេសចរណ៍ និង​វប្បធម៌ ធ្វើការ​រួមគ្នា ដើម្បី​និរន្តរភាព នៃ​តំបន់​បេតិកភណ្ឌ​

(ថ្ងៃទី 16 មិថុនា 2017, ម៉ោង 12:50:PM) | ដោយ: អាជ្ញាធរ​ជាតិ​អប្សរា​

ក- ក+ | Print

​សៀមរាប: សន្និសីទ​អន្តរជាតិ នៃ​អង្គការ​យូណេស្កូ ស្តីពី​ទេសចរណ៍ ប្រកបដោយ​ចីរភាព និង​ទីក្រុង​បេតិកភណ្ឌ ដែល​បានរៀបចំ នៅលើ​ទឹកដី​អង្គរ នៃ​ខេត្តសៀមរាប បាន​បិទ​បញ្ចប់ ហើយ​នៅ​រសៀល ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។

​តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​គំរូ​មួយ ដែល​ស្ថាប័ន​ទេសចរណ៍ និង​វប្បធម៌ រួមសហការ​គ្នា​យ៉ាង​ល្អ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ និង​តំបន់​បេតិកភណ្ឌ មាន​និរន្តរភាព យូរអង្វែង​។​

​លោកស្រី អាន ឡឺ​ម៉េ​ស៍ (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា បាន​ហៅ​សន្និសីទ នាពេលនេះ​ថា វា​ជាការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ ដែល​នឹង​នាំ​ឲ្យ​ថ្នាក់ដឹកនាំ ប្រទេស​នានា គិតគូរ​លើ​ការអភិវឌ្ឍ ទីក្រុង​ដែលជា​បេតិកភណ្ឌ​។

​លោកស្រី​បញ្ជាក់ថា បេតិកភណ្ឌ គឺជា​បេតិកភណ្ឌ វា​មានតម្លៃ​ផ្ទាល់ខ្លួន ដែល​បង្ហាញ​នូវ អត្តសញ្ញាណ របស់​សហគមន៍ ណាមួយ មិន​ថា វា​ជា​បេតិកភណ្ឌ​ជាតិ ឬ​ជា​បេតិកភណ្ឌ ពិភពលោក​នោះទេ គឺ​យើង​ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​ឲ្យ​បានល្អ ដើម្បី​រក្សា​នូវ អត្តសញ្ញាណ នៃ​តំបន់​នោះ ឲ្យ​មាន​ចីរភាព​។​

​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និសីទ​នេះ​ថា សន្និសីទ​នេះ ពិតជា​បានសម្រេច លទ្ធផល​យ៉ាង ជោគជ័យ ដោយហេតុថា សមាជិក​ចូលរួម ដែល​មកពី​ជុំវិញ​ពិភពលោក មិន​ត្រឹមតែ​បង្ហាញ នូវ​បញ្ហា​ប្រឈម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​បានបង្ហាញ នូវ​ដំណោះស្រាយ តាមរយៈ​បទពិសោធន៍ នៃ​តំបន់​រៀងៗ​ខ្លួន ដែល​ជួយ​ឲ្យ​យើង អាច​យកមក​ដោះស្រាយ កង្វល់​នានា ដែល​កំពុង​កើតមានឡើង ក្នុង​ទីក្រុង​បេតិកភណ្ឌ របស់​កម្ពុជា​យើង​។​

​លោកជំទាវ បាន​បន្តថា ក្នុងដំណាក់កាល នៃ​ចរន្ត​សាកលភាវូបនីយកម្ម ទំនើបកម្ម ការរីក​សាយភាយ យ៉ាង​ឆាប់រហ័ស នៃ​នគរូបនីយកម្ម នាពេល​បច្ចុប្បន្ននេះ បាន​ក្លាយជា​ក្តីកង្វល់ យ៉ាងខ្លាំង ដែល​នាំទៅរក​ការបាត់បង់ ទីក្រុង​ចាស់ៗ ដែលមាន​តម្លៃ ជា​ប្រវត្តិសាស្ត្រ និង​ជា​បេតិកភណ្ឌ នៃ​មនុស្សជាតិ​។ ហេតុនេះហើយ ការពិភាក្សា ផ្លាស់ប្តូរ មតិយោបល់​គ្នា ដើម្បី​រៀបចំ​បង្កើត​នូវ វិធាន​ផ្សេងៗ ស្តីពី​ការអភិរក្ស និង​ថែរក្សា​សំណង់ បេតិកភណ្ឌ ដើម្បី​បន្ស៊ី​ជាមួយ​ច្បាប់ រៀបចំ​ក្រុង​ថ្មី ប្រកបដោយ​សង្គតិភាព ដែលមាន​រចនាសម្ព័ន្ធ នៃ​លំហ​សាធារណៈ លំហ​ធម្មជាតិ គឺជា​ចំណុច​សំខាន់ ដែល​អង្គ​សន្និសីទ ត្រូវ​យកចិត្តទុកដាក់ បង្កើតឡើង​។​

​លោកជំទាវ ជឿជាក់ថា ឆ្លងកាត់​ការធ្វើ​បទ​បង្ហាញ ការពិភាក្សា និង​ការធ្វើដំណើរ ទស្សនកិច្ច​សិក្សា ស្វែងយល់ នៅ​ទីក្រុង​បាត់ដំបង ដែលជា​ទីក្រុង​ចាស់​មួយ ពោរពេញ ដោយ សំណង់​ស្ថាបត្យកម្ម យ៉ាង​ប្រណីត ដែល​បន្សល់ទុក តាំងពី​សម័យ អាណាព្យាបាល បារាំង​មក ហើយ​ជា​ភស្តុតាង បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ និង​លក្ខណៈ​ដោយឡែក នៃ​ស្ថាបត្យកម្ម នៅ​កម្ពុជា ជាមួយនឹង​ដំណើរ​ទស្សនកិច្ច តំបន់​បេតិកភណ្ឌ ពិភពលោក ក្នុង​ខេត្តសៀមរាប​នេះ អង្គ​សន្និសីទ​ទាំងមូល ពិតជា​បាន​ដក​បទពិសោធន៍ និង​រៀនសូត្រ ជាច្រើន​ថែមទៀត ដើម្បី​រៀបចំ​ទេសចរណ៍ និង​ទីក្រុង​បេតិកភណ្ឌ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ និរន្តរភាព​។​

​មានប្រសាសន៍ ក្នុង​ពិធី​នេះដែរ លោកជំទាវ រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា កម្ពុ​ជាមាន​គម្រោង នឹង​រៀបចំ​ឯកសារ ដើម្បី​បញ្ចូល​ផ្នែក​ខ្លះ នៃ​ទីក្រុង​ចំនួន​៣ ចូលក្នុង​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក គឺ បាត់ដំបង កំពត និង​ក្រចេះ​។ ទោះជា​យ៉ាង ដំណើរការ​នេះ នៅមាន​ភាព​វែងឆ្ងាយ តទៅទៀត ដោយហេតុថា ការ​ចងក្រង​ឯកសារ ដើម្បី​បញ្ចូល​បេតិកភណ្ឌ​ជាតិ​មួយ ទៅជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ជា​រឿង​ស្មុគស្មាញ​ណាស់​៕N​/S








ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners