យុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹង... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

យុទ្ធនា​ការរុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​នឹង​ចាប់ផ្តើម​នៅក្នុង​សប្តាហ៍​ទី​៣​ខែកក្កដា​នេះ​

(ថ្ងៃទី 12 កក្កដា 2017, ម៉ោង 04:23:PM) | ដោយ: អាជ្ញាធរជាតិ​អប្សរា

ក- ក+ | Print

សៀមរាប: ការរុះរើ​សំណង់​ខុសច្បាប់​ជាង​៥០០​ករណី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាច​នឹង​ធ្វើឡើង​ក្នុងអំឡុង​សប្តាហ៍​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខនេះ​។ ការរុះរើ​នេះ​នឹង​ចាប់​ផ្តើមចេញពី​សំណង់​ខុសច្បាប់​ដែល​នៅ​កៀក​នឹង​ប្រាសាទ ហើយ​បន្តទៅ​សំណង់​ខុសច្បាប់​ផ្សេងៗ​ទៀត​ដែល​កំពុង​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​បេតិកភណ្ឌ​អង្គរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា នេះ ឯកឧត្តម​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងារ​រួមគ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​អនុវត្ត​ការងារ​នេះ​បាន​បង្កើតឡើង​រួចរាល់​ហើយ នៅតែ​ក្រុម​ប្រចាំ​ស្រុក​នីមួយៗ​រៀបចំ​ផែនការ​លម្អិត ដើម្បី​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប៉ុណ្ណោះ​។​

​ឯកឧត្តម​បញ្ជាក់ថា សំណង់​ខុសច្បាប់​ទាំងអស់នេះ ក្រុមការងារ​បាន​សិក្សា​ឃើញ​ពី​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ចំពោះ​បេតិកភណ្ឌ​អង្គរ ហើយ​គ្មាន​សំណង់​ខុសច្បាប់​ណាមួយ​ដែល​ត្រូវបាន​លើកលែង​មិន​រុះរើ​នោះទេ​។ ការអនុវត្ត​ដូច្នេះ គឺ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​បេតិកភណ្ឌ​អង្គរ ជៀស​ឲ្យ​ផុតពី​ការដាក់​អង្គរ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​អាច​នឹងត្រូវ​ប្រឈម​នឹង​ការដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដែល​អាច​នឹង​កើតមានឡើង ក្នុងអំឡុង​ពេលដែល​ក្រុមការងារ​ចុះ​បំពេញ​តួនាទី​នោះ ឯកឧត្តម លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប បញ្ជាក់ថា “​ការងារ​នេះ​គឺ​ដើម្បី​ថែរក្សា​នូវ​បេតិកភណ្ឌ​ដូនតា​របស់​យើង​។ បើ​មាន​អ្នកធ្វើ​បាតុកម្ម​មែន​តើ​គេ​ធ្វើ​ដើម្បី​អ្វី​? ដើម្បី​ការពារ​អ្នកធ្វើ​ខុស​ឬ​យ៉ាងណា​? យើង​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​បាន​យល់​ពី​បញ្ហា​នេះ ហើយ​រួមគ្នា​ដើម្បី​ការពារ​បេតិកភណ្ឌ​ដូនតា​។ យើង​បាន​ត្រៀមកម្លាំង​រួចជាស្រេច​ក្នុងករណី​មានការ​តវ៉ា​ណាមួយ​កើតឡើង​។ យើង​មិនអាច​អនុញ្ញ្ញាត​ឲ្យ​ពួកគាត់​រារាំង​ដល់​ការងារ​ថែរក្សា​បេតិកភណ្ឌ​ឡើយ​។ តែ​យើង​ពិតជា​បួងសួង​កុំ​ឲ្យ​មាន​ករណី​ប្រឈមមុខគ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​”​។​

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​មេឃុំ​ចៅសង្កាត់ កន្លងទៅ​ថ្មីៗ​នេះ សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​បាន​កើនឡើង​យ៉ាងគំហុក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។ តាម​របាយការណ៍​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា សំណង់​ខុសច្បាប់​ទាំងនេះ​មាន​ចំនួន​៥២១​ករណី ដែល​សំណង់​ខ្លះ​នៅ​កៀក​ជិត​នឹង​ប្រាសាទ​មាន​ចម្ងាយ​ត្រឹមតែ​៥០​ម៉ែត្រ ទៅ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ប្រាសាទ ។ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ចេញ​គោលការណ៍​រុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ​ចេញ ដើម្បី​ថែរក្សា​ឲ្យ​បាន​នូវ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕​





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners