មន្ត្រីជំនាញ និងភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិអប... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​មន្ត្រី​ជំនាញ និង​ភ្នាក់ងារ​ទេសចរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​វគ្គ​សិក្សា ស្តីពី​ការគ្រប់គ្រង​ទេសចរណ៍ នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក​

(ថ្ងៃទី 10 សីហា 2017, ម៉ោង 01:08:PM) | ដោយ: អាជ្ញាធរ​ជាតិ​អប្សរា​

ក- ក+ | Print

​សៀមរាប: មន្ត្រី​ជំនាញ រួមទាំង​ប្រធាន និង​អនុប្រធាន​ភ្នាក់ងារ​ទេសចរ ប្រចាំ​នៅតាម​ប្រាសាទ សរុប​ចំនួន​៦៥​រូប បានបញ្ចប់​វគ្គ​សិក្សា ស្តីពី​ការគ្រប់គ្រង​ទេសចរណ៍ នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក ដោយ​ជោគជ័យ នា​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​ឯកឧត្តម សុខ សង្វារ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​នាយកដ្ឋាន អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ ជា​ប្រធាន​បិទ​កម្មវិធី​។​

​កម្មវិធី​នេះ​រៀបចំឡើង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ជំនួយ​ឧបត្ថម្ភ របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុង​ក្របខណ្ឌ Fulbright Specialist Program ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៧ កក្កដា ដល់​ថ្ងៃទី​៩ សីហា ឆ្នាំ​២០១៧​។ កម្មវិធីសិក្សា​នេះ​បង្រៀន​ជា ភាសា​អង់គ្លេស ដោយ​លោកស្រី​បណ្ឌិត Claudia G.Green ជនជាតិ​អាមេរិកកាំង មាន​ជំនាញ​និង​បទពិសោធន៍ បង្រៀន​ច្រើន​ប្រទេស ច្រើន​ឆ្នាំ ស្តីពី​ការគ្រប់គ្រង​ទេសចរណ៍ នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។  

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ ឯកឧត្តម សុខ សង្វារ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​លោកស្រី Claudia G.Green ដែល​បាន​បំពេញ​បេសកម្ម បង្រៀន​ដ៏​ល្អ​ដល់ សិក្ខាកាម​ទាំងអស់​។ ឯកឧត្តម បញ្ជាក់ទៀតថា នេះ​ជា​លើក​ទី​២​ហើយ នៃ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​ទេសចរណ៍ នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក ដល់​មន្ត្រី​នៅ​ការិយាល័យ រួមទាំង​ប្រធាន​ក្រុម និង​អនុប្រធាន​ប្រចាំ តាម​ប្រាសាទ​នីមួយៗ​។ វគ្គ​សិក្សា​បែងចែក ជា​ពីរ​ក្រុម គឺ​មន្ត្រី​ជំនាញ នឹងសិក្សា​អំពី ការងារ​គ្រប់គ្រង ទេសចរណ៍ និតិ​វិធី​រៀបចំ​គម្រោង ស្ថិតិ​និង​វិធីសាស្ត្រ វិភាគ​ទិន្នន័យ និង​សិក្សា​អំពី​បទពិសោធន៍ នៃ​ការគ្រប់គ្រង​ទេសចរណ៍ ពិភពលោក ដោយ​ប្រៀប​ជាមួយនឹង​ការគ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​។ ចំណែក​ភ្នាក់ងារ​ទេសចរ នឹងសិក្សា​បង្កើន​ចំណេះដឹង ផ្នែក​ភាសា​អង់គ្លេស សិក្សា​អំពី​សេវាកម្ម ភូមិសាស្ត្រ និង​ការងារ​គ្រប់គ្រង លំហូរ​ភ្ញៀវទេសចរ​។ ចំពោះ​មធ្យោបាយ​បង្រៀន លោកស្រី​បណ្ឌិត Claudia G.Green មាន​ច្រើន​មធ្យោបាយ ដូចជា ឱ្យ​អាន​អត្ថបទ ពិភាក្សា​ក្នុង​ថ្នាក់ កិច្ចការ​ផ្ទះ និង​មាន​វីដេអូ​បង្ហាញ​ផងដែរ​។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់ សិក្ខាកាម​ទាំងអស់ សូម​យក​ចំណេះដឹង ដែល​ទទួលបាន​ពី​វគ្គ​សិក្សា​នេះ ទៅ​ផ្សព្វផ្សាយ​បន្ត និង​អនុវត្ត​ឱ្យបាន​ប្រសើរ នៅក្នុង​កិច្ចការ​ប្រចាំថ្ងៃ របស់ខ្លួន ពិសេស​ខិតខំ​រក​ចំណុច​ល្អ ក្នុងន័យ​ធ្វើយ៉ាងណា ឲ្យ​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​អង្គរ ទទួលបាន​បទពិសោធ​ន៍​ដ៏​ល្អ​បំផុត តែ​ផ្តល់​ផលប៉ះពាល់​ដ៏​តិច​បំផុត ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក ភឿន សុភា​ន់ ប្រធាន​គ្រប់គ្រង​ភ្នាក់ងារ​ទេសចរ ប្រចាំ​ប្រាសាទភ្នំបាខែង បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ថា វគ្គ​សិក្សា​នេះ ធ្វើឱ្យ​លោក​ដឹង​ពី​សារៈសំខាន់ នៃ​ការធ្វើ​បដិសណ្ឋារកិច្ច ស្គាល់​ពី​អាកប្បកិរិយា របស់​ភ្ញៀវ​មួយចំនួន ដូចជា​ភ្ញៀវ​ចិន​... ដឹង​ការផ្តល់​សេវាកម្ម​ល្អ​ដល់​ភ្ញៀវ ថា​ត្រូវធ្វើ​បែបណាខ្លះ ពិសេស​យល់ដឹង​បន្ថែម ផ្នែក​ភាសារ​អង់គ្លេស ស្គាល់​ភូមិសាស្ត្រ (​ប្រទេស​ដែល​ភ្ញៀវ​មក​) និង​វិធីសាស្ត្រ​ដោះស្រាយ បញ្ហា​មួយចំនួន ដើម្បី​ធ្វើឱ្យ​ការបំពេញ​ការងារ ប្រចាំថ្ងៃ​កាន់តែ​ល្អ​។​

​បន្ថែម​ពី​នោះ លោក ឡេង តុលា ប្រធាន​ភ្នាក់ងារ ប្រចាំ​ប្រាសាទអង្គរវត្ត ក៏បាន​លើកឡើង​ពី ឱកាស​ដ៏​ល្អ ដែល​បាន​សិក្សា​ជាមួយ សាស្ត្រាចារ្យ​លំដាប់​ពិភពលោក ដែលមាន​ចំណេះដឹង ទូលំទូលាយ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ យល់​ពី​ស្ថានភាព​ទេសចរណ៍​ពិភពលោក និង​ឥរិយាបទ​របស់​ភ្ញៀវ​។ តាម​ការបង្រៀន​របស់​គាត់ គឺ​បានផ្តល់​វិធី​ស្រា​ស្ត​ល្អៗ​ជាច្រើន ក្នុងការ​អភិវឌ្ឍ​ការងារ​ប្រចាំថ្ងៃ និង​ជួយ​បង្កើត​ប្រសិទ្ធិភាព ក្នុងការ​ចែករំលែក​ចំណេះដឹង បន្ត​ពី​ភ្នាក់ងារ​ទៅ​ភ្នាក់ងារ និង​ពី​ភ្នាក់ងារ​ទៅ​ភ្ញៀវទេសចរ ផងដែរ​៕N​/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners