ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សំណង់​លើ​ទីទួល​បុរាណ នៅ​ខេត្តកំពត មិនទាន់​ដោះស្រាយ ដោយសារ​ការងារ​មមា​ញឹក​?

(ថ្ងៃទី 7 កក្កដា 2012, ម៉ោង 03:46:PM) | ដោយ: ឌីណា

ក- ក+ | Print

សំណង់​លើ​ទីទួល​បុរាណ នៅ​ខេត្តកំពត មិនទាន់​ដោះស្រាយ ដោយសារ​ការងារ​មមា​ញឹក​?
រដ្ឋមន្ដ្រី​វប្បធម៌​តម្រូវឱ្យ​រុះរើ​សំណង់​នេះ​ចេញ​ដោយ​សំអាងថា​សង់​លើ​ទីទួល​បុរាណ

សំណង់​លើ​ទីទួល​បុរាណ នៅ​ខេត្តកំពត មិនទាន់​ដោះស្រាយ ដោយសារ​ការងារ​មមា​ញឹក​?
ពេល​ចាប់ផ្ដើម​ចាក់​បាន​សសរ​បួន​ដើម ជំនាញ​ចុះ​ហាមឃាត់​ដែរ​តែ​មិនមាន​ប្រសិទ្ធភាព​

 
កំពត: រហូតមកដល់​ពេលនេះ រយៈពេល​ប្រាំ​មួយខែ​ហើយ ដែល​លោក​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិត​តម្រូវឱ្យ​អាជ្ញាធរ​ខេត្ដ​កំពត ចាត់វិធានការ​ដល់​ម្ចាស់​សំណង់​រឹង លើ​ទីទួល​បុរាណ ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត បញ្ឈប់​ការសាងសង់​ផ្ទះ និង​រុះ​រើចេញ ព្រមទាំង​ជួសជុល​រាល់​ការខូចខាត​។ តែ​ជា​លទ្ធផល​ហាក់​គ្មាន​ភាពប្រែប្រួល​អ្វី​ទាំងអស់ ខណៈដែល​សំណង់​នោះ ត្រូវបានធ្វើ​រួចរាល់​មួយរយ​ភាគរយ​ទៅហើយ​។
​ទិដ្ឋភាព​បែបនេះ ធ្វើឱ្យ​មន្ដ្រី​មួយចំនួន ក្នុង​មន្ទីរជំនាញ​សម្ដែង​ការងឿងឆ្ងល់​ថា ហេតុអ្វី​លិខិត​លោក​រដ្ឋមន្ដ្រី មិនមាន​ប្រសិទ្ធភាព​សោះ​។​

​គួររំលឹកថា ព្រោះ​តែមាន​សំណង់​រឹង​មួយ​កើតឡើង នៅ​ចំណុច​ដែល​មន្ដ្រី​ជំនាញ​វាយតម្លៃថា​ជា​ស្ថានីយ​បុរាណ និង​ចាត់ថ្នាក់ ចូលក្នុង​បញ្ជី​បេ​តិ​ភណ្ឌ​វប្បធម៌​ជាតិ លោក​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហ៊ឹម ឆែម បានចេញ​លិខិត​ចុះ​ថ្ងៃ ទី​៥ ខែមករា ឆ្នាំ​២០១២ តម្រូវឱ្យ​លោក​អភិបាលខេត្ដ​កំពត ជួយ​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការសាងសង់ និង​ឱ្យ​ម្ចាស់​រុះរើ​សំណង់​ចេញពី​ទីទួល​បុរាណ ឈ្មោះ “ ទួល​អង្គ​ស្វាយ ” ស្ថិតនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត ព្រមទាំង​ធ្វើការ​ជួសជុល​ឡើងវិញ​រាល់​ការខូចខាត​ទីតាំង​ស្ថានីយ​បុរាណ តាម​លក្ខណៈ​បច្ចេកទេស​សមស្រប​។
​ក្នុងករណី​ម្ចាស់​សំណង់​ខកខាន​មិនបាន​អនុវត្ដ ក្រសួង​នឹង​ចាត់​វិធាន ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

​ក្រោយពី​បានទទួល​លិខិត​នេះ កាលពី​ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០១២  លោកស្រី កង សៅ​រិ៍ធ​ន អភិបាលរង​ខេត្ដ​កំពត ដែល​ទទួលបន្ទុក​ចាត់​ការ​កិក​ច្ចការ​នេះ បាន​ឲ្យ​ដឹងថា ការងារ​នេះ លោក​អភិបាលខេត្ដ បាន​ចាត់តាំង​ឱ្យ​លោកស្រី​ចុះ​ពិនិត្យមើល​។ ដូច្នេះ​ប្រហែលជា​សប្ដាហ៍​ក្រោយ​អាច​ដំណើរការ​ហើយ ដោយសារ​មួយរយៈ​កន្លងមក​ជាប់​រវល់​ការងារ​ច្រើនពេក​។

​តាមពិត​សំណង់​នោះ មុននឹង​សាងសង់ ម្ចាស់​មាន​ឯកសារ​គ្រប់គ្រាន់ ទាំង​ការសម្រេច​របស់​តុលាការ​។ បើ​មានការ​រក្សាទុក ដោយ​ផ្អែកលើ​ដំណោះស្រាយ​យោគយល់ ពី​សំណាក់​លោក​អភិបាលខេត្ដ តាមរយៈ​ការចុះ​ស៊ើបអង្កេត​របស់​ក្រុមការងារ​នោះ លោក​អភិបាលខេត្ដ នឹង​ស្នើសុំ​ជាគោលការណ៍​ទៅ​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​វិញ​។​
​    ​
​ទោះជា​យ៉ាងនោះ​ក្ដី តាម​ការ​ប្រាប់ឱ្យដឹង​របស់​មន្ដ្រី​មួយចំនួន ក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ដ​ថា រហូតមកដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១២ សំណង់​ដែល​លោក​រដ្ឋមន្ដ្រី តម្រូវឱ្យ​រុះរើ​បានធ្វើ​រួចរាល់​មួយរយ​ភាគរយ និង​ម្ចាស់​ចូល​ស្នាក់នៅ​ជា​យូរ​មក ហើយ​មិនឃើញ​មាន​តំណាង​អាជ្ញាធរ​ខេត្ដ ចុះទៅ​អនុវត្ដ​តាម​លិខិត​ចេញ​ដោយ​ប្រមុខ​ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទេ​។
​ម្យ៉ាងទៀត​ខាង​ក្រសួង ក៏​មិនទាន់​បានទទួល​របាយ​ការណ៍ ពី​អាជ្ញាធរ​ខេត្ដ​ពាក់ព័ន្ធ​នឹង​លទ្ធផល​របស់​ក្រុមការងារ​យ៉ាងណា​នោះដែរ ដែល​បញ្ហា​នេះ លិខិត​រប​សា់​លោក​រដ្ឋមន្ដ្រី ប្រៀបបាន​នឹង​ក្រដាស់​វេច​ខ្ចប់​វត្ថុ​នានា គឺ​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ទាំងអស់​។​
​    ​
​ឆ្លើយតប​ចំពោះ​ចម្ងល់​កើតឡើង​ជាថ្មី​ទាំងនោះ លោកស្រី កង សៅ​រិ៍ធ​ន អភិបាលរង​ខេត្ដ ដែល​ទួល​បន្ទុក​ការងារ​ផ្ទាល់​កិច្ចការ​នេះ ទោះបី​កំពុង​ជាប់រវល់​ក្នុង​អង្គប្រជុំ នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១២ ក្ដី ក៏​លោកស្រី​បញ្ជាក់​តាម​ទូរស័ព្ទ​ថា សំណង់​នោះ អាជ្ញាធរ​ខេត្ដ ឱ្យ​រក្សាទុក​ក្នុងស្ថានភាព​ដើម​សិន មិនទាន់បាន​ដោះស្រាយ​យ៉ាងណាទេ ព្រោះ​ក្រុមការងារ​ជាប់រវល់​នឹង​បញ្ហាដីធ្លី​តាម​គោលការណ៍ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។
​    ​
​សូមបញ្ជាក់ថា នា​ខែវិច្ឆិកា ឆ្នាំ​២០១១ គេ​ឃើញ​មាន​សកម្មភាព​សាងសង់​សំណង់​រឹង​លើ​ទួល​បុរាណ​ឈ្មោះ “​ទួល​អង្គ​ស្វាយ ” ក្រុមការងារ​ដឹកនាំ​ដោយ​អង្គភាព​វប្បធម៌ និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមប្រឹក្សា​សង្កាត់ កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល បាន​ចុះ ផ្អាក​ការសាងសង់ ដែល​ទើប​ចាក់​បាន​ត្រឹម​សសរ​បេតុង ៤​ដើម​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០១១​។ ការផ្អាក​នោះ បាន​យល់​ព្រមទាំង​ម្ចាស់​សំណង់ ទាំង​ក្រុម​ជាង​ជាមួយនឹង​ការ​ផ្ដិតមេដៃ​ផងដែរ​។​
 ប៉ុន្ដែ​ក្រោយមក​មិនដឹង​មាន​អ្វី​ជាទី​អាង​ដំណើរការ​សាងសង់ នៅ​ប្រ​ព្រឹ​ត្ដ​ជាធម្មតា ទោះបី​មន្ទីរ​វប្បធម៌ បាន​សុំ​អន្ដរាគមន៍​ពី​អាជ្ញាធរ​ក្រុង ដែលមាន​សមត្ថកិច្ច​ក្នុង​ដៃ​គ្រប់គ្រាន់ ក្នុងការ​ទប់ស្កាត់​ក្ដី​។  
​ជាមួយគ្នា​នោះ មន្ទីរ​វប្បធម៌​ក៏​ធ្វើ​របាយការណ៍​ជូនទៅ​ក្រសួង ដើម្បី​ជ្រាប​នូវ​បញ្ហា​ទាំងនេះ​។

​ប្រភពពី​សាលាក្រុង​នាពេលនោះ​ឱ្យដឹងថា លោក​អភិបាលក្រុង បានចេញ​លិខិត​ផ្អាក​ការដ្ឋាន​សាងសង់​សំណង់​នេះ តែ​ក្នុងន័យ​សំណង់ ធ្វើឡើង ដោយ​មិនមាន​ច្បាប់​ត្រឹមត្រូវ ពោលគឺ​មិន​សំដៅលើ​ការសាងសង់​លើ​ទីទួល​បុរាណ​ទេ​។
​ងាក​មក​មើល​អំណះអំណាង​របស់​ម្ចាស់​សំណង់​វិញ បាន​រៀបរាប់ថា ដី​នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ អ៊ឹង ស្រ៊ាង កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១១ ទំហំ ១៥ ម៉ែត្រ គុណ​នឹង ២៦ ម៉ែត្រ ដោយមាន​លោក ស៊ីវ យុ​ត ចៅសង្កាត់​ក្រាំង​អម្ពិល ចារ​ទទួលស្គាល់​ទៀតផង​។ ប៉ុន្ដែ​មុននឹង​ដី​នោះ ធ្លាក់​ដល់ដៃ​ឈ្មោះ អ៊ឹង ស្រ៊ាង ត្រូវ​ប្រភព​បញ្ជាក់ថា ដី​នេះ​ជា​របស់ ឈ្មោះ ម៉ែន យឿន ដែល​បាន​តវ៉ា​ប្ដឹង ចូល​សាលាដំបូង​រហូត​មានកំណត់​ហេតុ​សះជា នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០០៩ អានុភាព​ដូច សាលក្រម​ស្ថាពរ​តាម​មាត្រា​២២២ ដោយ​កាត់​ដី​ទំហំ ១៣ ម៉ែត្រ គុណ​នឹង ២៦ ម៉ែត្រ ចេញពី​ក្បាលដី​លេខ​២៤៩ ( កម្មសិទ្ធិករ​ទួល​អង្គ ) អាច​ឈ្មោះ​នេះ​ទិញ ពី​ឈ្មោះ ម៉ែន យឿន ( ទំហំ​ប៉ុន្មាន​មិនអាច​ដឹង​ទេ ព្រោះ​ពេល អ៊ឹង ស្រ៊ាង លក់ ១៥ ម៉ែត្រ​គុណ​នឹង ២៦​ម៉ែត្រ )​។​

 ដោយឡែក​មុននឹង​សាលាដំបូង សម្រេច​ចេញ​កំណត់ហេតុ​សះជា ដោយ​សំអាង​សម្ដី​របស់លោក ស៊ីវ យុ​ត ក្នុងនាម​ជា​អ្នក​ទៅ​ការពារ ទ្រព្យសម្បត្ដិ​ជាតិ បែរជា​ឆ្លើយថា​ដើមចោទ​ទាមទារ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ ហើយ​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ដដែល​នេះ បាន​កោះប្រជុំ​ក្រុមប្រឹក្សា នៅ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០០៩ ពោលគឺ​មុន​រយៈពេល​មួយ​សប្ដាហ៍ ដែល​សាលាដំបូង សម្រេច​ចេញ​កំណត់ហេតុ​សះជា កាត់​ដីជូ​ន​ដើមបណ្ដឹង​។
​រឿង​មិន​ប្រក្រតី​មួយទៀត គឺ​ការទាមទារ និង​សម្រេច​កាត់​ដី​នោះ មាន​ទំហំ​ត្រឹមតែ ១៣ ម៉ែត្រ គុណ​នឹង ២៦ ម៉ែត្រ តែ​ពេល​លក់ដូរ បែរជា​លោក ស៊ីវ យុ​ត ទទួលស្គាល់​រហូតដល់ ១៥ ម៉ែត្រ​គុណ​នឹង ២៦ ម៉ែត្រ​ទៅវិញ​។

​លើសពីនេះ​ទៀត មានការ​រិះគន់​ផងដែរ ដែល​សាលាដំបូង​យក​កិច្ចពិភាក្សា​ឯកភាពគ្នា ត្រឹម​ក្រុមប្រឹក្សា​សង្កាត់​បំបែក​ក្បាលដី ចេញពី​ប័ណ្ណ​សម្គាល់​អចលនវត្ថុ ជា​សំអាង ដើម្បី​ឈានទៅ​សម្រេច​ចេញ​កំណត់ហេតុ​សះជា ខណៈដែល​ប័ណ្ណ​នោះ ចេញពី​មន្ទីរ​ក្នុងនាម​ក្រសួង​រៀបចំ​ដែនដី​នគ​រូប នីយកម្ម​សំណង់ និង​សុរិយោដី ហើយ​កម្មសិទ្ធិករ “​ទួល​អង្គ “ ដែលមាន​ក្រសួង​វប្បធម៌ ជា​ម្ចាស់​សាមី​នោះ​។​

​ផ្អែកលើ​លក្ខណៈ​ច្បាប់​មិន​ត្រឹមតែ​ការសាងសង់ ឬ​ឈូសឆាយ​លើ​ទីទួល​បុរាណវិទ្យា​ទេ សូម្បី​ការជីក​កាប់​គាស់​ដី​ចម្ងាយ ពី​ទីតាំង ៣០​ម៉ែត្រ ក៏ត្រូវ​ប្រឈម​នឹង​ការផ្ដន្ទាទោស​ផងដែរ​។​
 ម្យ៉ាងទៀត​តាម​មាត្រា ៦៣ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​បេ​តិ​ភណ្ឌ​វប្បធម៌ ចែងថា ជន​ណា​លក់​-​ផ្ទេរកម្មសិទ្ធិ​-​បំផ្លាញ​-​ពង្រិចពង្រឹល​-​ជីក​-​រុករក​-​ប្ដូរ​ទីតាំង​-​ជួសជុល​ឡើងវិញ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី​ប្រាំ​មួយខែ​ដល់​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​។ ឬ​ពីរ​ឆ្នាំ ដល់​ប្រាំបី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទ្វេដង​តាម​ការប៉ាន់ស្មាន​របស់​អ្នកជំនាញ​៕

E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners