ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ធ្វើ​កម្មករ​លើ​ទូក​នេសាទ​មួយឆ្នាំ​កន្លះ នៅ​ប្រទេស MAURITIUS ត្រឡប់មកផ្ទះ​វិញ គ្មាន​សល់​លុយ​មួយ​រៀល​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 07:52:AM) | ដោយ: បាយ័ន

ក- ក+ | Print

ធ្វើ​កម្មករ​លើ​ទូក​នេសាទ​មួយឆ្នាំ​កន្លះ នៅ​ប្រទេស MAURITIUS ត្រឡប់មកផ្ទះ​វិញ គ្មាន​សល់​លុយ​មួយ​រៀល​
ប្អូនប្រុស​ឈ្មោះ ឡុង យ៉ាន់ និង​ឡុង បូ​រ៉េត ដែល​ជួប​នៅលើ​យន្ដហោះ​ពី​ប្រទេស​ម៉ាឡេស៊ី មកកាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​រស់នៅ​លើ​ទូក​នេសាទ​នៃ​ប្រទេស​MAURITIUS​មួយឆ្នាំ​កន្លះ​ដោយ​មិនបាន​សល់​លុយ​មួយ​រៀល​។

 
ភ្នំពេញ: ការធ្វើដំណើរ​តាម​យន្ដហោះ​ពី​ប្រទេស​ម៉ាឡេស៊ី ដែលជា​ប្រទេសមួយ​សម្បូរ​ទៅដោយ​រមណីយដ្ឋាន​ទេសចរណ៍ មកកាន់​ប្រទេស​កម្ពុជា​។ ក្នុង​យន្ដហោះ​មួយ ដែល​អ្នកយកព័ត៌មាន​គេហទំព័រ CEN វិលត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ យន្ដហោះ​ប៊ូ​អ៊ីង ដែលមាន​កៅអី​ប្រមាណ​ជាង​២០០ សម្រាប់​ភ្ញៀវ​ជិះ​។ ប៉ុន្ដែ​យន្ដហោះ​មួយ​នោះបាន​ផ្ទុក​មនុស្ស​តែ​ប្រមាណ​មិន​ដល់ ៣០ នាក់​ផង ហោះ​យ៉ាង​លឿន​សំដៅ​ចុះចត​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​។
​    ​
​ក្នុងពេល​ធ្វើដំណើរ​លើ​អាកាស ដល់​ពាក់​កណ្ដាលផ្លូវ ដែល​គេ​មិនដឹងថា យន្ដហោះ​កំពុង​ឆ្លងកាត់​តំបន់ ឬ​ប្រទេស​ណា​ឡើយ ចៃដន្យ​យើង​បាន​ក្រោក​ពី​កៅអីធ្វើដំណើរ​ទៅរក​បង្គន់ដើម្បី​បត់ជើងតូច​។

​ខណៈដែល​ធ្វើដំណើរ​ឆ្លងកាត់​ពី​កៅអី​ខាងមុខ មក​កៅអី​ខាងក្រោយ អ្នកយកព័ត៌មាន​គេហទំព័រ CEN ក៏បាន​ជួបនឹង​យុវជន​ចំនួន ៥ នាក់ ដែល​សង្ស័យថា ជា​ជនជាតិខ្មែរ ដោយ​ពួកគេ​មាន​សម្បុរ​ខ្មៅ ដែល​គេ​អាច​យល់​ភ្លាម​បាន​ថា ប្រហែលជា​កម្មករ​ជាក់​ជាមិនខាន​ឡើយ​។
​    ​
​ខណៈពេលដែល​សម្លឹង​ឃើញ​យុវជន ៥​នាក់ ដែល​សង្ស័យថាជា​ជនជាតិខ្មែរ យើង​ក៏បាន​សួរ​ទៅកាន់​ពួកគេ​ជា​ភាសា​អង់គ្លេស ព្រោះ​ខ្លាច​មិនមែនជា​ខ្មែរ​។
​ការ​សួរ​ភាសា​អង់គ្លេស​ថាអ្នកជា​ជនជាតិ​អ្វី​? ស្រាប់តែ​យុវជន ២ នាក់ ក្នុងចំណោម​៥​នាក់ បាន​ឆ្លើយ​ព្រម​គ្នា​ថា "​ខ្ញុំ​ជា​ខ្មែរ​"​។
​    ​
​ការសាកសួរ​គ្នា​ទៅវិញទៅមក បានចាប់ផ្ដើម ដោយ​អ្នកយកព័ត៌មាន​យើង​បាន​ផ្ដោត​ជា​សំណួរថា "​ប្អូន​ទាំងអស់ ត្រឡប់​មកពីណា​? បានជា​មាន​សភាព​មុខមាត់​ខ្មៅ​ដូចៗ​គ្នា​?​។

​ក្នុង​សំណួរ​ដ៏​ខ្លី​នោះ ប្អូនប្រុស​ពីរ​នាក់ ក្នុងចំណោម ៥ នាក់​បាន​ឆ្លើយថា ទើបតែ​វិលត្រឡប់​មកពី​ប្រទេស MAURITIUS​។

​ពួកគេ​បញ្ជាក់ថា ប្រទេសមួយ​នេះ នៅ​ឆ្ងាយ​ណាស់ ដោយ​ជិះ​យន្ដហោះ មកដល់​ប្រទេស​ម៉ាឡេស៊ី គឺ​ដេក​នៅលើ​យន្ដហោះ​តែម្ដង មុនពេល​សាង​យន្ដហោះ នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បន្ដ​មក​ប្រទេស​កម្ពុជា​។
​    ​
​ប្អូនប្រុស ឈ្មោះ ឡុង យ៉ាន់ អាយុ ២០​ឆ្នាំ បាន​និយាយថា រូប​ប្អូន​បាន​ចាក​ចេញពី​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្ដ​សៀមរាប ទៅ​រស់នៅ​ធ្វើការ​នេសាទ​ត្រី​លើ​ទូកនៃ​ដែនសមុទ្រ​ប្រទេស MAURITIUS គឺ​រយៈពេល​មួយឆ្នាំ​កន្លះ​មកហើយ មិនដែល​ត្រឡប់មក​ស្រុកកំណើត​ឡើយ សូម្បីតែ​ឡើងគោក​នៅ​តំបន់​សមុទ្រនៃ​ប្រទេស MAURITIUS ក៏​ប្អូន​មិនដែល​បាន​ជាន់ដី​ដែរ​។
​    ​
​ឈ្មោះ ឡុង យ៉ាន់ បាន​និយាយទៀតថា ប្អូន​ត្រឡប់​មកពី​ប្រទេស​ខាងលើ ដើម្បី​មក​ប្រទេស​កម្ពុជា​វិញ ដែល​ធ្វើក​ម្មករ​នេសាទ​ត្រីនៅលើ​សមុទ្រ​រយៈពេល​មួយឆ្នាំ​កន្លះ គឺ​មិនបាន​សល់​លុយ​មួយ​រៀល​ណា​ឡើយ​ត្រឡប់មក​ស្រុកកំណើត​វិញ ព្រោះថា​ថៅកែ ដែល​គេ​ស្គាល់​ថាជា​ជន​ជាតិចិន មិនបាន​បើក​ប្រាក់ខែ​ឱ្យ​ឡើយ​។
​ការជាប់​ផុង​រស់​នៅលើ​ទូក​នេសាទ គ្មាន​ជម្រើស​ណា​អាច​ត្រឡប់​មកកាន់​កម្ពុជា​វិញ​បានឡើយ គឺ​ចេះតែ​ទ្រាំ​ទុក្ខលំបាក ធ្វើការ​ដូច​សត្វ​ធាតុ​រហូតមក​។
​    ​
​ប្អូនប្រុស​រូបនោះ បាន​និយាយទៀតថា ទៅដល់​ធ្វើការ​ទូក​នេសាទ​លើកដំបូង ថៅកែ​បាន​សន្យា​ផ្ដល់ប្រាក់​ក្នុង​មួយខែ​១៥០​ដុល្លារ​។ ប៉ុន្ដែ​មានតែ​ពីរ​ខែ​ដំបូង​ប៉ុណ្ណោះ ដែល​ថៅកែ​បើកប្រាក់​ខែ​ឱ្យ​។ តែ​លុយ​ដែល​បើក​ឱ្យ​គឺ​ចាយ​អស់​នៅលើ​ទូក តាមរយៈ​ទិញ​ចំណីអាហារ​ដូចជា​មី​ជាដើម ដើម្បី​ហូប​ប្រចាំថ្ងៃ​។
​    ​
​ប្អូន ឡុង យ៉ាន់ បាន​និយាយទៀតថា ចាប់ពីពេលនោះ​មក រហូតដល់​ថ្ងៃ​ចាក​ចេញពី​កោះ គឺ​មិន​បានទទួល​ប្រាក់ខែពី​ថៅកែ​ទៀតឡើយ​។ ប្អូន​បន្ដថា មូលហេតុ​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​វិញ ក៏ដោយ​សារ​ពួកគេ​គំរាម​លោតទឹកសម្លាប់ខ្លួន ព្រោះថា​ថៅកែ​មិនឱ្យ​ពួកគេ​ឡើងគោក​ទាល់តែសោះ​។
​នៅ​ចុងក្រោយ ថៅកែ​បានត្រឹមតែ​បើកទូក​ពី​សមុទ្រមក​បុក​ច្រាំង ហើយ​ទៅ​ទិញ​សំបុត្រ​យន្ដហោះដើម្បីឱ្យ​ពួក​ប្អូនៗ​ជិះ​យន្ដហោះ​ពី​ប្រទេស MAURITIUS មក​ម៉ាឡេស៊ី​ដោយ​មិនឱ្យ​លុយ​ប្រាក់ខែ​ឡើយ​។
​    ​
​គេ​បាន​និយាយទៀតថា ថៅកែ​ចង់​បើកប្រាក់​ឱ្យ​ម្ដង ៥០០ ដុល្លារ​ដែរ ប៉ុន្ដែ​នៅពេល​បើកប្រាក់យកទៅ​ចាយ គឺ​ថៅកែ​មិន​អនុញ្ញាត​ត្រឡប់មក​ប្រទេស​កម្ពុជា​ឡើយ​។

​ប្អូនប្រុស​រូបនោះ បាន​បន្តថា បើ​បើក​ប្រាក់ខែ​ត្រូវតែ​នៅ​ធ្វើការ​បន្ដ​។ ក្នុងន័យនេះ​ប្អូន​ថា បើ​នៅ​បន្ដ ធ្វើ​កម្មករ​លើ​ទូក​នេសាទ​បន្ដទៅទៀត នឹង​ត្រូវស្លាប់​ដោយ​វិធី​ណាមួយ​ជាក់​ជាមិនខាន ទើប​ប្អូន​ទាំងអស់មិន​សម្រេច​យកលុយ ៥០០ ដុល្លារ ដើម្បី​បន្ដ​ធ្វើការ​ជា​កម្មករ​លើ​ទូក​នេសាទ​ទៀតឡើយ ដោយ​សម្រេច​ចិ​ត្ដ​មក​កម្ពុជា​វិញ ទោះបី​អត់លុយ ត្រូវតែ​ត្រឡប់​ឱ្យខាងតែបាន​។
​    ​
​នៅពេល​សាកសួរ​នោះ​ទៀត​ដែរ ប្អូនប្រុស​បាន​និយាយថា មាន​ប្រជាជន​កម្ពុជា​ជាច្រើន​សិប​នាក់ កំពុង​ជាប់គាំង​នៅលើ​ទូក​នេសាទ ​ហើយបែក​គ្នា​មិនបាន​ជួប​មុខ​គ្នា​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ មិនដឹងថាអ្នក​ទាំងអស់គ្នា​ទៅដល់​ទីណា រស់ ឬ​ស្លាប់​នោះទេ​។ ប្អូន​បន្ដថា គឺ​ក្រុម​ប្អូន​មាន​គ្នា​ចំនួន​៧​នាក់ គឺ​ត្រឡប់​បានមក​តែ​៥​នាក់​ប៉ុណ្ណោះ ចំណែក​២​នាក់​ទៀត​មិនដឹង​ទៅដល់​ទីណា​។
​    ​
​ដោយឡែក​ប្អូនប្រុស ឡុង បូ​រ៉េត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្ដ​កំពង់ឆ្នាំង ក៏បាន​និយាយ​ឱ្យដឹង​ដែរ​ថា គាត់​ទៅ​រស់​នៅលើ​ទូក​នេសាទ​ជាមួយ​ប្អូនប្រុស​ម្នាក់ទៀត​ឈ្មោះ ឡុង បូរ៉ា អាយុ​២៣​ឆ្នាំ​។
​នៅពេល​ទៅដល់​គេ​បំបែក​ប្អូន​របស់ខ្លួន​ឱ្យទៅ​នៅ​ទូក​នេសាទ​ផ្សេង ហើយ​ពេលនេះ​រូបគេ​(​ឡុង បូ​រ៉េត​) បាន​ត្រឡប់មក​កម្ពុជា​វិញ តែ​បាត់​ប្អូនប្រុស​មិនដឹងថា ទៅដល់​ទីណា មិន​ដឹងថា​ស្លាប់​ឬ​រស់​ឡើយ​។
​    ​
​ប្អូន ឡុង បូ​រ៉េត បាន​និយាយទៀតថា ការរស់នៅ​លើ​ទូក​នេសាទ​មានការ​លំបាក​បំផុត គឺ​ធ្វើ​ការមិន​ថា​ថ្ងៃ​ឬ​យប់ នៅពេល​ថៅកែ​ប្រើ​ម៉ោង​ណា ត្រូវតែ​ធ្វើដំណើរ​តាម​ទូក​ធ្វើ​នេសាទ​ម៉ោង​នោះ ដោយ​មិន​ហ៊ាន​តវ៉ា​អ្វី​ទាំងអស់​។ ចំពោះ​ការហូបចុក គឺ​សម្បូរ​ត្រី​ហូប​ណាស់​មិន​ខ្វះ​។ តែ​ការហូបចុក​ប្រចាំថ្ងៃ គឺ​តែ​ពីរ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។
​    ​
​ប្អូន​បន្ដថា នៅពេល​ព្រឹក គឺ​ថៅកែ​ឱ្យ​ហូប​តែ​គ្រាប់​សណ្ដែកខៀវ និង​គ្រាប់ស្វាយចន្ទី​ដែល​លីង​រួច​តែប៉ុណ្ណោះ ហើយក៏​ធ្វើការ​រហូត​។ នៅពេល​ល្ងាច​គឺ​គេ​ធ្វើ​បាយ​ឱ្យ​ហូប តែ​ហូប​មិនកើត​ដូច​នៅផ្ទះ​របស់​យើង​ឡើយ​។ ប្អូន​និយាយទៀតថា នៅពេល​ខ្លះ​លុយ​ដែលមាន​តិចតួច​ក្នុង​ខ្លួន បាន​ទិញ​មី​១​កេស ឬ​២​កេស នៅលើ​ទូក​នេសាទ​ដូចគ្នា​សម្រាប់​ទុក​ឆុង​ទឹក​ក្ដៅ ឬ​ឆាហូប​នៅពេល​សម្រាក​ពី​ការនេសាទ​ម្ដង​។
​    ​
​រូប​ប្អូន​ក៏​ចង់ឃើញ​ការវិលត្រឡប់​របស់​ប្អូនប្រុស​ឈ្មោះ ឡុង បូរ៉ា ដែល​មិនដឹងថា​រស់នៅ​លើ​ទូក​ទីណា រស់ឬ​ស្លាប់ ឱ្យ​ត្រឡប់មកផ្ទះ​វិញ​។ តែ​ក្ដី​ស្រ​មៃរបស់​ប្អូន​មិនដឹងថា អ្នក​ដែល​រស់​នៅលើ​ទូក​នេសាទ​ទាំងនោះមាន​វាសនា​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នោះ ឬ​យ៉ាងណា​នោះឡើយ​។
​    ​
​ចំពោះ​ប្អូន ឡុង យ៉ាន់ វិញ​ក៏បាន​និយាយ​រម្លឹក​ទៅខាង​ដើម​វិញ​ថា រូបគេ​មកកាន់​កោះ​នៃ​សមុទ្រ​ប្រទេស MAURITIUS នេះ​គឺ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ឡាយ​អ៊ិន​។ ប្អូន​បន្ដថា ក្រុមហ៊ុន​ឡាយ​អ៊ិន ដែល​នាំ​ពលករ​មក​ពេលនេះ បាន​រលាយ​បាត់ទៅហើយ មិនដឹងថា​ក្រុមហ៊ុន​រត់​ទៅដល់​ទីណា​។
​    ​
​ឡុង យ៉ាន់ បន្ដទៀតថា នៅពេល​ដំបូង​ក្រុមហ៊ុន​ឡាយ​អ៊ិន បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ទៅធ្វើ​ការ​នៅ​ប្រទេស​ខាងលើ ដោយ​សន្យា​ផ្ដល់ប្រាក់​ក្នុង​១​ខែ​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ​។ ការសន្យា​មក​ធ្វើការ​មិនបាន​និយាយ​អំពី​ការ​មក​ធ្វើ​កម្មករ​នេសាទ​ឡើយ​។
​    ​
​មុន​ចេញពី​ស្រុក​នៅ​ខេត្ដ​សៀមរាប ប្អូន​ត្រូវបាន​ក្រុមហ៊ុន​ឡាយ​អ៊ិន សន្យា​ផ្ដល់ប្រាក់​ឱ្យចំ​នួន​៤០​ម៉ឺន​រៀល ប៉ុន្ដែ​មុនពេល​ចាក​ចេញពី​ស្រុក​ទៅ​បើក​លុយ គឺ​ក្រុមហ៊ុន​ឱ្យតែ​ចំនួន​៣៦​ម៉ឺន​រៀលប៉ុណ្ណោះ ​ដោយ​៤​ម៉ឺន​រៀល​ទៀត ត្រូវ​ក្រុមហ៊ុន​កាត់​យក​។ ប្អូន​បន្ដថា ក្រុមហ៊ុន​ខាងលើ គឺជា​ក្រុមហ៊ុន​មួយ​បោកប្រាស់​ដល់​ប្រជាជន​ខ្មែរ​គ្រប់ៗ​គ្នា​។
​    ​
​ឡុង យ៉ាន់ បាន​និយាយទៀតថា នៅពេល​ត្រឡប់​មកដល់​ភ្នំពេញ ប្អូន​មិនដឹងថា ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ឬ យ៉ាងណា​ឡើយ ហើយ​អាច​នៅ​ទីក្រុង​ភ្នំពេញ​រក​ការងារ​ធ្វើ​បន្ដ​។ តែ​ប្អូន​ថា បើ​រក​មិនបាន ​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ ទៀត​មិន​នៅ​ស្រុក​ដាច់ខាត​។
​    ​
​ទោះបីយ៉ាងណា​ក៏ដោយ យើង​មិនអាច​ជួប​បំភ្លឺ​ពី​ក្រុមហ៊ុន ឬ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​អ្វី​ទាំងអស់​។ ហើយ​សំដី​ប្អូនៗ​ខាងលើ​គឺជា​សារ​មួយ​បញ្ជាក់​ដល់​ប្រជាជន​កម្ពុ​ជាទូទៅ​ឱ្យបាន​ដឹង ព្រោះថា​ការ​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​គេ ដូចជា​ប្រទេស​ថៃ ជាដើម មិនមាន​លទ្ធផល​អ្វី​ឡើយ ចុងក្រោយ​សល់​តែ​សម្បខ្លួន ខ្លះ​ជាប់គុក ជាប់​ច្រ​វាក់ និង​ខ្លះ​ស្លាប់ ជា​ហូរហែ​នៅ​ប្រទេស​គេ​។ អ្វីដែល​សំខាន់​នៅ​កម្ពុជា ក៏ត្រូវ​ការ​កម្មករ​មិនតិច​ដែរ ហើយ​តម្លៃ​ក៏​ខ្ពស់​ មិន​ខុសពី​ប្រទេស​ដទៃ​ខាងលើ​ឡើយ គួរតែ​ពលរដ្ឋ​ខ្មែរ​ត្រូវ​សម្លឹង​ឱ្យបាន​ច្បាស់​មុន​នឹង​ចាក​ចេញទៅ​ធ្វើការ​នៅ​ប្រទេសក្រៅ​៕ S
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners