ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

មន្ត្រី​រាជរដ្ឋាភិបាល​ប្រតិកម្មនឹង​សម្តី​លោក​សម​រង្ស៊ី ដែល​ចោទ​សម្តេច​តេជោ ក្រាញ​អំណាច និង​ពុំ​បាន​ផ្តល់​ឱកាស​ការងា​រ​ដល់​យុវជន​

(ថ្ងៃទី 29 មករា 2013, ម៉ោង 10:44:AM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ប្រតិកម្ម ឆ្លើយតប​ទៅនឹង​សម្តី​មេ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លើកឡើងតាមរយៈ​វីដេអូ​ខន​ហ្វឺ​រេ​ន កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៣ ជាមួយនឹង​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០០ នាក់ ដោយ​មេ​បក្ស​ប្រឆាំង​ចោទប្រកាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ថា​ជា​អ្នក​ក្រាញ​អំណាច និង​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជាពុំ​បាន​គិតគូរផ្តល់​ការងារ​ឲ្យ​យុវជន​បាន​ធ្វើ​គ្រប់​គ្នា ជាដើម​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បានចាត់ទុក​ការចោទប្រកាន់​ទាំងនោះថា​ជា​រឿង​ចាស់​ដដែលៗ ហើយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​។​

​លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឆ្លើយតប​នឹង​កា​ចោទប្រកាន់​របស់​លោក សម រង្ស៊ី មេ​គណបក្សប្រឆាំង​ថា ក្នុងនាម​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សូម​ប្រតិកម្ម​ចំពោះ​សម្តី​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បាន​ធ្វើឡើង​តាមរយៈ VIDEO CONFERENCE ចំពោះ​ការលើកឡើង​របស់លោក សម រង្ស៊ី ដែល​បាន​លើកឡើង​ថា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ៣០ ទៅ ៤០ ឆ្នាំ ក្រាញ​អំណាច មិន​ព្រម​ចុះចេញ​ពី​តំណែង ជា​នាយករដ្ឋមន្ត្រី ហួស​ដឺ​ឡេ​។

​លោក កែវ រ៉េមី បាន​មានប្រតិកម្ម​ឆ្លើយតប​ថា នៅ​ប្រទេស​កម្ពុជា ដែល​ប្រកាន់​របប​សភានិយម ខុស​ពី​របប​ប្រធានាធិបតីនិយម​។ របប​ប្រធានាធិបតីនិយម គេ​កំណត់​អាណត្តិ​របស់​ប្រធានាធិបតី​។ ចំពោះ​របប​សភានិយម គ្មាន​ការកំណត់​អាណត្តិ​ទេ​។ នៅក្នុង​គណបក្ស​នីមួយៗ នៅពេលដែល​គណបក្ស​នោះទទួលបាន​អាសនៈ​តំណាងរាស្ត្រ​ច្រើនជាងគេ គណបក្ស​នោះគឺជា​គណបក្សកាន់អំណាច ហើយ​សមាជិក​សភា​របស់​គណបក្ស​ឈ្នះឆ្នោត​នោះ ផ្គូ​ផ្គង​រៀបចំ​ឥស្សរជន​ម្នាក់នៅក្នុង​ផ្ទៃ​ក្នុង​គណបក្ស​នោះជា​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​។

លោក កែវ រ៉េមី បាន​បន្តថា នៅ​កម្ពុជា នៅក្នុង​រដ្ឋធម្មនុញ្ញ បាន​ប្រកាន់​របប​សភានិយម ដោយ​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ​គ្មាន​ការកំណត់​អាណត្តិ​ទេ​។

​លោក កែវ រ៉េមី បាន​បន្ថែមថា “​ដរាបណាប្រជាជន​កម្ពុជា​នៅតែ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដរាប​នោះសម្តេច​តេ​ជោ នៅតែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ពីព្រោះ​ខណៈដែល​ប្រជាជននៅតែ​បន្ត​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជានៅ​តែ​គាំទ្រ​បេក្ខជនសម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​នាយករដ្ឋមន្ត្រី​ជា​រៀង រហូត​អាណត្តិ​ក្រោយៗ បន្តទៀត​”​។

​លោក កែវ រ៉េមី បាន​បន្តថា "​វា​គ្មាន​អី​ទាក់ទង​ទៅ​នឹង​ការ​ក្រាញ​អំណាច​នោះទេ ពីព្រោះ​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្តង មាន​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​។ សម្តេច​តេជោ អត់​បាន​ចាត់តាំងដើម្បី​ឲ្យ​គាត់​បន្ត​គ្រប់គ្រង​អំណាច ដោយ​ប្រើ​កម្លាំង​ទ័ព ហើយ​បង្ក្រាប គ្មាន​ការបោះឆ្នោត​ទេ​។ ប៉ុន្តែ​កម្ពុជាប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មាន​ការចូលរួម​បោះឆ្នោត​គ្រប់​គណបក្ស​នយោបាយ​"​។​

​ចំពោះ​ការលើកឡើង​របស់​លោក សម រង្ស៊ី បាន​ថ្លែង​តាម VIDEO CONFERENCE ពី​ក្រៅ​ប្រទេស ដែល​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា ថា​ពុំ​បាន​ផ្តល់​ឱកាស​ការងា​រ​ដល់​យុវជន ក៏​ត្រូវបាន​លោក កែវ រ៉េមី បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​មេ​គណបក្ស​ប្រឆាំង សម រង្ស៊ី ថា រាជរដ្ឋាភិបាលដែល​ដឹកនាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ផ្តល់​ឱកាស​ដល់​យុវជន​យ៉ាង​ពេញលេញ​។​

​លោក កែវ រ៉េមី បាន​មានប្រសាសន៍ថា "​ទី​១ ទាក់ទង​ទៅនឹង​ការរក្សា​បាន​សន្តិភាព មានន័យ​ថា​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ដល់​យុវជនមាន​ឱកាស​បន្ត​ការសិក្សា​របស់​ខ្លួន​។ ទី​២ រាជរដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន និង​កំពុង​បង្កើត​នូវ​សាលា វិទ្យាល័យ សាកលវិទ្យាល័យ ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ផ្តល់​ជម្រើស​ដល់​យុវជន​សម្រាប់​បន្ត​ការសិក្សា​ទៅតាម​លទ្ធភាព​របស់​ខ្លួន​។ ទី​៣ យុវជន​មាន​សិទ្ធិ​ជ្រើសរើស​នូវ​មុខវិជ្ជាដែល​ខ្លួន​ពេញចិត្ត​រៀនសូត្រ និង​តាមរយៈ​ការផ្តល់​អាហារូបករណ៍ ដែល​មាន​ការយកចិត្ត​ទុកដាក់​ពី​សម្តេច​តេជោ ផ្តល់​អាហារូបករណ៍​ដល់​យុវជន​ក្រីក្រ មាន​ចំនួន​រាប់ពាន់នាក់ ដើម្បី​បង្កើន​សមត្ថភាព​ចេះដឹង​។ ក្រៅពី​ការរៀនសូត្រ រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ដល់​យុវជនចូលរួម​ការងារ​ជាក់ស្តែង​ក្នុង​សង្គម ដូចជា ការចូលរួម​ជាមួយ​យុវជន​កាកបាទក្រហម កាយ​ឫទ្ធិ​។ អ៊ីចឹង ទាល់តែ​យុវជន​ទាំងនោះចូល​ក្នុង​គណបក្ស​របស់​សមរង្ស៊ី ទើប​ជា​មនុស្ស​ល្អ​?"៕​ S
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners