ភ្នំពេញ:
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី៦នឹងចាប់ផ្តើមនៅថ្ងៃស្អែកខាងមុខនេះក្នុងទីក្រុងភ្នំពេញ។
កិច្ចប្រជុំនេះត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៦ នៅក្នុងប្រទេសមួយដូចជា ប្រទេសម៉ាឡេស៊ី សឹង្ហបូរី ថៃ វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជាដែលនឹងធ្វើឡើងចាប់ពីម៉ោង៨ព្រឹកថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១២នោះតទៅ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានប្រចាំឆ្នាំ ជួយសម្រូលដល់បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន ធ្វើការពិភាក្សានិងនិងផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាសន្តិសុខ និងការពារជាតិថ្មី ហើយនិងបញ្ហាប្រឈមមួយចំនួនដែលកំពុងប្រឈមមុខនៅក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានមានគោលបំណងលើកកម្ពស់នូវភាពជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក តាមរយៈការយោគយល់គ្នាដ៏ទូលំទូលាយនៅក្នុងបញ្ហាប្រឈមផ្នែកសន្តិសុខ និងការពារជាតិ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងភាពបើកចំហរ។
ដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការADMMកម្មវិធីការងារ៣ឆ្នាំរបស់ADMM(២០០៨-២០១០)ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២ នៅប្រទេសសឹង្ហបូរី នាឆ្នាំ២០០៧។ កម្មវិធីការងារ(២០០៨-២០១០)បានរួមបញ្ចូលសកម្មភាព និងការវាយតម្លៃក្នុងវិស័យចំនួន៥ គឺ១-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិក្នុងតំបន់។
២-ការបង្កើត និងការចែករំលែកបទដ្ឋាន។៣-ការបង្ការជម្លោះ។៤-ការដោះស្រាយជម្លោះ។៥-ការកសាងសន្តិភាពនៅក្នុងពេលមានជម្លោះ។
ដោយបានបំពេញដំណាក់កាលទី១ ក្នុងឆ្នាំ២០១០ កិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានលើកទី៥ បានអនុម័តកម្មវិធីការងារ៣ឆ្នាំលើកទី២ របស់ADMM(២០១១-២០១៣)ដោយផ្តោតលើកាវាយតម្លៃ និងសកម្មភាពក្នុងវិស័យចំនួន៤ដូចជា: ១-ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់។ ២-ការធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលមានស្រាប់ និងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិដែលអាចមាន។ ៣- ការលើកកម្ពស់ចំណងមិត្តភាពជាមួយដៃគូសន្ទនាឲ្យកាន់តែល្អប្រសើរ។៤-ការបង្កើត និងការចែករំលែកបទដ្ឋាន។
កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិអាស៊ានបានរីកចំរើនយ៉ាងជាប់លា់ប់ចាប់តាំងពីការបង្កើតខ្លួនឡើងក្នុងឆ្នាំ២០០៦។ កិច្ចសហប្រតិបត្តិការនៅក្នុងបញ្ហាជំនួបមនុស្សធម៌ និងសង្គ្រោះមហន្តរាយត្រូវបានរីកចំរើនគួរកឲ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការការពារជាតិអាស៊ាន។បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានអនុម័តឯកសារទស្សនទានដើម្បីធ្វើឲ្យរីកចំរើនកិច្ចសហប្រតិបត្តិការADMMក្នុងវិស័យនេះ ក្នុងនោះរួមមានឯកសារទស្សនទាន ស្តីពីការប្រើប្រាស់សមត្ថភាព និងសម្ភារៈយោធា អាស៊ាននៅក្នុងជំនួបមនុស្សធម៌ និងសង្គ្រោះមហន្តរាយ(HADR)និងឯកសារទស្សនទានស្តីពីកិច្ចប្រតិបត្តិការស្ថាប័នការពារជាតិ និងអង្គការសង្គមស៊ីវិលទៅលើសន្តិសុខមិនមែនប្រពៃណី។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក៏បានរៀបចំផងដែរ នូវលំហាត់លើតុកអាស៊ាន ស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះមហន្តរាយ(AHX)ដែលបានសហការរៀបចំដោយឥណ្ឌូនេស៊ី និងប្រទេសសឹង្ហបូរី និងលំហាត់លើតុ ក្នុងជំនួយមនុស្សធម៌និងសង្គ្រោះមហន្តរាយ ក្រោមក្របខ័ណ្ឌនៃសិក្ខាសាលាកិច្ចសហប្រតិបត្តិការស្ថាប័ន ការពារជាតិអាស៊ាន និងអង្គការសង្គមស៊ីវិល ស្តីពីសន្តិសុខមិនមែនប្រពៃណីលើកទី៣ រៀបចំដោយប្រទេសថៃឡង់ដ៏នាឆ្នាំ២០១២។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៥ បានអនុម័តឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធាអាស៊ាន(ADIC)និងឯកសារទស្សនទាន ស្តីពីការបង្កើតបណ្តាលមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ាន។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបន្តផ្លាស់ប្តូរទស្សនៈទៅលើការដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខមិនមែនប្រពៃណី និងពិភាក្សាអំពីភាពចាំបាច់ដើម្បីពង្រឹង និងអនុវត្តជំហាជាក់ស្តែងបន្ថែមនៅក្នុងកិច្ចសហប្រតិបត្តិការការការពារជាតិ ដើម្បីចូលរួមចំណែកបន្ថែមទៀត នៅក្នុងសន្តិភាព និងស្ថេរភាពក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបានពិពណ៌នាម្តងទៀត ពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបង្កើននូវរាល់សកម្មភាពនៅគ្រប់កំរិតហើយកសាងនូវមូលដ្ឋានដ៏រឹងមាំដើម្បីគាំទ្របង្កើតសហគមន៍អាស៊ាន ដូចបានលើកឡើងក្នុងផែនការសហគមន៍សន្តិសុខ-នយោបាយអាស៊ាន។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកន្លងមករួមមាន:
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១ ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០០៦
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២ ប្រព្រឹត្តទៅនៅប្រទេសសឹង្ហបូរី ក្នុងឆ្នាំ២០០៧
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៣ ប្រព្រឹត្តទៅនៅប្រទេសថៃ ក្នុងឆ្នាំ២០០៩
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៤ ប្រព្រឹត្តទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១០
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៥ ប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១១
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ នឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២។








.jpg)






