ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

Ads140x100
Ads140x100

អ្នកនាំពាក្យ​ប៉ូលិស​៖ ជនសង្ស័យ​ជា​ចោរប្លន់​អ្នក​លក់​មាស និង​ដូរ​លុយ ប៉ូលិស​ចាប់បាន​តែ​ម្នាក់​ប៉ុណ្ណោះ​

(ថ្ងៃទី 3 កញ្ញា 2011, ម៉ោង 07:01:PM) | ដោយ: រតនា

ក- ក+ | Print

អ្នកនាំពាក្យ​ប៉ូលិស​៖ ជនសង្ស័យ​ជា​ចោរប្លន់​អ្នក​លក់​មាស និង​ដូរ​លុយ ប៉ូលិស​ចាប់បាន​តែ​ម្នាក់​ប៉ុណ្ណោះ​
​បុរស​ជាប់ចោទ​ជា​ចោរប្លន់ ឈ្មោះ ឡាយ វណ្ណៈ ហៅ អា​ឥណ្ឌា រួម​ទាំង​វត្ថុតាង ពេល​ប៉ូលីស ចាប់ខ្លួន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣​កញ្ញា ឆ្នាំ​២០១១៕

អ្នកនាំពាក្យ​ប៉ូលិស​៖ ជនសង្ស័យ​ជា​ចោរប្លន់​អ្នក​លក់​មាស និង​ដូរ​លុយ ប៉ូលិស​ចាប់បាន​តែ​ម្នាក់​ប៉ុណ្ណោះ​
​វត្ថុតាង ដែល​រួមមាន​ទាំង​កាំភ្លើង​កែច្នៃ របស់​ជនជាប់ចោទ ឡាយ វណ្ណៈ ហៅ អា​ឥណ្ឌា ជាប់ចោទ​ក្នុង​រឿង​ប្លន់​អ្នក​លក់​មាស និង​អ្នក​ដូរ​លុយ​៕​

 
ភ្នំពេញ: លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​មានប្រសាសន៍​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន CEN នៅ​ព្រលប់​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១១​ថា នគរបាលជាតិ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ជា​ឃាតករ បាញ់​សម្លាប់​ស្ត្រី​ម្ចាស់​លុយ ៣ ម៉ឺន​ដុល្លារ ដែលជា​អ្នក​លក់​មាស និង​ដូរ​លុយ​នៅ​ចោមចៅ​។​

​លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​បន្ថែមថា ការឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ ដោយសារតែ​មាន​កិច្ច​សហការ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បាន​ឃើញ​ជនសង្ស័យ តាមរយៈ​វិដេអូ youtube ដែល​បាន​ថត​ពី​កា​ម៉ា​រ៉ា​សុវត្ថិភាព ពី​ហេតុការណ៍​ក្រុម​ចោរ​ប្លន់​នោះ​។ ប្រជាជន​ស្គាល់​ជនសង្ស័យ និង​ស្គាល់​ផ្ទះ ហើយ​រាយការណ៍​ឲ្យ​សមត្ថកិច្ច ឈាន​ដល់​ការចាប់ខ្លួន​ជន​នោះ​តែម្តង​។​

​តាម​របាយការណ៍​ប៉ូលិស ក្រោយពី​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រហ្មទណ្ឌ​របស់​ក្រសួងមហាផ្ទៃ គឺ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក​ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក រឿន ណា​រ៉ា ស្នងការរង​ប៉ូលិស​ខេត្ត​កណ្តាល ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ និង​នគរបាល​ស្រុក​ល្វាឯម ចុះ​បង្រាប​ករណីចោរប្លន់​អ្នកល​ក់មាស នៅ​ពោ​ចិន​តុង ដោយ​បាញ់​សម្លាប់​ជនរងគ្រោះ​ម្នាក់​។

​ប៉ូលិស​បង្ហាញថា បុរស​ជាប់ចោទ​នោះ ឈ្មោះ ឡាយ វណ្ណៈ ហៅ អា​ឥណ្ឌា អាយុ ៣១​ឆ្នាំ មានផ្ទះ​នៅ​ឃុំ​អរិយ៍​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ បុរស​ជាប់ចោទ ដែល​ជា​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បាន កាលពី​ម៉ោង ៦ និង ៣០ ព្រឹក ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១១​។

​ក្រោយពី​ចាប់ខ្លួន​បុរស​ជាប់ចោទ​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានប្រគល់​មុខសញ្ញា រួមទាំង វត្ថុតាង​ឲ្យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​ស្រាវជ្រាវ​បន្ត ។​

​ក្នុង​ពេល​ចាប់ខ្លួន​នោះ ប៉ូលិស​បាន​រឹបអូស​អាវុធ​កែច្នៃ និង​សម្ភារៈ​ជាច្រើន​ពីជនជាប់ចោទ ដែល​ជា​ប៉ូលិស​ប្លន់​អ្នក​លក់​មាស និង​ដូរ​លុយ​នៅ​ចោមចៅ ក្នុង​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា នៅវេលា​ម៉ោង ១០ និង ១៥ នាទី ព្រឹក​ថ្ងៃ​ទី​២៨​សីហា ឆ្នាំ​២០១១ ស្ត្រី និង​កូនប្រុស ដែល​កំពុង​ជិះ​ម៉ូតូ បាន​ត្រូវ​ចោរ​ប្រដាប់អាវុធ​មួយក្រុម យ៉ាងហោច​ណាស់​មាន​គ្នា ៦ នាក់ បាន​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​ប្លន់​យក​លុយ​មួយថង់ ចំនួន ៣ ម៉ឺន​ដុល្លារ​។ ដោយ​ប្រតាយប្រតប់​ជាមួយ​ចោរ ដើម្បី​ដណ្តើម​យក​ថង់​លុយ​មក​វិញ ស្ត្រី​រងគ្រោះ ក៏​ត្រូវ​ក្រុមចោរ​បាញ់​ចំនួន ៣ គ្រាប់ របួសធ្ងន់ នៅ​កន្លែងកើតហេតុ ស្ថិតនៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌដង្កោ ទល់មុខ​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ក្រោយមក​មាន​សេចក្តីរាយការណ៍​ថា ស្ត្រី​ដែល​ចោរ​បាញ់​របួស​ធ្ងន់ ឈ្មោះ ស្រី មុំ ជា​អាជីវករ​ដូរ​លុយ​នៅ​ផ្សារ​ចោមចៅ បាន​ស្លាប់​ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។​

​សកម្មភាព​ចោរប្លន់​ទាំង​កណ្តាល​ថ្ងៃ និង​មាន​មនុស្ស​អ៊ូអរ នៅ​កន្លែង​លក់​ខោអាវ​ជជុះ នៅ​ផ្ទះល្វែង​ទើប​សាងសង់​ថ្មី នៅ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ ក៏​ត្រូវបាន​គេ​ថត​វិដេអូ តាម​កាំ​ម៉ា​រ៉ា​សុវត្ថិភាព ហើយ​ត្រូវ​បាន​បង្ហោះ​តាម Facebook និង​បាញ់​ចូល​ទូរស័ព្ទដៃ ចែកចាយ​គ្នា​មើល និង​បញ្ចេញមតិ​ផងដែរ​។​

​តាម​សាក្សី ស្ត្រី​រងគ្រោះ​បាន​កាន់​លុយ​ចំនួន​ជាង ៣ ម៉ឺន​ដុល្លារ ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ចោមចៅ តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះ​មក​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​យក​លុយ​ដុល្លារ ដូរ​យក​លុយ​រៀល​។ តែ​ក្នុង​ពេល​ធ្វើដំណើរ​មក​ដល់​កន្លែងកើតហេតុ ក៏​ត្រូវ​ក្រុមចោរ បើក​ម៉ូតូ​ពីរ​គ្រឿង ដេញ​គាបស៊ី​។ ស្ត្រី និង​កូនប្រុស បាន​បើក​ម៉ូតូ ផ្តួល​រត់​ចូល​កន្លែង​លក់​ខោអាវ​ជជុះ ដើម្បីឲ្យ​គេ​ជួយ តែ​គ្មាន​អ្នក​ជួយ ហើយ​ក្រុម​ចោរ ដែល​ពាក់​មួកសុវត្ថិភាព ក៏​បាន​ដណ្តើម​យក​ថង់​លុយ និង​ឡើង​ជិះ​ម៉ូតូ​។ តែ​ស្ត្រី​នោះ បាន​រត់​ចូល​ដណ្តើម ក៏​ត្រូវ​ក្រុមចោរ​វាយ និង​បាញ់​សម្លាប់​តែម្តង​។​
 
​ក្រោយមក​ក្រុម​ចោរប្លន់ បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​យ៉ាង​រំភើយ តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី​៕
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Tep boprek (2)
  • 22-5
  • Kea (1)
  • 15206_508252042571435_1628663280_n
  • Tey5

Our Partners