ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

តើ​ក្រុមព្រះ​នឹង​បញ្ចប់ជីវិត​ន​យោ​បាយ​ត្រឹមនេះ​?

(ថ្ងៃទី 11 សីហា 2012, ម៉ោង 02:03:PM) | ដោយ: គ្រីទិច

ក- ក+ | Print

ភ្នំពេញ: ​នៅក្នុង​ការផ្លាស់ប្តូរ​ជំហរ​ជាថ្មី​ម្តងទៀត សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ  បានប្រកាស​លាឈប់​ពី​ឆាកនយោបាយ ចាប់ពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ តទៅ​។​ នេះ​ជា​លើក​ទី​ពីរ​ហើយ ​ដែល​ទ្រង់​បានប្រកាស​ការលា​លែង​នយោបាយ​។ តើ​នេះ​ជាការ​ចាកចេញ​គ្មាន​ការវិលត្រឡប់ ឬក៏​វា​គ្រាន់តែ​ជាការ​សម្រាក​យក​កម្លាំង ដើម្បី​ហក់​ចូលក្នុង​សង្វៀន​សាជាថ្មី​ទៀត?​

​សំណួរ​ពិ​បាក​ស្មាន​អំពី​ចម្លើយ ​ដោយ​ពិចារណា​ទៅលើ​ការផ្លាស់ប្តូរ​ជំហរ​ជា​ញឹកញាប់​របស់​ទ្រង់​។ មានតែ​ព្រះអង្គ​ប៉ុណ្ណោះ ​ដែល​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​បាន​យ៉ាង​ត្រឹមត្រូវ​។​

​ក្នុង​លិខិត​ចំហ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ ធ្វើ​នៅ​ប្រទេស​បារាំង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជាក់ថា "​ដោយ​យល់ឃើញ​របបរាជានិយម នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន កាន់​តែមាន​ភាពរឹងមាំ ក្រោម​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ប្រកាស​ចាប់ពីពេលនេះ​តទៅ​ថា ខ្ញុំ​ឈប់​ធ្វើ​នយោបាយ និង​មិន​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេច​ផ្សេងៗ របស់​គណបក្ស នរោត្តម រណឫទ្ធិ តទៅទៀត​ហើយ​"​។​

​នៅក្នុង​លិខិត​ដដែល​នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់​យ៉ាងច្បាស់​លាស់​សាជាថ្មី​ម្តង​ទៀតថា "​ខ្ញុំ​នឹង​ចាប់ផ្តើម​បំពេញ​កិច្ចការ​មនុស្សធម៌ សង្គមកិច្ច ក្នុងការ​រួមចំណែក អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ការគ្រប់គ្រង​រាជសម្បត្តិ​នៃ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទី​សក្ការៈ​"​។​


 សូមបញ្ជាក់ថា ការប្រកាស​លាឈប់​ពី​ឆាកនយោបាយ​បែបនេះ គឺ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ធ្លាប់​បានធ្វើ​ម្តង​រួចមកហើយ កាលពី​ចុងឆ្នាំ​២០០៨ ក្រោយ​ការបោះឆ្នោតជាតិ ដើម្បី​ឲ្យ​ព្រះអង្គ បាន​វិលត្រឡប់ ចូល​មាតុប្រទេស​វិញ ដោយ​មិន​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ក្នុង​រឿងក្តី​ក្តាំង​ជម្លោះផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​ការចាកចេញ​របស់​ទ្រង់​ពេលនេះ ក៏​នាំ​ឲ្យ​មានការ​លាលែង​តំណែង​ជា​ហូរហែ នៃ​ក្រុម​ដែល​ស្មោះត្រង់​នឹង​ព្រះអង្គ​ដែល​រួមមាន​លោក ឈឹម សៀកឡេង និង ប៉ែន សង្ហា ជាដើម​។​

​ការចាកចេញ​របស់​ទ្រង់ និង​មន្ត្រី​ទាំងនោះ នឹង​បើកផ្លូវ​ឲ្យ​មានការ​រួបរួមគ្នា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម​រណឫទ្ធិ នៅ​ថ្ងៃទី​២៤ ខែសីហា​ខាងមុខនេះ​។ គណបក្ស​នរោត្តមរណឫទ្ធិ នឹងត្រូវ​ដូរ​ឈ្មោះ​ជា​គណបក្ស​ជាតិនិយម​។​

​បច្ចុប្បន្ន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវគេ​ដឹងថា ត្រូវ​កាច់ចង្កូត​ដោយ​លោក ញឹក ប៊ុនឆៃ ដែលជា​ប្រធាន​ប​ត្តិ ខណៈដែល​លោក កែវ ពុទ្ធរស្មី ជាម​គ្គុ​ទេស​គណបក្ស​នេះ​។​

​នៅក្នុង​ទិដ្ឋភាព​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ត្រូវ​មិន​ត្រូវបាន​ដឹកនាំ​ដោយ​ឈាម​ព្រះ​រាជវង្ស​ឡើយ​។ វា​នឹងធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ពិបាក​យល់​នៅពេលដែល​ហ្វ៊ុនស៊ិនប៉ិច ប្រកាស​ខ្លួន​ថា ជា​គណបក្ស​រាជានិយម ខណៈដែល​គណបក្ស​នេះ លែង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សមាជិក​ណាមួយ​នៅក្នុង​រាជវង្ស​។​

​នេះ​ជា​អ្វីដែល​ក្រុម​របស់លោក​ញឹក​ប៊ុនឆៃ​ត្រូវ​គិត​នៅពេល​ខាងមុខ​។​តើ​សារ​ដ៏​ច្បាស់លាស់​ណាមួយ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ការគាំទ្រ​របស់​អ្នកបោះឆ្នោត​។​ដរាបណា​គណបក្ស​នេះ​នៅតែ​គិតថា​សារ “​គណបក្ស​រាជានិយម​” នៅតែមាន​ប្រយោជន៍​នោះ វា​នឹង​តម្រូវអោយមាន​សមាជិក​រាជានិយម​។ ប៉ុន្តែ​តើ​ព្រះ​ង្គ​ម្ចាស់​អង្គណា​ដែល​នឹង​អាចមាន​ប្រជាប្រិយភាព​គ្រប់គ្រាន់ ដើម្បី​ដឹកនាំ​គណបក្ស​នេះ ឲ្យ​ទទួលជោគជ័យ​។ នេះ​ជា​សំណួរ​ថ្មី​មួយទៀត​ដែល​នឹងធ្វើ​អោយមាន​ការពិបាក​ចំពោះ​ក្រុម​លោក ញឹក ប៊ុនឆៃ​។ កន្លងមក​សម្តេចក្រុមព្រះ​មានការ​លេចធ្លោ​ជាងគេ​ក្នុងចំណោម​ព្រះអង្គម្ចាស់ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី​ទាំងឡាយ នៅក្នុង​ឆាកនយោបាយ​។​

​ម្លោះ​ហើយ​សេណា​រី​យ៉ូ នៃ​ការវិលត្រឡប់​របស់​ស​ម្តេច​ក្រុមព្រះ​វិល​ត្រឡប់មក​នយោបាយ​វិញ​នៅតែ​អាច​។ ប៉ុន្តែ​ព្រះអង្គ​នឹងមិន​អាច​ដើរ​តាមផ្លូវ​ចាស់​បានឡើយ​។ ព្រះអង្គ​ត្រូវតែ​សកម្ម​ជាង​មុន​ហើយ​ប្រមូល​ធនធានមនុស្ស​ថ្មីៗ ប្រកបដោយ​សមត្ថភាព​ដើម្បី​ជួយ​ព្រះអង្គ​។ យ៉ាងហោចណាស់​រូបភាព​ហ្វ៊ុនស៊ិនប៉ិច​ដូចដើម​មួយ​គួរតែ​កសាង​អោយបាន​៕​
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners