ភ្នំពេញ: ក្រុមហ៊ុន HAEDA CITY GROUP នៃប្រទេសកូរ៉េ បានចាប់ផ្តើមគំរោងរមនីយដ្ឋាន អង្គររីស៊ូតស៊ីធី នៅក្នុងខេត្តសៀមរាប ដែលមានទុនវិនិយោគប្រមាណ ៤៧០ លានដុល្លារ អាមេរិកឡើងវិញ បន្ទាប់ពីត្រូវផ្អាកអស់មួយរយៈដោយសារវិបត្តិ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិភពលោក ។
នៅក្នុងសវនាការជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១០ នៅភូមិគ្រឹះវិមានឯករាជ្យ លោក យ៉ុង ចូគីម ( HYUNG JOO KIM ) នាយកប្រតិបត្តិ នៃក្រុមហ៊ុន HAEDA CITY GROUP បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន អំពីគម្រោងវិនិយោគ រមនីយដ្ឋានអង្គររីស៊ូតស៊ីធី នៅក្នុងខេត្តសៀមរាបឡើងវិញ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នក សារព័ត៍មានថា លោក យ៉ុង ចូគីម បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីគោរពរាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រីអំពីគំរោងរមនីយដ្ឋានអង្គររីស៊ូតស៊ីធី របស់លោក ។ លោក បានបន្តថា គំរោងនេះត្រូវបានផ្អាកអស់មួយរយៈដោយសារ វិបត្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភពលោក ប៉ុន្តែពេលនេះក្រុមហ៊ុន របស់លោកបានចាប់ផ្តើមគំរោងនេះឡើងវិញ ។
លោក យ៉ុង ចូគីម បានបន្តថា គំរោងនេះមានវិសាលភាពធំណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ ដែលខេត្តសៀមរាបកំពុងទទួល បាននូវចំនួនទេសចរ យ៉ាងច្រើន ។ តែទោះបីជាយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធ បំរើឲ្យវិស័យទេសចរណ៍នៅមានការខ្វះខាតនូវឡើយ ដូចរមណីយដ្ឋាន កន្លែងកំសាន្ត សណ្ឋាគារ ។ល។
លោក យ៉ុង ចូគីម បានបន្តថា : គំរោងរមនីយដ្ឋានអង្គររីស៊ូតស៊ីធី និង សាងសង់សណ្ឋាគារ ផ្កាយ ៤ ផ្កាយ ៥ មាន ខិនដូ មានទីលានវាយកូនហ្គោល មានផ្សារទំនើប មជ្ឈមណ្ឌលកំសាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្ម ឧទ្យានធម្មជាតិ មណ្ឌលសុខភាព ស្ថានីយ ទឹកស្អាត ស្ថានីយអគ្គិសនី និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាដើម។ ដើម្បីធ្វើយ៉ាងណា បំពេញឲ្យសេចក្តីត្រូវការហេដ្ឋរចនាសម្ព័ន្ធ វិស័យទេសចរណ៍ ដើម្បីទាកទាញភ្ញៀវទេសចរ ឲ្យបានច្រើន ។ លោកបានបន្តថា គំរោងនេះនិងជួយបង្កើនការងារឲ្យពលករកម្ពុជា ជនពិកា និង លើកកំពស់ដល់ជីវភាពប្រជាជនផងដែរ ។
នៅក្នុងជំហានទី ១ នេះក្រុមហ៊ុន គ្រោងចំណាយទុនចំនួន ២០០ លានដុល្លារ អាមេរិក ហើយនិងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខែតុលាខាងមុខនេះ ហើយជំហានទី ១ និងបញ្ចប់នៅក្នុង ២០១២ ដើម្បីស្រូបយកភ្ញៀវនៅក្នុងឆ្នាំ ២០១២ នោះតែម្តង ។ លោក យ៉ុង ចូគីម បានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះគំរោងការរបស់ក្រុមហ៊ុនលោក ដើម្បីធ្វើកិច្ចការងារនេះឲ្យបានជោគជ័យ ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ របាយការណ៍ នេះហើយសម្តេចបានមានប្រសាសន៍ថា : នេះជាការលើកទឹកចិត្តណាស់ព្រោះការអភិវឌ្ឍនេះ គឺជាការអភិវឌ្ឍនៅលើប៉ូលមួយ នៃប៉ូលសេដ្ឋកិច្ចទាំង ៣ របស់រាជរដ្ឋាភិបាល ។ ហើយជាការពិតការអភិវឌ្ឍនេះ និងជួយដល់ការផ្តល់ការងារដល់ពលករកម្ពុជា ក៏ដូចជា ការជួយបំពេញសេចក្តីត្រូវការរបស់ទេសចរផងដែរ ។សម្តេចតេជោ បានបង្ហាញនូវ ការគាំទ្រ ហើយបើមានករណីអ្វីពាក់ព័ន្ធនិងគំរោងនេះ សម្តេចបានស្នើឲ្យក្រុមហ៊ុនទាក់ទង ដោយផ្ទាល់ជាមួយ លោក សុខ ចិន្តា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕