ភ្នំពេញ: របាយការណ៍ថី្មមួយរបស់ អង្គការ មូលនិធិអភិរក្សសត្វព្រៃ WWF បានរកឃើញថា ចំនួនត្រីរាជ នៅតំបន់មេគង្គ នឹងឈានទៅប្រឈមនឹងការផុតពូជ
ប្រសិនបើផែនការអភិវឌ្ឍន៍វារីអគ្គិសនី ក្នុងតំបន់ទន្លេមេគង្គ នៅតែបន្ត ។
របាយការណ៍ ដែលមានចំណងជើងថា ពពួកត្រីទំហំធំៗនៃមេគង្គ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ បានរៀបរាប់ពីត្រីទំហំធំៗចំនួន ៤ ប្រភេទ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ ហើយស្ថិតនៅក្នុងលំដាប់ត្រីទឹកសាប ដែលមានទំហំធំជាងគេបង្អស់ចំនួន ១០ ប្រភេទ នៅលើពិភពលោក ។
របាយការណ៍ បានបង្ហាញថា ត្រីបបែលទឹកសាប ទំហំធំដែលមានប្រវែងសើ្មពាក់កណ្តាលឡានក្រុង ហើយអាចមានទម្ងន់រហូត ៦០០ គីឡូក្រាម គឺជាត្រីទឹកសាបធំជាងគេបង្អស់ នៅលើពិភពលោក។ ចំណែកឯត្រីរាជ ស្ថិតក្នុងលំដាប់លេខ ៣ មានប្រវែងរហូតដល់ ៣ ម៉ែត្រ និងមានទម្ងន់ ៣៥០គីឡូក្រាម ហើយជាប្រភេទ រងការគំរាមកំហែងជិតផុតពូជ ។
លោក រ៉ូជ័រ មុលុត ( Roger Mollot ) អ្នកជីវវិទូ នៃអង្គការ WWF ប្រចាំប្រទេសឡាវ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថាៈ “ត្រីដែលមានទំហំធំប៉ុនត្រីរាជ មិនអាចហែលកាត់របាំងធំ ប៉ុនទំនប់វារីអគ្គីសនី ដើម្បីទៅផ្នែកខាងលើមេគង្គ ដើម្បីធ្វើការពងកូនបានទេ។ សភាពបែបនេះ នឹងអាចនាំឱ្យចំនួនត្រីទឹកសាប ដ៏សំខាន់មួយប្រភេទនេះ ប្រឈមនឹងការបាត់បង់ ។”
ទិន្នន័យវិទ្យាសាស្ត្រ បច្ចុប្បន្នបង្ហាញថា ត្រីរាជធ្វើចរាចរ ពីទន្លេសាបក្នុងកម្ពុជា ឆ្ពោះទៅទន្លេមេគង្គ ដើម្បីទៅធ្វើការពងកូន នៅប៉ែកខាងជើងប្រទេសថៃ និងឡាវ ។ ក៏ប៉ុន្តែទំនប់វារីអគ្គិសនីទាំងឡាយណា ដែលត្រូវគេសាងសង់នៅត្រង់ចំណុច
ប៉ែកខាងក្រោមមេគង្គ នឹងរាំងស្ទះដល់ការធ្វើចរាចរ ដើម្បីពងកូនរបស់ត្រីប្រភេទនេះ ។
សេចក្តីប្រកាស បានបន្ថែមថា គម្រោងសាងសង់ទំនប់វារីអគ្គីសនីនៅលើទន្លេមេគង្គ ក្នុងខេត្តសាយ៉ាប៊ូលី ភាគខាងជើងប្រទេសឡាវ គឺជាការគម្រាមកំហែង ដល់ការរស់នៅរបស់ត្រីរាជ ។ ទំនប់វារីអគ្គីសនី សាយ៉ាប៊ូលី គឺជាទំនប់ទីមួយដែលមាននៅលើទន្លេមេគង្គផ្នែកខាងក្រោម ដែលនឹងត្រូវយកទៅធ្វើការវាយតម្លៃ មុនពេលដែលប្រទេសទាំងឡាយដែលជាសមាជិកគណៈកម្មការ ទន្លេមេគង្គ ផ្តល់ប្រឹក្សាទៅលើការសាងសង់ ។
ចំណែកកញ្ញា ដាង ធួយ ទ្រាំង ( Dang Thuy Trang ) អ្នកសម្របសម្រួល ផ្នែកតំបន់អេកូឡូស៊ី មេគង្គ សម្រាប់កម្មវិធីអភិរក្សមហាតំបន់មេគង្គ នៃអង្គការ WWF បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថាៈ “មានត្រីទំហំធំៗ រស់នៅក្នុងទន្លេមេគង្គ ច្រើនជាង នៅទន្លេដទៃទៀតលើសាកលលោក ។”
កញ្ញា បន្តទៀតថាៈ “បច្ចុប្បន្ននេះ លំហូរទន្លេមេគង្គប៉ែកខាងក្រោម នៅមានសភាពល្អប្រសើរ ដែលផ្តល់នូវឱកាសដ៏ល្អមួយ សម្រាប់ការអភិរក្សពពួកត្រីទឹកសាបទាំងអស់នេះ ។”
របាយការណ៍របស់អង្គការ WWF ក៏បានរៀបរាប់ផងដែរ អំពីត្រីទំហំធំ ឈ្មោះថា Dog-eating catfish និងត្រីគល់រាំង ដែលជាប្រភេទ ត្រីនិមិត្តរូប នៃជាតិកម្ពុជា ហើយជាត្រី ដែលមានទំហំធំជាងគេបំផុត លើសាកលលោកសម្រាប់ត្រីប្រភេទនេះ ។ ត្រីទាំងពីរ
ប្រភេទនេះ ដែលមួយៗ មានទំងន់ ៣០០គីឡូក្រាម ស្ថិតនៅលំដាប់ទី ៥ ក្នុងចំណោមប្រភេទធំៗ ទាំង ១០ នៅលើសាកលលោក ។
សេចក្តីប្រកាស បានកត់សម្គាល់ថា ទំនប់វារីអគ្គិសនី ក្នុងតំបន់មេគង្គប៉ែកខាងក្រោម មិនត្រឹមតែប៉ះពាល់ ដល់ពពួកត្រីមានទំហំធំៗទាំងនេះទេ វាថែមទាំងអាចធ្វើឱ្យការប្រែប្រួលអាកាសធាតុ កាន់តែធ្ងន់ធ្ងរថែមទៀត នៅក្នុងប្រព័ន្ធមេគង្គ ដែលជាតំបន់ជលផល និងកសិកម្មដ៏សម្បូរបែបជាងគេមួយ នៅលើសាកលលោក ។
ចំពោះការសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាប៊ូលី ក៏ត្រូវបានអង្គការ WWF លើកឡើងថា អាចកាត់បន្ថយល្បាប់ ដែលហូរទៅប៉ែកខាងក្រោមមេគង្គ ហើយធ្វើឱ្យតំបន់នេះងាយប្រឈមនឹងហេតុប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ឧទាហរណ៍ការកើនឡើងកម្រិត នៃទឹកសមុទ្រ ។
អង្គការ WWF បានគាំទ្ររាល់ការពន្យារការឯកភាព លើផែនការសាងសង់ទំនប់វារីអគ្គីសនី នៅក្នុងតំបន់មេគង្គ ក្នុងនោះ មានទំនប់ សាយ៉ាប៊ូលី ផងដែរ ដើម្បីធានាថា ហេតុប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ដែលចេញមកពីការសាងសង់ និងប្រតិបត្តិការនៃទំនប់ទាំងនេះ ត្រូវបានគេសិក្សាស៊ីជម្រៅ។
អង្គការ WWF ធ្វើការយ៉ាងសកម្ម ដើម្បីលើកស្ទួយការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ប្រកបដោយនិរន្តរភាពនៅក្នុងប្រព័ន្ធទន្លេមេគង្គទាំងមូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នូវថាមពល ដោយធ្វើការផ្តោតជាអាទិភាព លើកន្លែងមានសាងសង់ទំនប់វារីអគ្គីសនីរួចហើយ ៕