ភ្នំពេញ: កីឡាករ ផុន ផាន់ណា មកពីព្រំដែនខ្មែរ-ថៃ ឯនាយសមុទ្របាននិងកំពុងសាងកេរ្ដិ៍ ឈ្មោះបោះសម្លេងនៅសង្វៀនប្រដាល់គ្រប់ស្ថានីយ ។ រាល់ការប្រកួតភាគច្រើនគេវាយមិនដែលចាញ់ ។ អ្នកប្រដាល់រូបនេះ បានបង្ហាញពីគំនិតរបស់ខ្លួនចង់ក្លាយជាគ្រូបង្វឹកដ៏ល្អម្នាក់ក្នុងក្លឹបមួយ នាពេលអនាគត ហើយធ្វើជាអ្នកប្រដាល់រហូតទៅមុខលែងរួច ។
ស្ថិតក្នុងវ័យកុមារ ១១ឆ្នាំ គេបានប្រឡូកចូលវិស័យក្បាច់គុនបុរាណខ្មែរ ។ សព្វថ្ងៃ ផាន់ណា មានវ័យ ២១ឆ្នាំ ។ គេធ្លាប់ប្រកួតចំនួន ២៤០ ដង ។ ចាញ់ចំនួន ៦០ ដង និងឈ្នះចំនួន ១៨១ ដង ។ គេមានថ្វីជង្គង់ និងកែង ដែលគ្រប់គូប្រកួតតែងតែរអារ ។ ផុន ផាន់ណា ក្លឹបសមាគមកីឡាប្រដាល់ខេត្ដកោះកុងឈ្នះពិន្ទុលើកីឡាករ Denis Brian មកពីទីក្រុងប៉ារីស ។ ប្រការនេះ បានធ្វើឱ្យលោក មៀម ស៊ីសារ៉ា ប្រធានសហព័ន្ធកីឡាប្រចាំប្រទេសបារាំង ចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករខ្មែរមាន ផាន់ណា, ចាន់ រតនា និង យុគ យក្សគីល ។ ក្រុមកីឡាករខ្មែរអាចជួបគ្នានឹងក្រុមកីឡាករបារាំងម្ដងទៀតក្នុងខែកញ្ញា ឆ្នាំ២០១០ ដែលទំនងនៅប្រទេសបារាំង ។ ទោះយ៉ាងណាគេបានត្រៀមខ្លួនរួចរាល់ហើយដែរ ។
ផាន់ណា ក៏ដូចកីឡាករឯទៀតៗ បានទទួលប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវក្នុងម្នាក់ៗ ១០០០ ដុល្លារ និងការឧបត្ថម្ភគាំទ្រផ្សេងៗទៀត កាលពីថ្ងៃទី១១ ខែកក្កដា ធ្វើឱ្យគេមានប្រាក់ច្រើន បានទិញម៉ូតូថ្មីឆ្នាំ២០០៩ មួយគ្រឿង ជូនឪពុក និងជួយមិត្ដភ័ក្រខ្លះៗ នៅសល់លុយ ៤០ ដុល្លារក្នុងខ្លួន ។
ក្លឹបសមាគមកីឡាប្រដាល់ខេត្ដកោះកុង ប្រធានគ្រប់គ្រងលោក យុទ្ធ ភូថង អតីតអភិបាលខេត្ដកោះកុង និងបច្ចុប្បន្នរដ្ឋលេខាធិការក្រសួងកសិកម្ម ។ នៅក្នុងក្លឹបនេះមាន ផុន ផាន់ណា, ទិត្យ សុវណ្ណគិរី, ម៉ាត់ ឆ្វេង និង លាង ស៊ីពេជ្រ ។ ពួកគេរស់នៅ និងហាត់រួមគ្នា ក្នុងស្ដាតចាស់ បង្វឹកដោយ លោកគ្រូ ឈិត សារឹម ចាប់តាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩មក ។
ក្លឹបនេះនឹងត្រូវលើកទៅហាត់នៅខេត្ដព្រៃវែង ផ្ទះលោក យុទ្ធ ភូថង ដោយ ផាន់ណា ជាអ្នកសម្រេចហៅលោក ងួន និត គ្រូដើមរបស់គេទៅបង្វឹក ហើយដល់ថ្ងៃប្រកួតពួកគេឡើងមកភ្នំពេញ ។ កីឡាកររូបនេះ ធ្លាប់ជួបបរទេសចំនួន ៥ដង ឈ្នះទាំង ៥ដង ផ្ដួលដៃគូឱ្យសន្លប់ ៣ដង ឈ្នះពិន្ទុ ២ដង ។ ទោះយ៉ាងណា ផាន់ណា ក៏ធ្លាប់សន្លប់ ២ដងដែរ ។ ដោយបានប្រឡូកចូលវិស័យកីឡាប្រដាល់យូរឆ្នាំ ក្នុងចំណោមកីឡាករជាច្រើនមិនបានធ្វើឱ្យគេខ្លាច ឬព្រួយបារម្ភឡើយ ពីព្រោះគ្រាន់តែឃើញវាយបន្ដិចអាចដឹងស្នៀតភ្លាម ។ ម្ដាយ ផាន់ណា ពីដំបូងបានជំទាស់មិនឱ្យកូនចូលខាងកីឡាប្រដាល់ឡើយ ដោយគាត់បញ្ជាក់ថា គាត់ខំចិញ្ចឹមកូនតាំងពីតូចបាតជើងក្រហមមិនឱ្យស្រមោចវាកាត់មួយផង ពេលធំដឹងក្ដីរឿងអីទៅឱ្យគេវាយឈឺសាច់ការយកឈ្នះចិត្ដម្ដាយធ្វើឱ្យឃ្លាតឆ្ងាយពីក្រុមគ្រួសាររហូតដល់សព្វថ្ងៃ គេកំពុងតែនឹក និងអាណិតពួកគាត់ ។ ផាន់ណា មានគម្រោងរកលុយសង់ផ្ទះជូនឪពុកម្ដាយ នៅឯស្រុកកំណើត ខេត្ដកោះកុងសិន ទើបគិតដល់អនាគតគូស្រករ ។ ទោះយ៉ាងណាគេមានសង្សារម្នាក់ ដែល ជាកូនមិត្ដភ័ក្រឪពុកនៅសៀមរាបកន្ទួតខេត្ដកណ្ដាល ។
កីឡាករល្បីដូច ផាន់ណា ជាមុខសញ្ញាសម្រាប់ឈ្មួញភ្នាល់ដាក់លុយវាយបុកតាមទិញ ។ ផាន់ណា តែងតែបដិសេធញឹកញាប់មិនព្រមទទួលលុយទិញឱ្យចាញ់ដោយបញ្ជាក់ថា “ បើយើងយកលុយគេវាមិនមែនជាញើសឈាមរបស់យើង ។ កីឡាករលក់ខ្លួនភាគច្រើនពួកគេមានជីវភាពខ្វះខាតក្នុងគ្រួសារ ។ មានពេលខ្លះវាធ្វើឱ្យខ្ញុំធុញទ្រាន់នឹងកីឡាប្រដាល់នេះដែរ តែខ្ញុំបាត់មិត្ដភ័ក្រនៅមិនបាន ” ។
ឆ្នាំ២០០១ គេចូលហាត់គុនខ្មែរជាមួយលោកគ្រូ ស៊ីថា មានរយៈពេលជិត ១ឆ្នាំ ក្នុងវ័យកុមារមិនទាន់បានឡើងរេញទេ ។ ឈានចូលឆ្នាំ២០០២ ផាន់ណា បានប្ដូរមកហាត់ជាមួយលោកគ្រូ ងួន និត នៅកោះកុងដដែល មានរយៈពេលតែកន្លះខែឡើងវាយលើកដំបូងឈ្នះកីឡាករឈ្មោះ ចិន ឆៅ សន្លប់ ក្នុងទឹកទី៤ ។
ឆ្នាំ២០០៤ ឡើងមកវាយនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លើកដំបូងសន្លប់របស់ ឯម វុត្ថា ហើយឆ្នាំដដែល ផាន់ណា បានស្ដារមុខមាត់ឡើងវិញ ជាប់ជើងឯកជម្រើសជាតិទូទាំងប្រទេសទម្ងន់ ៥១ គីឡូក្រាម នៅរេញទូរទស្សន៍លេខ៥ ។
ផាន់ណាបានហ្វឹកហាត់ជាមួយគ្រូ ងួន និត រយៈពេល ៤ឆ្នាំ ឡើងវាយ ១០ ដង ឈ្នះរហូតហើយចុងឆ្នាំ២០០៤ ដល់ ២០០៥ ក៏ទៅវាយនឹងកីឡាករថៃ មានចាញ់ និងឈ្នះ ។ ដោយមើលឃើញនិស្ស័យ ផាន់ណា ប្រដាល់ល្អ លោក យុទ្ធ ភូថង បានបញ្ជូនឱ្យទៅហាត់រៀននៅខេត្ដរ៉ាក់យ៉ង ប្រទេសថៃ ក្នុងឆ្នាំ២០០៦ មានរយៈពេល ៣ឆ្នាំ លោកជាអ្នកផ្គត់ផ្គង់ទំនុកបំរុងការហាត់រៀនរហូតដល់សព្វថ្ងៃ ។
ហាត់វាយនៅប្រទេសថៃ គេជួបការលំបាកត្រូវលោកគ្រូឱ្យរត់ចម្ងាយម្ដង ១០គីឡូម៉ែត្រ ពេលចូលកន្លែងវិញហាត់បន្ដទៀត បើមិនហាត់ត្រូវគ្រូវាយ ។ ចំពោះការរស់នៅទីនោះ ហូបចុកគ្រប់គ្រាន់ល្អ តែ ផាន់ណា ត្រូវឡើងវាយនឹងកីឡាករថៃភាគច្រើនឈ្នះ ដោយផ្ដួលថៃឱ្យសន្លប់កែង និងជង្គង់ ។
ក្រោយពីរៀនចប់ក្នុងឆ្នាំ២០០៩ ផាន់ណា បានត្រឡប់មកមាតុប្រទេសវិញ ជារឿយៗគេតែង តែឡើងមកប្រកួតជាមួយកីឡាករខ្មែរដូចគ្នានៅរាជធានីភ្នំពេញ ។ ដោយមានការពិបាកឡើងចុះឆ្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្រុមកីឡាករក្លឹបសមាគមកីឡាប្រដាល់ខេត្ដកោះកុងបានមកស្នាក់នៅហាត់រៀនវិជ្ជាគុនបុរាណខ្មែរ ក្នុងស្ដាតចាស់ខាងលិចគល់ស្ពានជ្រោយចង្វា ។
ផាន់ណា កំពុងជាប់កិច្ចសន្យានៅរេញប៉ុស្ដិ៍លេខ៣ វាយដណ្ដើមប្រាក់ធនាគារ ទឹកប្រាក់ចំនួន ៥០០ ដុល្លារ ដែលធ្វើឱ្យគេខកចិត្ដ ពីព្រោះទឹកលុយតិចពេក ។
យុវជនដ៏ស្រស់សង្ហាររូបនេះ មានឪពុកឈ្មោះ ហ៊ុន ផុន អាយុជាង ៥០ឆ្នាំ ជាអ្នកនេសាទ និងម្ដាយឈ្មោះ វៀង យឿន អាយុ ៤៧ឆ្នាំ ជាមេផ្ទះ ។ កុមារ ផាន់ណា អាយុ ៦ឆ្នាំ ឪពុកម្ដាយយកទៅឱ្យរៀនសាលាចំណេះទូទៅ បឋមសិក្សាសាមគ្គីកោះកុង ហើយបន្ដការសិក្សាចូលរៀនអនុវិទ្យាល័យ ជា ស៊ីម កោះកុង ដល់ថ្នាក់ទី៧ ក៏ឈប់រៀនមូលហេតុស្រឡាញ់វិស័យកីឡាប្រដាល់ខ្លាំងពេក ។ គេជាកូនប្រុសទី២ ក្នុងចំណោមបងប្អូនចំនួន ៥ នាក់ ស្រី ៣នាក់ ប្រុស ២នាក់ ៕