ភ្នំពេញ: កាលពីថ្ងៃទី១៣ កក្កដានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញសេចក្តីអំពាវនាវមួយ ដល់ប្រជាពលរដ្ឋទូទៅឲ្យជួយបញ្ឈប់នូវការបញ្ជូនឲ្យគ្នា និងលុបរាល់រូបភាពនារីរងគ្រោះអាក្រាតកាយ ដែលភិក្ខុមួយអង្គគង់នៅវត្តស្រះចកលួចថតចោលចេញ ពីឧបករណ៍បច្ចេកវិទ្យានានា ដូចជាក្នុងទូរស័ព្ទ និងកុំព្យូទ័រជាដើម ។
សេចក្តីអំពាវនាវនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរួមចំណែកលើកស្ទួយកិត្តិយសរបស់ស្ត្រីខ្មែរ កិត្យានុភាពជាតិ ចៀសវាងការមើលងាយមើលថោកប្រពៃណីជាតិរបស់ខ្លួន និងការមើលងាយពីជនជាតិដទៃ នៅពេលដែលរូបភាពទាំងនោះបានធ្លាក់ទៅដល់ដៃគេ ។
កាលពីចុងសប្តាហ៍មុននេះ លោក ទូច ណារ៉ុថ ស្នងការរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស និងនិស្សិតឲ្យលុបចោលជាបន្ទាន់នូវរូបវីដេអូអាសអាភាសទាំងនោះ និងរូប ថតអាសអាភាសដទៃទៀតរបស់ប្រជាជនកម្ពុជា ចេញពីទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិករបស់ខ្លួន ។ ហើយនៅដើមសប្តាហ៍មុននេះដែរ នគរបាលរាជធានីភ្នំពេញក៏បានចាប់ផ្តើមអនុវត្តបទបញ្ជារបស់លោក ណារ៉ុថ ក្នុងការតាមប្រមាញ់អ្នកមើលរូបវីដេអូរូបស្ត្រីវ័យក្មេងងូតទឹកអាក្រាត និងរូបអាសអាភាសផ្សេងៗទៀត ដែលលួចថតដោយអតីតសង្ឃអង្គនោះ ។
ទាក់ទិននឹងការអំពាវនាវខាងលើនេះ យើងសូមគាំទ្រ និងចូលរួមតាមឃ្លាំមើលលើការងារនេះដោយយកចិត្តទុកដាក់ ។ ជាការពិត ក្នុងនាមជាជនរងគ្រោះ ដែលត្រូវបានសង្ឃបារាជិកមួយអង្គស្លៀកស្បង់ចីពរ ភូតភរបោកប្រាស់នោះ ពិតជាខ្មាសគេ ពិសេសខ្មាសអ្នកជិតខាង មិត្តភ័ក្តិជិតឆ្ងាយ និងអ្នកធ្លាប់ស្គាល់ទាំងពួង ហើយស្លាកស្នាមនៃការអាម៉ាស់នេះ ទំនងជាមិនអាចរំសាយបានភ្លាមៗនោះទេ គឺអាចមានមួយជីវិតផងក៏មាន ។ កុំថាឡើយសាមីជន សូម្បីតែឪពុកម្តាយ បងប្អូន កូនក្មួយរបស់គេក៏មានសេចក្តីអាម៉ាស់ មានអារម្មណ៍ឈឺចាប់ដូចសាមីជនដែរ ។ គិតស្រមៃទៅមើលបើរូបភាពកូនស្រីរបស់យើង បងប្អូនស្រីរបស់យើង ក្មួយស្រីរបស់យើង ឬក៏ម្តាយមីងរបស់យើង និងចៅស្រីរបស់យើងត្រូវបានគេមើលរូបអាក្រាតស្ទើរពេញនគរនោះ តើយើងមានអារម្មណ៍ដូចម្តេចដែរ?
ទាក់ទិននឹងបញ្ហានៃការប្រើប្រាស់ចំណេះដឹង “បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា” ឬក៏ ICT (Information Communications Technology) ដែលក្នុងនោះមានកុំព្យូទ័រ ទូរស័ព្ទ ម៉ាស៊ីនថតរូបឌីជីថល ដែលអាចដាក់បញ្ចូល ឬក៏ផ្ទុកដំណឹងព័ត៌មាន និងឯកសារគ្រប់ជំពូក ដោយរួមទាំងរូបថត និងរូបវីដេអូផងនៅក្នុងគេហទំព័រ នៅក្នុងអ៊ីនធឺណិត នៅក្នុង blog; face-book; twitter; និង flickr ជាដើមគឺយើងបានលើកឡើងជាញយដងមកហើយថា វាអាចជាកាំបិតមុខពីរ ដែលមុខមួយគឺជាប្រយោជន៍ដ៏សន្ធឹកសន្ធាប់ សម្រាប់ខ្លួនឯងផង សម្រាប់សហគមន៍ និងសង្គមជាតិទាំងមូលផង ។ ឯមុខមួយទៀតគឺការយកទៅប្រើតាមបែបអគតិ ឬតាមបែបឆ្កួតលីលា និងបែបក្រពើវង្វេងបឹងដូចភិក្ខុមួយអង្គនៅវត្តស្រះចកនោះអីចឹង ។
រឿងបាញ់ប្ល៊ូធូតាមទូរស័ព្ទដៃ ឬក៏ចម្លងដាក់វីស៊ីឌីតាមកុំព្យូទ័រនូវរូបវីដេអូស្ត្រីវ័យក្មេងងូតទឹកអាក្រាត និងរូបអាសអាភាសផ្សេងៗទៀត ដែលលួចថតដោយសង្ឃវត្តស្រះចកនោះ វាជារឿងមួយ ប៉ុន្តែវាមានរូបជាច្រើនទៀត ដូចជារូបស្ត្រីជាភរិយាក្នុងសភាពអាក្រាតកាយ ត្រូវបានបុរសជាប្តីថតលេង និងរូបរួមភេទរបស់យុវជនប្រុសស្រីផ្សេងៗទៀត ក៏ត្រូវបានគេចែកចាយឲ្យគ្នាមើល តាមរយៈការបាញ់ប្ល៊ូធូ និងតាមវីស៊ីឌីនេះដែរ ។ ការចែកចាយរូបភាពទាំងនេះ គឺធ្វើតាមរបៀប ហ្វ្រីហ្វ្រី (ឥតគិតថ្លៃ) ផង និងតាមបែបអាជីវកម្មក៏មាន ។
ចំពោះការជួយទប់ស្កាត់ និងអាចជួយកាត់បន្ថយការចែកចាយតាមប្រព័ន្ធ ICT នូវរូបភាពអាសអាភាសផ្សេងៗ នៅក្នុងសង្គមកម្ពុជានោះ យើងសូមចូលរួមយោបល់មួយចំនួន ដែលក្នុងនោះមាន ទីមួយ អ្នកធ្វើអាជីវកម្មដោយយក ICT ជាមធ្យោបាយត្រូវចូលរួមលើកស្ទួយ និងឲ្យតម្លៃវប្បធម៌ និងប្រពៃណីខ្មែរ ដ៏ផូរផង់ត្រូវចេះផ្តល់តម្លៃ និងលើកស្ទួយស្ត្រី និងសង្គមខ្មែរ ។ អ្នកធ្វើអាជីវកម្មដោយយក ICT ជាមធ្យោបាយ ត្រូវស្វែងយល់ពីច្បាប់មួយចំនួន ពិសេសច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលក្នុងនោះមានចែងពីទោសទណ្ឌដល់អ្នកផលិត និងអ្នកចែកចាយរូបភាពអាសអាភាស ។
ទីពីរ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យទាំងរដ្ឋ និងឯកជនត្រូវបង្កើនការយល់ដឹងស្តីពីការអំពាវនាវរបស់ក្រសួងព័ត៌មាន និងបទបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងពីទោសទណ្ឌ ដែលមានចែងនៅក្នុងច្បាប់ ចំពោះអ្នកផលិត និងអ្នកចែកចាយរូបភាពអាសអាភាសដល់និស្សិត និងសិស្សានុសិស្ស ។
ទីបី ក្រសួងរបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលបំពេញការងារពាក់ព័ន្ធបញ្ហាខាងលើត្រូវ បង្កើនយុទ្ធនាការផ្សព្វផ្សាយបន្ថែម ដោយសហការជាមួយបណ្តាញសារព័ត៌មាន ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋទូទៅ ក្នុងការជួយទប់ស្កាត់ការផលិត និងការចែកចាយរូបភាពអាសអាភាសប្រកបដោយប្រសិទ្ធភាព ។
ទីបួន អាជ្ញាធរខេត្ត -ក្រុង តាមរយៈក្រុមប្រឹក្សាឃុំ -សង្កាត់ត្រូវចូលរួមជួយផ្សព្វផ្សាយពីបញ្ហានេះ ដល់ពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានរបស់ខ្លួន ។
ទីប្រាំ មាតាបិតា និងអាណាព្យាបាលត្រូវតែនិយាយជាចំហជាមួយបុត្រធីតារបស់ខ្លួនដែលមាន ទូរស័ព្ទ និងកុំព្យូទ័រប្រើប្រាស់ ពីសីលធម៌រស់នៅ ពីសុជីវធម៌ក្នុងសង្គម និងពីការជាប់ទោសទណ្ឌពីការផលិត និងការចែកចាយរូបភាពអាសអាភាសនានា ។
ទីប្រាំមួយ ពលរដ្ឋគ្រប់រូបដែលមានឧបករណ៍បច្ចេកវិទ្យាត្រូវមានស្មារតី មានសីលធម៌ ជួយលើកស្ទួយសេចក្តីថ្លៃថ្នូរនៃវប្បធម៌ជាតិរបស់ខ្លួន និងស្ត្រីខ្មែរ ដោយមិនត្រូវយកឧបករណ៍បច្ចេកវិទ្យាប្រើក្នុងផ្លូវ អវិជ្ជមាន ដែលនាំឲ្យមានការខុសច្បាប់រដ្ឋ និងនាំឲ្យអន្តរាយដល់អ្នកដទៃ និងមានបញ្ហាដល់ខ្លួនឯងឡើយ ។
ទីប្រាំពីរ អាជ្ញាធរមានសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថត្រូវអនុវត្តបទបញ្ជាខាងលើ ឲ្យដូចភ្លៀងរលឹម និងឲ្យមានប្រសិទ្ធភាព ហើយមិនត្រូវឆ្លៀតឱកាសឆក់កណ្តៀត កៀបស៊ីលុយពេលអនុវត្តការងាររបស់ខ្លួនឡើយ ។
តើនគរបាល និងកងរាជអាវុធហត្ថមានសិទ្ធិឆែកមើលរូបក្នុងឧបករណ៍បច្ចេកវិទ្យារបស់បុគ្គលបាន ដែរឬទេ?
ចាប់តាំងពីចេញបទបញ្ជារបស់លោក ទូច ណារ៉ុថ រួចមកពលរដ្ឋបានឮពាក្យចចាមអារ៉ាមថា មាននគរបាល និងកងរាជអាវុធហត្ថមានសមត្ថកិច្ចខ្លះបានធ្វើការឆែកឆេរ និងពិនិត្យមើលរករូបភាពអាសអាភាស ក្នុងទូរស័ព្ទដៃរបស់យុវជននៅតាមដងផ្លូវ នៅពេលដែលមន្ត្រីសមត្ថកិច្ចទាំងនោះធ្វើការឃាត់យានជំនិះរបស់ពួកគេ ។ ការឃាត់យានជំនិះនេះ គឺធ្វើឡើងចំពោះអ្នកដែលមិនបានពាក់មួកសុវត្ថិភាព និងដើម្បីឆែករកអាវុធជាដើម ប៉ុន្តែឆ្លៀតឱកាសក៏ឆែកឆេរ និងពិនិត្យមើលរករូបភាពនៅក្នុងទូរស័ព្ទដៃដែរ ។
ប្រសិនបើករណីនេះបានកើតមានដូចការ ដែលបាននិយាយពីមាត់មួយទៅមាត់មួយនោះមែននោះ អ្នកជំនាញផ្នែកច្បាប់ និងអ្នកបំពេញការងារផ្នែកសិទ្ធិមនុស្សបានរិះគន់ថា វាជាទង្វើមិនស្របច្បាប់ និងបានរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងដោយកំរោល ដែលប៉ះពាល់ដល់ជីវិតឯកជនរបស់បុគ្គលម្នាក់ៗ ។
អ្នកជំនាញផ្នែកច្បាប់មួយចំនួនបានលើកឡើងថា គ្មានមាត្រានៃច្បាប់ណាមួយចែងពីការមានទោសទណ្ឌ ចំពោះការរក្សាទរូបភាពអាសអាភាសជាបុគ្គលឡើយ លុះត្រាតែបុគ្គលនោះរក្សារូបភាពទាំងនោះទុក នៅកន្លែងដែលសាធារណជនអាចបើកមើលបានដោយងាយ ដូចជាទុកនៅក្នុងគេហទំព័រ នៅក្នុងអ៊ីនធឺណិត នៅក្នុង blog; face-book; twitter; និង flickr ជាដើម ឬក៏កន្លែងសាធារណៈផ្សេងៗទៀត ។ ការដាក់នៅក្នុងកន្លែងទាំងនោះ គឺបុគ្គលនោះអាចត្រូវបានចោទពីបទចែកចាយ ឬក៏ផ្សព្វផ្សាយរូបភាពអាសអាភាស តាមមាត្រាច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
អ្នកជំនាញផ្នែកច្បាប់ទាំងនោះបានបញ្ជាក់ថា មន្ត្រីមានសមត្ថកិច្ចអាចចាប់បុគ្គលណាម្នាក់ ឬក៏ក្រុមណាមួយនៅពេលដែលពួកគេកំពុងផលិត និងចែកចាយ ឬក៏ផ្សព្វផ្សាយ ហើយធ្វើអាជីវកម្មរូបភាពអាសអាភាសនានាបាន តែមិនមែនទៅឆែកឆេរ និងពិនិត្យមើលរករូបភាពនៅក្នុងឧបករណ៍អេឡិចត្រូនិករបស់មនុស្សម្នាក់ៗបានឡើយ ។
ទាក់ទិននឹងចំណុចនេះ យើងសូមឯកភាពជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបញ្ជាក់នៅក្នុងសេចក្តីអំពាវនាវរបស់ខ្លួនថា មានតែស្មារតីភ្ញាក់រលឹកខ្ពស់របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលធ្លាប់មានប្រពៃថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌ល្អប្រពៃ មានទំនៀមទម្លាប់ដ៏ល្អផូរផង់ជាយូរមកហើយនោះទេ ទើបអាចជួយទប់ស្កាត់ បិទបាំងលទ្ធផលទង្វើដ៏ចង្រៃរបស់អតីតភិក្ខុអង្គនោះ ដើម្បីជួយសង្គ្រោះកិត្តិយសរបស់នារីខ្មែរទាំងអស់ ដែលរងគ្រោះដោយមិនដឹងខ្លួន ។
ដូចនេះ ពលរដ្ឋគ្រប់រូបត្រូវចូលរួមជាមួយការអំពាវនាវរបស់ក្រសួងព័ត៌មាន ក៏ដូចជាការអំពាវនាវ របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដើម្បីជួយស្តារ និងលើស្ទួយតម្លៃស្ត្រី វប្បធម៌ និងប្រពៃណីខ្មែរយើង ហើយការងារទាំងនេះគឺជាភារកិច្ចរបស់យើងគ្រប់ៗរូប ៕