ភ្នំពេញ: គោលដៅរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា គឺនាំយកយុត្តិធម៌ទៅឲ្យជនរងគ្រោះ នៃរបបខ្មែរក្រហម ។ អាស្រ័យហេតុនេះ តុលាការគួរតែយកចិត្តទុកដាក់ទៅលើទស្សនៈ និងអារម្មណ៍របស់អ្នកដែលគួរតែទទួលបាន ។ តុលាការគួរតែចងចាំថា នៅក្នុងចំណោមការស៊ើបអង្កេត ដំណើរការនីតិវិធី ការិយាធិបតេយ្យ និងច្បាប់ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបប ដ៏គួរឲ្យខ្លាចនៅសតវត្សរ៍ទី២០ គឺជាគោលដៅចំបង ។
នៅអំឡុងពេលជំនុំជម្រះករណី០០១ ដែលមានជាប់ពាក់ព័ន្ធនឹង ឌុច ដែលជាអតីតមេដឹកនាំមន្ទីរ ស-២១ នៅក្នុងភ្នែករបស់អ្នកអង្កេតការ មានឃើញមានភាពអយុត្តិធម៌ ។ វាមិនមែនជាភាពអយុត្តិធម៌នៃច្បាប់ ឬដំណើរការនីតិវិធីដែលប្រហែលជាត្រូវបានរំពឹងទុកថា កើតមាននៅក្នុងបន្ទប់សវនាការទេ វាគឺជាភាពអយុត្ដិធម៌នៃឋានៈនិងកិត្តិយស ។ នៅក្នុងពេលបំពេញបេសកម្ម ដើម្បីនាំយកយុត្តិធម៌ទៅឲ្យជនរងគ្រោះ នៃរបបខ្មែរក្រហម ពេលខ្លះតុលាការបានភ្លេចនូវការផ្តល់កិត្តិយស និងការគោរពដល់ជនរងគ្រោះ ។
កញ្ចក់ដ៏ធំនៅក្នុងបន្ទប់សវនាការអាច នឹងយកមកបកស្រាយបញ្ជាក់ ។ កញ្ចក់ដ៏ខ្ពស់បានខណ្ឌចែក ចៅក្រម និងមេធាវីដែលមានសម្លៀកបំពាក់សមរម្យ និងមានប្រាក់ខែល្អ ដែលអង្គុយនៅលើវេទិការពិភាក្សាពីជនរងគ្រោះ នៃរបបខ្មែរក្រហមដែលមានស្លៀកសម្លៀកបំពាក់ធម្មតា និងមានជីវភាពក្រីក្រ ។ នៅក្នុងវប្បធម៌របស់កម្ពុជាកិត្តិយស និងឋានៈរវាងបុគ្គលអាចត្រូវកំណត់ទៅតាមអ្នក ដែលអង្គុយខ្ពស់ជាង ។ កញ្ចក់ ដែលពង្រីកទំហំបណ្តោយ និងទទឹងរបស់វេទិការឈើ ដែលមានមន្ត្រីតុលាការជាច្រើនអង្គុយបានបង្កើតជារបាំងមួយរវាងមន្ត្រី និងប្រជាជនកម្ពុជារាប់ពាក់នាក់ ដែលបានចូលរួមនៅក្នុងសវនាការជំនុំ ជម្រះលើករណី ឌុច ពីខែមីនា រហូតដល់ខែវិច្ឆិការ ២០០៩ ។ មានអ្នកខ្លះយល់ឃើញថា ការដាក់កញ្ចក់នេះ គឺដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ មានការយល់ឃើញថា ជនរងគ្រោះអាចបង្កើតអំពើហិង្ស និងអាចរំខានដល់ដំណើរនីតិវិធី ។ ប្រជាជនដែលទទួលបទពិសោធន៍ដ៏អាក្រក់ គឺជាជនរងគ្រោះគួរតែទទួលបានការការពារ និងការគោរព គឺមិនមែនមន្ត្រីតុលាការទេ ។
ឧទាហរណ៍ផ្សេងទៀតដែលប៉ះពាល់ដល់ជនរងគ្រោះគឺ ការដឹកប្រជាជនដែលដឹកនាំដោយការិយាល័យកិច្ចការសាធារណៈ ពីខេត្តឆ្ងាយពីម៉ោង ៣ ព្រឹក ដែលត្រូវចំណាញពេលពាក់កណ្តាល នៃកម្មវិធីការដាក់ កំហិតទៅលើការស្លៀកពាក់ និងរបៀបអង្គុយនៅក្នុងបន្ទប់សវនាការ ។ ការដឹកប្រជាជននៅពាក់កណ្តាលយប់ អាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ។ ជាងនេះទៅទៀត ការគេងមិនគ្រប់គ្រាន់ និងជំងឺដែលបណ្តាលមកពីការធ្វើដំណើរកាន់តែធ្វើឲ្យប្រជាជនមានការលំបាក ក្នុងការតាមដានដំណើរនីតិវិធីដែលមានភាពស្មុគស្មាញស្រាប់ ។
នៅក្នុងប្រទេសកម្ពុជាដែលមានប្រជាជនស្ទើតែ ១ ភាគ ៣ នៅក្នុងប្រទេសរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយស្ទើតែ ៧០ ភាគរយ នៃប្រជាជនរកបានតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ សម្លៀកបំពាក់ដែលល្អបំផុត របស់អ្នកភូមិ គឺប្រហែលជាអាវយឺត ។ ខណៈពេលដែលរបៀបរបនៃការស្លៀកពាក់បានដាក់កំហិតដល់ការស្លៀកពាក់ គឺជារឿងដែលអាចទទួលយកបាន ប៉ុន្តែការដាក់កំហិតដល់មិនឲ្យពាក់អាវយឺត ហាក់បីដូចជាតឹងរឹងជ្រុល ។ លើសពីនេះទៅទៀត បន្ទាប់ពីប្រជាជនឆ្លងកាត់កន្លែងត្រួតពិនិត្យ ដើម្បីឆ្ពោះទៅកាន់បន្ទប់សវនាការ ជួនកាលអ្នកទាំងនោះ ត្រូវបានស្តីបន្ទោសដោយការអង្គុយមិនសមរម្យ ។
របាំង និងការអនុវត្តរបស់តុលាការបានធ្វើឲ្យប្រជាជនមានភាពភ័យខ្លាច ព្រមទាំងបង្ហាញពីភាពខុសគ្នារវាងចំណេះដឹង ការយល់ដឹង និងសិទ្ធិរបស់មន្ត្រីដែលអង្គុយយ៉ាងស្រួល នៅក្នុងរបាំងកញ្ចក់ និងប្រជាជន ដែលមើលពីខាងក្រៅ ។ ដោយសារតែពាក្យបច្ចេកទេសមានលក្ខណៈច្បាប់ ហើយការនិយាយត្រូវតែសមរម្យ តុលាការបានអនុវត្តការងាររបស់ខ្លួន ដោយប្រើប្រាស់ភាសាច្បាប់ព្រហ្មទណ្ឌ ដែលមានតែអ្នកដែលមានចំណេះដឹងខ្ពស់ ទើបអាចយល់ទាំងស្រុង ។ នៅពេលខ្លះប្រជាជនជាច្រើន ដែលមិនមានកម្រិតសិក្សាដល់ថ្នាក់វិទ្យាល័យ មានការលំបាកក្នុងការស្វែងយល់ពីការសន្ទនារវាងព្រះរាជអាជ្ញា មេធាវីការពារក្តី និងចៅក្រមស៊ើបអង្កេត ។
សាលក្រម ឌុច (កាំង ហ្កេកអ៊ាវ) នឹងចេញនៅថ្ងៃទី ២៦ ខែកក្កដា ។ វាគឺជាការចេញសាលក្រមដំបូង ដែលធ្វើឡើងដោយអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងជាសាលក្រមដែលមានការទទួលស្គាល់ ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ អ្នកនៅរស់នៃរបបខ្មែរក្រហម បានរង់ចាំពេលវេលានេះអស់រយៈពេលជាងបីទសវត្សរ៍មកហើយ ។ ដោយសុខភាពចុះទ្រុឌទ្រោម និងអាយុចំណាស់របស់ជនត្រូវចោទ ព្រមទាំងថវិកាដ៏មានកម្រិត និងបញ្ហាដែលកើតមាននៅតុលាការ វាគឺជាពេលវេលាមួយដែលអ្នកនៅរស់អាចមើលឃើញមេដឹកនាំ នៃរបបខ្មែរក្រហមត្រូវបានកាត់ទោស ។ ករណី០០២ ដែលមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំខ្ពស់បំផុត ដែលនៅរស់ទាំងបួននាក់ត្រូវបានរំពឹងថា នឹងមិនអាចចាប់ផ្តើមរហូតដល់ដើមឆ្នាំ២០១២ ហើយការចេញសាលក្រមទៅលើករណីនោះនឹងមិនអាចចេញមុនឆ្នាំ ២០១៣ បានទេ ។
វាគឺជាពេលវេលាមួយដែលមិនធ្លាប់មានពីមុនដែលតុលាការអាចធ្វើការជាមួយ និងភ្ជាប់ទំនាក់ទំនង ជាមួយប្រជាជនដែលតុលាការបង្កើតឡើងអ្នកទាំងនោះ ។ អាស្រ័យហេតុនេះ តុលាការគួរតែរៀបចំ និងយកចិត្តទុកដាក់ជាពិសេសទៅលើជនរងគ្រោះ ចូលរួមក្នុងការចេញសាលក្រម ។ ការយកចិត្តទុកបែបនេះ នឹងបង្ហាញពីការគោរព និងការផ្តល់កិត្តិយសរបស់តុលាការទៅឲ្យជនរងគ្រោះ ។ ការធ្វើបែបនេះមិនត្រឹម តែអាចផ្តល់ការចងចាំដ៏ល្អដល់អ្នកនៅរស់ និងប្រជាជនកម្ពុជាទាំងអស់ វាថែមទាំងអាចបង្ហាញដល់សហគមន៍ អន្តរជាតិដែលនឹងស្តាប់សាលក្រមដោយមិនមានចម្ងល់ថា តុលាការបានយកចិត្តទុកដាក់ទៅលើអ្នកនៅរស់ និងកិត្តិយសរបស់អ្នកទាំងនោះ។
ដើម្បីផ្តល់កិត្តិយល និងការគោរពដល់ជនរងគ្រោះដែលធ្លាប់ទទួលបានការឈឺចាប់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាអាចធ្វើការរៀបចំតិចតួចដែលមានន័យ ។ តុលាការអាចក្រាលព្រំក្រហមនៅ តាមច្រកចូលទៅបន្ទប់សវនាការដែលមានកៅអី៥០០ ។ នៅប្រទេសកម្ពុជា ព្រំក្រហមតំណាងឲ្យការគោរព និងការផ្តល់កិត្តិយស ។ តុលាការក៏អាចរៀបចំកន្លែងអង្គុយជាសាធារណៈ និងច្រកចូលដោយដាក់កម្រងផ្កា និងបូ ។ តុលាការក៏អាចបង្កើតបដាពិសេស ដែលផ្តោតទៅលើការលើកទឹកចិត្តដល់ជនរងគ្រោះ ដើម្បីជាការរំឮកដល់ប្រវត្តិសាស្ត្រ ។ ការធ្វើនិងការរៀបចំបែបនេះ គ្រាន់តែត្រូវចំណាយថវិកាតិចតួចពីថវិកាសរុប ប៉ុន្តែវាអាចបន្សល់ទុកនូវឥទ្ធិពលមួយដល់អ្នកនៅរស់ ។
ជាចុងក្រោយតុលាការនឹងត្រូវគេចងចាំមិនត្រឹមតែ ចំពោះមធ្យោបាយដែលតុលាការដោះស្រាយសំណុរឿងឧក្រិដ្ឋកម្ម ច្បាប់ និងដំណើរការនីតិវិធីទេ វាថែមទាំងត្រូវបានគេចងចាំនូវរបៀបដែលតុលាការធ្វើ ទៅលើជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអស់ ។ ជាសរុបមកតុលាការត្រូវបានបង្កើតឡើងដើម្បីជនរងគ្រោះ ៕