ភ្នំពេញ: ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន ហ្គោហ្គល (Google) បានអះអាងថា ដោយសារតែបំរែបំរួលអាកាសធាតុ សីតុណ្ហភាពនៅលើពិភពលោកអាចនឹងប្រែប្រួលនៅក្នុងរង្វង់ ៤ អង្សាសេ ។
ការអះអាងយ៉ាងដូច្នេះ គេអាចនឹងរកបាននៅលើគេហទំព័រ ហ្គោហ្គល អើតធ៏ (Google Earth) តាំងតែពីពាក់កណ្តាលខែកក្កដា កន្លងទៅ ។ ផែនទីនៅលើគេហទំព័រនោះបានអះអាងថា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកនឹងកើនឡើងនៅក្នុងរង្វង់ ៤ អង្សាសេលើសពីកំរិតមធ្យម នៃអាកាសធាតុមុនពេលមានឧស្សាហកម្ម ។
លោក អេតដ៏ ផាសុន (Ed Parsons) អ្នកបច្ចេកទេសខាងភូមិសាស្ត្ររបស់ក្រុមហ៊ុនគេហទំព័រ ហ្គោហ្គលបានអះអាងថា នេះគឺជាលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្ត្រមួយ ដើម្បីបង្ហាញនិងជំរុញ ឲ្យមានការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុទៅលើមនុស្ស ។
លោកស្រី វីគី ប៉ាប (Vicky Pope) មន្ត្រីការិយាល័យឧត្តុនិយមអង់គ្លេសបានឲ្យដឹងថា ប្រសិនបើការសាយភាយឧស្ម័នផ្ទះកញ្ចក់ នៅតែបន្តកើនឡើងសីតុណ្ហភាពកំរិតមធ្យមរបស់ពិភពលោក អាចនឹងកើនឡើង ៤ អង្សារសេ នៅចុងសតវត្សរ៍នេះ ពោលគឺនៅក្នុងរង្វង់ប្រហែលជានៅដើមឆ្នាំ២០៦០ ។ ហើយផែនទីថ្មីនៅលើគេហទំព័រហ្គោហ្គល អើតដ៏ បានបង្ហាញអំពីផលប៉ះពាល់មួយចំនួននៃការកើនឡើងនេះ ។ ការអះអាងនៅលើគេហទំព័រហ្គោហ្គល អើតធ៏ នេះបានត្រូវគាំទ្រដោយរដ្ឋាភិបាលអង់គ្លេស ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអង់គ្លេសប្រចាំនៅក្នុងប្រទេសកម្ពុជា ។
លោក ហេនរី បេលីងហាំ (Henry Bellingham) អនុរដ្ឋមន្ត្រីក្រសួងការបទេសអង់គ្លេសបានអះអាង នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ផែនទីនៅលើគេហទំព័របស់ហ្គោហ្គល អើតដ៏ គឺជាការគាំទ្រការប្តេជ្ញាចិត្តមួយ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ។ លោកបានបញ្ជក់ថា ការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ មិនទាន់បាត់បង់នៅឡើយទេ ហើយរដ្ឋាភិបាលអង់គ្លេសប្តេជ្ញា នឹងធ្វើអ្វីមួយតាមដែលអាចធ្វើទៅបាន ដើម្បីចាត់វិធានការចំពោះបញ្ហានេះ ។
លោកបានបន្តទៀតថា រដ្ឋាភិបាលអង់គ្លេសប្តេជ្ញារក្សាសីតុណ្ហភាពពិភពលោក ឲ្យមានកំរិតទាបតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងកំរិតដ៏គ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និងកំពុងតែធ្វើការងារ ដើម្បីធានាឲ្យមានកិច្ចព្រមព្រៀងពិភពលោកមួយ ដែលអាចនឹងសំរេចផែនការនេះ ។
លោក ហ្គ្រេ បាឃ័រ (Greg Barker) អនុរដ្ឋមន្ត្រីក្រសួងបំរែបំរួលអាកាសធាតុក៏បានបន្ថែមទៀតថា ផែនទីនៅលើគេហទំព័រហ្គោហ្គល អើតឌ៏ នេះ គឺជាការពង្រឹងការប្តេជ្ញាចិត្តរបស់អង់គ្លេស ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាដ៏គ្រោះថ្នាក់បង្កឡើងដោយមនុស្ស ។ ជុំវិញការអះអាងអំពីបញ្ហាកំណើនសីតុណ្ហភាពនេះ អ្នកជំនាញខាងបំរែបំរួលអាកាសធាតុបានអះអាងថា ការព្យាករណ៍នេះ គឺវាអាចជារឿងត្រឹមត្រូវ ដោយសារតែការព្យាករណ៍នេះគឺមានតួរលេខ ប្រហាក់ប្រហែលនឹងការព្យាករណ៍របស់ស្ថាប័នជំនាញផ្សេងៗ ដែលគេបានធ្វើកាលពីលើកមុន ។
លោក ណុប ប៉ូលីន សមាជិកក្រុមបណ្តាញបំរែបំរួលអាកាសធាតុកម្ពុជាបានឲ្យដឹងថា ការព្រួយបារម្ភអំពីកំណើនសីតុណ្ហភាពរបស់ហ្គោហ្គល អើតដ៏នេះគឺវាមានទិន្នន័យប្រហាក់ប្រហែលនឹងការព្យាករណ៍ របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីអំពីបំរែបំរួលអាកាសធាតុដែលគេបានធ្វើកន្លងមក ។
លោកបានបញ្ជាក់ថា “ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីអំពីបំរែបំរួលអាកាសធាតុគេទស្សន៍ទាយថា នៅក្នុងឆ្នាំ២១០០ សីតុណ្ហភាពពិភពលោកអាចនឹងប្រែប្រួលនៅក្នុងចន្លោះពី ១ ទៅ ៦ អង្សារសេ រីឯការអះអាងរបស់ហ្គោហ្គល អើតធ៏ គឺនៅនៅចន្លោះនេះ” ។ ពាក់ព័ន្ធនឹងបញ្ហាបំរែបំរួលអាកាសធាតុនេះ មន្ត្រីនៅនាយកដ្ឋានបំរែបំរួលអាកាសធាតុ នៃក្រសួងបរិស្ថានបានអះអាងថា លោកមិនទាន់បានអានរបាយការណ៍ ឬពិនិត្យមើលគេហទំព័រហ្គោហ្គល អើតធ៏ នេះនៅឡើយទេ ដូច្នេះលោកមិនហ៊ានាបញ្ចេញប្រតិកម្ម ទៅនឹងការលើកឡើងខាងលើទេ តែទោះបីជាយ៉ាងណាក៏ ដោយលោកអះអាងថា កន្លងមកកម្ពុជាក៏ធ្លាប់សិក្សាអំពីបញ្ហាបំរែបំរួលអាកាសធាតុនេះផងដែរ ។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានអះអាងតាមទូរស័ព្ទ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះថា សីតុណ្ហភាពប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា គឺមានការប្រែប្រួលនៅក្នុងចន្លោះពី ០.០១៣ ទៅ ០.០៣៦ អង្សារសេ ។ លោកបានឲ្យដឹងទៀតថា ការប្រែប្រួលសីតុណ្ហភាពនេះ គឺវាកើតឡើងខុសៗគ្នាទៅតាមតំបន់ និងទីតាំង ។ ជាទូទៅកំណើនសីតុណ្ហភាពនៅកម្ពុជា អាចមានខ្ពស់គឺតំបន់ដែលមានរយៈកំពស់ទាប ពោលគឺតំបន់ទំនាបកណ្តាល និងតំបន់ភូមិភាគឥសាន្តខ្លះ ។ តាមការអះអាងរបស់មន្ត្រីដដែលនោះបានឲ្យដឹងថា រហូតមកដល់ពេលនេះកម្ពុជាកំពុងតែទទួលឥទ្ធិពលអាក្រក់ អំពីបំរែបំរួលអាកាសធាតុនេះដូចជា ព្យុះ គ្រោះរាំងស្ងួត កំណើនកំដៅ និងទឹកជំនន់ជាដើម ជាក់ស្តែងដូចជាករណីខ្យល់ព្យុះកេតសាណាកន្លងទៅនេះ ។
លោក ណុប ប៉ូលីន បាននិយាយថា ដោយសារតែបំរែបំរួលអាកាសធាតុនេះ កម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលងាយរងគ្រោះជាងគេ ។ លោកបានបញ្ជាក់ថា បើនិយាយអំពីកំរិតនៃគ្រោះមហន្តរាយ ដោយសារអំពីបំរែបំរួលអាកាសធាតុយើងនៅទាបជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ដូចជា វៀតណាមហ្វីលីពិនជាដើមប៉ុន្តែបើនិយាយអំពីផលប៉ះពាល់គឺកម្ពុជាអាចនឹងធ្ងន់ធ្ងរជាងគេ ដោយសារតែកម្ពុជាមានសមត្ថភាពបន្សាំនៅទាបជាងគេ ៕