ភ្នំពេញ: គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ ដោយមានឈ្មោះដើម ថា “ បក្សប្រជាជនបដិវត្តន៍ខ្មែរ ” ដែលមានប្រភពចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងអណានិគមនិយម ដើម្បីឯករាជ្យជាតិ ។ ចាប់តាំងពីពេលបដិសន្ធិ រហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហ៊ានពុះពារធ្វើពលីកម្មគ្រប់យ៉ាង មិនរួញរា ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ។
ក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានកំណត់ចក្ខុវិស័យដ៏យូរអង្វែងរបស់ ខ្លួន គឺ “ ប្រមូលផ្តុំកម្លាំងរបស់ប្រជាជាតិខ្មែរទាំងមូល ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ឱ្យសំបូររុងរឿងនិងស្ថិតស្ថេរគង់វង្ស ក្នុងឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព ។
ខាងក្រោមនេះ គឺជាកាលប្រវត្តិសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ៖
- ថ្ងៃ ២៨ មិថុនា ឆ្នាំ ១៩៥១ មហាសន្និបាតលើកទី ១ បង្កើត “ បក្សប្រជាជនបដិវត្តន៍ខ្មែរ ” ដែលបាន ប្រព្រឹត្តទៅនៅតំបន់រំដោះ ។ មហាសន្និបាតបានជ្រើសតាំងថ្នាក់ដឹកនាំរបស់បក្ស និងសម្រេចមាគ៌ាតស៊ូប្រឆាំង ពួកអាណានិគមនិយម ដើម្បីដណ្តើមឯករាជ្យជូនជាតិ ។
- ថ្ងៃ ៣០ កញ្ញា ឆ្នាំ ១៩៦០ មហាសន្និបាតលើកទី ២ កោះប្រជុំនៅភ្នំពេញ ។ មហាសន្និបាតបានសម្រេច មាគ៌ាតស៊ូក្នុងសភាពការណ៍ថ្មី អនុម័តបណ្តាខ្លឹមសារកែសម្រួលលក្ខន្តិកៈបក្ស និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិម។
- ថ្ងៃ ៥-៨ មករា ឆ្នាំ ១៩៧៩ កោះប្រជុំមហាសន្និបាតលើកទី ៣ ដោយមានបក្ខជនចំនួន ៦២ រូប ដែលនៅរស់សេសសល់ ពីការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត បានជួបប្រជុំដើម្បីកំណត់ទិសដៅ ជាយុទ្ធសាស្ត្រសំខាន់ៗរបស់បក្ស ។ មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយថ្មី ក្នុងនោះបានកំណត់ភារកិច្ច ជាមូលដ្ឋានចំពោះមុខ គឺវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិ និងប្រជាជន មហាសន្និបាតបានអនុម័តលក្ខន្តិកៈបក្សថ្មី ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំបក្ស និងបានសម្រេចបង្កើតគណៈកម្មាធិការ កសាងបក្សទូទាំងប្រទេស ដើម្បីពង្រីក និងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ។
- ថ្ងៃ ២៦ ឧសភា ឆ្នាំ១៩៨១ មហាសន្និបាតបក្សលើកទី ៤ ប្រារឰនៅទីក្រុងភ្នំពេញ ដោយមានតំណាង ចូលរួម ១៦២ រូប ។ មហាសន្និបាតបក្សបានអនុម័តរបាយការណ៍នយោបាយ កម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ របាយការណ៍អំពីការកសាងបក្ស អនុម័តលក្ខន្តិកៈបក្ស និងប្តូរឈ្មោះបក្សជា “ បក្សប្រជាជនបដិវត្តន៍កម្ពុជា ” ។ មហាសន្និបាតបក្សបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សថ្មី ដែលមានសមាជិកពេញសិទ្ធិ ១៩ រូប និងបម្រុង ២ រូប ។ មហាសន្និបាតបានកំណត់ថា ភារកិច្ចរួមជាយុទ្ធស្ធាស្ត្រ ក្នុងដំណាក់កាលនោះគឺ ការពារឯករាជ្យជាតិ និងកសាងមាតុភូមិ ក្នុងនោះការការពារមាតុភូមិ ជាភារកិច្ចចំបង របស់ប្រជាជនកម្ពុជា ចំពោះការស្តារសេដ្ឋកិច្ចត្រូវយកការស្តារកសិកម្មធ្វើជាភារកិច្ចស្នូល ។
- ថ្ងៃ ១២-១៥ មករា ឆ្នាំ ១៩៨៤ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានឯកភាពលើតួនាទី សំខាន់ៗរបស់ក្រុមសាមគ្គីបង្កបង្កើនផលនៅក្នុងចលនាបដិវត្តន៍ ជាពិសេសលើភារកិច្ចបង្កបង្កើនផល កសាងជនបទ និងពង្រឹងរដ្ឋអំណាច ។ ឯកភាពលើទិសដៅ គោលបំណង និងខ្លឹមសារពង្រឹងក្រុមសាមគ្គី ដែលជាសំខាន់ គឺការពង្រឹងការងារគ្រប់គ្រងមធ្យោបាយផលិតកម្ម កម្លាំងពលកម្ម ការបែងចែកភោគផល និងការងារបណ្តុះ បណ្តាលកម្មាភិបាលក្រុមសាមគ្គី និងកម្មាភិបាលភូមិ ឃុំ ។
- ថ្ងៃ ២-៩ វិច្ឆិកា ឆ្នាំ ១៩៨៤ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីបញ្ហាសំខាន់ៗជាបន្ទាន់មួយចំនួន នៃការងារសតិអារម្មណ៍ សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយ ចំពោះ កសិករ ចំពោះជនជាតិភាគតិច និងចំពោះសេដ្ឋកិច្ចផលិតកម្មឯកជន ។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំង សមាជិកបម្រុងបំពេញបន្ថែមឱ្យគណៈកម្មាធិការមជ្ឈិមបក្សចំនួន ៨ រូបទៀត ។
- ថ្ងៃ ១៣-១៦ តុលា ឆ្នាំ ១៩៨៥ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៥ របស់បក្សប្រជាជន បដិវត្តន៍កម្ពុជា បានឯកភាពលើរបាយការណ៍នយោបាយ ដែលបានកំណត់ភារកិច្ចរួមជាយុទ្ធសាស្ត្រ គឺការពារ ឯករាជ្យជាតិ កសាងមាតុភូមិ ឈានឡើងជាជំហានៗ ក្នុងនោះភារកិច្ចចំបង គឺការពារមាតុភូមិ ការពារសមិទ្ធិផល បដិវត្តន៍។ មហាសន្និបាតបានកំណត់កម្មវិធីស្តារ និងពង្រីកសេដ្ឋកិច្ច សង្គមកិច្ច ៥ឆ្នាំ លើកទី១ (១៩៨៦-១៩៩០) និងអំពីភារកិច្ចកសាងបក្ស ក្នុងដំណាក់កាលថ្មី ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំង សមាជិកគណៈកម្មាធិការ មជ្ឈិមបក្ស ៤៥ រូប ក្នុងនោះមានសមាជិកបំរុង ១៤ រូប ។
- ថ្ងៃ ៥-១២ មេសា ឆ្នាំ ១៩៨៩ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានឯកភាពលើរបាយការណ៍ អំពីសភាពការណ៍កម្ពុជារយៈពេល ១០ ឆ្នាំ (១៩៧៩-១៩៨៩ ) និងទិសដៅសំខាន់ៗ ឆ្នាំ ១៩៨៩-១៩៩០ និងបណ្តាឆ្នាំបន្ត ព្រមទាំងបានអនុម័តគោលនយោបាយថ្មីចំនួន ៥ គឺគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី គោលនយោបាយចំពោះកសិករ គោលនយោបាយចំពោះផលិតកម្ម អាជីវកម្ម កសិកម្ម តាមរបៀបប្រវាស់ដៃ គោលនយោបាយចំពោះឧស្សាហកម្មតូច និងសិប្បកម្ម ក្នុងក្របខណ្ឌសេដ្ឋកិច្ចគ្រួសារ ឯកជន សមូហភាព និងរដ្ឋ ចម្រុះឯកជន និងគោលនយោបាយដឹកជញ្ជូនឯកជន។ សន្និបាតបានបោះឆ្នោតបំពេញសិទ្ធិគណៈកម្មាធិការមជ្ឈិម ចំនួន ៧ រូប បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ១១ រូប និងបោះឆ្នោត ជ្រើសតាំងបំពេញបន្ថែមសមាជិកបំរុងគណៈកម្មាធិការមជ្ឈិមចំនួន ១០ រូប ។
- ថ្ងៃ ១៧-១៨ តុលា ឆ្នាំ ១៩៩១ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់បក្ស បានអនុម័ត កម្មវិធីនយោបាយរបស់បក្ស អនុម័តលក្ខន្តិកៈ កែប្រែថ្មីរបស់បក្ស ដោយបានកែប្រែឈ្មោះ ពីបក្សប្រជាជន បដិវត្តន៍កម្ពុជា មកជា “ គណបក្សប្រជាជនកម្ពុជា ” និងបានកំណត់អំពីសញ្ញារបស់គណបក្ស ដែលមានរូបប្រាសាទ កំពូល ៥ ។ មហាសន្និបាតបានគាំទ្រទាំងស្រុងនូវបទអន្តរាគមន៍របស់សម្តេច ហ៊ុន សែន ដែលបានធ្វើការវាយ តម្លៃលើទិដ្ឋភាពសំខាន់ៗនៃសភាពការណ៍កម្ពុជា និងលើកទិសដៅជំរុញអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស។ ក្នុងអំឡុងពេលនៃមហាសន្និបាតវិសាមញនេះ សន្និបាតពេញអង្គលើកទី ១៤ នៃគណៈកម្មាធិការកណ្តាល បាន សម្រេចតែងតាំងសម្តេច ហេង សំរិន ជាប្រធានកិត្តិយសនៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស និងបាន បោះឆ្នោតជ្រើសតាំងសម្តេច ជា ស៊ីម ជាប្រធានគណៈកម្មាធិការកណ្តាល នៃគណបក្ស និងសម្តេច ហ៊ុន សែន ជាអនុប្រធានគណៈកម្មាធិកាកណ្តាលនៃគណបក្ស ។ មហាសន្និបាតវិសាមញ្ញោនះ បានបង្កើតនូវរបត់យ៉ាងធំមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្ស ។
- ថ្ងៃ ២៨-២៩ ខែ កក្កដា ឆ្នាំ ១៩៩២ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សមាន តំណាងចូលរួម ៦២៣ រូប បានឯកភាពលើការវាយតម្លៃសភាពការណ៍កម្ពុជា ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទិសដៅខាងមុខ អនុម័តការកែសម្រួលចំណុចមួយចំនួន នៃលក្ខន្តិកៈគណបក្ស ក្នុងនោះ មានការកែប្រែរូបសញ្ញាគណបក្ស ដោយប្តូររូបប្រាសាទកំពូល ៥ និងជំនួសវិញដោយរួបព្រាបស នៅកណ្តាល ។ ប្រគល់សិទ្ធិជូនគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល កំណត់រូបសញ្ញាថ្មី នៅពេលចាំបាច់ និងកែប្រែអក្សរកាត់ នូវឈ្មោះគណបក្សពី គ.ប.ប.ក មកជា ប្រ.ជ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈកម្មាធិការកណ្តាលចំនួន ១៩ រូប ដែលធ្វើឱ្យចំនួនសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សសរុបមាន ៧៥ រូប ។ ផ្អែកលើមូលដ្ឋានសេចក្តីសម្រេចចិត្តខាងលើនេះ អង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩២ ដោយមានការចូលរួមពីមន្ត្រីដឹកនាំរបស់គណបក្សនៃក្រសួង ស្ថាប័ន និងខេត្ត ក្រុង បានសម្រេចកែប្រែរូបសញ្ញាគណបក្សជាថ្មី ពីរូប ព្រាបស មកជា “ ទេវតាបាចផ្កា ” វិញ ។
- ថ្ងៃ ២៤-២៧ មករា ឆ្នាំ ១៩៩៧ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស បាន អនុម័តជាឯកច្ឆ័ន្ទ សេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ រយៈពេលខាងមុខ អនុម័តខ្លឹមសារកែសម្រួលចំណុចមួយចំនួននៃលក្ខន្តិកៈគណបក្ស ក្នុងនោះមានការកំណត់អំពី បទភ្លេង និងចម្រៀងរបស់គណបក្ស ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មា ធិការកណ្តាល ចំនួន ៨៥ រូប ដែលធ្វើឱ្យចំនួនសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សសរុបមាន ១៥៣ រូប។
- ថ្ងៃ ១៩ មិថុនា ឆ្នាំ ១៩៩៨ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួម ៧៦៨ នាក់ បានអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ ការងាររបស់គណបក្ស និងទិសដៅភារកិច្ចឆ្ពោះទៅកាន់ការបោះ ឆ្នោតថ្ងៃ ២៦ កក្កដា ឆ្នាំ ១៩៩៨ អនុម័តសេចក្តីថ្លែងការណ៍នយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោត និងអនុម័តខ្លឹមសារបំពេញបន្ថែមនៃលក្ខន្តិកៈគណបក្ស ស្តីពីការរំសាយ ការរួមបញ្ចូលគ្នា និងការធ្វើសម្ព័ន្ធភាព គណបក្ស ។
- ថ្ងៃ ២៤-២៥ មេសា ឆ្នាំ ២០០៣ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស មានតំណាងចូលរួម ចំនួន ៧០៧ នាក់ បានអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ និងភារកិច្ចរបស់គណបក្ស តាំងពីក្រោយមហាសន្និ បាតវិសាមញ្ញាតំណាងទូទាំងប្រទេសនា ខែមករា ឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន និងទិសដៅភារកិច្ចរបស់គណបក្ស សម្រាប់រយៈពេលបន្ត អនុម័តសេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយ របស់គណបក្ស ដើម្បីកសាង និងការពារ ប្រទេសជាតិ សម្រាប់ឆ្នាំ ២០០៣-២០០៨ ដោយកំណត់ច្បាស់អំពីចក្ខុវិស័យ យុទ្ធសាស្ត្រ និងគោលនយោបាយ អភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យរបស់គណបក្ស ។ មហាសន្និបាតបានគាំទ្រជាឯកច្ឆ័ន្ទនូវការសម្រេចរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ដែលបានជ្រើសតាំងសម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជនរបស់គណបក្ស សម្រាប់តំណែងនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៣ ។
- ថ្ងៃទី ២៨-២៩ មករា ឆ្នាំ ២០០៥ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣១ អាណត្តិទី ៥ របស់ គណបក្ស បានអនុម័ត “ របាយការណ៍ស្តីពីសភាពការណ៍ និងទិសដៅភារកិច្ចរបស់គណបក្សរយៈពេលបន្ត ” និង បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ៨ រូប ធ្វើឱ្យបរិមាណសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មាន ២៨ រូប។ សន្និបាតបានសម្រេចត្រៀមរៀបចំឆ្ពោះទៅកាន់ការ បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នាខែ មេសា ឆ្នាំ ២០០៣ និង បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ។
- ថ្ងៃទី ២១-២៣ ខែ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស មានតំណាងចូល រួមចំនួន ៨៧០ រូប ។ មហាសន្និបាត បានអនុម័តរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់ គណបក្ស ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ និងទិសដៅភារកិច្ចឆ្នាំ ២០០៦ ។ មហាសន្និបាត បានកំណត់ គោលដៅចំបង របស់គណបក្សសម្រាប់រយៈពេលយូរអង្វែង គឺការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនប្រកបដោយចីរភាព លើមូលដ្ឋានធានាសន្តិភាព និងស្ថិរភាពដ៏គត់មត់ ដើម្បីឱ្យប្រជាជនគ្រប់ៗរូប បានរស់នៅយ៉ាងសម្បូរសប្បាយ សុខដុមរមនា និងសុភមង្គល ។ មហាសន្និបាត បានបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលអាណត្តិទី ៥ ចំនួន ១២១ រូប និងលប់ឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៦ រូប ដែលបានទទួលមរណភាព ធ្វើឱ្យ បរិមាណសមាជិកគណៈកម្មាធិការកណ្តាល មានចំនួនសរុប ២៦៨ រូប ។ ទន្ទឹមនេះ មហាសន្និបាត បានសម្រេច ជាឯកច្ឆន្ទ ជ្រើសតាំងសម្តេច ហ៊ុន សែន អនុប្រធានគណបក្ស ជាបេក្ខជនសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីនៃ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៤ នៃរដ្ឋសភា ។
- ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០០៧ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៣ បានពិភាក្សា និងអនុម័ត របាយការណ៍ស្តីពីសភាពការណ៍ និងទិសដៅភារកិច្ចរបស់គណបក្ស ឆ្នាំ ២០០៧ និងបោះឆ្នោតជ្រើសតាំងបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលចំនួន ២ រូប គឺបង្កើនពីចំនួន ២៨ រូប ដល់ ៣០ រូប ។ សន្និបាត បានឯកភាពជាឯកច្ឆ័ន្ទប្រគល់ភារកិច្ចជូនសម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ពង្រឹងបន្ថែមការដឹកនាំដោះស្រាយ បាតុភាពរំលោភដីធ្លីរបស់រដ្ឋឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធិភាព ដោយពុំមាន ការលើកលែងចំពោះសមាសភាពណាមួយឡើយ ។
- ថ្ងៃទី១២-១៣មករា ឆ្នាំ ២០០៨ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួមចំនួន ៩០០ រូប ។ មហាសន្និបាតបានឯកភាពទាំងស្រុងចំពោះការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧ និងទិសដៅភារកិច្ចឆ្នាំ ២០០៨ ។ មហាសន្និបាតបានអនុម័ត កម្មវិធីនយោបាយ និងគោលការណ៍ ១១ “ ខ ” របស់គណបក្ស ដើម្បីបន្តកសាង និងការពារមាតុភូមិពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៣ ព្រមទាំងបណ្តាភារកិច្ចឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៤ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៨។ មហាសន្និបាតសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជនសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី ៤ នៃរដ្ឋសភា ។
- ថ្ងៃទី២៥-២៦ មេសា ឆ្នាំ ២០០៩ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៤ អាណត្តិទី ៥ មាន តំណាងចូលរួមចំនួន ៨១៥ រូប បានពិភាក្សានិងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ និងការងារគណបក្សឆ្នាំ ២០០៨ និងទិសដៅភារកិច្ចឆ្នាំ ២០០៩ ក្នុងនោះមានការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី១ ហើយបានបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ចំនួន ៦ រូប គឺបន្ថែមពី ២៩រូប ដល់ ៣៥ រូប ។ សន្និបាតគាំទ្រតួនាទី របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបេក្ខភាព សម្តេចជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយៗទៀត ៕