ភ្នំពេញ: កាំង ហ្គេកអ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឪពុករបស់គាត់ស្លាប់នៅក្នុងឆ្នាំ ១៩៩០ និងម្តាយរបស់គាត់នៅរស់រហូតដល់សព្វថ្ងៃ។ អ្នកទាំងពីមានកំណើតឈាមជរកាត់ចិន។ ឈ្មោះនៅ ក្នុងបញ្ជីអាត្រានុកូលដ្ឋានរបស់ ឌុច គឺ កាំង ជាវ។ក្រោយ មក ឪពុករបស់គាត់បានប្តូរទៅជា យឹម គាវ វិញព្រោះហោរាទាយថាឈ្មោះនេះមិនមានសំណាងល្អទេ។ ឈ្មោះ កាំង ជាវ មានន័យថា “ស្ពឹក ចាស់គំរិល”។
ឌុច នៅតែមិនពេញចិត្តនឹងឈ្មោះថ្មីនេះដដែល។ ហេតុដូច្នេះ ពេលដែលគាត់ មានអាយុ១៥ ឆ្នាំ គាត់បានស្នើសុំទៅឪពុករបស់គាត់ឱ្យប្តូរជាថ្មីមួយទៀតទៅជា កាំង ហ្កេចអ៊ាវ វិញ។ ឆ្លៀតឱកាសនោះផងដែរ ឌុចក៏បានកែប្រែថ្ងៃខែឆ្នាំកំណើតរបស់គាត់ដោយបន្ថយអាយុបីឆ្នាំ ព្រោះអាយុពិតរបស់គាត់ចាស់ ពេកមិនអាចចុះឈ្មោះចូលរៀនបាន។ ដូច្នេះ អត្តសញ្ញាណថ្មីរបស់គាត់គឺ កាំង ហ្កេកអ៊ាវ កើត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៤៥។
ទូទាំងរបប កម្ពុជាប្រជាធិបតេយ្យ កាំង ហ្កេចអ៊ាវ ត្រូចបានស្គាល់ជាទូទៅថា ឌុច។ ឈ្មោះនេះត្រូវបានប្រើ ប្រាស់រហូតដល់ពាក់កណ្តាលទសវត្សរ៍៨០ នៅពេលដែលឈ្មោះរបស់គាត់ត្រូវប្តូរទៅជា ហង់ ពិន វិញ។ ឌុច គឺកូនច្បងនិងជាកូនប្រុសទោល ក្នុងចំណោមបងប្អូនប្រាំនាក់។ គាត់មានទំនាក់ទំនងល្អជាមួយឪពុក ម្តាយរបស់គាត់ និងជាមួយបងប្អូនរបស់គាត់។ គាត់ប្រាប់ថា គាត់ឧស្សាហ៍ឈឺណាស់កាលគាត់នៅពីតូច។ វាជាជំងឺដែលគាត់ហៅថា ជំងឺបង្កឡើងដោយភាពក្រីក្រនិងជំងឺនៅជនបទ។ គាត់ចូលរៀនយឺតក្រោយអាយុកំណត់ គឺនៅអាយុ៩ឆ្នាំ ដោយសារគាត់ជាសិស្សល្អពោរពេញទៅដោយការកោតក្រែង និងសេចក្តីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ គាត់បានបញ្ចប់ការសិក្សារបស់គាត់ជាបន្តបន្ទាប់នៅអនុវិទ្យាល័យ កំពង់ធំ នៅវិទ្យាល័យសៀមរាប និងបន្ទាប់មកនៅវិទ្យាល័យស៊ីសុវត្ថិ ក្រុងភ្នំពេញ ដែលជាកន្លែងគាត់ទទួល សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ១៩៦៤។
យោងតាម សៀវភៅ “សម្លេងពីមន្ទីរស-២១” របស់ សាស្ត្រាចារ្យដេវីដ ឆេនល័រ បានឱ្យដឹងថា ម្តាយរបស់ កាំង ហ្គេកអ៊ាវ កាលពីឆ្នាំ១៩៨០បានឱ្យ ដឹងថា ខួរក្បាលរបស់កូនប្រុសរបស់គាត់គឺ“ជាប់នឹងសៀវភៅជានិច្ច”។ ក្រោយមក ឌុច បានទៅរៀននៅ វិទ្យាល័យស៊ីសុវត្ថិក្រោមការជួយជ្រោមជ្រែងពីអ្នកមានឥទ្ធិពលម្នាក់។ ក្នុងការ ប្រលងបាក់ឌុបទូទាំងប្រទេសនៅក្នុងឆ្នាំ១៩៥៦ កាំង ហ្គេកអ៊ាវ បានជាប់លេខពីរក្នុងមុខវិជ្ជាគណិតវិទ្យា។ មិត្តរូមថ្នាក់របស់ កាំង ហ្គេកអ៊ាវ ម្នាក់បានរំឭកឡើងវិញថាក្នុងសម័យនោះ កាំង ហ្គេកអ៊ាវ គឺជាយុវជនវ័យក្មេងដែលប្រកាន់ខ្ជាប់នូវភាពឧស្សាហ៍ព្យាយាមដោយពុំមានអារម្មណ៍ទៅលើការកម្សាន្តអ្វីផ្សេង ឬលើបញ្ហាយោបាយទាល់ តែសោះ។
ពីបីឆ្នាំបន្ទាប់មកទៀត កាំង ហ្គេកអ៊ាវ បានចាប់យកអាជីពជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យកំពង់ធំ។ សិស្សម្នាក់ក្នុងចំណោមអតីតសិស្សរបស់ កាំង ហ្គេកអ៊ាវ ទាំងអស់ ក្រោយមក បានរំឭកថា“កាំង ហ្គេកអ៊ាវ ត្រូវបានគេទទួលស្គាល់ចំពោះភាពច្បាស់លាស់នៅក្នុងការបង្រៀន ហាក់បីដូចជាគាត់ផ្លិតចម្លងនូវអត្ថបទទាំងមូលចេញពីខួរក្បាលរបស់គាត់ដាក់នៅលើក្តារ ខៀន”។ សហការីម្នាក់ដែលរួមអាជីពជាគ្រូបង្រៀនផ្នែកជីវវិទ្យានៅឯវិទ្យាល័យនោះដែរគឺជា មនុស្សម្នាក់ដែលមានរូបរាងខ្ពស់ស្រឡះជាងគេឈ្មោះ ម៉ម ណៃ (ហៅ ចាន់)។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំ ក្រោយមកនៅពេលដែលបុរសទាំងពីរនេះបានក្លាយជា សមាជិកនៃបក្សកម្មុយនិស្តកម្ពុជា កាំង ហ្គេក អ៊ាវ បានហៅ ម៉ម ណៃ មកធ្វើជាប្រធានអង្គភាពសួរចម្លើយនៅឯគុកនៃមន្ទីរស-២១។ កាំង ហ្គេកអ៊ាវ និង ម៉ម ណៃ ត្រូវបានដឹងតាមរយៈឯកសារ ដែលបានបន្សល់ទុកថាជាគ្រូបង្រៀនដែល មានលក្ខណៈសម្បត្តិឈ្លាសវៃ ម៉ឺងម៉ាត់និងបានលះបង់ទាំងស្រុងទៅលើការងារ។ លក្ខណៈទាំងពីរ ហើយដែលអ្នកទាំងពីរបានពាំនាំជាមួយនឹងខ្លួនទៅបម្រើគោលដៅផ្សេងនៅពេលដែលអ្នកទាំងពីរធ្វើការ ជាមួយ គ្នានៅក្នុងគុក។
ក្នុងឆ្នាំ១៩៦៤ កាំង ហ្គេកអ៊ាវ បានទទួលតំណែងនៅវិទ្យាស្ថានគរុកោសល្យបន្ទាប់ពី់ សុន សេន ចាកចេញទៅ។ យោងតាមសម្តីរបស់លោក នេត ប៊ុនអន ដែលជាមិត្តរួមថ្នាក់របស់ កាំង ហ្គេកអ៊ាវ នៅឯវិទ្យាល័យព្រះស៊ីសុវត្ថិ យុវជនវ័យក្មេងដែលពូកែខាងគណិតវិទ្យារូបនេះត្រូវបានអូសទាញឆ្ពោះទៅរកលទ្ធិកុម្មុយនិស្តដោយនិស្សិតមួយ ក្រុមដែលបានចូលមកសិក្សាអក្សរសាស្ត្រខ្មែរ នៅឯសាលកវិទ្យាល័យភ្នំពេញ។ នៅឯសាកលវិទ្យាល័យ កាំង ហ្គេកអ៊ាវ មានការចាប់អារម្មណ៍និង ទទួលការអប់រំនយោ បាយដោយបុរសស្ត្រីវ័យក្មេងៗដែលសម្បូរណ៍ទៅដោយទស្សនៈនិងការយកចិត្តទុក ដាក់ដ៏ស្រួចស្រាល់ទៅលើឥទ្ធិកុម្មុយនិស្ត។ កាំង ហ្គេកអ៊ាវ មើលឃើញថា បុរសស្ត្រីវ័យក្មេងទាំងនោះ នឹងដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនំងកម្ពុជា-ចិន នៅក្នុងអំឡុង ពេលនៃរបបកម្ពុជាប្រជាធិបតេយ្យនិង បន្តពីរបបនេះទៅទៀត។
ឆ្នាំ១៩៦៥ ឌុច ត្រូវបានតែងតាំងជាគ្រូបង្រៀនផ្នែកគណិតវិទ្យាលនៅអនុវិទ្យាល័យស្គន់ បន្ទាប់ពីចាកចេញពីវិទ្យាស្ថានគរុកោសល្យ។ កូនសិស្សរបស់គាត់ពណ៌នាអំពីគាត់ថា ជាមនុស្សស្មោះត្រង់តស៊ូ និងជានិច្ចជាកាលតែងតែជួយដល់សិស្សទីទល័ ក្រ។ គាត់ណែនាំយ៉ាងហោចណាស់សិស្សម្នាក់ក្នុងចំណោមសិស្សរបស់គាត់ឈ្មោះ គី សុខហី ឱ្យចូលបដិវត្តន៍ហើយក្រោយមក គាត់ក៏ត្រូវចាប់ខ្លួនដោយ កងកម្លាំងប៉ូលីសរបស់សម្តេច សីហនុ ពីបទចោទប្រកាន់ថាជនកុម្មុននិស្ត។ កាំង ហ្គេកអ៊ាវ បានជាប់ ឃុំដោយពុំមានការជំនុំជម្រះទោសអស់រយៈពេលជាច្រើនខែ ដែលជានីតិវិធីធម្មតាមួយសម្រាប់ អ្នកទោសនយោបាយក្នុងជំនាន់នោះ។ ក៏ប៉ុន្តែ គាត់បានរិះរកមធ្យោបាយដោយជោគជ័យក្នុងការដោះខ្លួន ចេញពីគុកតាមរយៈការធ្វើអន្តរាគមន៍ពីអ្នកអាណា ព្យាបាលរបស់គាត់កាលពីកុមារភាព។ មិនយូរប៉ុន្មាន បន្ទាប់ពីសម្តេច សីហនុ ត្រូវផ្តួលរលំពីអំណាច កាំង ហ្គេកអ៊ាវ ហៅ ឌុច បានរត់ចូ់លព្រៃម៉ាគី។
តាំងតែពីអាយុ១៥ឆ្នាំ មក គាត់ចាប់ផ្តើមមានចំណាប់អារម្មណ៍ចំពោះការតស៊ូផ្នែកនយោបាយ ដោយសារគាត់មានការអាកអន់ចិត្ត ចំពោះការប្រមាថលើស្ថានភាពក្រីក្ររបស់គ្រួសារគាត់។ ជាពិសេស ដោយសារការប្រឈមមុខនឹងការទារសំណងឥតស្រាកស្រាន្តពីសំណាក់ពូរបស់គាត់ ដែលជាអ្នករកស៊ីចងការប្រាក់ក្នុងអត្រាមួយខ្ពស់។ ដូចគ្នានេះដែរ គាត់អាចនឹងទទួលឥទ្ធិពលនយោបាយពីសំណាក់គ្រូៗជាច្រើនរបស់គាត់ ដែលបានបរិហារអំពីអំពើពុករលួយ និង ភាពអយុត្តិធម៌នៅក្នុងសង្គម ហើយជា ពិសេសតាមរយៈគ្រូបង្រៀនរបស់គាត់ម្នាក់ឈ្មោះ កែ គឹមហួត ដែលក្រោយមកគាត់ត្រូវបានគេសម្លាប់នៅមន្ទីស-២១។
នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ កាំង ហ្គេកអ៊ាវ ដែលត្រូវបានស្គាល់ថាជា ឌុច បានទទួលខុស ត្រូវផ្នែកសន្តិសុខនៅតំបន់៣៣ ភាគខាងជើងទីក្រុងភ្នំពេញ។ លោក ហ្វ្រង់ស្វ័រ ប៊ីហ្សូ ដែលជាអ្នកជំនាញផ្នែកជាតិពន្ធត្រូវបានចាប់ខ្លួនដោយពួកទ័ពព្រៃកុម្មុយនិស្តនៅក្នុងតំបន់៣៣នេះ ក្នុងអំឡុងឆ្នាំ ១៩៧០។ ឌុច ធ្លាប់បានសួរ ចម្លើយលោក ហ្វ្រង់ស្វ័រ ម្តងហើយម្តងទៀតសាចុះសាឡើងអស់រយៈ ពីរខែ ដោយចោទប្រកាន់លោក ហ្វ្រង់ស្វ័រ ថា ជាភ្នាក់ងារសេ.អ៊ី.អា ហើយបានបង្ខំឱ្យគាត់សរសើរជីវប្រវត្តិលម្អិតជា ច្រើនលើកមុនពេលដោះលែង។ លោក ហ្វ្រង់ស្វ័រ បានរួចចេញមកដោយមានការ តក់ ស្លុតចំពោះភាពងប់ងល់របស់ ឌុច។ នៅក្នុងទស្សនៈរបស់លោក ហ្វ្រង់ស្វ័រ “ឌុច ជឿថា ជនទាំង ឡាយដែលមានទស្សនៈផ្សេងគឺជាជនក្បត់និងជាកូនភូតភរ។ ឌុច ខ្លួនឯងហ្នឹងគឺជាអ្នកវាយអ្នកទោស ដែលមិនព្រមប្រាប់នូវការពិត”។
នៅក្នុងឆ្នាំ១៩៧៣ ឌុច បានផ្លាស់មកតំបន់២៤ ភាគខាងជើងទីក្រុងភ្នំពេញវិញ។ ថ្នាក់លើ របស់ ឌុច ឈ្មោះ សុក ធួក (ហៅ វ៉ន វេត) គឺជាយុទ្ធិកជនកុម្មុយនិស្ត ចាប់តាំងពីទសវត្សរ៍ឆ្នាំ ៥០មកម្ល៉េះ។ សុក ធួក ត្រូវបានប្រហារជីវិតនៅមន្ទីរស-២១ក្នុងឆ្នាំ១៩៧៨។ នៅក្នុងឆ្នាំ ១៩៧៣ សុន សេន ជាអនុរបស់ សុក ធួក ទទួលបន្ទុកកិច្ចការយោធា។ បន្ទាប់ពីការប្រហារជីវិត សុក ធួក, ឌុច ប្រហែលជាបានទទួលការចាប់ អារម្មណ៍ចូលចិត្តយ៉ាងខ្លាំងពីសំណាក់ សុន សេន។ ក្នុងរយៈកាលបំពេញញការងារកន្លងមក ឌុច បានទទួលបទពិសោធន៍ខាងបញ្ហាសន្តិសុខបានយ៉ាង ច្រើន។ ភ័ស្តុតាងបង្ហាញថា ឌុច ធ្លាប់ធ្វើដំណើរទៅបរទេសឬទទួលការបណ្តុះ បណ្តាលណាមួយពីអ្នក ជំនាញបរទេសទេ។ នៅចន្លោះឆ្នាំ១៩៧២និងឆ្នាំ១៩៧៣ ឌុច ប្រហែលជាជួបង្កើតនូវសញ្ញាណនៃ “ខ្សែក្បត់”។ នៅចន្លោះពេលនោះកិច្ចប្រតិ បត្តិការសម្ងាត់មួយត្រូវបានបង្កើតឡើងដោយពួកខ្មែរក្រហមដើម្បីធ្វើវិសុទ្ធកម្មក្រុមដែលហៅថា ខ្មែរហាណូយ (ខ្មែរដែលមកពីខាងត្បូងនៃប្រទេសកម្ពុជា ឆ្នាំ១៩៧០ បន្ទាប់ពីការនិរទេសខ្លួនឯងទៅប្រទេវៀតណាមខាងជើងអស់រយៈពេលជាច្រើនឆ្នាំ ក្នុងរូប ភាពជួយបដិវត្តន៍)។ សមា ជិកខ្មែរក្រុមនេះរាប់រយនាក់ត្រូវបានចាប់ខ្លួនជាសម្ងាត់និងយកទៅសម្លាប់ ចោលនៅក្នុងឆ្នាំ១៩៧៣ បន្ទាប់ពីវៀតណាមដកទ័ពរបស់ខ្លួនទាំងស្រុងចេញពីកម្ពុជា។ សមា ជិក សេសសល់ពីរបីនាក់បានសម្រេចជោគជ័យក្នុងការគេចខ្លួនទៅប្រទេសវៀត ណាមបន្ទាប់ពីឃុំឃាំង ហើយសមាជិកភាគច្រើននៃក្រុមនេះត្រូវបានចាប់ខ្លួននៅក្នុងភូមិភាគពិសេស។ ភាពដាច់ខាត និងភាព គ្មានមេត្តានៃយុទ្ធនាការធ្វើវិសុទ្ធកម្មនេះមានការទាក់ទងគ្នាជាមួយនឹងរបៀបគ្រប់គ្រងរដ្ឋបាលរបស់ ឌុច ដែរ។ តាមពិត យុទ្ធនាការនេះបង្ហាញអំពីដំណើរដូចគ្នាដែលប្រព្រឹត្តទៅនៅមន្ទីរស-២១។
ជីវិតគ្រួសារ និងជីវិតស្នេហារបស់ ឌុច ប្រព្រឹត្តទៅប្រកបដោយស្ថេរភាពធម្មតា លើក លែងតែការខកចិត្តស្នេហា កាលនៅយុវវ័យដែលគាត់បានចាត់ទុកជារឿងសំខាន់សម្រាប់គាត់។ ឌុច និទានអំពីនារីម្នាក់ប៉ុណ្ណោះ នៅក្នុងជីវិតរបស់គាត់ គឺប្រពន្ធរបស់គាត់ឈ្មោះ ឈឹម សុផល ហៅ រុំ ដែលជាជាងកាត់ដេរសម្លៀក បំពាក់។ គាត់បានពន្យល់ថា ដោយសារតែមានការអនុញ្ញាតពី សុន សេន ទើបគាត់អាចជ្រើសរើសយកប្រពន្ធរបស់គាត់ ដែលគាត់បានស្គាល់នៅក្នុងឆ្នាំ១៩៧៤។
ឌុច បានរៀបការជាមួយនាងនៅថ្ងៃទី២០ធ្នូរឆ្នាំ១៩៧៥ គឺនៅពេលដែលគាត់ជាប្រធានមន្ទីស-២១។ គាត់មានកូនចំនួន៤នាក់ កូនស្រីទីមួយ កើតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៧។ កូនប្រុសទីពីរ កើតនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៧៨។ កូនស្រីទីបី កើតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨១ និងកូនប្រុសទីបួន កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៨៥។
កិច្ចការសន្តិបាលត្រូវបានផ្ទេរនិងផ្លាស់មករដ្ឋធានីភ្លាមៗ បន្ទាប់ពីខ្មែរក្រហមបានជ័យជម្នេះក្នុង ខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែអស់រយៈពេលជាច្រើនខែក្រោយមក អង្គភាពនេះបានស្ថិតនៅក្រោម ឈ្មោះ មន្ទីរ១៥។ ចំណារ ឌុច ទំនងជាមាននៅលើឯកសារជាច្រើនដែលមានប្រភពចេញមកពីមន្ទីរ នេះ។ ឯកសារដំបូងបំផុតដែលភ្ជាប់ទៅនឹងមន្ទីរស-២១ មានកាលបរិច្ឆេទតាំងពីខែតុលាឆ្នាំ១៩៧៥ តរហូតមក។ នៅក្នុងរយៈ ពេល៦ខែបន្ទាប់មកទៀត ឌុច បានចែករំលែកពេលវេលារបស់ខ្លួនដើម្បី ធ្វើការគ្រប់ គ្រងមន្ទីរសន្តិបាលនៅតាខ្មៅត្បូងភ្នំពេញនិងមណ្ឌលសួរចម្លើយជាច្រើនទៀត ដែលនៅរាយ ពាសពេញទូទាំងទីក្រុងភ្នំពេញ។ មន្ទីរសន្តិបាលនៅតាខ្មៅថាស-២១ខ មានទីតាំងនៅក្នុងបរិវេណមន្ទីរ ពេទ្យវិកចកចរិត (ពេទ្យឆ្កួត) តែមួយគត់របស់ប្រទេសកម្ពុជា។
ជាអ្នកគ្រប់គ្រងមន្ទីរស-២១ ឌុច បានខំប្រឹងប្រែងធ្វើការយ៉ាងសកម្មដើម្បីគ្រប់គ្រងរាល់ កិច្ចការទាំងអស់របស់មន្ទីរនេះ។ បទពិសោធន៍និសភាវគតិឈ្លាសវៃដែលបានបណ្តុះតាមរយៈការបង្រៀនបានជួយសម្រួលកិច្ចការរបស់ ឌុច យ៉ាងខ្លាំង។ ឌុច ធ្លាប់ធ្វើកិច្ចការចុះបញ្ជីកត់ត្រាផ្សេងៗ ដាក់ ចេញនូវចម្លើយដោះ បញ្ហាទាំងឡាយទទួលការគោរពនិងដាក់វិន័យអប់រំមនុស្សជាច្រើនក្រុម។ ឌុច បានកំណត់ខ្លួនឯងនិងអ្នកនៅក្រោមបង្គាប់ឱ្យប្រឹងប្រែងធ្វើការយ៉ាងខ្លាំង។ ហ៊ឺម ហ៊ុយ ដែលជាអតីតយាមយកនៅមន្ទីរស-២១ បានរំឭកឡើងវិញថា “ឌុច ជាមនុស្សខ្លាំង ច្បាស់លាស់ និយាយ អីធ្វើហ្នឹង។ ជារឿយៗ ឌុច ធ្វើឱ្យបុគ្គលិកនៅក្នុងមន្ទីរស-២១ភ័យខ្លាចញ័រខ្លួន”។ នៅពេល ដែល សួរថា ឌុច ជាមនុស្សមានចរិតយ៉ាងដូចម្តេចកងការពារម្នាក់បានឆ្លើយថា“ មនុស្សយ៉ាងម៉េច អ្ហ៊ែះ? ឌុច គឺជ្រួលហួសហេតុតែម្តង” នៅក្នុងគំនិតរបស់កងការពាររូបនេះភាពសាហាវឃោឃៅបំផុតនៃឧក្រិដ្ឋកម្មរបស់ ឌុច គឺមិនមែនដោយសារ ឌុច ជាអ្នកនៅពីលើលើបញ្ជាឱ្យយកអ្នកទោសចំនួន ប្រមាណដប់បួនពាន់នាក់ទៅសម្លាប់នោះទេ ប៉ុន្តែភាពបំផុតគឺពេលដែល ឌុច អនុញ្ញាតឱ្យអ្នកនៅក្រោមបង្គាប់យកប្អូនថ្លៃរបស់ខ្លួនពីរនាក់ទៅដាក់នៅមន្ទីរស-២១ និងយកទៅសម្លាប់ចោល។ អតីតកងការពារនេះបានរំឭកឡើងវិញថា “ឌុច មិនដែលសម្លាប់អ្នកណាដោយផ្ទាល់ទេ” ប៉ុន្តែជួនពេលខ្លះ ឌុច បើកឡានទៅវាលពិឃាតនៅជើងឯក ដើម្បីពិនិត្យមើលការប្រហារជីវិតនៅទីនោះដោយផ្ទាល់ខ្លួនឯងតែម្តង។
សំណួរនិងចំណារជាច្រើនដែលសរសេរយ៉ាងស្អាតដោយ ឌុច ដោយប៊ិចពណ៌ក្រហម ត្រូវបាន ឃើញនៅលើចម្លើយសារភាពជារឿយៗ។ ជាញឹកញយ ចំណារនិងការចោទសំនួរដែល ឌុច ធ្វើឡើង ច្រើនតែកែតម្រូវឬបញ្ជាក់ការសង្ស័យទៅលើអ្វីដែលអ្នកទោសបានសារភាព ជូនយោគបល់ឱ្យវាយដំ ធ្វើទារុណកម្មនិងជំរុញឱ្យអ្នកសួរចម្លើយជីកឫសជីកគល់រក “ការពិត” ដែលអ្នកបានលាក់។ មិនតែ ប៉ុណ្ណោះ ឌុច បានធ្វើសេចក្តីសង្ខេបលើឯកសារចម្លើយសារភាពមួយចំនួនដោយបានចង្អុលបង្ហាញពី ខ្សែ បណ្តាញដែល ឌុច ក្តាប់ពីចម្លើយសារភាពមុនៗ ហើយជូនយោគបល់ធ្វើឱ្យការតាម ដានខ្សែបណ្តាញនោះ។ សេចក្តីរៀបរាប់សង្ខេបដែលត្រូវបានសរសេរឡើងនៅក្នុងឆ្នាំ១៩៧៨ មានចំណង ជើងថា “ផែនការចុងក្រោយ” មានបំណងចងក្រងនូវចម្លើយសារ ភាពក្នុងរយៈពេលកាលពីប្រាំឆ្នាំកន្លង មកដើម្បីបង្ហាញអំពីការសមគំនិតក្នុងទ្រង់ ទ្រាយធំ និងយូរអង្វែងដែលពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិក សហភាពសូវៀត តៃវ៉ាន់ និងវៀតណាម។ ដូចក្នុងករណីលោក ជេម ជេស៊ីស អាន់គ្លេថុន នៃក្រុម សេ.អ៊ី.អា ឌុច បានព្យាយាមតាំងខ្លួនប្រើប្រាស់គំនិតនេះក្នុងការស្រាវជ្រាវរកជនបង្គប់ក្នុងអង្គការ។ ជាអ្នកគណិតវិទ្យា ឌុច ចូលចិត្តមកធ្វើជាគំរូនូវអ្វីដែលខ្លួនគិតថាសមហេតុផល។ “ផែនការចុងក្រោយ” គឺសៀវភៅគំរូមួយរបស់ ឌុច។
ឌុច រស់នៅក្បែរមន្ទីរស-២១ជាមួយប្រពន្ធនិងកូនតូចៗពីរនាក់។ ឌុច ស្ថិតនៅមន្ទីរស-២១ រហូតដល់ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលដែល ឌុច ដើរចេញពីក្រុងភ្នំពេញហើយក៏បាត់ ស្រមោលរហូតពេលថ្មីៗនេះ។ ក្នុងឆ្នាំ១៩៩៦ ឌុច លែងនៅក្នុងចលនាខ្មែរក្រហមទៀតហើយ។ ឌុច បានជួបជាមួយនឹងក្រុមផ្សព្វផ្សាយសាសនាគ្រិស្តជនជាតិអាមេរិកនៅភាគពាយ័ព្យប្រទេសកម្ពុជា ហើយក៏ក្លាយខ្លួនជាប្រតិបត្តិសាសនាគ្រិស្តម្នាក់។ ឌុច ធ្វើការជារៀបចំសណ្តាប់ធ្នាប់នៅមន្ទីរពេទ្យមួយ កាលពីខែមេសាឆ្នាំ១៩៩៩ នៅពេលដែលអ្នកកាសែតម្នាក់បានរកឃើញអត្តសញ្ញាណពីអតីត កាល របស់គាត់។ ក្រោយមក ឌុច ត្រូវបានសម្ភាសន៍ដោយកាសែតអាមេរិកាំង ណេត ថាយ័រ ហើយក៏ បាននិយាយចំហអំពីអតីតកាលរបស់ខ្លួនមុនពេលដែលត្រូវចាប់ខ្លួនដោយកងកម្លាំងនរគបាលជាតិកម្ពុជា និងយកមកដាក់ពន្ធនាគារនៅទីក្រុងភ្នំពេញ។
បន្ទាប់ពីមានការដួលរលំនៅក្នុងឆ្នាំ១៩៧៩ ឌុច បន្តរស់នៅនិងធ្វើការជាមួយខ្មែរ ក្រហមអស់រយៈពេល ជាងដប់ឆ្នាំ។ គាត់បានបង្ហាញថា គាត់ធ្លាប់មានបំណងចាក ចេញពីចលនានេះដែរ ប៉ុន្តែគាត់ស្ថិតនៅក្នុងស្ថានភាព មួយដែលមិនអាចធ្វើទៅបានឡើយ។ ដោយសារតែតាំងពីពេលមកដល់សំឡូតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៩ គាត់ហាក់ដូចជាត្រូវបានគេចាត់ទុកជាអ្នកទោសនៃរបបអ៊ីចឹង នៅទីនោះ គាត់មានមុខងារសំខាន់ជាគ្រូបង្រៀន។
នៅខែតុលា ឆ្នាំ១៩៨៦ ប្រធានរបស់គាត់ឈ្មោះ សុន សេន ប្រធានមន្ទីរក១៨ ជាកន្លែងដែល ឌុច ធ្វើការបានបញ្ជូនគាត់ឱ្យទៅប្រទេសចិនដើម្បីបង្រៀនភាសាខ្មែរដល់និស្សិតចិន។ គាត់រស់នៅនិងធ្វើការក្រោម បញ្ជារបស់ប្រពន្ធ សុន សេន ឈ្មោះ យុន យ៉ាត នៅក្នុងប្រទេសនោះរយៈពេលជាងពីរឆ្នាំ។
នៅក្នុងឆ្នាំ១៩៩២ នៅពេលដែល ប៉ុល ពត ចាត់តាំងឱ្យគាត់ទទួលបន្ទុកផ្នែកសេដ្ឋ កិច្ចនៅភូមិផ្គាំ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឌុច ចាប់ផ្តើមបាត់បង់ទំនាក់ទំនងជាមួយថ្នាក់លើរបស់គាត់។ គាត់បានពន្យល់ ថា ការបែកបាក់គ្នាចេះតែរីកធំឡើងៗទាហានខ្មែរក្រហមចាប់ផ្តើមបែកខ្ញែកគ្នាបន្តិចម្តងៗ ក្នុងខណៈពេលដែល សង្គ្រាមចេះតែបន្ត។ គាត់បានប្រកបការងារជាគ្រូបង្រៀនរួមផ្សំជាមួយនឹងការរកស៊ីលក់អង្ករនិងចិញ្ចឹមជ្រូក។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ នៅភូមិផ្គាំ គាត់ទទួលរងគ្រោះនៅអំពើប្លន់ក្នុងផ្ទះដ៏អាថ៌កំបាំងមួយដែលក្នុង ពេលនោះ ប្រពន្ធរបស់គាត់ត្រូវបានចោរចាក់មួយកាំបិតចំដើមទ្រូងបណ្តាលឱ្យស្លាប់ តែគាត់វិញគ្រាន់តែ មាន របួសបន្តិចបន្តួចប៉ុណ្ណោះ។
ចំពោះព្រឹត្តិការណ៍នេះ ឌុច គិតថា វាជាការប៉ុងប៉ងធ្វើឃាតកម្មគិតទុកជាមុន ដែលរៀបចំឡើងដោយ ប៉ុល ពត។ បន្ទាប់ពីការស្លាប់របស់ប្រពន្ធគាត់ ឌុច បានចាប់ផ្តើមចូលរួមក្នុងការជួបជុំរបស់ព្រះវិហារផ្សព្វផ្សាយ សាសនាគ្រឹស្តនៅខេត្តបាត់ដំបង។ គាត់ប្តូរមកកាន់សាសនាគ្រឹស្តនោក្នុងឆ្នាំ១៩៩៦ ហើយគាត់ក៏បាននាំកូនប្រុស ស្រីរបស់គាត់ចូលសាសនានេះផងដែរ។
ក្រោយមកគាត់បា់នត្រលប់ចូលសំឡូតវិញ។ ដោយសារមានការចាប់ផ្តើមឡើងវិញនៃការប្រយុទ្ធគ្នា រវាងខ្មែរក្រហមជាមួយនឹងកម្លាំងខាងរដ្ឋាភិបាល គេបានជម្លៀសប្រជាជនចេញពីក្នុងឃុំនោះ ហើយគាត់ក៏បាន ឆ្លងទៅរស់នៅក្នុងប្រទេសថៃជាមួយនឹងប្រជាជនទាំងអស់នោះ។
នៅខែកក្កដា ឆ្នាំ១៩៩៧ គាត់បានចាប់ផ្តើមីធ្វើការឱ្យសមាគមមួយដែលមានឈ្មោះថា គណៈកម្មាធិការអាមេរិកទទួលបន្ទុកជនភៀសខ្លួន និងបានបន្តការងារនេះរហូតដល់ក្រុមអ្នកសារព័ត៌មានស្គាល់ អត្តសញ្ញាណរបស់គាត់។ នៅក្នុងខែ ឧសភា ឆ្នាំ១៩៩៩ ដែលនាំឱ្យគាត់មានការចាប់ខ្លួនគាត់នាប៉ុន្មានថ្ងៃ ក្រោយមក៕