ដំរីម៉ាំមុតដែលគេជឿថាមានរាងបែបនេះ
ភ្នំពេញ: សត្វអ្វីក៏ដោយនៅលើពិភពលោកយើងនេះឱ្យតែធំហួសពីធម្មតា យើងតែងហៅថាយក្ស ដូចជាពស់យក្ស បក្សីយក្ស...។ ដំរី ធម្មតាជាសត្វជើង៤ដែលធំជាងគេបង្អស់ក្នុងពិភពលោក ។ ប៉ុន្តែពិភពលោកយើងនេះ ធ្លាប់មានប្រភេទដំរីដែលធំជាងដំរីនាសម័យបច្ចុប្បន្នយើងទៅទៀត... ភ្លុកវាក៏វែងជាងដែរ។ ពួកបរទេសគេហៅដំរីប្រភេទនេះថា ដំរីយក្ស ឬមាំមូត(Mammoth) ។ ដំរីយក្សរស់នៅលើពិភពលោកយើងជាង១២.០០០ឆ្នាំមកហើយ ប៉ុន្តែវាក៏បានវិនាសផុតពូជទៅហើយដែរ ដោយមិនដឹងមូលហេតុអ្វីឲ្យប្រាកដទេ? ពិភពលោកយើងមានអាយុ៤,៦ពាន់លានឆ្នាំហើយ ។ដំរីយក្ស មានរោមពណ៌សវែង ព្រោះពួកវាច្រើនរស់នៅ ពិសេសក្នុងតំបន់ត្រជាក់ ដូចជាទ្វីបអាមេរិកខាង ជើង គឺប្រទេសអាមេរិក កាណាដា រដ្ឋអាឡាស្កា និងនៅរុស្ស៊ី ។ ដំរី សព្វថៃ្ងនេះមិនមានរោមក្រាស់ញឹក ដូចដំរីយក្សម៉ាំមូតនេះទេ ។ ដំរីយក្សមានរោមក្រាស់ញឹកវែងៗដូចរោមសត្វតោ ភ្លុករបស់វាវែងរហូត៥ម៉ែត្រ ក៏មាន ។
អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ ធ្លាប់រកឃើញសាកសពដំរីយក្សនេះ ជាគ្រោងឆ្អឹងក៏មាន ជួបក្នុងសភាពជាសាកសពដែលនៅសល់មានរោម មានស្បែកហ៊ុមព័ទ្ធឆ្អឹងក៏មាន ហើយតំបន់ដែលគេរកឃើញ គឺនៅបឹង មីស៊ីហ្គែន និងរដ្ឋអាឡាស្កា ប្រទេសអាមេរិក ។
គេជឿថា មុនវិនាសផុតពូជ ដំរីយក្សនេះ មានប្រមាណ៥០.០០០ក្បាល រស់នៅក្នុងទឹកដីទ្វីបអាមេរិកខាងជើង ចំណែកនៅតំបន់ស៊ីបេរី(រុស្ស៊ី) និងតំបន់ព្រំដែនរុស្ស៊ី ជាប់ម៉ុងហ្គោលី និងចិន ក៏មានច្រើនដែរ គឺ ប្រមាណ១០០.០០០ក្បាល ។
មនុស្សបុរាណ កាលពី២០០០ឆ្នាំកន្លងមកនេះ មានអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានធ្វើដំណើរទៅដល់រុស្ស៊ី ដើម្បីស្វែងរកទិញភ្លុកដំរីយក្សទាំងនេះ ។ ជនជាតិរុស្ស៊ីតែងដើរស្វែងរកភ្លុកដំរីនៅតាមរូងភ្នំទឹកកក ដើម្បីនាំយកមកលក់ឱ្យពួកអឺរ៉ុបខាងលិច រួមទាំងលក់ឱ្យពួកអារ៉ាប់ដូចជាទួរគី អ៊ីរ៉ាក់ អ៊ីរ៉ង់ ។ មនុស្សសម័យនោះ នាំយកភ្លុកដំរីទៅធ្វើប្រដាប់ប្រដាលំអ ។សម្រាប់រាជវង្សអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននាំយកភ្លុកដំរី ទៅធ្វើគែមលំអតុ ។
នៅសម័យមុន រាជធានីរបស់រុស្ស៊ី គឺជាមជ្ឈមណ្ឌលទិញ-លក់ភ្លុកដំរីយក្ស ដែលភាសារុស្ស៊ីត្រូវគេ ស្គាល់ក្នុងនាម “Momonto Vakosky” ត្រូវនឹងភាសាអង់គ្លេសហៅថា “Mommoth Ivory” ហើយ បច្ចុប្បន្ន ភ្លុកដំរីក៏គេហៅថា “Ivory” អ៊ីចឹងទៅ ។
ដំរីយក្ស ខុសពីដំរីបច្ចុប្បន្ន ដែលមិនរស់នៅក្នុងតំបន់ត្រជាក់ ។ ដំរីបច្ចុប្បន្នរស់នៅតែទ្វីបអាហ្វ្រិក និងអាស៊ី ដូចជាឥណ្ឌា ស្រីលង្កា ភូមា ថៃ កម្ពុជា វៀតណាម ឡាវ ជាដើម ។ ដំរីដែលរស់នៅទ្វីបអឺរ៉ុប អាមេរិក អូស្ត្រាលី សូម្បីតែនៅក្នុងសួនសត្វជប៉ុនក្តី គឺសុទ្ធ តែនាំទៅពីទ្វីបអាហ្វ្រិកនិងអាស៊ី។ អ្នកវិទ្យាសាស្ត្របានបង្កើតសំណួរសួរថា “ហេតុអ្វីដំរីយក្សត្រូវផុតពូជ?” មូលហេតុនិងចម្លើយដែលពួកស្រាវជ្រាវអះអាងអំពីការផុតពូជនេះគឺ៖
១-អាកាសធាតុមិនអនុគ្រោះផ្លាស់ប្តូររហ័សពេក ច្រើនពេក ពោលគឺរងាពេក ។
២-ត្រូវមេរោគ ឬវីរុស ដែលមិនស្គាល់ថា ជាមេរោគអ្វី បានបង្កឱ្យដំរីយក្សឈឺស្លាប់ ។
៣-អាកាសធាតុត្រជាក់ខ្លាំង ធ្វើឱ្យរុក្ខជាតិនិងស្មៅងាប់ផុតពូជ ធ្វើឱ្យដំរីយក្សខ្វះចំណីអាហារ ។
៤-ផ្កាយធ្លាក់មកលើផែនដីនាសម័យនោះ ក៏ជាមូលហេតុបំផ្លាញសត្វដំរីយក្សនេះដែរ ប៉ុន្តេហេតុផល ៣ប្រការខាងលើ សមហេតុផលពិតជាង ។
សូម្បីថា ដំរីយក្សនេះបានផុតពូជទៅអស់រយៈពេល១២.០០០ឆ្នាំក៏ដោយ ប៉ុន្តែមានរឿងចម្លែកកើតឡើងជារឿយៗ គឺមានជនជាតិរុស្ស៊ីអះអាងថា “ធ្លាប់ជួបដំរីយក្សនៅមានជីវិតរស់នៅស៊ីបេរីកាលពីមុននេះ”។ ដូចជាលោក មីហ្សែល អ៊ីវ៉ាណូវិច សាស្ត្រា ចារ្យ និងជាជំនាញការផ្នែកជីវសាស្ត្រនៃក្រុងសាំងពីទ័រស្ប៊ើក(រុស្ស៊ី)បាន សរសេរក្នុងបទស្រាវជ្រាវមួយថា៖ នៅឆ្នាំ១៧៤៣ ជនជាតិរុស្ស៊ីឈ្មោះលោក ហ្គារីន យូហ្គោស្គី បានធ្វើដំណើរ ទៅតំបន់ស៊ីបេរី គាត់បានជួបដំរីយក្សនៅលើជួរភ្នំទឹកកក នៃបរិវេណដែលមានព្រៃធំក្រាស់ ដែលដំរីយក្សនេះ មានបណ្តើរកូនតូចៗដើរតាមក្រោយ រួចវាក៏ដើរចូលព្រៃធំបាត់ទៅ ។ នៅឆ្នាំ១៧៩៩ លោកនិក ស៊ូម៉ាកូហ្វ ព្រានប្រមាញ់ដំរីយកភ្លុក បានចេញដំណើរទៅស្រាវជ្រាវនាបរិវេណនោះ(ស៊ីបេរី)បានជីកទឹកកក រកឃើញសពដំរីយក្សទាំងមេនិងកូន ក្នុងសភាពនៅល្អ ដោយសារត្រូវពំនូកទឹកកកដ៏ក្រាស់គ្រប ដណ្តប់ ។ អ្នកស្រាវជ្រាវរុស្ស៊ីជឿថា រឿងរបស់លោកហ្គារីន និងលោកនិក ដែលបានរកឃើញដំរីយក្ស នោះគឺជាសត្វតែមួយ ។
ប្រជាជនរុស្ស៊ី ដែលរស់នៅស៊ីបេរីនិយាយថា ក្នុងអំឡុង៥០-១៥០ឆ្នាំ មានមនុស្សឃើញដំរីយក្ស ដែលមានជីវិតរស់នៅច្រើនកន្លែង ។ នៅដើមឆ្នាំ១៩០០ លោកអាដាមបូរ៉ូណយ ព្រានប្រមាញ់សត្វ បានរក ឃើញភ្លុកដំរីយក្ស និងឆ្អឹងជាច្រើននៅមាត់ទន្លេ ឡេណា ។ ភ្លុកដំរីនិងឆ្អឹងទាំងនោះ ខ្លះត្រូវបានគេបញ្ជូនទៅ សកលវិទ្យាល័យផេនស៊ីវេនៀ សហរដ្ឋអាមេរិក ដើម្បីធ្វើពិសោធន៍ ។ ឆ្អឹងនិងភ្លុកដំរីទាំងនេះ ត្រូវគេអះអាងថា វាធ្លាប់មានជីវិតកាលពី៣០០០០ឆ្នាំមុន ។ អ្នកវិទ្យាស្ត្រអាមេរិកមានជំនឿថា៖ ដំរីយក្សទាំងនោះបាត់បង់ជីវិត ព្រោះខ្វះចំណីអាហារ ។ បរិវេណមាត់ទន្លេឡេណានាសម័យបុរាណ ជាវាលស្មៅ និងព្រៃដែលដំរីយក្ស យកធ្វើជាចំណីអាហាររបស់វា ។នៅពេលធាតុអាកាសទៅជាត្រជាក់រហូតក្លាយជាផ្ទាំងទឹកកក ស្មៅ និងព្រៃទាំងឡាយបានងាប់អស់ រហូតដំរីយក្សរកស្អីស៊ីមិនបាន ហើយក៏ត្រូវស្លាប់ផុតពូជទៅ ។
នៅក្នុងការពិនិត្យក្រពះដំរីយក្សពីសាកសពដំរីដែលគេរកឃើញ្ញោនៅក្នុងសភាពល្អ នោះ គេឃើញថា ដំរីយក្សដែលបានបាត់បង់ជីវិតក្នុងរយៈពេល៣០០០០ឆ្នាំ គឺមានស្លឹកឈើនិងស្មៅនៅក្នុងក្រពះ ប៉ុន្តែដំរីដែលទើបងាប់ក្នុងរយៈពេល១២០០០ឆ្នាំ មិនមានស្មៅ ឬស្លឹកឈើក្នុងក្រពះទេ ។ ដូច្នេះដំរីយក្សផុតពូជព្រោះតែខ្វះ ចំណី ។
ដំរីយក្ស ជាសត្វចូលចិត្តរស់នៅក្នុងតំបន់ត្រជាក់ខ្លាំង សីតុណ្ហភាពនៅក្នុងខ្លួនមានកម្តៅខ្ពស់ ទើបអាចរស់នៅក្នុងទីត្រជាក់បាន ។ តាមការត្រួតពិនិត្យលើមេរោគនិងវីរុសផ្សេងៗបង្ហាញ្ញថា គេមិនឃើញមានវីរុស ឬមេរោគណាបំផ្លាញដំរីឱ្យផុតពូជទេ ដូច្នេះទើបគេសន្និដ្ឋានថា ការផុតពូជនៃដំរីយក្សម៉ាំមូត គឺខ្វះចំណី ។