Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដក​អនុគ្រោះ​ពន្ធ​របស់ EU ពី​កម្ពុជា , សហភាព​អឺរ៉ុប បែរ​ជា​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស ដែល​មាន​អំពើ​រំលោភ​សិទ្ធិមនុស្ស អាក្រក់​ជាង​កម្ពុជា​ទៅ​វិញ​

spot_img

​ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅក្នុង​ឱកាស​ដែល​លោក​បាន​ទទួល​ជួប លោកស្រី Rhona Smith (​រ៉ូ​ណា ស្មី​ត​) អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លោក បាន​ថ្លែងថា គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ប្រៀប​ស្មើនឹង​សហគមន៍​អឺរ៉ុប បំផ្លាញ​សមិទ្ធផល​ដែល​កសាង​ក្នុង​វិស័យ​កាត់ដេរ​។​

​លោក កែវ រ៉េមី បាន​លើកឡើង​ថា ចំណាត់ការ​របស់​សហ​ភាព​អឺរ៉ុប ដែល​ព្រមាន​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា គឺជា​រឿង​ពុំ​ត្រឹមត្រូវ និង​អយុត្តិធម៌ ដោយ​លោក​ថា សហភាព​អឺរ៉ុប បែរ​ជា​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស ដែល​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​អាក្រក់​ជាង​កម្ពុជា​ទៅ​វិញ​។​

​លោក​អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន បាន​អភិវឌ្ឍន៍​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្លួន​ល្អប្រសើរ និង​មិន​មាន​ការរំលោភ​សិទ្ធិមនុស្ស​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។​

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់​ថា​៖ “​គាត់ (EU) បាន​យក​លេស​នូវ​សិទ្ធិមនុស្ស ដើម្បី​កាត់​ឬ​ដកហូត​ជា​ស្អី​ក៏ដោយ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ឆ្លើយតប​ទៅ​វិញ​ថា គាត់​ធ្វើ​អត់​ត្រូវ​។ អ្វី​ដែល​គាត់​ជួយ​ហើយ​គាត់​បំផ្លាញ​នូវ​សមិទ្ធផល ដែល​គាត់​ចូលរួម​ជួយ អាហ្នឹង​គាត់​បំផ្លាញ​”​។​

​លោក កែវ រ៉េមី បាន​បន្តថា ការ​ដែល​និយាយ​ចោទ​ថា​កម្ពុជា គ្មាន​ការគោរព​សិទ្ធិ​គឺ​មិន​ត្រឹមត្រូវ​នោះទេ ប្រសិនបើ​ក្រ​ឡែក​ទៅ​មើល ប្រទេសជិតខាង​យើង​ខ្លះ គឺមាន​តែ​គណបក្ស​នយោបាយ​តែមួយ ហើយ​ស្ថានភាព​សិទ្ធិ​មនុស្ស​វិញ មិន​មាន​ភាព​ល្អ​ប្រសើរ​ដូច​ប្រទេស​កម្ពុជា​នោះ​ទេ បែរ​ជា​ផ្តល់​ការ​អនុគ្រោះ​ពន្ធ រួច​ចោទ​កម្ពុជា​ថា​មិន​គោរព​សិទ្ធិ​មនុស្ស​ទាំងនេះ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។​

​លោក​បាន​បន្ថែមទៀតថា ក៏​ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា រក្សា​លំនឹង​បាន​ជានិច្ច ដោយ​មាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ទៅលើ​ជីវភាព​រស់នៅ​របស់​ក​ម្មករ​-​កម្មការិនី ដោយ​បង្កើត​យន្តការ​ចុះ​ពិនិត្យ​ផ្ទះសម្បែង ព្យាយាម​ទប់ស្កាត់​មិន​ឱ្យ​ឡើងថ្លៃ​ភ្លើង ថ្លៃ​ទឹក និង​កន្លែង​ស្នាក់នៅ ព្រមទាំង​សេវាកម្ម​មួយចំនួនធំ ជា​ហូរហែរ ហើយ​នៅ​ឆ្នាំ​២០១៩ ខាង​មុននេះ ប្រាក់ខែ​កម្មករ​-​កម្មការិនី នឹង​ឡើង​ជាង​១៨០​ដុល្លារ ដូច្នេះ​មានន័យថា សូម្បី​តែ​ប្រាក់ខែ​អប្បរ​មា​នៅ​កម្ពុជា មាន​កម្រិត​ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់ និង​លើ​ពិភពលោក​ផង​ដែរ​។​

​លោក កែវ រ៉េមី បាន ស្នើ​សូមឱ្យ EU ពិចារណា​សារជាថ្មី កុំឱ្យ​សមិទ្ធផល​បានល្អ ក្នុង​ការចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល បាន​ជោគជ័យ គាត់​ទៅ​បំផ្លាញ​ដោយ​ខ្លួន​គាត់ ខាតបង់​ខាង​កម្មករ​-​កម្មការិនី​។​

​លោក​បាន​បញ្ជាក់ជូន​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ថា ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​ស្រប​ទៅតាម​ច្បាប់ ជាពិសេស​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​មិន​រំលោភបំពាន​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ណា​មួយ​នោះឡើយ​។ កម្ពុជា​នឹង​បន្ត​ការពិនិត្យ និង​តាមដាន​ស្ថានភាព​ការរស់នៅ​របស់​ទណ្ឌិត​តាម​បណ្តា​ពន្ធនាគារ​មួយ​ចំនួន ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​កម្ពុជា​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជំរុញ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្លួន ។ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែង​បែបនេះ នៅ​ក្រោយ​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មា ធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ​នៅ​កម្ពុជា​របស់​លោកស្រី​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ចាត់វិធានការ​ជា​ជំ​ហ៊ានៗ ក្នុង​ការកែលម្អ​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្លួន ដើម្បី​បន្ដ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​៕ ​ដោយ​ ៖ ​រចនា​

spot_img
×